តើ​ពេល​ទិញ​កុំព្យូទ័រ ត្រូវ​ពិចារណា​លើ​ចំណុច​អ្វី​ខ្លះ?

ខែ​តុលា 12, 2017

តើ​ពេល​ទិញ​កុំព្យូទ័រ ត្រូវ​ពិចារណា​លើ​ចំណុច​អ្វី​ខ្លះ?

ដោយ៖ ឃុន ពិទី

កុំព្យូទ័រ​ជា​ឧបករណ៍​ដ៏​ចំបាច់​មួយ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​សិក្សា និង​ការងារ​នា​ពេល​បច្ចុប្បន្ន។ ការ​ជ្រើស​រើស​ទិញ​កុំ​ព្យូទ័រ វា​អាច​ជា​ការ​លំបាក​មួយ។ អ្នក​​ទិញ​គួរ​តែ​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់​ពី​លក្ខណៈ​សម្បត្តិ​របស់​កុំ​ព្យូទ័រ ដែល​សម​ស្រប​នឹង​តម្រូវ​ការ​របស់​អ្នក។ ខាង​ក្រោម​នេះ​ជា​ចំណុច​ខ្លះៗ ដែល​អ្នក​គួរ​យក​ទៅ​ពិចារណា​មុន​នឹង​សម្រេច​ចិត្ត​ទិញ។

តម្រូវ​ការ​អ្នក​ប្រើ​ប្រាស់ និង​តម្លៃ

វា​ជា​ចំណុច​សំខាន់​ជាង​គេ ដែល​លោក​អ្នក​គួរ​ពិចារណា​មុន​នឹង​សម្រេច​ចិត្ត។ ហើយ​កត្តា​ទាំង​តម្រូវ​ការ​ប្រើ​ប្រាស់ និង​​កត្តា​តម្លៃ វា​អាស្រ័យ​គ្នា​ទៅ​វិញ​ទៅមក។ ការ​ពិចារណា​ចំពោះ​តម្រូវ​ការ​ប្រើ​ប្រាស់​មុន​នឹង​សម្រេច​ចិត្ត​ទិញ នឹង​ជួយ​ឲ្យ​លោក​អ្នក​ចំណាយ​ថវិកា​ចំ​គោល​ដៅ។

កុំព្យូទ័រ​ប្រភេទ​នីមួយៗ​ត្រូវ​បាន​រៀប​ចំ​​​ឡើង​សម្រាប់​តម្រូវ​ការ​អ្នក​ប្រើ​ប្រាស់​ផ្សេងៗ​ពី​គ្នា។ វា​មាន​ជា​ប្រភេទ​កុំ​ព្យូទ័រ​សម្រាប់​អ្នក​ប្រើ​ប្រាស់​សម្រាប់​វាយ​ឯកសារ​ក្នុង​ការិយាល័យ សម្រាប់​រចនា​ក្រាហ្វិក សម្រាប់​កាត់​ត​វីដេអូ សម្រាប់​លេង​ហ្គេម និង​សម្រាប់​ការងារ​ស្ថាបត្យកម្ម​ជា​ដើម។

ម៉ាស៊ីន​ដំណើរ​ការ

តាម​ពិត​ទៅ ប្រភេទ​ម៉ាស៊ីន​ដំណើរ​ការ (Processor) មាន​ច្រើន​ប្រភេទ។ ប៉ុន្តែ​អ្វី​ដែល​ជា​ទី​ពេញ​និយម​ក្នុង​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន​គឺ ម៉ាស៊ីន​ដំណើរ​ការ​​ប្រភេទ Intel ស៊េរី Core។ ម៉ាស៊ីន​ដំណើរ​ការ​ប្រភេទ​នេះ​មាន​ប្រភេទ Core i3, i5, i7 ដែល​មាន​ក្រហ្វិក​កាត (VGA) ជាប់​របស់ Intel មក​ជា​មួយ​ស្រេច ដែល​​ភាគ​ច្រើន​មាន​ VGA ប្រភេទ Intel HD Graphic មក​ជា​មួយ។

សម្រាប់​អ្នក​ប្រើ​ប្រាស់​ក្នុង​តម្រូវ​ការ​ធម្មតា ​រចនា​ក្រាហ្វិក​ម្ដង​ម្កាល និង​លេង​ហ្គេម​ល្មមៗ អ្នក​គួរ​ទិញ​ចាប់​ពី​ស៊េរី Intel Core i5 ឡើង​ទៅ ត្បិត​ម៉ាស៊ីន​ដំណើរ​ការ​ប្រភេទ​នេះ មាន​តម្លៃ​លើស​ប្រភេទ Intel Core i3 ក្នុង​រង្វង់​ប្រមាណ ១០០ដុល្លារ​តែ​ប៉ុណ្ណោះ។ និយាយ​បែប​ផ្សេង ការ​ទិញ​លើស​តម្រូវ​ការ​បន្តិច​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ខាត នៅ​ពេល​ដែល​អ្នក​ត្រូវ​ការ​កុំ​ព្យូទ័រ​ល្បឿន​លឿន​នៅ​ពេល​ក្រោយ។

