ពល​រដ្ឋ៖ ​​អ្នក​មាន​លុយ​បង់​ឲ្យ​អា​ជ្ញា​ធរ​ខណ្ឌ​ អាច​មាន​សិទ្ធ​ប្រើ​ប្រាស់​ចិញ្ចឹម​ផ្លូវ​

ខែ​កុម្ភៈ 25, 2017

ដោយ៖ ដារ៉ា

តាម​ធម្មតា​ ចិញ្ចើម​ផ្លូវ ​ប្រើ​ប្រាស់​សម្រាប់​អ្នក​ថ្មើរ​ជើង​ធ្វើ​ដំណើរ​។ ដើម្បី​កាត់​បន្ថ​យ​គ្រោះ​ថ្នាក់​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ និង​បញ្ចៀស​ការ​កក​ស្ទះ​ចរាចរណ៍ ​គ្រប់​ផ្លូវ​ធ្វើ​ដំណើរ​ទាំង​អស់​ ត្រូវ​មាន​ចិញ្ចើម​ផ្លូវ​។ តែ​ជាក់​ស្ដែង​ នៅ​រាជ​ធានី​ភ្នំ​ពេញ​ គេ​សង្កេត​ឃើញ​ថា​ ចិញ្ចើម​ផ្លូវ​ បាន​ក្លាយ​ទៅ​ជា​កន្លែង​ធ្វើ​អាជីវ​កម្ម​ លក់​អាហារ​ និង​ក្លាយ​ជា​ចំណត​ឡាន​ សម្រាប់​ហាង​ធំៗ​ទៅ​វិញ​។

លោក​ អ៊ុក​ ធន​ អ្នក​លក់​ចេក​អាំង​ នៅ​មុខ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ លើក​ឡើង​ថា​ រាល់​ថ្ងៃ​គាត់​លក់​មិន​ហ៊ាន​ឈប់​រទេះ​លើ​ចិញ្ចើម​ផ្លូវ​លើស​ពី​ ១០​នាទី​ទេ​ ព្រោះ​ធ្លាប់​មាន​ប៉ូលិស​ មក​ស្ដី​ឱ្យ​គាត់​ច្រើន​ដង​មក​ហើយ​។ ប៉ូលិស​ ប្រាប់​គាត់​ថា​ នៅ​ពេល​ឈប់​លើ​ចិញ្ចើម​ផ្លូវ​ នាំ​ឱ្យ​កក​ស្ទះ​ដល់​អ្នក​ដំណើរ​។

លោក​បន្ត​ថា​ ជា​ការ​ពិត​ នៅ​ពេល​ដែល​លោក​ឈប់​យូរ​ ពិត​ជា​ស្ទះ ​និង​ទើស​ផ្លូវ​អ្នក​ដំណើរ​មែន​ តែ​នៅ​ពេល​លោក​ក្រឡេក​មើល​ទៅ​ហាង​នៅ​ពី​មុខ​លោក​វិញ​ លោក​ឃើញ​ថា​ មាន​ឡាន​ជា​ច្រើ​ន​គ្រឿង​ចត​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ​តែ​ម្ដង​។ ​

លោក​ អ៊ុក​ ធន​ បញ្ជាក់​ថា ​« ខ្ញុំ​មិន​ដែល​ហ៊ាន​ឈប់​យូរ​ទេ​ ត្រឹម​លក់​ឱ្យ​សិស្ស​ ឬ​អ្នក​ទិញ​មួយ​ភ្លែត​ ចុះ​ចំពោះ​ហាង​ធំ​ៗ​ ដែល​មាន​ឡាន​ចត​ចោល​នៅ​ពី​មុខ​ហាង​ លើ​ចិញ្ចើម​ផ្លូវ​ ឬ​អស់​ពាក់​កណ្ដាល​ថ្នល់​វិញ​នោះ ​តើ​មួយ​ណា​ធ្ងន់​ធ្ងរ​ជាង​? ប៉ូ​លិស​​ស្រុក​ខ្មែរ​ រក​ស៊ី​បាន​តែ​ជា​មួយ​អ្នក​មាន​ទេ ​អ្នក​ក្រ​ដែល​គ្មាន​លុយ​បង់​ ត្រូវ​បាន​គេ​ដេញ​ដូច​សត្វ​ធាតុ​ ជា​ពិសេស​នៅ​ពេល​ដើរ​ប្រាប់​ម្ដង​ៗ ​( ប៉ូលិស ) ​មិន​ដែល​ដើរ​ប្រាប់​គ្នា​ឱ្យ​ស្រួល​បួល​ទេ​ តែ​មក​លើក​របស់​របរ​រុញ​ចោល​ ដូច​មិន​មែន​របស់​លក់​ »

