តំហយ​ចុះ​ការ​លក់​មី​កញ្ចប់៖ ពលរដ្ឋ​ចិន​ផ្ដើម​ផ្លាស់​ប្ដូរ​ទម្លាប់​​ទទួល​ទាន​អាហារ​ដទៃ

ខែ​ធ្នូ 23, 2017

តំហយ​ចុះ​ការ​លក់​មី​កញ្ចប់៖ ពលរដ្ឋ​ចិន​ផ្ដើម​ផ្លាស់​ប្ដូរ​ទម្លាប់​​ទទួល​ទាន​អាហារ​ដទៃ

ដោយ៖ ឃុន ពិទី

ដោយ​សារ​តែ​តម្លៃ​សមរម្យ និង​ភាព​ងាយ​ស្រួល​ក្នុង​ការ​រក​ទិញ បាន​ធ្វើ​ឲ្យ​មី​កញ្ចប់​ក្លាយ​ជា​អាហារ​ដ៏​ពេញ​និយម​មួយ​នៅ​ប្រទេស​ចិន។ វា​ជា​អាហារ​សម្រន់​សម្រាប់​បណ្ដា​សិស្ស-និស្សិត សម្រាប់​ញ៉ាំ​នៅ​លើ​រថភ្លើង ឬ​សម្រាប់​កម្មករ។

មី​កញ្ចប់​ប្រមាណ ៤៦.២ពាន់​លាន​កញ្ចប់​ត្រូវ​បាន​លក់​នៅ​ប្រទេស​ចិន និង​ហុងកុង​ក្នុង​ឆ្នាំ ២០១៣។ ចំនួន​នេះ​គឺ​ច្រើ​ន​ជាង​ចំនួន​មី​កញ្ចប់​លក់​នៅ​ឥណ្ឌូនេស៊ី ជប៉ុន វៀតណាម ឥណ្ឌា សហរដ្ឋ​អាមេរិក កូរ៉េ​ខាង​ត្បូង អូស្ត្រាលី និង​ចក្រភព​អង់គ្លេស​បូក​បញ្ចូល​គ្នា​ទៅ​ទៀត។

ប៉ុន្តែ​នៅ​ត្រឹម​ឆ្នាំ ២០១៦ បើ​តាម​សមាគមន៍​មី​ពិភព​លោក ការ​លក់​មី​កញ្ចប់​បាន​ធ្លាក់​ចុះ​ក្នុង​អត្រា ១៧ភាគរយ គឺ​មក​ត្រឹម ៣៨.៥កញ្ចប់​តែ​ប៉ុណ្ណោះ។ តើ​មាន​អ្វី​នៅ​ពី​ក្រោយ​ការ​ធ្លាក់​ចុះ​នេះ?

អតិថិជន​ប្រាថ្នា​ចង់​បាន​អាហារ​ល្អ​ជាង​មុន

ការ​ឆុង​មី​ពិត​ជា​ងាយ​ស្រួល និង​សមញ្ញ គឺ​គ្រាន់​តែ​ដាំ​ទឹក​ឲ្យ​ពុះ ចាក់​គ្រឿង​ផ្សំ​ចូល និង​បន្ថែម​បន្លែ និង​សាច់​ឆៅ​ជា​ការ​ស្រេច។ ប៉ុន្តែ​នៅ​ក្នុង​របត់​សង្គម​ថ្មី​នេះ ត្រូវ​បាន​លោក សៅ ភីង មន្ត្រី​ទី​ស្ដីការ​ពាណិជ្ជកម្ម​អន្តរជាតិ​ចិន​អះ​អាង​ថា អ្នក​ប្រើ​ប្រាស់​បាន​ងាក​មក​ចាប់​អារម្មណ៍ និង​ឲ្យ​តម្លៃ​លើ​គុណភាព​ជីវិត ជា​ជាង​គ្រាន់​តែ​ញ៉ាំ​បំពេញ​ក្រពះ។

បម្រែ​បម្រួល​ប្រជាជន៖ កម្មករ​ត្រឡប់​មក​រស់​នៅ​ជនបទ​វិញ

បើ​តាម​ការ​ស្រាវជ្រាវ អ្នក​ពិសា​មី​កញ្ចប់​ច្រើន​ជាង​គេ​នោះ​គឺ​ពលករ​ចំណាក​ស្រុក។ នេះ​ក៏​ដោយ​សារ​តែ​ពួក​គេ​នៅ​ឆ្ងាយ​ពី​ទី​កន្លែង​កំណើត រស់​នៅ​ក្នុង​ទី​ស្នាក់​អាស្រ័យ​ដែល​តូច​ចង្អៀត គ្មាន​ឧបករណ៍​ចំអិន​ម្ហូប​គ្រប់​គ្រាន់ និង​ត្រូវ​សន្សំ​ប្រាក​ឲ្យ​បាន​ច្រើន សម្រាប់​ផ្ញើ​ទៅ​កាន់​គ្រួសារ​នៅ​ស្រុក​កំណើត។

