លក្ខណៈ​សម្បត្តិ ៣យ៉ាង នៃ​នយោជិក​ល្អ

ខែ​ធ្នូ 5, 2017

លក្ខណៈ​សម្បត្តិ ៣យ៉ាង នៃ​នយោជិក​ល្អ

ដោយ៖ ឃុន ពិទី

បណ្ដាជន​តែង​តែ​ប្រាថ្នា​ក្លាយ​ជា​នយោជិក​ដ៏​ល្អ សម្រាប់​នយោជករបស់​ពួក​គេ។ នយោជិក​ល្អ​តែង​តែ​​ទទួល​បាន​ទំនុក​ចិត្ត និង​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​នយោជក។ បន្ថែម​ពី​នេះ នយោជិក​ល្អ​នឹង​មាន​ភារៈកិច្ច​ទទួល​ខុស​ត្រូវ​ពិសេស​ជាង​គេ និង​មាន​ឱកាស​ឡើង​ដំណែង​ខ្ពស់​ជាង​នយោជិក​ដទៃ​ទៀត​ផង​ដែរ។ តើ​នយោជិក​ល្អ​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​អ្វី​ខ្លះ?

១. សមត្ថភាព

នយោជិកល្អត្រូវមានសមត្ថភាព​បំពេញ​ការងារ​ប្រកបដោយ​ជំនាញ មាន​ភាព​ច្បាស់​លាស់ ម៉ត់ចត់ ប្រាកដ​ប្រជា និង​សម្រេច​កិច្ច​ការ​ទាន់​ពេល​វេលា។ លក្ខណៈពិសេសរបស់​នយោជិកល្អគឺមាន​សមត្ថភាព​ដោះ​ស្រាយបញ្ហាប្រកបដោយគំនិត​ច្នៃប្រឌិត ផ្អែកលើ​មូល​ដ្ឋាន ភាព​អាច​បត់​បែន​តាមកាលៈទេសៈ (Flexibility) និង​គំនិត​ច្នៃ​ប្រឌិត (Creativity)។

ឧទាហរណ៍៖ ក្រុម​ហ៊ុន​ចែក​ចាយ​ស្បៀងអាហារ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​តែ​ស ដើម្បី​ចែក​ចាយ​ផលិតផល​ទៅកាន់​ប្រទេស​ចិន។

ប៉ុន្តែ​បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង ក្រុមហ៊ុន​ផលិត​តែ​ស​បានលាត​ត្រដាង​បញ្ហា​ពណ៌​សំបក​កញ្ចប់​របស់​ក្រុមហ៊ុន​ចែក​ចាយ​ស្បៀង​អាហារ ថា​មិន​ល្អ​ក្នុង​ប្រពៃណី​របស់​ខ្លួន។ ប៉ុន្តែ​ពណ៌​របស់​ក្រុមហ៊ុន​ចែកចាយ​ស្បៀង​អាហារ​មិន​អាច​ផ្លាស់​ប្ដូរ​បាន​នោះ​ទេ ដោយ​សារតែពណ៌សំបកកញ្ចប់​នោះ ត្រូវ​បាន​បណ្ដា​អ្នក​ប្រើ​ប្រាស់​ស្គាល់​មួយប្រទេស​ទៅ​ហើយ។ បន្ទាប់​មក មានបុគ្គលិក​មានសមត្ថភាព​ម្នាក់ បាន​គិត​ឃើញ​ពី​វិធី​សាស្ត្រ​ដោះ​ស្រាយ​បញ្ហា ដោយ​រក្សា​ពណ៌​កញ្ចប់​របស់​ក្រុមហ៊ុន​ផលិត​តែ​ស និង​​រក្សា​ពណ៌​ស្លាក​សញ្ញា (Logo) ក្រុម​ហ៊ុន​ផលិត​ស្បៀង​អាហារនៅ​ដដែល។

២. ប្រឹក្សា​យោបល់

នយោជិកល្អ​ត្រូវ​ចេះ​ប្រឹក្សា​យោបល់​ជាមួយនយោជក មុន​នឹង​សម្រេច​ចិត្ត​ក្នុង​ការងារ​សំខាន់​ណា​មួយ។ ការ​ប្រឹក្សា​យោបល់​នេះ ដើម្បី​ផ្លាស់​ប្ដូរ​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​លើក​យក​ឧបសគ្គ ដែល​បាន​ជួប​ប្រទះ ក្នុង​ការ​សម្រេច​ការងារ​នោះ ដោយ​លើក​យក​ដំណើរ​រឿង​មក​ពិភាក្សា​គ្នា ស្វែង​រក​វិធី​សាស្ត្រ​ល្អ​បំផុតសម្រាប់​ដោះ​ស្រាយ​បញ្ហា។

