ការថែរក្សាធ្មេញមិនឱ្យប្រឈមមុខនឹងជំងឺពុក និង​ហើម​អញ្ចាញ​ធ្មេញ​

ខែ​ធ្នូ 6, 2016

ffff

ដោយសិរីមុនី
06-12-16

មនុស្សម្នាក់ៗមានឱកាសដុសធ្មេញបានពីរដងក្នុងមួយជីវិត គឺចាប់ពីចន្លោះអាយុ ៦ខែ ទៅ ៣ឆ្នាំ ដែលមាន​ទាំង​អស់ ២០ធ្មេញ សម្រាប់កុមារតូចដែលគេហៅថា ការដុះធ្មេញព្រៃ។ រីឯធ្មេញស្រុកវិញ ចាប់ផ្ដើមដុះចន្លោះ​ពីអាយុ ៦ឆ្នាំ ទៅ ១៨ឆ្នាំ ដែលមានទាំងអស់ចំនួន ៣២ធ្មេញ។ ធ្មេញមុខងារយ៉ាងសំខាន់ សម្រាប់ទំពា​ចំណី​អាហារ​មុននឹងលេបចូលទៅក្នុងពោះ។ ចុះបើសិនគ្មានការថែទាំត្រឹមត្រូវទេនោះ តើធ្មេញអាចប្រឈម​មុខ​នឹង​ជំងឺអ្វីខ្លះ?

តើអាហារប្រភេទណាដែលលោកអ្នកគួរទទួលទានដើម្បីឱ្យធ្មេញមានសុខភាព ល្អ?

 

ឯកសារសុខភាពធ្មេញបញ្ជាក់ថា នៅពេលលោកអ្នកមិនបានដុសសម្អាតធ្មេញទៀងទាត់ និងត្រឹមត្រូវទេនោះ កម្ទេចអាហារដែលជាប់តាមជើងធ្មេញនឹងកកជាសំអេក។ ការជាប់សំអេក ឬហៅថា អាចម៍ធ្មេញ តាមជើង​ធ្មេញ​នឹងអាចក្លាយទៅជាផ្ទាំងកំបោរដែលជាជម្រកមេរោគ។ ទន្ទឹមនឹងនេះដែរ បើកម្ទេចអាហារនោះ​មានជាតិ​ផ្អែម ហើយស្អិតខ្លាំងវានឹងផ្សំជាមួយមេរោគរួចបម្លែងក្លាយជាជាតិអាស៊ីដ ជាហេតុបង្កឱ្យធ្មេញប្រឈម​មុខនឹង​ការកើតជំងឺផ្សេងៗ ដូចជារលាកអញ្ចាញធ្មេញ និងពុកធ្មេញ។

 

ប្រធានមន្ទីរព្យាបាលធ្មេញឯកទេស លោកទន្តបណ្ឌិត ហ៊ុយ ប៉ូលីន មានប្រសាសន៍ថា ធ្មេញមានសុខភាពល្អ​អាច​ជួយឱ្យផ្ទៃមុខពេញស្អាតហើយញញឹមបានយ៉ាង ស្រស់។ ធ្មេញមានសុខល្អអាចទំពាអាហារ​បានម៉ដ្ឋល្អ​មានរសជាតិឆ្ងាញ់ និងជួយឱ្យរាងកាយមានសុខភាពប្រសើរ។ លើសពីនេះទៅទៀត ធ្មេញមានសុខភាពល្អ គឺមិនមានបញ្ហាក្លិនមាត់នោះទេ ហើយថែមទាំងជួយបង្កើនភាពងាយស្រួល​ក្នុងការបញ្ចេញ​សំឡេងឱ្យបាន​យ៉ាងច្បាស់ល្អ។
លោកវេជ្ជបណ្ឌិត ហ៊ុយ ប៉ូលីន៖ «ពេលយើងគ្មានធ្មេញគ្រប់គ្រាន់ យើងនិយាយ ឬច្រៀងអីអត់បានពីរោះទេ។ ទាក់ទងនឹងសន្លាក់ឆ្អឹងថ្គាម កាលណាយើងបាត់ថ្គាមច្រើនធ្វើឱ្យយើងមានបញ្ហា»។

 

លោកទន្តបណ្ឌិតបន្តថា ក្រោយពេលទទួលទានអាហាររួច លោកអ្នកត្រូវប្រញាប់ដុសសម្អាតធ្មេញឱ្យទៀត​ទាត់ និងមិនត្រូវយកឈើចាក់ចូលចន្លោះនៃធ្មេញនោះជាដាច់ខាត ព្រោះធ្វើឱ្យឆាប់ខូច និងងាយជាប់កាក​សំណល់អាហារក្នុងចន្លោះនោះដែលហេតុធ្វើឱ្យប្រឈមមុខ កើតជំងឺពុកធ្មេញ ឬដង្កូវស៊ីធ្មេញ។ ប៉ុន្តែ​លោក​អាចប្រើខ្សែសម្រាប់ទាក់កម្ទេចអាហារជំនួសឈើចាក់ធ្មេញ។

