ជីវិត​សាកល​វិទ្យាល័យ៖ ការ​រើស​ជំនាញ​ក្នុង​សាលា និង​ការ​​រៀន​ជំនាញ​ក្រៅ​ថ្នាក់

ខែ​កញ្ញា 23, 2017

លោក​ កូវ ពុទ្ធារ័ត្ន៖ ការ​ជ្រើស​រើស​មុខ​ជំនាញ​សិក្សា​គួរ​តែ​ផ្អែក​លើ​ចំណុច​ប្រសព្វ នៃ​កត្តា​បីគឺ ចំណូល​ចិត្ត សមត្ថភាព និង​ជម្រើស​ការងារ។ ​

ជីវិត​សាកល​វិទ្យាល័យ៖ ការ​រើស​ជំនាញ​ក្នុង​សាលា និង​ការ​​រៀន​ជំនាញ​ក្រៅ​ថ្នាក់

ដោយ៖ ឃុន ពិទី

លទ្ធផល នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) ទើប​តែ​ត្រូវ​បាន​ប្រកាស​កាល​ពី​ពីរ​​សប្តាហ៍​មុន​ប៉ុណ្ណោះ។ ក្រោយ​ពី​ដឹង​លទ្ធផល​ភ្លាម សិស្ស​ទាំង​អស់​ទាំង​អ្នក​ជាប់ ទាំង​អ្នក​ធ្លាក់​បាក់​ឌុប​មួយ​ចំនួន ច្បាស់​ជា​ត្រូវ​ជ្រើស​រើស​មុខ​វិជ្ជា​បន្ត​ថ្នាក់​ឧត្តមសិក្សា។ សិស្ស​មួយ​ចំនួន​បាន​កំណត់​គោលដៅ​រួច​ជា​ស្រេច និង​មួយ​ចំនួន​ទៀត មិន​ទាន់​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ។ តើ​ការ​ជ្រើស​រើស​មុខ​ជំនាញ​សិក្សា​ឲ្យ​បាន​ត្រឹម​ត្រូវ ផ្អែក​លើ​កត្តា​អ្វី​ខ្លះ?

ថ្លែង​ក្នុង​បទ​បង្ហាញ​ស្ដី​ពី​ការ​ជ្រើស​រើស​មុខវិជ្ជា​សិក្សា​នៅ​ឧត្តម​សិក្សា លោក កូវ ពុទ្ធារ័ត្ន នាយក​គ្រប់គ្រង​វិទ្យាស្ថាន Rodwell Learning Center បាន​ផ្ដល់​ជា​គំនិត​ថា ការ​ជ្រើស​រើស​មុខ​ជំនាញ​សិក្សា​គួរ​តែ​ផ្អែក​លើ​ចំណុច​ប្រសព្វ នៃ​កត្តា​បី៖ ចំណូល​ចិត្ត សមត្ថភាព និង​ជម្រើស​ការងារ។ ​

ដើម្បី​ស្វែង​យល់​ពី​ចំណូល​ចិត្ត​របស់​ខ្លួន លោក កូវ ពុទ្ធារ័ត្ន បាន​ផ្ដល់​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​សម្រេច​ចិត្ត​ដូច​ជា៖ ស្វែង​យល់​ពី​ខ្លួន​ឯង ដើរ​តាម​ឧប្បនិស្ស័យ​ (Passion)។ ដើរ​តាម​ឧប្បនិស្ស័យ​មិន​សម្ដៅ​លើ​អ្វី​ដែល​យើង​​ពូកែ​ទេ ប៉ុន្តែ​សម្ដៅ​លើ​ការ​ធ្វើ​ការងារ ដែល​ខ្លួន​យើង​ផ្ទាល់​រីករាយ​នឹង​ធ្វើ ហើយ​មិន​ធុញ​ទ្រាន់​ទោះ​បី​ជា​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ក៏​ដោយ។

លោក​បន្ថែម​ថា យើង​ត្រូវ​ស្គាល់​ពី​ចំណុច​ខ្លាំង​របស់​ខ្លួន និង​ពិចារណា​លើ​ការងារ​ដែល​មាន​ការ​លូតលាស់​ច្រើន​នា​ពេល​អ​នាគត ឬ​ការងារ​ដែល​មាន​វិបុលភាព (Solid Prospect)។ លោក​បាន​សង្កត់​ធ្ងន់​ថា ចំណុច​ខ្លាំង​មិន​មែន​ជា​ជំនាញ​នោះ​ទេ ប៉ុន្តែ​វា​ជា​អ្វី​តូចៗ​ដែល​យើង​តែង​តែ​ធ្វើ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ដែល​យើង​តែងមើល​រំលង ដោយ​រាប់​ចាប់​ពី​ការ​គោរព​ពេលវេលា​ទៅ។