ចំណែក​ឯ​ម្ចាស់​ហាង​បាយ​ នៅ​តាម​បណ្ដោយ​ផ្លូវ​សហ​ព័ន្ធ​រុស្សី ​អ្នក​ស្រី ​នៀង​ ណា​រី​ និយាយ​ថា​ អ្នក​នាង​ធ្លាប់​បង់​លុយ​ឱ្យ​អាជ្ញាធរ​ ឬ​ខាង​ប៉ូលិស ​ដើម្បី​បាន​ចត​ម៉ូតូ​ឡាន​លើ​ចិញ្ចើម​ផ្លូវ​មុខ​ហាង​នោះ​។ តែ​ម្ចាស់​ហាង​នេះ​ អះ​អាង​ថា​ ការ​ចត​ឡាន​ម៉ូតូ​លើ​ចិញ្ចើម​ផ្លូវ​ រហូត​ដល់​ទ្រូង​ផ្លូវ​នោះ​ មិន​​បាន​បង្ក​ការ​កក​ស្ទះ​ចរាចរណ៍​ដល់​សាធារណ​ជន​ទេ​។

​អ្នក​ស្រី​ ណារី ​បន្ថែម​ថា ​ម្ដង​ម្កាល​ខាង​ប៉ូលិស​ខណ្ឌ​ ចុះ​មក​យក​ តែ​មិន​មែន​រាល់​ខែ​ទេ​។ ទន្ទឹម​នោះ ​ការ​ហៀរ​ចេញ​ម៉ូតូ​ លើ​ចិញ្ចើម​ផ្លូវ​ ក៏​មិន​ច្រើន​ ដូច​ហាង​កាហ្វេ​ហ្វ្រេន​ធំ​ៗ​ដែរ​។

អ្នក​ស្រី​ នៀង​ ណារី​ បន្ត​ថា​ « ខ្ញុំ​ធ្លាប់​បង់​លុយ​ឱ្យ​ប៉ូលិស​ខណ្ឌ ​តែ​ពួក​គាត់​ ក៏​មាន​កំណត់​ថា​ អាច​ឱ្យ​ចត​បាន​ប្រវែង​ណា ​ដោយ​មិន​ឱ្យ​ហួស​ចូល​ចិញ្ចើម​ផ្លូវ​ខ្លាំង​នោះ​ទេ​ នេះ​ជា​ការ​សម្រួល​គ្នា​ទៅ​វិញ​ទៅ​មក​។ កត្តា​ដែល​ធ្វើ​ឱ្យ​ស្ទះ​ដល់​ការ​ធ្វើ​ដំណើរ​នោះ​ គឺ​ការ​មិន​គោរព​គ្នា​ ក្នុង​ពេល​បើក​បរ​ទៅ​វិញ​ទេ​ ហើយ​ក៏​បណ្ដាល​មក​ពី​ហាង​ធំ​ៗ​ដែរ​ មិន​មែន​តូប​តូច​តាច​ ដូច​តូប​ខ្ញុំ​ទេ»

និសិ្សត​នៅ​វិទ្យា​ស្ថាន​ស៊ី​តិច​ លោក​ ឃុន​ សុធារិទ្ធ​ លើក​ឡើង​ថា​ ជា​រៀង​រាល់​ថ្ងៃ​ ការ​យក​ចិញ្ចើមផ្លូវ​ មក​ប្រើ​ប្រាស់​ជា​អាជីវ​កម្ម​ ក្លាយ​ជា​ទម្លាប់​របស់​ពលរដ្ឋ​ខ្មែរ​ទៅ​ហើយ​ ព្រោះ​ថា​ ពួក​គាត់​តែង​តែ​មើល​បំណាំ​គ្នា​។ នៅ​ពេល​ឃើញ​ផ្លូវ​នោះ ​លក់​បាន​ ក៏​ចាប់​ផ្ដើម​លក់​ដូច​គេ​ដែរ​ ដោយ​មិន​គិត​ពី​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ដទៃ​ឡើ​យ។

