ជប៉ុននៅ​តែ​បន្ត​រក្សាកំណត់ត្រារត់ភ្លើងល្បឿនលឿន​អស់​រយៈពេល​ពីរ​ឆ្នាំ

ខែ​ធ្នូ 16, 2017

ជប៉ុននៅ​តែ​បន្ត​រក្សាកំណត់ត្រារត់ភ្លើងល្បឿនលឿន​អស់​រយៈពេល​ពីរ​ឆ្នាំ

ដោយ៖ ឃុន ពិទី

កាលពីថ្ងៃទី ០១ មីនា ២០១៥ រថភ្លើង​ប្រភេទ​ថ្មី​របស់​ជប៉ុន​បាន​បំបែក​ឯតទគ្គកម្ម​ពិភពលោក ក្នុង​​ល្បឿន​ជាង ៦០៣គីឡូម៉ែត្រ​ក្នុងមួយម៉ោង ក្នុង​ការ​បើក​សាក​ល្បង​មួយ​នៅ​ជិត​ភ្នំ Fuji។ គិត​រហូតមក​ទល់​នឹង​​ពេលនេះ ​៦០៣គីឡូម៉ែត្រ​ក្នុងមួយម៉ោង​ជា​ល្បឿន​មិន​ធ្លាប់​មាន​រថភ្លើង​ណា​អាច​បើក​ដល់នៅឡើយទេ។

ត្រង់​ចំណុច​នេះ សូម​លើក​មក​បញ្ជាក់​ពី​ប្រវត្តិ​កំណត់​ត្រា​រថភ្លឿង​ល្បឿន​លឿន​បន្តិច។ កាល​ពី​ថ្ងៃ​ទី ០៨ ខែ ធ្នូ ឆ្នាំ ១៩៧២ ជា​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ នៃ​រថភ្លើង​ល្បឿន​លឿន​ពិភពលោក​ ក្នុង​ល្បឿន ៣១៨គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​បារាំង។ បារាំង​ដដែល​បាន​បំបែក​ឯកត្តកម្ម​បី​លើក​បន្ថែម​ទៀត​ក្នុង​ល្បឿន ៣៦០គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង កាល​ពី​ថ្ងៃ​ទី ២៦ ខែ កុម្ភៈ ឆ្នាំ ១៩៨១ ​ល្បឿន ៥១៥.៣គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង កាល​ពី​ថ្ងៃ​ទី ១៨ ខែ ឧសភា ឆ្នាំ ១៩៩០ និង​ក្នុង​ល្បឿន ៥៥៤.៣គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង កាល​ពី​ថ្ងៃ​ទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០០៧។

ក្រុមហ៊ុន​សេវា​ផ្លូវដែក​ជប៉ុន Central Japan Railway ដែល​ជា​ស្ថាបនិក​រថភ្លើង តភ្ជាប់​ចម្ងាយ​ផ្លូវ ២៨០គីឡូម៉ែត្រ ទីក្រុង Tokyo ដល់​ទី​រួម​ទីក្រុង Nagoya ត្រឹម​ឆ្នាំ ២០២៧ ដោយ​ចំណាយ​ពេល​ត្រឹម​តែ ៤០នាទី​តែ​ប៉ុណ្ណោះ គឺ​លឿន​ជាង​មុន​ដល់​ទៅ​ពីរដង បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP គម្រោង​ត្រូវ​នេះ​ចំណាយ​ទឹក​ប្រាក់​សរុប ១០០ពាន់​លាន​ដុល្លារ។

ចំពោះ​រថភ្លើង​ធុនទំនើប​ថ្មី​របស់​ជប៉ុន ល្បឿន​ ៦០៣គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង​ដែល​បំបែក​ឯតទគ្គកម្ម​ពិភពលោក​នៅ​ថ្ងៃ​អង្គារ​ នេះ ក៏​គ្រាន់តែ​ជា​ល្បឿន​ក្នុងការ​បើក​សាកល្បងតែ​ប៉ុណ្ណោះដែរ គឺ​ដើម្បី​ស្ទង់មើល​​ពី​សមត្ថភាព​អតិបរមារបស់​រថភ្លើង។ រីឯ​ល្បឿន​ក្នុងការ​បើកបរ​ដឹកអ្នក​ដំណើរ​ប្រចាំថ្ងៃវិញ នឹង​ត្រូវ​កំណត់​ត្រឹម ៥០០គីឡូម៉ែត្រ​ក្នុងមួយម៉ោង។ ទោះជាយ៉ាងណា ល្បឿន ៥០០គីឡូម៉ែត្រ​ក្នុងមួយម៉ោង​នេះ ក៏លឿន​ជាង​រថភ្លើង​នៅ​សៀងហៃ​នោះដែរ។

អ្នក​ដឹកនាំ​ស្រាវជ្រាវ នៃ​ក្រុមហ៊ុន JR Central លោក Yasukazu Endo បាន​ឲ្យ​ដឹង​ថា៖ “រថភ្លើង​រត់​ក្នុង​ល្បឿន​កាន់​តែ​លឿន ស្ថិរភាព​ក៏​កាន់​តែ​ខ្លាំង។ ខ្ញុំ​គិត​ថា គុណភាព​រថភ្លើង​មាន​ភាព​រីកចម្រើន។”

​​ត្រឹម​ឆ្នាំ ២០៤៥ គេ​រំពឹង​ទុក​ថា រថភ្លើង​ល្បឿន​លឿន​នឹង​តភ្ជាប់​ពី​ទីក្រុង Tokyo ទៅ Osaka ក្នុង​ពេល​ត្រឹម​តែ​មួយ​ម៉ោង ដែល​កាត់​បន្ថយ​រយៈពេល​ធ្វើ​ដំណើរ​ពាក់​កណ្ដាល។ រដ្ឋាភិបាល​ជប៉ុន ​លោក​ ស្ហ៊ីនហ្សូ អាបេ រំពឹង​ទុក​​ថា នឹង​អាច​លក់​បច្ចេកវិទ្យា​ថ្មីនេះ​​ទៅ​បរទេស៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.