ពលរដ្ឋកម្ពុជាចំណាយលុយរាប់រយលានរៀលក្នុងមួយថ្ងៃៗលើឆ្នោតវៀតណាម

ខែ​វិច្ឆិកា 23, 2016

15182506_882363841899537_598295136_o

ដោយ សុបញ្ញា
22-11-2016

សព្វថ្ងៃនេះឆ្នោតវៀតណាមកំពុងធ្វើឲ្យពលរដ្ឋកម្ពុជាចំណាយលុយយ៉ាងខ្ជះខ្ជាយ ឥតប្រយោជន៏ និងហាក់គ្មានអាជ្ញាធរ ឬសមត្ថកិច្ចណាយកចិត្តទុកដាក់អើពើសោះឡើយ។

គេសង្កេតឃើញថា ប្រជាជនខ្មែរជាច្រើនមិនថានៅជនបទ ឬនៅទីក្រុងនោះទេ តែងតែចាក់ឆ្នោតវៀតណាម​យ៉ាងភ្លូកទឹកភ្លូកដី។ រាល់ពេលល្ងាចពួកគាត់តែងតែប្រមូលផ្តុំគ្នាដើម្បីមើលថា តើថ្ងៃនេះឆ្នោត ឬកន្ទុយលេខ​ចេញលេខប៉ុន្មាន? អ្វីខ្លះ? បើកន្ទុយលេខចេញមកត្រូវនឹងអ្វីដែលគាត់ចាក់ នោះ ពួកគេនាំគ្នាហ៊ោរសប្បាយ ផឹកស៊ី ដោយមិនខ្វល់ពីអ្វីទាំងអស់។

គិតជាមធ្យម សម្រាប់អ្នកដែលចាក់កន្ទយលេខ ឬឆ្នោតវៀតណាមចំណាយពី១០,០០០៛ ទៅ១៥,០០០៛ ក្នុងមនុស្សម្នាក់។ទឹកប្រាក់នេះមិនច្រើនទេបើគិតទៅលើមនុស្សតែម្នាក់ ប៉ុន្តែបើគិតសរុបទៅលើអ្នកលេង ទាំងអស់វិញ ឃើញថាមានចំនួនរាប់សិបលានរៀលក្នុងមួយៗថ្ងៃ ដែលប្រជាជនចំណាយលើក្រដាស ទទេនេះ។

បុគ្គលិកក្រុមហ៊ុនមួយនៅសង្កាត់គីឡូម៉ែត្រលេខ៦ និយាយថា បុគ្គលិករបស់ក្រុមហ៊ុន មួយចំនួនងប់ងល់ខ្លាំង ទៅលើល្បែងកន្ទុយនេះ។ ដោយសាររាល់ល្ងាចនៅពេលការបិទបញ្ជីម្តងៗ ត្រូវរង់ចាំរហូតដល់ម៉ោងដែល កន្ទុយលេខចេញជាមុនសិនទើបអាចបិទបាន។ គាត់បន្ថែមទៀតថា មិនត្រឹមតែយល់សប្តិទេដែល អ្នកទាំងនោះកាត់លេខឆ្នោត សូម្បីតែគ្រោះថ្នាក់ចរាចរណ៍ក៏ត្រូវបានពួកគាត់កាត់ចាក់កន្ទុយលេខដែរ ដោយកាត់តាមលេខឡាន ឬស្លាកលេខម៉ូតូនោះ។

កម្មកររោងចក្រកាត់ដេរមួយនៅតំបន់ឧស្សាហ៍កម្មកាណាឌីយ៉ាអ្នកនាង នីម គុយអេង និយាយថា នៅក្នុង រោងចក្រដែលគាត់កំពុងធ្វើការ មានមេលើសពីពីរនាក់សម្រាប់កត់កន្ទុយលេខនេះ។ពេលចូលធ្វើការរហូត ដល់ថ្ងៃរសៀលអ្នកចាក់ត្រូវទៅជួបមេឆ្នោតដើម្បីកត់លេខ បើទោះស្ថិតក្នុង ម៉ោងការងារក៏ដោយ ។ គាត់បន្តថា នៅទីនេះគឺគ្រប់រោងចក្រស្ទើរក្លាយជាទម្លាប់ទៅហើយ ។

អ្នកវិភាគព្រឹត្តិការណ៍សង្គមលោក អ៊ូ វីរៈ យល់ឃើញថា ការនាំគ្នាចាក់កន្ទុយលេខនេះគឺជារឿង អស់លុយ ឥតប្រយោជន៍ និងខាតពេលវេលា។ លោកថា បើយើងយកលុយ និងពេលវេលាមកគិតពីការងារ ការរកស៊ីនោះវាប្រសើរជាងយើងអង្គុយនឹកកាត់លេខឆ្នោត ហើយការកាត់យល់សប្តិ។ ការអួតអាងថា មានវត្ថុសក្តសិទ្ធ ការទៅបន់សុំលេខឆ្នោត គឺគ្រាន់តែបង្ហាញពីភាពល្ងង់ខ្លៅតែប៉ុណ្ណោះ។

