«វ៉ិបសាយថ៍​អត្តឃាត» ជប៉ុន​ជា​គោលដៅ ក្រោយ​ពី​មាន​ករណី​អត្តឃាត​មួយ​កើត​ឡើង

ខែ​វិច្ឆិកា 25, 2017

ជន​ល្មើស​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន

«វ៉ិបសាយថ៍​អត្តឃាត» ជប៉ុន​ជា​គោលដៅ ក្រោយ​ពី​មាន​ករណី​អត្តឃាត​មួយ​កើត​ឡើង

ដោយ៖ ឃុន ពិទី

រដ្ឋាភិបាល​ជប៉ុន​ចង់​ទប់​ស្កាត់​វ៉ិបសាយថ៍ ដែល​អាច​ផ្ដល់​ផល​អាក្រក់​ដល់​បណ្ដាជន ក្នុង​ការ​ចែក​រំលែក​គំនិត​ចង់​ធ្វើ​អត្តឃាត។ នេះ​ជា​ការ​ឆ្លើយ​តប​នឹង​ការ​សម្លាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ដោយ​ប្រើ​ប្រាស់​វ៉ិបសាយថ៍​មួយ​ចំនួន។

កាល​ពី​ខែ​តុលា ខ្លួន​ប្រាណ​ដាច់​ចេញ​ពី​គ្នា​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ទូទឹក​កក និង​ប្រអប់​ដាក់​ឧបករណ៍ ដែល​គេ​ហៅ​ថា «ផ្ទះ​រន្ធត់” នៅ​ជាយ​ក្រុង​តូក្យូ។ អ្នក​ស៊ើប​អង្កេត​បាន​រក​ឃើញ​ក្បាល​ចំនួន៩ រួម​ទាំង​ឆ្អឹង​ដៃ​ជើង​ជា​ច្រើន។ លោក តា​កា​ហ៊ីរ៉ូ ហ្ស៊ី​រៃ​ហ្ស៊ី វ័យ ២៧ឆ្នាំ បាន​សារភាព​ថា​ខ្លួន​បាន​សម្លាប់​មនុស្ស ៩នាក់ ចាប់​តាំង​ពី​ចុង​ខែ​សីហា​មក។ នេះ​ជា​ករណី​មួយ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ជប៉ុន​ស្រឡាំង​កាំង។

តើ​លោក​បាន​រក​ឃើញ​ជន​រង​គ្រោះ​ដោយ​វិធី​ណា?

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនល្មើស​បាន​ស្គាល់​​ជន​រង​គ្រោះ​តាម​​បណ្ដាញ​សង្គម ជាទី​ដែល​ពួក​គេ​បាន​បង្ហាញ​គំនិត​ចង់​ធ្វើ​អត្តឃាត។ ប៉ូលីស​សង្ស័យ​ថា ជនល្មើស​បាន​លួង​លោម​ពួក​គេ​មក​អាផាតមិន និង​ជួយ​ជន​រង​គ្រោះ​ធ្វើ​អត្តឃាត។

ការ​ស៊ើប​អង្កេត​បាន​ធ្វើ​ឡើង​នៅ​ផ្ទះ​ល្វែង​របស់​លោក បន្ទាប់​ពី​ប៉ូលីស​កំពុង​ស៊ើប​អង្កេត​ករណី​បាត់​ខ្លួន​របស់​ស្ត្រី​ម្នាក់។ សមត្ថកិច្ច​និយាយ​ថា នាង​បាន​សរសេរ​លើ​បណ្ដាញ​សង្គម ដោយ​រក​អ្នក​ធ្វើ​អត្តឃាត​ជាមួយ​គ្នា។

តើ​អ្វី​ទៅ​ជា​វ៉ិបសាយថ៍​អត្តឃាត?

វ៉ិបសាយថ៍​អត្តឃាត និង «ក្រុម» ក្នុង​បណ្ដាញ​សង្គម​អាច​ផ្ដល់​ព័ត៌មាន​សម្រាប់​បុគ្គល​ណា ដែល​ចង់​សម្លាប់​ខ្លួន។ វ៉ិបសាយថ៍​ទាំង​នោះ​លើក​កម្ពស់ និង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ដទៃ​សម្លាប់​ពួក​គេ។