 

របាយការណ៍​អង្គការ​សុខភាព​ពិភពលោក ពន្យល់ថា ការទទួលទានអាហារដែលសម្បូរដោយជាតិផ្អែម ហើយ​​ស្អិតខ្លាំងជាប់នឹងធ្មេញដោយមិនបានសម្អាតចន្លោះពីមួយម៉ោង ឡើងទៅ វាអាចនឹងផ្សំជាមួយមេរោគ​រួចនឹងបម្លែងទៅជាជាតិអាស៊ីដ។ ជាតិអាស៊ីដធ្វើឱ្យកាចាធ្មេញលោកអ្នកងាយពុក ហើយវាអាចពុក​មួយ​ស្រទាប់​ម្តងៗ រហូតពុកដល់ភ្លុកធ្មេញ ដែលជាហេតុធ្វើឱ្យលោកអ្នកមានអារម្មណ៍ស្រៀវ ឬសង្កៀរ ពេល​ប៉ះធាតុ​ក្ដៅ ឬត្រជាក់ខ្លាំង។ ពេលភ្លុកធ្មេញពុកជាហេតុដែលបណ្ដាលឱ្យពុកដល់បណ្ដូលធ្មេញពេលនោះ ទើបលោកអ្នកមានអារម្មណ៍ថា ឈឺចាប់ខ្លាំងគ្រប់ពេលវេលា។

កាលណាធ្មេញពុកដល់បណ្ដូលធ្មេញ ហើយវាធ្វើឱ្យមានបូសនៅខាងចុងឫសធ្មេញ និងហើមអញ្ចាញធ្មេញ។
ទន្ទឹមនឹងនេះដែរ ប្រធានគ្លីនិកព្យាបាលកោះកេរ្តិ៍ អ្នកស្រីទន្តបណ្ឌិត ខូយ រ៉ានីន ពន្យល់ថា ការជាប់កម្ទេច​អាហារតាមជើងធ្មេញ គឺអាចក្លាយជាផ្ទាំងកំបោរដែលជាជម្រកនៃមេរោគជាហេតុធ្វើឱ្យមាន ជំងឺរលាក​អញ្ចាញ​ធ្មេញ ឬហៅថា រាក់ស៊ីធ្មេញ។អ្នកស្រីទន្តបណ្ឌិតបន្ថែមថា ផ្ទាំងកំបោរដែលកើតមក​ពីសំអេក​ធ្មេញ​នឹងធ្វើឱ្យខូចអញ្ចាញ ហើយបន្ទាប់មក បំផ្លាញឆ្អឹងរណ្ដៅធ្មេញរួចធ្វើឱ្យធ្មេញងាយសណ្ដក រង្គើ និងងាយជ្រុះ។

 

សៀវភៅស្ដីពីការថែទាំធ្មេញនៃអង្គការស៊ីប៉ា សរសេរថា សំអេកធ្មេញកើតឡើង​ពីសំណល់អាហារ​ដែល​កក​ជាប់ និងរុំព័ទ្ធនៅតាមធ្មេញ និងចន្លោះធ្មេញ។ លោកអ្នកអាចសម្អាតកម្ទេចអាហារជាប់ធ្មេញ​ដោយវិធី សាមញ្ញបំផុត គឺគ្រាន់តែដុសសម្អាតធ្មេញឱ្យបាន​ត្រឹមត្រូវ​ក្រោយពេលទទួលទាន អាហារ។

ads01_m
តើលោកអ្នកគួរដុស និងលាងសម្អាតមាត់ធ្មេញដូចម្ដេចដើម្បីត្រូវតាមក្បួនខ្នាតវេជ្ជសាស្ត្រ?
អង្គការសុខភាពពិភពលោកបានណែនាំថា លោកអ្នកត្រូវតែដុសធ្មេញមុនពេលចូលដំណេក ដើម្បីកាត់​បន្ថយ​ការ​ប្រមូលផ្តុំមេរោគដែលជាប់នឹងធ្មេញ។ លោកអ្នកដុសធ្មេញក្រោយពេលទទួលអាហារ។ ប៉ុន្តែមិនត្រូវ​ដុស​ធ្មេញមុនពេលទទួលទានអាហារនោះទេ ព្រោះកាកសំណល់អាហារនៅតែប្រឡាក់ដដែល។ ការដុស​ធ្មេញ​ត្រូវជ្រើសរើសច្រាសដុសធ្មេញដែលមានសរសៃតូច និងទន់ល្មម ដើម្បីងាយស្រួលលូកទៅដល់ធ្មេញក្រោយ ហើយត្រូវជ្រើសរើសថ្នាំដុសធ្មេញដែលជាតិភ្លុយរ៉ាយ ព្រោះថា ជាតិភ្លុយរ៉ាយ ជួយឱ្យកាចាធ្មេញរឹងមាំហើយ​ធន់​នឹងជាតិអាស៊ីដ។