ចំពោះ​ការ​ស្គាល់​ខ្លួន​ឯង និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផ្នែក​ព័ត៌មាន​វិទ្យា លោក ប្រាក់ សុន​ជីលី បាន​ចែករំលែក​​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន ក្នុង​កម្មវិធី​ឥទ្ធិពល​នៃ​យុវជន​របស់ Impact Hub ថា៖ “អ្វី​ដែល​ជា​ការ​ស្រឡាញ់​របស់​ខ្ញុំ វា​ជម្រុញ​ទឹក​ចិត្ត​របស់​ខ្ញុំ។ ព្រោះ​អ្វី​ដែល​ជា​ការ​ស្រឡាញ់​ដែល​យើង​មាន​ពិត​ប្រាកដ វា​ច្បាស់​ជា​មក​ជម្រុញ​ទឹក​ចិត្ត​របស់​យើង​ឲ្យ​ធ្វើ​វា​កាន់​តែ​ខ្លាំង ទោះ​បី​ជា​ពេល​ខ្លះ​យើង​មាន​អារម្មណ៍​ថា​ហត់​ក៏​ដោយ។ អីចឹង គួរ​តែ​ដើរ​តាម​អ្វី​ដែល​ខ្លួន​ឯង​ស្រឡាញ់ ហើយ​ចេញ​មក​ខាង​ក្រៅ​ឲ្យ​បាន​ច្រើន។ ចេញ​មក​ធ្វើ​ការ​ខាង​ក្រៅ​ឲ្យ​បាន​ច្រើន ស្គាល់​គេ​ឲ្យ​បាន​ច្រើន យើង​នឹង​ដឹង​ថា​ខ្លួន​ឯង​ជា​នរណា​ហើយ។ ”

និស្សិត​រូបនេះ​បាន​​បន្ត​​ថា៖  “ខំ​ប្រឹង​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ចូលចិត្ត​វិញ។ ឬ​​មួយ​បើ​​យើង​គិត​ថា​វា​ពិបាក យើង​សាក​ស្រមើ​ស្រមៃ​ទៅ​កាល​ពី​អតីតកាល​វិញ តើ​សកម្មភាព​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ? តើ​សកម្មភាព​អ្វី​ដែល​យើង​ធ្វើ​វា​ហើយ​អត់​ចេះ​ធុញ​ទ្រាន់។ ខ្ញុំ​ជឿ​ជាក់​ថា​សកម្មភាព​ទាំង​អស់​ហ្នឹង​ហើយ ជា​កម្លាំង​ចលករ​មួយ​ដែល​ជម្រុញ​ទឹក​ចិត្ត​ ដែល​ធ្វើ​ឲ្យ​យើង​យល់​ថា​យើង​រស់​នៅ​លើ​ពិភព​លោក​រាល់​ថ្ងៃ​មាន​ន័យ។ មិន​មែន​យើង​រស់​នៅ​តែ​តាម​គេ​ទេ យើង​រស់​នៅ​​អត់​ន័យ​ទេ។”

ចំពោះ​ការ​ពិចារណា​លើ​ការងារ​ដែល​មាន​វិបុល​ភាព លោក កូវ ពុទ្ធារ័ត្ន ​បាន​សង្កត់​ធ្ងន់​​ថា៖ “ទម្រាំ​តែ​យើង​រៀន​ចប់ ទម្រាំ​តែ​យើង​មាន​ការងារ​ធ្វើ វា​មាន​រយៈពេល ១០ឆ្នាំ​ទៅ​ហើយ។ សាក​ស្រមៃ​មើល​ពី ១០ឆ្នាំ​មុន គេ​ពេញ​និយម​រៀន​គណនេយ្យ រៀន​ហិរញ្ញវត្ថុ ដល់​ពេល​រៀន​ចប់​ស្រាប់​តែ​អត់​ការងារ​ធ្វើ។ កាល​ពី​​ប៉ុន្មាន​ឆ្នាំ​មុន មាន​ល្បី​ជំនាញ IT។ ប៉ុន្តែ​ខ្វះ​អី​អ្នក​រៀន IT ចប់​គរ​ជើង​គ្នា មក​ធ្វើ​ការ​នៅ​រោង​ពុម្ព​បាន​ប្រាក់​ខែ​ខ្ទង់ ១០០ដុល្លារ (នៅជំនាន់នោះ)។ យើង​ត្រូវ​យល់​ថា យើង​កំពុង​រើស​ជំនាញ​សម្រាប់​ការងារ​នៅ​ឆ្នាំ​២០២៧ មិន​មែន​សម្រាប់​​ឆ្នាំ២០១៧ ទេ។”