លោក​បាន​ឲ្យ​ដឹង​ថា កាល​ពី​មុន​មាន​ការ​រុញ​រា​ក្នុង​ការ​សម្លាប់​ខ្លួន​ឯង ដោយ​សារ​តែ​ពួក​គេ​មិន​ចង់​ស្លាប់​តែ​ម្នាក់​ឯង​ទេ។ ប៉ុន្តែ​បណ្ដាញ​សង្គម​បាន​ផ្លាស់​ប្ដូរ។ ឥឡូវ​វា​ងាយ​ស្រួល​ក្នុង​ការ​យក​ឈ្នះ​ឧបសគ្គ​នោះ ក្រោយ​ពី​ពួក​គេ​ស្វែង​រក​ដៃគូ​តាម​អ៊ីនធើណិត។

ការ​សិក្សា​ឆ្នាំ ២០១៥ រក​ឃើញ​ថា ២០ភាគរយ​នៃ​យុវវ័យ​មាន​ប្រវត្តិ​ធ្លាប់​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​ឯង បាន​ចូល​មើល​វ៉ិបសាយថ៍​ផ្ដល់​ព័ត៌មាន​អំពី​របៀប​ធ្វើ​អត្តឃាត ឬ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ឈឺ​ចាប់ បើ​ធៀប​នឹង​យុវវ័យ​ជាទូទៅ ៣ភាគរយ។

វិធានការ​ទប់​ស្កាត់​អត្តឃាត​របស់​រដ្ឋាភិបាល​ជប៉ុន

សមាជិក​ជាន់​ខ្ពស់​រដ្ឋាភិបាល លោក យ៉ូហ្ស៊ីល​ហាយ ស៊ូហ្កា បាន​បង្កាប់​ឲ្យ​បណ្ដា​រដ្ឋមន្ត្រី​ចាត់​វិធានការ​លើ «វ៉ិបសាយថ៍​អត្តឃាត» និង​បណ្ដាញ​សង្គម ដោយ​សិក្សា​ពី​ការ​សាយ​ភាយ នៃ​វ៉ិបសាយថ៍​ទាំង​នោះ និង​មាន​កិច្ច​សហការ​របស់​ក្រុមហ៊ុន​វ៉ិបសាយថ៍ និង​អជ្ញាធរ​ក្នុង​ការ​លុប ឬ​រាំង​ខ្ទប់​វ៉ិបសាយថ៍​បង្ក​បញ្ហា​ទាំង​នោះ។

អជ្ញាធរ​ជប៉ុន​បាន​ស្វែង​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ​ជា​យូរ​មក​ហើយ។ ចាប់​តាំង​ពី​មាន​ករណី​បបួល​គ្នា​ធ្វើ​អត្តឃាត​តាម​អ៊ីនធើណេត​ឆ្នាំ២០០៣ រដ្ឋាភិបាល​ជប៉ុន​បាន​ចាត់​វិធានការ ដើម្បី​ព្យាយាម​កាត់​បន្ថយ​អត្រា​ធ្វើ​អត្តឃាត​ដ៏​ខ្ពស់​នេះ តាម​ការ​រៀប​ចំ​កម្មវិធី​ប្រឹក្សាយោបល់ និង​រាំង​ខ្ទប់​វ៉ិបសាយថ៍​ផ្ដល់​ព័ត៌មាន​អំពី​ការ​ធ្វើអត្តឃាត។

អត្រា​ធ្វើ​អត្តឃាត​ដ៏​ខ្ពស់​នៅ​ប្រទេស​ជប៉ុន

យោង​តាម​ស្ថិតិ​របស់​អង្គការ​សុខភាព​ពិភពលោក មាន​មនុស្ស ១៩.៧នាក់ ក្នុង​ចំណោម ១០០,០០០នាក់​បាន​ធ្វើ​អត្តឃាត​ក្នុង​ឆ្នាំ ២០១៥។ ប៉ុន្តែ​​អត្រា​ខ្ពស់​បែប​នេះ​មិន​បាន​ធ្វើ​ឲ្យ ​ជប៉ុន​​មាន​អត្រា​ស្លាប់​ខ្លួន​ខ្ពស់​ជាង​គេ​ក្នុង​ប្រទេស​អភិវឌ្ឍ​នោះ​ទេ។

នៅ​​ឆ្នាំ ២០១៥ ក្នុង​​ចំណោម​មនុស្ស ១០០,០០០នាក់​នៅ​កូរ៉េ​ខាង​ត្បូង ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក មាន​មនុស្ស​ធ្វើ​អត្តឃាត ២៨.៣ ៨.៥ និង ១៤.៣ រៀងគ្នា៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.