តើ​អ្នក​អាច​ជំនះ​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​សួរ​សំណួរ​ក្នុង​ថ្នាក់​ដោយ​របៀប​ណា?

ខែ​វិច្ឆិកា 30, 2017

តើ​អ្នក​អាច​ជំនះ​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​សួរ​សំណួរ​ក្នុង​ថ្នាក់​ដោយ​របៀប​ណា?

ដោយ៖ ឃុន ពិទី

មាន​បណ្ដា​ជន​មួយ​ចំនួន​ធ្លាប់​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​សួរ​សំណួរ​មួយ​ចំនួន​នៅ​ក្នុង​ថ្នាក់ ដោយ​សារ​តែខ្លាច​អាម៉ាស់​មុខ។ ប្រសិន​បើ​អ្នក​មាន​បញ្ហា​នេះ​ដែរ នោះ​វា​គ្មាន​អ្វី​គួរ​ឲ្យ​ចម្លែក​ទេ។ ប៉ុន្តែ​អ្នក​គួរ​ចាប់​ផ្ដើម​រក​វិធីសាស្ត្រ​ជំនះ​ភាព​ភ័យ​ខ្លាច​នេះ។

ចំណុច​អាក្រក់​នៃ​ការ​ភ័យ​ខ្លាច​ក្នុង​ការ​សួរ អាច​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ពេលវេលា និង​ផលិតភាព​ការងារ។ ពី​ព្រោះ​អ្នក​នឹង​ត្រូវ​ចំណាយ​ពេល​ស្វែង​រក​ចម្លើយ​នៅ​លើ​អ៊ីន​ធើណិត ដែល​ពេល​ខ្លះ​អ្នក​មិន​អាច​ទទួល​បាន​ចម្លើយ។ នេះ​ជា​ការ​ខ្ជះ​ខ្ជាយ​ពេល​ដ៏​ឥត​ប្រយោជន៍​មួយ។ ហើយ​បើ​ទោះ​ជា​អ្នក​បាន​ដឹង​ចម្លើយ​ហើយ​ក៏​ដោយ ក៏​ការងារ​ស្រួលៗ​នេះ​បាន​ស៊ីពេល​អ្នក​អស់​ជា​ច្រើន​ថ្ងៃ។

តើ​មាន​វិធី​សាស្ត្រ​អ្វី​អាច​ដោះ​ស្រាយ​បាន? សួរ​សំណួរ​នោះ​ទៅ! លើក​ក្រោយ ពេល​ដែល​អ្នក​មិន​ហ៊ាន​សួរ​សំណួរ ចូរ​សួរ​ខ្លួន​ឯង​ថា៖ “តើ​អ្វីទៅ​ជា​រឿង​អាក្រក់​បំផុត​ដែល​អាច​កើត​មាន​ឡើង?” ចម្លើយ​នោះ​គឺ មាន​អ្នក​សើច​ចំអក​អ្នក។

ឲ្យ​មែន​ទែន​ទៅ ការ​យល់​ឃើញ​របស់​អ្នក​ដទៃ​ចំពោះ​សំណួរ​របស់​អ្នក វា​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ខ្វល់​នោះ​ទេ។ បញ្ហា​នោះ​នៅ​ត្រង់​ថា តើ​អ្នក​ទទួល​បាន​ចម្លើយ​ដែរ​ឬ​ទេ? ព្រោះ​ថា​អ្នក​កំពុង​តែ​រៀន​សូត្រ ហើយ​វា​គ្មាន​អ្វី​គួរ​ឲ្យ​បាក់​មុខ​នោះ​ទេ ត្បិត​ថា​គ្មាន​នរណា​ម្នាក់​អាច​ដឹង​បាន​គ្រប់​រឿង​នោះ​ឡើយ។

តទៅ​​នេះ​ជា​ជំហាន​មួយ​ចំនួន​ក្នុង​ការ​អនុវត្ត ដើម្បី​ជំនះ​ភាព​ភ័យ​ខ្លាច។​ ទី១) ត្រូវ​គិត​ថា​តើ​អ្នក​អាច​ស្វែង​រក​ចម្លើយ​តាម​អ៊ីន​ធើណិត​បាន​ដោយ​ងារ​ស្រួល​ដែរ​ឬ​ទេ? បើ​មិន​បាន ត្រូវ​ឈាន​ដល់​ជំហាន​បន្ទាប់។ ទី២) តើ​អ្នក​អាច​សួរ​មនុស្ស​អង្គុយ​ជិត​អ្នក​បាន​ដោយ​ស្ងាត់ៗ​ដែរ​ឬ​ទេ? ឬ​ចាំ​សួរ​មិត្ត​រួម​ថ្នាក់​ក្រោយ​ចប់​ម៉ោង? ការណ៍​នេះ​អនុញ្ញាត​ឲ្យ​អ្នក​អាច​សួរ​ទៅ​កាន់​មនុស្ស​តែ​ម្នាក់ ជាជាង​មនុស្ស​ក្នុង​ថ្នាក់​រៀន​ទាំង​មូល។ ហើយ​ប្រសិន​បើ​គេ​មិន​ដឹង​ចម្លើយ អ្នក​ទាំង​ពីរ​អាច​ទៅ​សួរ​គ្រូ​ជាមួយ​គ្នា។

ទី៣) ត្រូវ​ទទួល​ស្គាល់​ថា​គ្មាន​ផល​វិបាក​អ្វី​កើត​ឡើង ក្រោយ​ពី​អ្នក​សួរ​សំណួរ​នោះ​ឡើយ។ ទី៤) ប្រសិន​បើ​អ្នក​នៅ​តែ​មាន​ភាព​ភ័យ​ខ្លាច អ្នក​អាច​ប្រើ​ប្រាស់​ឃ្លា​នាំមុខ​មួយ​ចំនួន​ដូច​ជា៖ “ខ្ញុំ​ដឹង​ថា​នេះ​ជា​សំណួរ​ដ៏​ឆោត​មួយ ប៉ុន្តែ…”។ ឃ្លា​នេះ​ហាក់​មាន​ន័យ​ថា៖ “អេ! ខ្ញុំ​មាន​គំនិត​សមញ្ញ​មួយ ដែល​ខ្ញុំ​ប្រហែល​ជា​មើល​រំលង។ តើ​អ្នក​អាច​ពន្យល់ឲ្យ​បាន​ច្បាស់​ជាង​នេះ​ដែរ​ឬ​ទេ? អរគុណ!”៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.