ត្រង់​ចំណុច​នេះ លោក ប្រាក់ សុន​ជីលី បាន​រំលឹក​ពី​ការ​រើស​ជំនាញ​ខុស​របស់​ខ្លួន​ថា៖ “នៅ​ឆ្នាំ​ទី១សប្បាយ គឺ​ឆ្នាំ Foundation Year ឆ្នាំ​មូលដ្ឋាន។ រៀន​​តែ​មុខ​វិជ្ជា​ដូច​នៅ​សាលា​រដ្ឋ ភូមិ ប្រវត្តិ អក្សរសាស្ត្រ​ខ្មែរ អីចឹង​ទៅ! ហើយ​មាន​តែ​មុខ​វិជ្ជា​គោល​តែ​មួយ​ពីរ​ដូច​ជា Fundamental និង​ខាង​ផ្នែក Coding។ តែ​ពីរ​មុខ​ហ្នឹង​ទេ! ខ្ញុំ​កាល​ពី​ក្មេង​មក​ដូច​ចេះ​តែ​រៀន​តាម​គេ ហើយ​អត់​ទាន់​យល់​ថា​អាហ្នឹង​វា​ពិបាក​ទេ។ ចូល​ដល់​ឆ្នាំ​ទី២ មាន​មុខវិជ្ជា​គោលៗ​ត្រូវ​មក មាន​អារម្មណ៍​ថា​រៀង​ភ្លាវៗ តែ​អត់​ដឹង​ថា​ខ្លួន​ឯង​អត់​ចូលចិត្ត​ទេ។ គ្រាន់​តែ​ដឹង​តែ​ប៉ុណ្ណឹង និង​ដឹង​ថា​ត្រូវ​ខំ​រៀន ព្រោះ​អត់​ចង់​ឲ្យ​ប៉ា​ម៉ាក់​ពិបាក​ចិត្ត។”

លោក​ក៏​បាន​បង្ហាញ​ពី​ផល​វិបាក នៃ​ការ​រើស​ជំនាញ​ខុស​របស់​ខ្លួន​​ទៀត​ថា៖ “ចូល​ដល់​ឆ្នាំ​ទី៣ ខ្ញុំ​ចាប់​ផ្ដើម​ដឹង​ថា​ខ្ញុំ​​ខ្លួន​ឯង​អត់​ចង់​បាន​អាហ្នឹង​ទេ។ ខ្ញុំ​រៀន​អាហ្នឹង​គឺ​​ត្រដាប​ត្រដួស​ខ្លាំង​មែន​ទែន។ ខ្ញុំ​ខំ​ប្រឹង​អស់​ខ្លាំង​មែន​ទែន រហូត​ដល់​កាល​ពី​ចុង​ឆ្នាំ​ទី២ ឆមាស​ទី២ ខ្ញុំ​អង្គុយ​សរសេរ Code មុខ​កុំ​ព្យូទ័រ​ទាំង​តប់​ប្រមល់ ធុញ​ខ្លាំង​មែន​ទែន ហើយ​ខ្ញុំ​អត់​ដឹង​ធ្វើ​ម៉េច​ទេ។”

ក្នុង​សៀវភៅ «៤ឆ្នាំ» របស់​លោក ហួត សេង​គា បាន​លើក​ឡើង​ថា ពេលវេលា​ល្អ​បំផុត​ក្នុង​ការ​ចាប់​យក​ជំនាញ​គឺ​ឆ្នាំ​ទី១ ហើយ​យើង​ត្រូវ​សម្រុក​រៀន​អ្វី​ដែល​សំខាន់ ដើម្បី​ចៀស​វាង​​យឺត​ពេល។ ទម្រាំ​តែ​លោក​ដឹង​ថា​ត្រូវ​រៀន​យក​ជំនាញ គឺ​ឆ្នាំ​ទី៣​បាត់​ទៅ​ហើយ។

លោក​បាន​បញ្ចេញ​រំលេច​គំនិត​របស់​សាកលវិទ្យាធិការ​ថា៖​ “គាត់​បាន​និយាយ​ថា ពិភពលោក​បែង​ចែក​ជា​ពីរ គឺ​ពិភព​ក្នុង​សាលា និង​ពិភព​នៃ​ការ​ពិត។ ពាក្យ​ណែនាំ​នេះ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ត្រៀម​ខ្លួន​ចូល​ក្នុង​ពិភព​ក្លែង​ក្លាយ​មួយ​ទៀត ក្រោយ​ពី​ចេញ​ពី​វិទ្យាល័យ។”

