លក់បាញ់ឆែវរកប្រាក់ចំណូលបាន ៤០០ដុល្លារក្នុងមួយថ្ងៃ

ខែ​ធ្នូ 26, 2016

khmer-pancake2-copy

ដោយ លីមុយ

26/12/2016

រប​រលក់​បាញ់​ឆែវ​ ​មើល​ទៅ​ហាក់​ដូច​ជា​មុខ​របរ​ធម្ម​តា​មួយ​ ដែល​អាច​មាន​មនុស្ស​មួយ​ចំនួន​តែង​មើល​រំលង​។ ​ប៉ុន្តែ​​ជាក់​ស្តែង​ ​ការ​បើក​អា​ជីវក​ម្ម​ខ្នាត​តូច​មួយ​នេះ​ ​អាច​រក​ចំ​​ណូល​​បា​ន​ជា​មធ្យម​ ​​៣០០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។

​មានរាង​ខ្ពស់​ស្រ​ឡះ​ ​សម្បុរ​ស​ ​និង​កាយ​វិការ​រហ័ស​រហួន​សម​សួនជា​អ្នក​ជំ​នាញលក់​នំបាញ់ឆេវ នេះជារូងរាងស្ត្រីក្នុងវ័យ៣០ឆ្នាំម្នាក់​ដែលមានឈ្មោះថា ឈឹល​ ​តុប។​​​ លោកស្រី បាន​បើក​អាជី​រកម្ម​​លក់​បាញ់​ឆែវ​រយៈ​ពេល​ជិត​ ​៣​ឆ្នាំ​ហើយ​ ​នៅ​ប​ណ្តោយ​ផ្លូវ​បឹង​សា​ឡាង​។ ​ការ​បើក​អា​ជី​វ​កម្ម​ដំ​បូង​របស់​លោក​ស្រី​ ​​ហាក់​មិន​​ទាន់សម្បូរបែបនៅឡើយទេ ព្រោះ​លោ​ក​ស្រី​លក់​ក្នុង​តូបតូច​មួយ​ ​និង​ហើយពេលដំបូងនោះ លោកស្រីអាចរក​ចំ​ណូល​ក្នុង​មួយ​ថ្ងៃ​ទទួល​បាន​ត្រឹម​តែ​ ​២០​ ​ទៅ​៣០​ ​ម៉ឺន​តែ​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​ ​លោក​ស្រី​មាន​អ្នក​ជួយ​លក់​រហូត​ដល់​៧​នាក់​ ​ក្នុង​ការ​ជួយ​សម្រួល​ការ​លក់​ដ៏​មមា​ញឹក​នេះ​។

​ស្រីវ័យចំណាស់ដែលមានដើមកំណើតមកពីខេត្តកំពង់ចាមរូបនេះបន្តថា នំ​បាញ់​ឆែវ​ពី​មួយ​បន្ទះ​​តម្លៃ​ ​៤០០០​រៀល​ ​ដោយ៤០០បន្ទះលក់ត្រឹមតែ រយៈ៨​ម៉ោ​ង​ប៉ុណ្ណោះ​ ​ពោល​គឺ​ចាប់​ពី​ម៉ោង​ ​១០​ព្រឹក​ ​រហូត​ដល់​ម៉ោង​ ​៥​ល្ងាច​។ ​ ​ដោយ​សារ​តែ​ភ្ញៀ​​វ​កាន់​តែ​ច្រើន​ឡើង​ៗ​ជា​រៀង​រាល់​ថ្ងៃ​ ​ជា​ពិ​​សេស​ថ្ងៃ​ឈប់​សម្រាក​ ​​លោក​ស្រី​ក៏​បាន​ពង្រីក​របរ​លក់​នំ​គ្រក់​បន្ថែម​ទៀត​។ ​ភាគ​ច្រើន​ ​ភ្ញៀវ​របស់​លោក​ស្រី គឺ​ជា​សិស្ស​ ​និស្សិត​ ​និង​អ្នក​ធ្វើ​ការ​។ ​លោក​ស្រី​យល់​ថា​ ​ទោះ​បី​ជា​ទី​តាំង ​នៃ​ការ​លក់​របស់​លោក​ស្រី​ហាក់​មិន​មាន​អា​ទិ​ភាព​ក្នុង​ចំ​ណោម​មហា​ជន​ក៏​ពិត​មែន​ ​តែ​លោក​ស្រី​អាច​ឆក់​យក​អតិ​ថិ​ជន​មក​ពី​ឆ្ងាយ​ៗ​​បាន​។