លោក​បន្ត​ថា​ មាន​និសិ្សត​ អ្នក​ធ្វើ​ការ​ អ្នក​រក​ស៊ី​ច្រើន​ណាស់ ​ដែល​រអ៊ូ​រឿង​កក​ស្ទះ ​ព្រោះ​អ្នក​រក​ស៊ី​តាម​ដង​ផ្លូវ​ និង​ចត​ម៉ូតូ​ឡាន​លើ​ចិញ្ចើម​ផ្លូវ​ ហើយ​ហៀរ​លើ​ទ្រូង​ផ្លូវ​ថែម​ទៀត​ ជា​ពិសេស​នៅ​ពី​មុខ​ហាង​កាហ្វេ ​និង​ហាង​អាហារ​ធំ​ៗ​ ដែល​នៅ​ជាប់​ផ្លូវ​។

លោក ​ឃុន​ សុធារិទ្ធ « ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​ធុញ​ថប់​ខ្លាំង​ នៅ​ពេល​ដល់​ម៉ោង​ចេញ​ពី​រៀន​ ព្រោះ​ស្ទះ​ខ្លាំង​មែន​ទែន​ ជា​រៀង​រាល់​ថ្ងៃ​ រាល់​ម៉ោង​សិស្ស​ចេញ​ពី​រៀន​និង​អ្នក​ធ្វើ​ការ​ចេញ​ពី​ធ្វើការ​ ជា​ពិសេស​នៅ​ពេល​ស្ទះ ​មិន​មាន​ប៉ូលិស​ចរា​ចរណ៍​មក​ជួយ​បញ្ចៀស​ការ​កក​ស្ទះ​នេះ​ទេ​។ កត្តា​ទាំង​នេះ ​ធ្វើ​ឱ្យ​ពល​រដ្ឋ​គ្រប់​រូប​ មាន​អារម្មណ៍​មិន​ល្អ​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ និង​ខាត​ពេល​វេលា​ច្រើន​ណាស់​»

រី​ឯ​អ្នក​គ្រូ​ ម៉ែន​ សុខា​ មាន​ប្រសាសន៍​ថា​ ទី​ក្រុង​ភ្នំ​ពេញ​ គ្មាន​កន្លែង​ណា​ ដែល​ថា​មិន​ស្ទះ ​និង​មិន​រញ៉ែរ​ញ៉ៃ​ទេ ​ហើយ​ក៏​មិន​អាច​បន្ទោស​អ្នក​លក់​តាម​ដង​ផ្លូវ​ដែរ​។ អ្នក​ដែល​មាន​នាទី​មើល​ខុស​ត្រូវ​សណ្ដាប់​ធ្នាប់​ ដូច​ជា​ ប៉ូលិស​ខណ្ឌ​ ឬ​អាជ្ញាធរ​ គួរ​តែ​ពិនិត្យ​មើល​ឡើង​វិញ​អំពី​បញ្ហា​នេះ​។

អ្នក​គ្រូ​ ម៉ែន​ សុខា​ លើក​ឡើង​ថា​ «ខ្ញុំ​មិន​បន្ទោស​ដល់​អ្នក​លក់​តាម​រទេះ​រុញ​ទេ​ តែ​ខ្ញុំ​បន្ទោស​អ្នក​យក​លុយ​ពី​គេ​ហើយ​ មិន​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ត្រឹម​ត្រូវ​។ ការ​ប្រើ​ប្រាស់​ចិញ្ចើម​ផ្លូវ​មិន​មែន​ជា​រឿង​តូច​តាច​ទេ​ សូម​អាជ្ញា​ធរ​គិត​គូរ​ឡើង​វិញ​ ព្រោះ​វា​ជា​កត្តា​មួយ​ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​កើត​ឡើង​ច្រើន​ណាស់​នៅ​តាម​ដង​ផ្លូវ​ ជា​ពិសេស​ ខ្ញុំ​ខ្លាច​សិស្ស​ខ្ញុំ​មាន​បញ្ហា​ ព្រោះ​តែ​ភាព​អសន្តិសុខ​តាម​ចិញ្ចើម​ផ្លូវ​ទៀត​»