លោក អ៊ូ វីរៈ៖ «ការកាត់សប្តិ ការអួតអាងថាមានវត្ថុសក្តសិទ្ធ ការទៅបន់សុំលេខឆ្នោត មិនមែនជារឿង ត្រឹមត្រូវទេ វាគ្រាន់តែបង្ហាញពីភាពល្ងង់ខ្លៅតែប៉ុណ្ណោះ។ លើលោកនេះគ្មានអ្នកណាឲ្យយើងឈ្នះ ដើម្បីខ្លួនគេចាញ់នោះទេ។ ជាធម្មតាលុយនេះគឺបានទៅលើមេកន្ទុយលេខហើយ »។

ស្រដៀងគ្នានេះដែរ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា លើកឡើងថា ការចាក់ឆ្នោត ឬកន្ទុយលេខនេះគឺជាបញ្ហាសង្គមមួយដែលមានជាច្រើនអាណត្តិមកហើយ។ ពេលបច្ចុប្បន្នយើង ក៏មានច្បាប់ស្តីពីល្បែងស៊ីសងដែរ ប៉ុន្តែជាក់ស្តែងការអនុវត្តគឺមិនមានប្រសិទ្ធភាពឡើយ។ លោកបន្តថា ល្បែងស៊ីសងនេះ បើនៅតែបណ្តោយតទៅទៀតនឹងបណ្តាលឲ្យកើតមានអំពើអសកម្មនៅក្នុងសង្គម និងធ្វើឲ្យកើតមានអំពើលួច ឆក់ ប្លន់ ចាប់ជំរិត និងអំពើផ្សេងផ្សេងជាច្រើនទៀត។

លោកសាស្ត្រាចារ្យបានលើកពីដំណោះស្រាយថា ពលរដ្ឋមួយចំនួនគិតថា គេអាចក្លាយជា អ្នកមានឆាប់ ដោយចាក់ឆ្នោត។ ដូច្នេះដើម្បីដោះស្រាយរដ្ឋត្រូវបណ្តុះបណ្តាលអប់រំពលរដ្ឋឲ្យមានចំណេះដឹងខ្ពស់ អាចឲ្យ គាត់គិតពិចារណាបានវែងឆ្ងាយ។ មួយទៀតត្រូវអប់រំពួកគាត់ឲ្យយល់ពីផលវិបាក និងបញ្ហាប្រឈមដែល បណ្តាលមកពីល្បែងស៊ីសង។លោកបន្ថែមថា នៅបរទេសក៏មានល្បែងឆ្នោតដែរ ប៉ុន្តែអ្វីៗ ត្រូវស្ថិតនៅ ក្រោមច្បាប់។

លោកសាស្ត្រាចារ្យ៖ « ពួកគាត់មួយចំនួនគិតចង់មានឆាប់! ដូច្នេះរដ្ឋត្រូវអប់រំបណ្តុះបណ្តាលឲ្យមាន ចំណេះ ដឹងខ្ពស់ និងម្យ៉ាងទៀតអបរំពួកគាត់ឲ្យយល់ពីផលវិបាក និងបញ្ហាប្រឈមដែលបណ្តាលមកពីការប្រព្រឹត្ត ល្បែងស៊ីសង។ នៅបរទេសក៏មានល្បែងស៊ីសងដែរ ប៉ុន្តែអ្វីៗទាំងអស់ត្រូវស្ថិតនៅក្រោមច្បាប់ »។

15145246_1790814054504830_1914138192_o

(សកម្មភាពស្ត្រីកំពុងអង្គុយលេងល្បែងជុំគ្នា នៅបាក់ខែង ភ្នំពេញ)

មិនសូវខុសពីការយល់ឃើញខាងដើម សាស្ត្រាចារ្យផ្នែកចិត្តសាស្ត្រ ហឿ សេធុល លើកថាកត្តាដែលនាំឲ្យ ប្រជាជនលេងល្បែងឆ្នោត ឬកន្ទុយលេខយ៉ាងច្រើនបែបនេះបណ្តាមក ពីភាពធូរលុងនិងចន្លោះប្រហោង របស់រដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ដើម្បីទប់ស្កាត់ឥរិយាបថប្រជាជនកុំឲ្យប្រព្រឹត្តតទៅទៀត។ ម្យ៉ាងវិញទៀត អ្នកលេងមួយចំនួនធំ គឺការអប់រំរបស់ពួកគាត់នៅមានកម្រិត ដូច្នេះធ្វើឲ្យពួកគាត់មើលឃើញ គ្រោះថ្នាក់ មើលឃើញបញ្ហាប្រឈមទៅជាឪកាសទៅវិញ។