​ស្តីពីដើមទុនវិញ លោក​ស្រីលើកឡើងថា ​ដំ​បូង​លោក​ស្រី​មាន​ដើម​ទុន​សរុប​ប្រ​ហែល​ពី​រ​ពាន់​ដុល្លារ​សម្រាប់​ការ​ចំ​ណា​យ​ទៅ​លើ​សម្ភារៈ​ ​មាន​ជា​អាទិ៍​ ​បន្លែ​ ​សាច់​ ​ដែល​ទិញ​មក​ពី​ផ្សារ​ដើម​គ​ ​កៅ​អី​ ​តុ​ ​​និង​ចង្ក្រាន​​។ ​ប៉ុន្តែ​ដើម​ទុន​ទាំង​នោះ​ ​បាន​មក​ពី​ការ​សន្សំ​ពី​មុខ​របរ​ចាស់​តែ​ប៉ុណ្ណោះ​ដោយ​មិន​មាន​ការ​ខ្ចី​លុយ​ពី​ធនា​​គា​រ​ ​ឬ​បង​ប្អូន​នោះ​ឡើ​យ​។ ​ក្នុង​មួយ​ខែ​លោក​ស្រី​ត្រូវ​ចំ​ណាយ​ដើម្បី​ជួល​ទី​តាំង​លក់​ចំនួន​១​០០​ដុល្លារ​អា​មេរិក​។ ​លោក​ស្រី​មាន​ប្រ​សាសន៍​​ថា​ ​យ៉ាង​ណា​ក៏​ដោយ​​បើ​សិន​ជា​លក់​ដាច់​ខ្លាំង​ ​ទទួល​បាន​ចំ​ណូល ​៤០០​ដុល្លារ​ ​​ហើយ​បើ​សិន​ជា​មិន​សូវ​ដាច់​ក៏​អាច​លក់​បាន​ ​២៥០​ដុល្លារ​ដែរ​ ​និង​អាច​ទទួល​បាន​ប្រាក់​ចំ​ណេញ​ស្ទើ​រ​តែ​ជិត​ពាក់​កណ្តាល​ឯ​ណោះ​។

​លោក​ស្រី​ ​ឈឹល​ ​តុប​៖ «​ឱ្យ​តែ​លាយ​ស្នូល​ឱ្យ​តែ​ឆ្ងាញ់​ទៅ​បាន​ហើយ​។​ ​រាល់​ថ្ងៃ​លក់​ដាច់​ណាស់​ ​មួយ​ថ្ងៃៗ​លក់​អស់​ៗ​ទាំង​នំ​គ្រក់​ ​និង​នំ​បាញ់​ឆេវ​ ​កម្រ​នៅ​សល់​ណាស់​ទោះ​ជា​ថ្ងៃ​ខ្លះ​​ភ្លៀង​ក៏​ដោយ​។ ​បើ​លុយ​ចំ​ណាយ​ដំ​បូង​វិញ​ ​ខ្ជឹល​ខ្ចី​គេ​ណាស់​សន្សំ​តែ​ខ្លួន​ឯង​ហ្នឹង​។ ​ត្បិត​តែ​ទី​តាំង​លក់​មួយ​នេះ​តូច​ចង្អៀត​បន្តិច ​តែ​នៅ​តែ​លក់​ដាច់​»។