ទាក់​ទិន​នឹង​បញ្ហា​នេះ ​អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំ​ពេញ ​លោក​ មាស​ នី​ភក្តី​ លើក​ឡើង​ថា​ ខាង​អាជ្ញា​ធរ​ កំ​ពុង​​តែ​គិត​គូរ​ហើយ​ពី​រឿង​ប្រើ​ប្រាស់​ចិញ្ចើម​ផ្លូវ​ តែ​រឿង​នេះ ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ស្រាយ​ទេ​ ដូច​ជា​ បញ្ហា​ចរា​ចរណ៍​ដែរ​ គឺ​ទាម​ទារ​ពេល​យូរ​ក្នុង​ការ​ដោះ​ស្រាយ​។

លោក​បន្ត​ថា​ ជុំ​វិញ​បញ្ហា​នេះ​ ខាង​សាលា​ក្រុង​ ក៏​បាន​គិត​គូរ​មួយ​ចំនួន​ខ្លះ​ដែរ​ ចំ​ពោះ​ការ​លក់​ដូរ​ និង​ចត​រថ​យន្ត​លើ​ចិញ្ចើម​ផ្លូវ​ មាន​ខាង​ចរាចរណ៍​ បាន​ចុះ​ហាម​ និង​ត្រួត​ពិនិត្យ​ច្រើន​ហើយ​ ថែម​ទាំង​បាន​ផាក​ពិន័យ​លើ​ពួក​គាត់​ទៀត​ផង​។ ទន្ទឹ​ម​នោះ ​ក៏​មាន​រៀប​ចំ​ជា​ចំណត​សាធារណៈ ​ដែល​កំពុង​ធ្វើ​ការ​ជា​បណ្ដើរ​ៗ​ហើយ​។

លោក ​មាស​ នី​ភក្តី​ បញ្ជាក់​ថា ​«បញ្ហា​ចិញ្ចើម​ផ្លូវ​ មិន​មែន​ជា​រឿង​ ដែល​ដោះ​ស្រា​យ​​ភ្លាម​ៗ​បាន​ទេ​ ត្រូវ​ការ​ពេល​យូរ​ដើម្បី​រៀប​ចំ​ ហើយ​អាជ្ញា​ធរ​ក៏​បាន​គិត​គូរ​បណ្តើ​រ​ៗ​ហើយ​។ សូម​យល់​ថា​ អាជ្ញា​ធរ​រាជ​ធានី​ភ្នំពេញ​គិត​គូរ​ ដោយ​មិន​ព្រងើយ​កន្តើ​យ​នឹង​បញ្ហា​នេះ​ទេ​។ ខ្ញុំ​ក៏​សំណូម​ពរ​ឱ្យ​ប្រជាពល​រដ្ឋ​ មាន​ការ​លើក​លែង​ខ្លះ​ ជា​ពិ​សេស​អ្នក​រក​ស៊ី​ កុំ​ឱ្យ​ភ្ញៀវ​ប្រើ​ប្រាស់​ទ្រូង​ផ្លូវ​ខ្លាំង​ពេក​»

អ្នក​វិភាគ​បញ្ហា​សង្គម​ លោក​បណ្ឌិត​ សេង​ សារី​ លើក​ឡើង​លើ​បញ្ហា​នេះ​ថា​  ចិ​ញ្ចើ​ម​ផ្លូវ​មាន​តួនាទី​បម្រើ​សា​ធា​រណ​​ជន​ ជា​ពិសេស​សម្រាប់​អ្នក​ថ្មើរ​ជើង​។ ​រដ្ឋ​គួរ​តែ​មាន​ការ​រៀប​ចំ​ឱ្យ​បាន​ត្រឹម​ត្រូវ​ រៀប​ផ្លូវ​ណា ​ជា​ផ្លូវ​ត្រូវ​ដើរ ​និង​ផ្លូវ​ដែល​អាច​លក់​តាម​ចិញ្ចើម​ផ្លូវ​បាន​។