ប៉ុន្តែ​ចាប់​ពី​ឆ្នាំ ២០១៦ មក ចំនួន​ពលករ​ចំណាក​ស្រុក ដែល​ត្រឡប់​មក​រស់​នៅ​ទី​កន្លែង​កំណើត​នៅ​ជនបទ​វិញ បាន​កើន​ឡើង​ជា​លំដាប់។ នៅ​ឆ្នាំ​មុន ចំនួន​ពលករ​ចំណាក​ស្រុក​ដែល​រស់​នៅ និង​ធ្វើ​ការ​នៅ​ទីក្រុង​បាន​ធ្លាក់​ចុះ​ប្រមាណ ១.៧លាន​នាក់។

ការ​ធ្វើ​ដំណើរ៖ ហេដ្ឋារចនា​សម្ព័ន្ធ​កាន់​តែ​រីក​ចម្រើន ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​ទម្លាប់​រស់​នៅ

២០ឆ្នាំ​មុន ការ​ធ្វើ​ដំណើរ​នៅ​ប្រទេស​ចិន​មាន​ការ​លំបាក។ បន្ទាប់​ពី​ចុះ​ពី​រថភ្លើង គេ​ត្រូវ​បន្ត​ដំណើរ​ដោយ​រទេះ ឬ​មធ្យោបាយ​ផ្សេងៗ​ទៀត។ មី​កញ្ចប់​ជា​អាហារ​សម្រាប់​ដោះ​ទាល់​បាន​មួយ​គ្រា។

ប៉ុន្តែ​មក​ដល់​សម័យ​បច្ចុប្បន្ន ស្ថានីយ​រថភ្លើង​ត្រូវ​បាន​កែ​លំអ ហើយ​ការ​ធ្វើ​ដំណើរ​ក៏​កាន់​តែ​លឿន​ជាង​មុន។ នៅ​លើ​រថ​ភ្លើង មាន​ការ​បំរើ​អាហារ​ច្រើន​ជម្រើស និង​កាន់​តែ​មាន​បទដ្ឋាន។ នេះ​មាន​ន័យ​ថា ការ​លក់​មី​កញ្ចប់​បាន​ធ្លាក់​ចុះ៕

ពលរដ្ឋ​ចិន​មាន​ជីវភាព​មធ្យម បាន​ផ្ដើម​មក​ធ្វើ​ដំណើរ​ពី​ទីក្រុង​មួយ​ទៅ​កាន់​ទីក្រុង​មួយ​ទៀត តាម​ការ​ជិះ​យន្ត​ហោះ។ បើ​តាម​រដ្ឋបាល​អាកាសចរ​ស៊ីវិល​ចិន ក្នុង​ឆ្នាំ ២០១៦ មាន​ការ​ធ្វើ​ដំណើរ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​តាម​យន្ត​ហោះ​ចំនួន ៥០០លាន។ ប៉ុន្តែ​​ជាង​ ២ភាគ៣ នៃ​ជើង​យន្តហោះ​ក្នុង​ឆ្នាំ​មុន​ត្រូវ​បាន​ពន្យា​ពេល ជា​ហេតុ​ធ្វើ​ឲ្យ​មាន​អ្នក​ដំណើរ​រង​ចាំ​ក្នុង​អាកាស​យានដ្ឋាន។ នេះ​មាន​ន័យ​ថា អាកាស​យាន​ដ្ឋាន​ជា​ទី ដែល​មាន​កំណើន​ការ​លក់​មី។

ជម្រើស​ថ្មី​នៃ «អាហារ​រហ័ស»

បើ​តាម​តួរលេខ​ពី​រដ្ឋាភិបាល​ចិន ពលរដ្ឋ​ចិន​ប្រមាណ ៧៣០​លាន​នាក់​មាន​លទ្ធភាព​ទទួល​បាន​សេវា​អ៊ីន​ធើ​ណិត។ ក្នុង​នោះ​មាន​ជាង ៩៥ភាគរយ ប្រើ​អ៊ីនធើណិត​តាម​ទូរស័ព្ទ។ ក្នុង​ទូរស័ព្ទ មាន​កម្មវិធី​មួយ​ចំនួន​ទទួល​កុម្មង់​អាហារ​ដឹក​ដល់​ទី​កន្លែង។

ដោយ​សារ​តែ​ភាព​ងាយ​ស្រួល បើ​ទោះ​ជា​អាហារ​ទាំង​នោះ​មាន​តម្លៃ​ថ្លៃ​ក៏​ដោយ ក៏​មាន​អ្នក​ទិញ​បរិភោគ​ច្រើន​ដែរ ត្បិត​អាហារ​ទាំង​នោះ​មាន​រសជាតិ​ឆ្ងាញ់​ជាង​មី​កញ្ចប់៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.