សំណេរ​ក្នុង​សៀវភៅ​នោះ​បាន​បន្ត​ទៀត​ថា៖ “គាត់​ប្រហែល​ជា​ចង់​ប្រាប់​និស្សិត​ថ្មីៗ​ឲ្យ​ភ្ញាក់​ខ្លួន​ថា ក្រៅ​ពី​ខំ​ប្រឹង​ប្រែង​ក្នុង​សាលា​ហើយ ត្រូវ​ខំ​ទាំង​ក្រៅ​សាលា​ទៀត ព្រោះ​នោះ​ទើប​ហៅ​ថា​ជីវិត។ ជីវិត​ក្នុង​សាលា​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​ប៉ុណ្ណោះ រីឯ​ជីវិត​ខាង​ក្រៅ​ទើប​ជា​អ្វី​-ដែល​យើង​ត្រូវ​ប្រឈម​មុខ​ពិត​ប្រាកដ។”

លោក កូវ ពុទ្ធារ័ត្ន​ បាន​ឲ្យ​ដឹង​​ថា យើង​អាច​សាកល្បង​ធ្វើ​ការងារ​មួយ​ក៏​បាន ឬ​អាច​សាក​សួរ​អ្នក​ធ្វើ​ការងារ​ក្នុង​ផ្នែក​ណា​មួយ សាកល្បង​ដើរ​តាម​គេ ដើម្បី​ដឹង​ថា​ការងារ​នោះ​ត្រូវ​ធ្វើ​អ្វី​ខ្លះ៖ “ខ្ញុំ​ហ៊ាន​ធានា​ថា អ្នក​រៀន​វិស្វកម្ម​ខ្លះ​មិន​ទាំង​ធ្លាប់​ចុះ​ការដ្ឋាន​ផ្ទាល់​ផង។” ប៉ុន្តែ​ប្រសិន​បើ​យើង​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ក៏​មិន​មែន​ជា​បញ្ហា​អ្វី​ដែរ គឺ​យើង​អាច​ស្រាវជ្រាវ​រក​ព័ត៌មាន​បន្ថែម ឬ​អាច​ផ្ដល់​ពេលវេលា​សម្រាក​ដល់​ខ្លួន​ឯង ដើម្បី​ដើរ​មើល​គេ ស្វែង​យល់​ពី​ខ្លួន​ឯង និង​ពិចារណា​ពី​ការងារ​ដែល​ខ្លួន​ពេញ​ចិត្ត។

លោក​បាន​​លើក​ឡើង​ពី​ជំនាញ​ក្រៅ​ថ្នាក់ ដែល​សំខាន់​ចាំបាច់​ក្នុង​តម្រូវ​ការ​ទីផ្សារ​ការងារ​បច្ចុប្បន្ន​ដូច​ជា ការ​គ្រប់​គ្រង​គម្រោង ការ​អភិវឌ្ឍ​ខ្លួន ការ​ធ្វើ​ការងារ​ជា​ក្រុម ការ​ច្នៃ​ប្រឌិត ផលិតភាព​ការងារ ការ​ចូលរួម​ក្នុង​សកម្មភាព​សង្គម (ឬ​​ធ្វើការងារ​ស្ម័គ្រ​ចិត្ត) ជំនាញ​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង ការ​បង្កើត​បណ្ដាញ និង​ភាព​ជា​អ្នក​ដឹក​នាំ។

លោក​បាន​ពន្យល់​ទៀត​ថា នៅ​ពេល​ដែល​យើង​ដាក់​ប្រវត្តិរូប (CV) ធ្វើ​ការងារ គេ​នឹង​សង្កេត​ឃើញ​ពី​កម្រិត​សញ្ញាបត្រ​ក្នុង​សាលា ដែល​ភាគ​ច្រើន​មាន​ស្ទើរ​ដូច​គ្នា។ អីចឹង​ហើយ ​ចំណុច​ដែល​ធ្វើ​ឲ្យ​យើង​លេច​ធ្លោ​គឺ​ជំនាញ​ក្រៅ​ថ្នាក់។ ដូច្នេះ​ហើយ​ទើប​លោក​បាន​លើក​ឡើង​ថា៖ “យើង​យល់​ខុស​ថា​យើង​ដើរ​ចេញ​ពី​វិទ្យាល័យ តាម​ពិត​គឺ​យើង​ទើប​តែ​ដើរ​ចូល​វិទ្យាល័យ​ទេ”៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.