​ចំ​ណែក​ស្រី្តម្នាក់ដែលជាអ្នកលក់ម្នាក់ទៀត លោក​ស្រី​ ​នាម​ ​អ៊ុន​ ​មាន​ប្រ​សាសន៍​ប្រាប់ ​សារ​ព័ត៌​មាន​តោះ​អាន ​ថា​ ​ជា​មួយ​នឹង​តុ​វែង​មួយ ​និង​កៅ​អី​ចំនួន​​ប្រាំ​ ​ទូ​កញ្ចក់​សម្រាប់​ដាក់​នំ​មួយ​ ​និង​ខ្ទះ​ពីរ​តែ​ប៉ុណ្ណឹង​ ​លោក​ស្រី​អាច​រក​ចំ​ណូល​បាន​ក្នុង​មួយ​ថ្ងៃ​ចន្លោះ​ ​ពី​១៥​ ​ទៅ​ជាង​ ​២០​ម៉ឺន​រៀល​។ ​ភាគ​ច្រើន​ភ្ញៀវ​ខ្ចប់​ទៅ​ផ្ទះ​ ​មាន​ភាគ​តិច​ណាស់​ដែល​ពួក​គេ​អង្គុយ​ញ៉ាំ​នៅ​​នឹង​កន្លែង​។ ​ផ្សារ​ដើម​គ​ ​ជា​ទី​តាំង​ដែល​លោក​ស្រី​ត្រូវ​ទៅ​ទិញ​បន្លែ​ ​និង​សាច់​ជា​រៀង​រាល់​ថ្ងៃ​។ ​ដោយ​​សារ​ទី​តាំង​មាន​អំ​ណោយ​ផល​ត្រឹម​រយៈ​ពេល​តែ​ ​៦​ម៉ោង​ ​ ​លោក​ស្រី​អាច​លក់​បាន​មួយ​ថ្ងៃ​ ​ពី​៧០​ ​ទៅ​ ​៨០​ម៉ឺន​។

​លោក​ស្រី​បានផ្តើមអាជីវកម្មលក់នំបាញ់ឆេវនេះជាង១០ឆ្នាំហើយ ​ដំ​បូង​លោក​ស្រី​មាន​លុយ​តែ​ ​៦​ម៉ឺន​រៀល​ប៉ុណ្ណោះ​ ​ព្រោះ​លោក​ស្រី​មិន​មាន​គម្រោង​ធំ​ដុំ​អ្វី​ទេ​។ ​តែ​បន្ទាប់​ពី​លក់​បាន​ត្រឹម​តែ​មួយ​ខែ​ ​ចំ​ណូល​ចេះ​តែ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ទើប​ធ្វើ​ឱ្យ​លោក​ស្រី​អាច​ពង្រីក​មុខ​របរ​នេះ​ដល់​សព្វ​ថ្ងៃ​។ ​លោក​ស្រី​យល់​ថា​ ​មុខ​រប​រនេះ​ ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ជា​ជាង​មុខ​របរ​ផ្សេង​ ​ព្រោះ​ថា​លោក​ស្រី​លក់​តែ​មួយ​កន្លែង​ ​និង​អាច​ចំ​ណាយ​ពេល​ជា​មួយ​គ្រួ​សារ​ទៀត​ផង​។

​លោក​ស្រី​ ​នាម​ ​អ៊ុន​៖ «​ដំ​បូង​ឡើយ​មក​ពី​ខ្ញុំ​ចូល​ចិត្ត​ធ្វើ​នំ​បាញ់​ឆែវ​នេះ​ ​ហើយ​តែង​តែ​ធ្វើ​ឱ្យ​កូន​ៗ​ញ៉ាំ​ជា​ញឹក​ញាប់​។ ​ដល់​ពេល​ក្រោ​​យ​មក​ ​ខ្ញុំ​ក៏​សាក​លក់​លេងៗ​សាក​មើល​ ​ ​​​តែ​វា​ក៏​លក់​ដាច់​ទៅ​ៗ​។