ឧទាហរណ៍៖ ក្រោយ​ពី​បាន​ដឹង​ដំណឹង​ថា​គោលបំណង​របស់​ម្ចាស់ក្រុមហ៊ុន​ផលិត​តែស ដែល​ចង់​ពង្រីក​សាខាទៅ​បរទេស ដើម្បី​ឲ្យ​កូន​ចៅ​ខ្លួន​អាច​មាន​តួនាទី​ទទួល​ខុសត្រូវ​ដាច់​ដោយឡែក​ពី​គ្នា នយោជិក​ល្អ​ម្នាក់​បាន​លើក​យក​បញ្ហា​នេះ​មក​ប្រឹក្សាយោបល់​ជាមួយ​ក្រុម​ការងារ ដើម្បី​ស្វែងរក​​ដំណោះ​ស្រាយ​​សម្រាប់​បញ្ហា​នោះ។

៣. ចែក​រំលែក​ព័ត៌មាន

នយោជិក​ល្អត្រូវ​ចេះ​ចែក​រំលែក​ព័ត៌មាន​នានា ដែល​ទាក់​ទង​នឹង​ការងារ​ដល់មិត្ត​រួម​ការងារ​ផ្សេងទៀត។

ការ​ផ្ដល់​ព័ត៌មាន​មាន​សារៈសំខាន់ណាស់ ប្រៀប​ដូច​ជា​បច្ចុប្បន្នភាព​នៃ​ទិន្នន័យ ដែល​អាច​ពាក់​ព័ន្ធ​ដល់​ការ​សម្រេច​ចិត្ត​ក្នុង​ការងារ។ លើស​ពី​នេះ​ទៅទៀត នយោជិក​ល្អ​ត្រូវ​ចេះរាយការណ៍​រាល់​ដំណើរ​ការ នៃ​សកម្មភាព​ការងារ ថា​ដើរ​ដល់​ចំណុច​ណា​ទៅ​ហើយ? ដូច្នេះ​ពេល​ទទួល​បាន​ព័ត៌មាន នយោជិក​ត្រូវ​ចេះ​ចែករំលែក​ព័ត៌មាន​ទាំង​នោះ។ ពោល​ជា​ឧទាហរណ៍ ពេលទទួល​បាន​បាល់ ត្រូវ​ចេះ Pass ទៅ​ឲ្យ​មិត្ត​រួម​ក្រុម​ដទៃ​ទៀត មិន​មែន​សម្ងំ​ឱបបាល់​តែ​ឯង​នោះ​ទេ។

៤. ភាព​ស្មោះត្រង់

ដូច​ដែល​លោក​អ្នក​ធ្លាប់​ឃើញ​ការ​ផ្សព្វផ្សាយ​ជ្រើស​រើស​បុគ្គលិក​ជា​ច្រើន​មក​ហើយ ភាគ​ច្រើន អ្នក​ផ្សព្វផ្សាយ​មិន​ភ្លេច​ផ្សាយ​ថា «ស្មោះ​ត្រង់​ក្នុង​ការងារ​នោះ​ទេ»។ នេះ​ក៏​ដោយសារ​តែ​នយោជិក​ល្អ​ត្រូវ​មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​បំពេញ​តួនាទី​ការងារ។ ពោល​មិន​ត្រូវ​បំភ្លៃ​ទិន្នន័យ​ខុះ​ពី​ការ​ពិត។ មិន​ទិញ​ទំនិញ​ឲ្យ​ក្រុមហ៊ុន​ដោយ​គិត​កម្រៃ​ជើង​សារ។ មិន​ដើរ​តួនាទី​ជា​ជន​បង្កប់ ឬ បង្ហើប​ព័ត៌មាន​សំងាត់​របស់​ស្ថាប័ន​ទៅ​កាន់​ភាគីទី៣ និង​តែង​តែ​ផ្ដល់​ព័ត៌មាន និង​រាយ​ការណ៍​រាល់​ការ​ពិត​ទៅ​កាន់​នយោជក។ នោះ​នឹង​បំពេញ​តម្លៃ អាច​ធ្វើ​ឲ្យ​លោក​អ្នក​ជា​នយោជិក​ល្អ សម​នឹង​ទទួល​បាន​ទំនុក​ចិត្ត​ពី​នយោជក។

៥. ឥរិយាបថ​ការងារ

ឥរិយាបថ​ការងារ​ក៏​មាន​សារៈ​សំខាន់​ណាស់​ដែរ ក្នុង​លក្ខណៈ​សម្បត្តិ​មិន​អាច​ខ្វះ​បាន​របស់​នយោជិក​ល្អ។ ការងារ​ត្រូវ​បំពេញ​ប្រកប​ដោយ​ឥរិយា​បថ​ថ្លៃ​ថ្នូរ ចេះ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​អតិថិជន ដៃគូ​ជំនួញ មិត្ត​រួម​ការងារ និង​នយោជក ប្រកប​ដោយ​ភាព​គួរ​សម ស្នាម​ញញឹម​ចេញ​ពី​ក្នុង​ដួង​ចិត្ត បំពេញ​ការងារ​ប្រកប​ដោយ​បេះដូង ឥរិយាបថ​ប្រឈម​មុខ​នឹង​បញ្ហា​ដោយ​ស្ងប់​អារម្មណ៍ និង​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការងារ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.