សម្រាប់​អ្នក​ប្រើ​ប្រាស់​​ក្នុង​តម្រូវ​ការ​កាត់​ត​វីដេអូ ឬ​សម្រាប់​ការងារ​ស្ថាបត្យ​កម្ម អ្នក​គួរ​ទិញ​កុំ​ព្យូទ័រ ដែល​មាន​ម៉ាស៊ីន​ដំណើរ​ការ​ប្រភេទ Intel Core i7 ឡើង​ទៅ។

អេក្រង់ និង​ក្ដារ​ចុច (សម្រាប់​តែ​កុំ​ព្យូទ័រ​យួរ​ដៃ)

កត្តា​ទាំង​ពីរ​នេះ​ក៏​អាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ កុំព្យូទ័រ​ដែល​មាន​អេក្រង់​ទំហំ​ចាប់​ពី ១៥.៦អ៊ីន​ឡើង​ទៅ មាន​ក្ដារ​ចុច (Keyboard) ដូច​ក្ដារ​ចុច​ដាច់​ដោយ​ឡែក​ដែរ។ មាន​ន័យ​ថា​វា​មាន​ក្ដារ​ចុច​លេខ​នៅ​ខាង​ស្ដាំ​ដៃ (Number pad) ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​វាយ​លេខ​ផង​ដែរ។

សម្រាប់​កុំព្យូទ័រ​ដែល​មាន​អេក្រង់ ១៤អ៊ីន​ចុះ​ក្រោម​ស្ទើរ​តែ​ទាំង​អស់ គ្មាន​ក្ដារ​ចុច​លេខ (Number pad) នោះ​ទេ។ កុំ​ព្យូទ័រ​ប្រភេទ​នេះ មាន​ទំងន់​ស្រាល​ជាង​កុំ​ព្យូទ័រ​មាន​អេក្រង់​ទំហំ ១៥.៦អ៊ីន​បន្តិច ហើយ​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​អេក្រង់​ធម្មតា​ប្រមាណ ៥០ដុល្លារ។

ចំពោះ​កុំព្យូទ័រ​ស៊េរី​ក្រោយៗ ដែល​ជា​កុំព្យូទ័រ​តម្លៃ​ទាប Display ប្រភេទ HD 1920×1080 មាន​នៅ​លើ​អេក្រង់​កុំព្យូទ័រ Plasma ទំហំ ១៥.៦អ៊ីន​ឡើង​ទៅ។ រីឯ Display 1366×768 មាន​បំពាក់​លើ​អេក្រង់​ទំហំ ១៤អ៊ីន​ចុះ​ក្រោម។

ក្រាហ្វិក​កាត (VGA)

សម្រាប់​ការ​ប្រើ​ប្រាស់​សម្រាប់​វាយ​ឯកសារ​ធម្មតា ឬ​មើល​វីដេអូ HD ធម្មតា អ្នក​គួរ​តែ​ទិញ​កុំព្យូទ័រ​ដែល​មាន​ក្រាហ្វិក​កាត​ជាប់ (Intel HD Series)។

សម្រាប់​អ្នក​ប្រើ​ប្រាស់​សម្រាប់​រចនា​ក្រាហ្វិក​ជា​ប្រចាំ កាត់​ត​វីដេអូ លេង​ហ្គេម និង​ក្នុង​ការងារ​ស្ថាបត្យ​កម្ម អ្នក​ត្រូវ​ការ​កុំព្យូទ័រ ដែល​មាន​ក្រាហ្វិក​កាត​ដាច់​ទើប​ដំណើរ​ការ​បាន​រលូន។ បច្ចុប្បន្ន ក្រាហ្វិក​កាត​ដាច់​ដែល​ពេញ​និយម​ជាង​គេ​គឺ​ម៉ាក AMD និង NVIDIA។