khmer-pancake-copy

​ស្រ​ដៀង​គ្នា​នេះ​ដែរ​ ស្រី្តអ្នកលក់បាញ់ឆេវម្នាក់ផ្សេងទៀត ​​លោក​ស្រី​ ​ភួង​ ​ណា​រិន​ ​បាន​ពោល​រៀប​រាប់​ទាំង​ទឹក​មុខ​ញញឹម​ប្រាប់​ថា​ ​កាល​ដំបូង​ឡើយ​ ​លោក​ស្រី​ជា​កម្ម​ការ​នី​រោង​ចក្រ​ម្នាក់​។ ​តែក្រោយមក​លោ​ក​ស្រី​យល់​ថា​​​ ​ការ​ស៊ី​ឈ្នួល​រប​រនេះ​ ​អាច​ប៉ះ​ពាល់​ដល់​សុខ​ភាព​​​ ​និង​មិន​សូវ​សល់​ប្រាក់​នោះ​ទេ​។ ​បន្ទាប់​មក​ទើប​លោក​ស្រី​ងាក​មក​បើក​អា​ជីវ​កម្ម​ខ្នាត​តូច​មួយ​នេះ​ ​ដែល​មួយ​ថ្ងៃ​អាច​ទទួល​បាន​ខ្ពស់​បំផុត​ ​​៣០​ម៉ឺន​រៀល​ ​ហើយ​ថ្ងៃ​ខ្លះ​បាន​តែ​១០​ ​ទៅ​១៥​ម៉ឺន។ ​​លោក​​ស្រី​អះ​អាង​ថា ​ដោយ​សារ​តែ​ទី​តាំង​លក់​ហាក់​មិន​មាន​អំ​ណោយ​ផល​។​ ​តែ​យ៉ាង​ហោច​ណាស់​ ​លោក​ស្រី​ក៏​អាច​ទទួល​បាន​ប្រាក់​ចំ​ណេញ​ពី​ ​៥​ ​ទៅ​១​០​ម៉ឺន​ដែ​រ​ ​បើ​សិន​ជាលក់មិនសូវ​ដាច់​ខ្លាំង​។ ​លោក​ស្រី​បន្ថែម​ថា​ ​ជា​ដំបូង​លោក​ស្រី​ចំ​ណាយ​ប្រាក់​បន្តិច​ម្តង​ៗ​ ​​ដែល​សន្សំ​ពី​មុខ​របរ​ចាស់​ ​ប៉ុន្តែ​ការ​ចំ​ណាយ​ដំបូង​ ​លោក​ស្រី​ផ្តោត​ទៅ​លើ​ការ​កាត់​ទូ​ ​និង​ទិញ​គ្រឿង​ធ្វើ​នំ​។ ​បន្ទាប់​មក​ទើប​លោក​ស្រី​អាច​សន្សំ​ទិញ​សម្ភារៈ​ផ្សេង​ទៀត​បាន​ច្រើន​តាម​ក្រោយ​។

​លោក​ស្រី​ ​ភួង​ ​ណា​រិន​៖ «​យ៉ាង​ណា​ក៏​​គ្រាន់​បើ​ជា​ង​មុ​ខ​របរ​ផ្សេង​ទៀត​ដែរ​​គ្រាន់​ចិញ្ចឹម​ខ្លួន​រស់​ ​និង​មិន​សូវ​ជា​ហត់​ប៉ុន្មាន​ទេ​ ​បើ​ថា​ហត់​ ​ហត់​តែ​មួយ​ភ្លែត​ៗ​ហ្នឹង​ពេល​ភ្ញៀវ​មក​កុម្មង់​ច្រើន​»។

​អា​ជីវ​កម្ម​ខ្នាត​តូច​ជា​ទូ​ទៅ​​មាន​ត្រឹម​តែ​​​​​ ​​១០០​ទៅ​ ​២០០​ដុល្លារ​ប៉ុ​ណ្ណោះ​ក៏​អាច​ធ្វើ​ជា​អ្នក​លក់​ ​និង​អាច​ស្វែង​រក​ឱ​កាស​ពង្រីក​អាជី​វ​កម្ម​បាន​ដែរ​។ ​អ្នក​ជំ​នាញ​ ​បាន​លើក​ឡើង​ថា​ ​អា​ជីវ​កម្ម​ខ្នាត​តូច​ទាំង​អស់​នៅ​ប្រ​ទេស​កម្ពុជា​ ​មាន​ច្រើន​ ​តែ​ទន្ទឹម​នឹង​នោះ​ ​ម្ជាស់​សហ​គ្រាស​ ​ឬ​អ្នក​លក់​ទាំង​នោះ​ ​ក៏​គួរ​តែ​ប​ន្ថែម​ជំ​នាញ​ណា​មួយ​ផ្សេង​ទៀត​ ​​ដែល​​ប្រ​កប​​ដោយ​​ភាព​​ច្នៃ​ប្រ​ឌិត ​ដើម្បី​រក្សា​លំ​នឹង​អា​ជីវ​ក​ម្ម​ប្រ​កប​ដោយ​និរន្ត​ភាព ​និង​ជោគ​ជ័យ​៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.