លោកបន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះបាន រដ្ឋាភិបាលគួររឹតបណ្តឹងច្បាប់ស្តីពីល្បែងស៊ីសងកុំឲ្យ មានភាពធូរលុង ដែលបណ្តោយពលរដ្ឋឲ្យលេងល្បែងយ៉ាងច្រើនបែបនេះតទៅទៀត។ រដ្ឋាភិបាលត្រូវ អប់រំប្រជាជនឲ្យមានចំណេះដឹង ដើម្បីឲ្យពួកគាត់យល់ដឹងពីគ្រោះថ្នាក់ និងបញ្ហាប្រឈមផ្សេងៗបណ្តាល មកពីល្បែងកន្ទុយលេខ ក៏ដូចល្បែងស៊ីសងដទៃទៀត។

លោកសាស្ត្រាចារ្យ៖ « ភាពធូរលុងនិងចន្លោះប្រហោងក្នុងការអនុវត្តច្បាប់ បានបណ្តាឲ្យពលរដ្ឋមានឪកាស ច្រើនក្នុងការលេងល្បែងឆ្នោតឬកន្ទុយលេខនេះ។ ម្យ៉ាងទៀត ពូកគាត់ភាគច្រើនការអប់រំនៅមានកម្រិត ជាហេតុបណ្តាឲ្យគាត់យល់ខុសថាល្បែងកន្ទុយលេខអាចធ្វើឲ្យពួកគាត់មានសំណាងក្លាយជាអ្នកមានបាន។ដូច្នេះហើយ ដើម្បីដោះស្រាយរដ្ឋគួររឹតបណ្តឹងច្បាប់ និងអប់រំប្រជាជនឲ្យយល់ដឹងពីគ្រោះថ្នាក់ និងបញ្ហាប្រឈមទាំងឡាយដែលបណ្តាលមកពីការប្រព្រឹត្តល្បែងស៊ីសង»។

ឆ្លើយតបទៅនឹងការលើកឡើងនេះ អ្នកនាំពាក្យរដ្ឋាភិទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន និយាយថា លោកឯកភាពចំពោះមតិថាល្បែងកន្ទុយលេខ គឺជាជំងឺសង្គមដែលមានជាយូរមកហើយ។លោកបន្តថា អ្នកលេងមួយចំនួនធំ គឺជាប្រជាជនស្រទាប់ក្រោម មានការអប់រំទាប ដូច្នេះរដ្ឋាភិបាលបានបញ្ជ្រៀប ពួកគាត់ឲ្យឈប់ជឿរឿងអបិយជំនឿ ព្រេងវាសនា លាភសំណាងបន្តទៀត។ យើងថែរក្សាសន្តិភាព គោរពសិទ្ធបុគ្គល បង្កើនសេដ្ឋកិច្ចដោយអភិវឌ្ឍ ដូចនេះរដ្ឋាភិបាលផ្តល់ឪកាសសេដ្ឋកិច្ចដល់ពលរដ្ឋ ដើម្បីឲ្យពលរដ្ឋងាកមកគិតលើការងារ ការរកស៊ី និងអនាគតប្រទេសជាតិ។

លោក ផៃ ស៊ីផាន៖ «យើងឯកភាពចំពោះមតិថាឆ្នោតកន្ទុយលេខគឺជាជំងឺសង្គមដែលមានជាយូរមកហើយ។ វៀតណាមជាប្រទេសកុមុយនីស្ត ប៉ុន្តែសង្គមគេក៏បើកឲ្យពលរដ្ឋលេងឆ្នោតដូចគ្នា។ យើងក្នុងនាមរដ្ឋាភិបាល គឺថែរក្សាសន្តិភាព ស្ថេរភាព គោរពសិទ្ធបុគ្គល យើងបានបញ្ជ្រៀបឲ្យពលរដ្ឋឈប់ជឿរឿងអបិយជំនឿ និងផ្តល់ឪកាសសេដ្ឋកិច្ចដល់ពួកគាត់ងាកមកគិតការងារ របរកស៊ី »។

15184035_1790814087838160_29374119_o

(ផ្ទះវៀតណាមនៅកំពង់លួង ខេត្តពោសាត់)

បើទោះបីយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ប្រជាជនកម្ពុជានៅតែបន្តលេងល្បែង កន្ទុយលេខ ជាហូហែរ និងជារៀងរាល់ថ្ងៃ។ ការនៅតែបន្តលេង បានធ្វើឲ្យពលរដ្ឋចំណាយលុយរាប់រយលានរៀល ដោយមិនទទួលបានអ្វីទាំងអស់ត្រឡប់មកវិញ។ ពលរដ្ឋដែលចំណាយពេលវេលា និងថវិការទៅលើការ ចាក់កន្ទុយលេខ គួរតែប្តូរឥរិយាបទនៃការគិត ហើយគួរតែយកការងារ របរកស៊ី និងអនាគតជាធំវិញ នោះទើបជាការប្រសើរ ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.