ប្រសិន​បើ​អ្នក​មិន​ចង់​ប្រើ​ប្រាស់ VGA ប្រភេទ​នេះ​នោះ​ទេ អ្នក​អាច​ប្រើ​ប្រាស់​ក្រាហ្វិក​កាត​ជាប់ Intel Irish ដែល​មាន​សមត្ថភាព​ខ្ពស់ ហើយ​មាន​ជាប់​មក​ជា​ស្រេច​ក្នុង​កុំព្យូទ័រ​ម៉ូដែល​មួយ​ចំនួន។

ទំហំ​ផ្ទុក (Storage) និង​អង្គ​ចងចាំ (RAM)

កុំព្យូទ័រ​យួរ​ដៃ​ភាគ​ច្រើន​មាន RAM ចាប់​ពី ៤ជី​ហ្កាបៃត៍​ឡើង​ទៅ ដែល​សម​ស្រប​សម្រាប់​ការ​ប្រើ​ប្រាស់​ក្នុង​ការងារ​ការិយាល័យ។ ប្រសិន​បើ​អ្នក​បើ​អ្នក​ត្រូវ​ការ​បើក​កម្មវិធី​ច្រើន​ក្នុង​ពេល​តែ​មួយ អ្នក​​អាច​ត្រូវ​ការ RAM ចាប់​ពី​ទំហំ ៨ជី​ហ្កាបៃត៍​ឡើង​ទៅ។

ចំពោះ​អង្គ​ផ្ទុក​ទិន្នន័យ កុំព្យូទ័រ​ស៊េរី​ក្រោយៗ​​មាន​ទំហំ Hard Drive រហូត​ដល់ ១០០០ជី​ហ្កា​បៃត៍​ឯណោះ។

ការ​ធានា

មុន​នឹង​ទិញ អ្នក​គួរ​សួរ​រក​ការ​ធានា​ពី​ហាង ឬ​ក្រុមហ៊ុន​កុំព្យូទ័រ​នោះ។ សម្រាប់​ម៉ាក​ផលិតផល​ខ្លះ ដែល​គ្មាន​តំណាង​ចែក​ចាយ​នៅ​ក្នុង​ស្រុក ឬ​គ្មាន​សាខា​ក្រុមហ៊ុន ការ​ធានា​គឺ​មិន​មាន​នៅ​ក្នុង​ប្រទេស​នោះ​ទេ។ នេះ​មាន​ន័យ​ថា អ្នក​អាច​នឹង​ត្រូវ​ចំណាយ​ប្រាក់​បន្ថែម​ក្នុង​ការ​បញ្ជូន​កុំព្យូទ័រ​ទៅ​កាន់​ប្រទេស ដែល​រ៉ាប់​រង​ធានា។ ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​មាន​ការ​ខូច​ខាត​អ្វី​មួយ អ្នក​ត្រូវ​ទៅ​រក​ហាង​ជួស​ជុល ដោយ​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន។

សម្រាប់​ម៉ាក​កុំព្យូទ័រ​ភាគ​ច្រើន​ដែល​មាន​ដាក់​លក់​ក្នុង​ទីផ្សារ សុទ្ធ​សឹង​តែ​មាន​ការធានា​ក្នុង​រយៈពេល​កំណត់​មួយ។ ត្រង់​ចំណុច​នេះ អ្នក​អាច​ទុក​ចិត្ត​បាន ប្រសិន​បើ​មាន​កំហុស​បច្ចេកទេស ឬ​ខូច​ខាត​ជា​យថា​ហេតុ​ណា​មួយ​កើត​ឡើង។ ចំពោះ​កុំព្យូទ័រ​រៀប​ផ្គុំ (Clone) អ្នក​អាច​ទទួល​បាន​ការ​ធានា​ពី​ហាង​កុំព្យូទ័រ​ដោយ​ផ្ទាល់

ចំពោះ​ចំណុច​នីមួយៗ សារព័ត៌មាន​តោះ​អាន​នឹង​លំអិត​ជូន​ក្នុង​អត្ថបទ​ក្រោយៗ​ទៀត។

អត្ថបទ​ខាង​លើ​គ្រាន់​តែ​ជា​មូលដ្ឋាន​ខ្លះៗ ដែល​អ្នក​អាច​យក​ទៅ​ពិចារណា​មុន​នឹង​ទិញ​កុំព្យូទ័រ។ សារព័ត៌មាន​តោះ​អាន​មិន​​អាច​ធានា​បាន​ថា​ព័ត៌មាន​ខាង​លើ​នេះ​ត្រឹម​ត្រូវ ១០០ភាគរយ​នោះ​ទេ។ ជា​អនុសាសន៍ អ្នក​គួរ​ស្វែង​រក​ព័ត៌មាន​បន្ថែម​ ឬ​សួរ​យោបល់​ពី​អ្នក​ជំនាញ៕

 

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.