ជាងនេះទៅទៀត លោកអ្នកអាចប្ដូរច្រាស់ដុសយ៉ាងហោចណាស់រៀងរាល់ពីរ ទៅបីខែម្តង។ លោកអ្នកអាច ទៅ​ជួបគ្រូពេទ្យ​ដើម្បីពិនិត្យ និងសម្អាតធ្មេញយ៉ាងតិចពីរដងក្នុងមួយឆ្នាំ ក្នុងហេតុផលការពារកុំកើតជំងឺ​ផ្សេង​ៗ​។ បន្ថែមពីលើនេះ លោកអាចជៀសវាងទម្លាប់មិនល្អមួយ​ចំនួន ដូចជាការប្រើ​ធ្មេញដើម្បី​ខាំបើក​គម្រប​ដប ឬការខាំផ្តាច់ខ្សែនានា ព្រោះវាជាហេតុធ្វើធ្មេញលោកអ្នកងាយប្រេះស្រាំ ឬរបួស។

 

លោកអ្នកត្រូវតែជៀសវាងការជក់បារី ការទំពាអាហារជាប់ប្រចាំ ពិសេសអាហារផ្អែមហើយ​ស្អិតព្រោះងាយ​ធ្វើ​ឱ្យ​ធ្មេញពុក។ សៀវភៅស្ដីពីការថែទាំធ្មេញនៃអង្គការស៊ីប៉ា បញ្ជាក់ថា ការទំពាម្លូ ស្លា ការចុកថ្នាំ នឹងក្លាយ​ជា​ហេតុ​ផលចម្បងដែលធ្វើឱ្យរលាកអញ្ចាញធ្មេញ ធ្មេញមានពណ៌លឿង ឬពណ៌ត្នោត និងអាចប្រឈមមុខ​កើត​ជំងឺពងបែកក្នុងមាត់។
បុរសវ័យចំណាស់ម្នាក់ដែលជាអតីតគ្រូបង្រៀន លោក សៀង សេរីរ័ត្ន ចែករលែករំលែកបទពិសោធន៍ថា កាលពីសម័យមុនមិនមានថ្នាំដុសធ្មេញនោះទេ ម្ល៉ោះហើយប្រជាជនខ្មែរខ្លះដុសធ្មេញដោយដីខ្សាច់ ឬដៃជាដើម។
លោក សៀង សេរីរ័ត្ន៖ «យើងចេះតែញ៉ាំអីផ្ដេសផ្ដាស ប៉ះអីខាំ ប៉ះអីខាំ ដល់អ៊ីចឹងធ្វើឱ្យធ្មេញ​យើង​ហ្នឹង​ឆាប់​ខូច។ ជួនកាលម៉ែឪយើងអត់បានប្រាប់យើងពីរបៀបដុសធ្មេញឱ្យបានល្អក៏មាន។ ពីដើមខ្មែរ​យើង​មិន​ថ្នាំដុសធ្មេញទេ ពេលខ្លះយកដីខ្សាច់ក៏មាន ដល់អ៊ីចឹងធ្វើឱ្យធ្មេញយើងងាយខូច»។

 

ពាក់ព័ន្ធបញ្ហានេះ អ្នកស្រីទន្តបណ្ឌិត ខូយ រ៉ានីន មានប្រសាសន៍ឆ្លើយតបថា ការដែលយកខ្សាច់មក​ដុស​ធ្មេញវាអាចធ្វើឱ្យធ្មេញឆាប់សឹករេចរឹល និងអាចប្រឈមមុខនឹងការសណ្ដកធ្មេញផងដែរ។
ទន្តបណ្ឌិត ខូយ រ៉ានីន៖ «ការខាំរបស់រឹង ផលប៉ះពាល់ធ្ងន់ជាងគេ គឺធ្មេញទេ មិនមែនអញ្ចាញធ្មេញទេ។ អញ្ចាញរួមផ្សំ ប៉ុន្តែផលប៉ះពាល់ទីមួយហ្នឹងធ្វើឱ្យបែកធ្មេញ។ កាលដែលលោកពូនិយាយថា យកដីខ្សាច់​មកដុសធ្មេញហ្នឹង គឺខ្មែរយើងមិនមានថ្នាំដុសធ្មេញ ម្ល៉ោះការយកដីខ្សាច់ដុសធ្មេញក៏រួមផ្សំឱ្យធ្មេញសខ្លះដែរ។ ប៉ុន្តែការយកដីខ្សាច់មកដុសធ្មេញខ្លាំៗធ្វើឱ្យធ្មេញខូច អាចនឹងសណ្ដកធ្មេញបានដែរ»។

tosread_pclogo
តើអ្នកគួរទទួលទានអាហារប្រភេទណាទើបអាចជួយឱ្យធ្មេញមានសុខភាពល្អ?

