តើ​រោង​ភាពយន្ត​របស់​ប្រាក់​ចំណូល​ដោយ​របៀប​ណា?

ខែ​វិច្ឆិកា 29, 2017

តើ​រោង​ភាពយន្ត​របស់​ប្រាក់​ចំណូល​ដោយ​របៀប​ណា?

ដោយ៖ ឃុន ពិទី

តើ​អ្នក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​តម្លៃ​ពោត​លីង ដែល​មាន​តម្លៃ​ស្ទើរ​ស្មើ​សំបុត្រ​ចូល​ទស្សនា​ភាព​យន្ត? តើ​រោង​ភាព​យន្ត​ទទួល​បាន​ប្រាក់​ចំណូល​ដោយ​របៀប​ណា?

លោក ហូ​វ៉ាត អេដេល​មេន ម្ចាស់​រោង​ភាពយន្ត​មូវី​លែន នៅ​ទីក្រុង​ញូវ​យ៉ក សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ៖ “យើង​បញ្ចាំង​កុន ដើម្បី​ឲ្យ​មនុស្ស​ម្នា​មក​ទិញ​ស្ករគ្រាប់ និង​ពោត​លីង ដែល​ជា​របៀប​យើង​រក​លុយ។”

ចំណូល​ពី​ការ​លក់​សំបុត្រ

ប្រាក់​ចំណូល​ដែល​រោង​ភាព​យន្ត​ទទួល​បាន​ពី​ការ​លក់​សំបុត្រ​ភាគ​ច្រើន​រត់​ចូល​ហោប៉ៅ​ក្រុមហ៊ុន​ផលិត​ភាពយន្ត។ ក្រុមហ៊ុន​ចែកចាយ​ភាព​យន្ត​ជួល​ភាព​យន្ត​ទៅ​កាន់​រោង​ភាព​យន្ត​ក្នុង​រយៈពេល​កំណត់​មួយ។

ប្រាក់​ចំណូល​ដែល​ក្រុមហ៊ុន​ផលិត​ភាពយន្ត​ទទួល​បាន​នឹង​ថយ​ចុះ​ជា​រៀង​រាល់​សប្តាហ៍។ ដូច្នេះ​ភាពយន្ត​ត្រូវ​ការ​ការ​ចូល​ទស្សនា​ជា​ច្រើន​សប្តាហ៍​សិន មុន​នឹង​ម្ចាស់​រោង​ភាព​យន្ត​អាច​រក​ប្រាក់​ចំណេញ​បាន​គួរ​សម។

លោក ស្ទេវិន ក្រាមស៍ ប្រធាន​ក្រុមហ៊ុន​ឧបករណ៍​ភាពយន្ត​អន្តរជាតិ​បានឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ផលិត​ភាពយន្ត​ទទួល​បាន​ចំណូល​ប្រហែល ៧០ ទៅ ៨០ភាគរយ នៃ​ការ​លក់​សំបុត្រ។ ហើយ​ប្រាក់​ចំណូល​ច្រើន​ធ្លាក់​មក​ត្រឹម ៣៥ភាគរយ ក្រោយ​បញ្ចាំង​ជា​ច្រើន​សប្តាហ៍។

នេះ​មាន​ន័យ​ថា ប្រសិន​បើ​មាន​ភាពយន្ត​ល្បីល្បាញ​ខ្លាំង​ដូច​ជា​រឿង Titanic ឬ​រឿង The Lord of the Rings ដែល​មាន​ទស្សនិកជន​បន្ត​ចូល​មក​ទស្សនា​ជា​ច្រើន​សប្តាហ៍ នោះ​អ្នក​រាល់​គ្នា​នឹង​រីក​រាយ ជា​ពិសេស​គឺ​ម្ចាស់​រោង​ភាព​យន្ត។

ប្រភព​ចំណូល​ដទៃ​ទៀត

នេះ​ជា​ហេតុផល​ដែល​​ទំនិញ​បន្ទាប់​បន្សំ​មាន​សារៈសំខាន់ ហើយ​ប្រសិន​បើ​គ្មាន​ការ​លក់​អាហារ​សម្រន់​ដែល​មាន​តម្លៃ​ថ្លៃ​ទេ​នោះ រោង​ភាពយន្ត​ភាគ​ច្រើន​នឹង​មិន​អាច​ឈរ​ជើង​ក្នុង​អាជីវកម្ម​បាន​ឡើយ។

លោក ស្ទេវិន អេដេលមេន បាន​បន្ត​ថា៖ “ក្រុមហ៊ុន​ផលិត​ភាពយន្ត​ត្រូវ​ចាយ​ប្រាក់ ដើម្បី​ឲ្យ​បណ្ដា​រោង​ភាពយន្ត​ចាក់​បញ្ចាំង​ឈុត​ខ្លីៗ និង​ពាណិជ្ជកម្ម​ជា​ដើម។ ហើយ​យើង​ត្រូវ​បង្ហាញ​តួរលេខ​ជា​រៀង​រាល់​យប់ ហើយ​គេ​នឹង​ផ្ដល់​ប្រាក់​ទៅ​តាម​ចំនួន​មនុស្ស។”

លោក​បាន​ប្ត​ថា ក្រៅ​ពី​នេះ​នៅ​មាន​ចំណូល​ពី​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​មុន​ពេល​ភាពយន្ត​ចាប់​ផ្ដើម​បញ្ចាំង​ផង​ដែរ។ រោង​ភាពយន្ត​ភាគ​ច្រើន​បញ្ចាំង​ស្ប៉ត​ពាណិជ្ជកម្ម ដើម្បី​រក​ចំណូល​បន្តិច​បន្តួច​បន្ថែម។ នៅ​សហរដ្ឋ​អាមេរិក ក្រុមហ៊ុន​ផ្សាយ​ពាណិជ្ជកម្ម​នឹង​គិត​ប្រាក់​ពី​អ្នក​ផ្សាយ​ប្រមាណ ៥០ដុល្លារ ទៅ ១០០ដុល្លារ​ក្នុង​មួយ​ខែ ហើយ​រោង​ភាពយន្ត​កាត់​យក​ពាក់​កណ្ដាល។

ការ​ចំណាយ​ដើម​ទន់

ដើមទន់​ក្នុង​ការ​ដំណើរ​ការ​រោង​ភាពយន្ត រួម​មាន​ថ្លៃ​ឈ្នួល​អាគារ សម្ភារៈ ឧបករណ៍ ការជួស​ជុល ថ្លៃ​ជួល​ភាពយន្ត និង​ប្រាក់​ខែ​បុគ្គលិក។

លោក ស្ទេវិន ក្រាមស៍ បាន​លើក​ឡើង​ថា ម្ចាស់​រោង​ភាពយន្ត​ត្រូវ​ថ្លឹង​ថ្លែង​ពី​ផល​ប្រយោជន៍ នៃ​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ថ្លៃ​ដើម។ ឧទាហរណ៍ រោង​ភាពយន្ត​ចុះ​កុង​ត្រា​ជាមួយ​ក្រុមហ៊ុន​មួយ​ទៀត ដែល​​សន្យា​ឲ្យ​ប្រាក់​ពី​ប្រមាណ ២៥,០០០ដុល្លារ ទៅ ៥០,០០០ដុល្លារ​ក្នុង​ការ​សាង​សង់​សាល​បញ្ចាំង​បន្ថែម ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ ដោយ​ចែក​ប្រាក់​ចំណេញ​ពី​ការ​លក់​អាហារ​សម្រន់​ជា​ដើម៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.