 

ឯកសារសុខភាពមាត់ធ្មេញរបស់ក្រសួងសុខាភិបាលកម្ពុជា បញ្ជាក់ថា អាហារដែលល្អសម្រាប់សុខភាពធ្មេញ​មានដូចជា ស្ពៃក្ដោប ត្រសក់ ប៉េងប៉ោះ ផ្សិតចំបើង ការ៉ុត និងដំឡូងបារាំង ។ល។ ម្យ៉ាងវិញទៀត លោកអ្នក​ក៏​អាចទទួលទានទឹកដោះគោផ្លែឈើ ទឹក ត្រី ស៊ុត និងសាច់គោជាដើម ព្រោះអាហារទាំងនេះ សម្បូរដោយ​ជាតិ​ប្រូតេអ៊ីន និងជាតិកាល់ស្យូម។

 

ប៉ុន្តែផ្ទុយមក លោកអ្នកត្រូវផ្អាក ឬឈប់ទទួលទានអាហារដែលនាំទុក្ខដល់ធ្មេញ។ អាហារដែលអាចបំផ្លាញ​សុខភាពធ្មេញ គឺប្រភេទអាហារ ឬភេសជ្ជៈណាដែលមានជាតិស្ករច្រើន ហើយស្អិត។ អាហារទាំងនោះ​មាន​ជាអាទិ៍ នំកង ស្ករគ្រាប់ ចេកឆឹង និងប្រភេទនំ និងបង្អែមដែលមានជាតិផ្អែមខ្លាំង។

 

ទន្តបណ្ឌិតជាច្រើនលើកឡើងថា ដើម្បីអាចថែទាំសុខភាពធ្មេញឱ្យល្អប្រសើរ លោកអ្នកគួរតែ​ទៅជួបគ្រូពេទ្យ​ដែល​មានឯកទេសធ្មេញឱ្យបានយ៉ាងហោចណាស់ ពីរដងក្នុងមួយឆ្នាំ ដើម្បីឱ្យគ្រូពេទ្យ​សម្អាត​កំបោរដែល​ជាប់​ធ្មេញ។ លោកអ្នកគួរជៀសវាងភាពខ្ជិលច្រអូស និងមិនត្រូវអូសបន្លាយពេលវេលាដោយគេចវេសមិន​ដុស​​សម្អាតធ្មេញមុនចូលគេង និងក្រោយទទួលទានអាហារជាដាច់ខាត ព្រោះវានឹងក្លាយ​ជាប្រភពនៃ​ជំងឺ​ធ្មេញ​ទៅថ្ងៃក្រោយ។ នៅពេលកាចាធ្មេញ និងអញ្ចាញធ្មេញមានជំងឺ លោកអ្នកត្រូវប្រញាប់​ទៅជួបពិភាក្សា​នឹងគ្រូពេទ្យដែលមានឯកទេសធ្មេញ ត្រឹមត្រូវដើម្បីកុំឱ្យធ្មេញខូចខាតកាន់តែខ្លាំងថែមទៀត។

លោកអ្នកក៏គួរជៀសវាងទៅជួបជាងធ្មេញជាដាច់ខាត ព្រោះជាងធ្មេញគ្មានជំនាញច្បាស់លាស់នោះទេ។
មន្ត្រីក្រសួងសុខាភិបាលម្នាក់អះអាងថា ជាងធ្មេញគ្រាន់តែទទួលបានចំណេះដឹងតិចតួចស្ដីពីធ្មេញ តាមរយៈ​ការធ្វើការជាមួយគ្រូពេទ្យដែលមានឯកទេសធ្មេញតែប៉ុណ្ណោះ ប៉ុន្តែមិនបានបញ្ចប់ការសិក្សាថ្នាក់ទន្តសាស្ត្រ ឬគ្រូពេទ្យ ហើយគ្មានការទទួលគុណភាពអប់រំ និងសមត្ថភាពពីក្រសួងសុខាភិបាល និងក្រសួងអប់រំនោះ​ឡើយ​៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.