លោក​បណ្ឌិត​បន្ត​ថា​ ផ្លូវ​ប្រភេទ​ណា ​ក៏​មិន​គួរ​ឱ្យ​ពួក​គាត់​លក់​ដែរ​ ព្រោះ​ជា​ផ្លូវ​សម្រាប់​អ្នក​ថ្មើរ​ជើង​ និង​បង្ក​ការ​កក​ស្ទះ​ចរាចរណ៍។​ ការ​កក​ស្ទះ​ចរាចរណ៍​ ធ្វើ​យើង​ខាត​សេដ្ឋកិច្ច​ច្រើន​ណាស់​ ទៅ​លើ​ប្រេង​សាំង​ និង​បង្ក​កាបូន​ឌី​អុក​ស៊ីត​ កាន់​តែ​ច្រើន​នៅ​តាម​ដង​ផ្លូវ​។

ចំពោះ​ការ​លក់​តាម​ចិញ្ចើម​ផ្លូវ​នេះ​ លោក​បណ្ឌិត​ សេង​ សារី​ បញ្ជាក់​ថា​ ការ​លក់​តាម​ចិញ្ចើម​ផ្លូវ​គឺ​ជា​ការ​ចិញ្ចឹម​ជីវិត​ ជា​ការ​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួសារ​ ហើយ​អាជ្ញាធរ​ ក៏​បាន​លុយ​ ដើម្បី​ចិញ្ចឹម​ប្រពន្ធ​កូន​ដែរ​។ តែ​អាជ្ញា​ធរ​ គួរ​តែ​មាន​ការ​រៀប​ចំ​ឱ្យ​បាន​ល្អ ​និង​មាន​សណ្ដាប់​ធ្នាប់​ជាង​នេះ​ កុំ​ឱ្យ​ការ​លក់​ដូរ​នេះ ​ជា​ការ​រំ​ខាន​លើ​ដង​ផ្លូវ​។

លោក​បណ្ឌិត ​បន្ត​ថា​ ការ​កើត​ជំងឺ​តប់​ប្រមល់​ ស្រ្តេស​ កំពុង​កើត​មាន​ច្រើន​ ដោ​យ​​​សារ​ការ​កក​ស្ទះ​នៅ​លើ​ដង​ផ្លូវ​ ហើយ​គ្រោះ​ថ្នាក់​ ក៏​មាន​ច្រើន​ ព្រោះ​ពល​រដ្ឋ​មិន​ដឹង​ផ្លូវ​ណា​ជា​ផ្លូវ​ឡាន​ ផ្លូវ​ថ្មើរ​ជើង​នោះ​ទេ​។

លោក​បណ្ឌិត​ សេង​ សារី​ បញ្ជាក់​ថា «អាជ្ញាធរ​តែង​តែ​ប្រកាស​ពី​ការ​រៀប​ចំ​ចិ​ញ្ចើ​ម​ផ្លូវ​ តែ​មិន​ដែល​ទទួល​បាន​ប្រសិទ្ធ​ភាព​ទេ​ ជា​ការ​និយាយ​ដោយ​មិន​មាន​ប្រ​យោ​ជន៍​ ព្រោះ​ការ​ចាត់​វិធាន​ការ​មិន​ច្បាស់​លាស់​។ ខ្ញុំ​គិត​ថា​ ការ​រំដោះ​ចិញ្ចើម​ផ្លូវ​ជា​ផ្នែ​ក​មួយ​ធំ​ណាស់​ ក្នុង​ការ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​។ ក្នុង​នាម​ជា​ពល​រដ្ឋ​ម្នាក់​ ខ្ញុំ​សុំ​ស្នើ​ឱ្យ​អាជ្ញាធរ​រាជ​ធានី​ អនុវត្តន៍​ផង​ បន្ទាប់​ពី​ប្រកាស​រួច​ ព្រោះ​ភាគ​ច្រើ​ន​នៅ​ពេល​ចុះ​អនុវត្តន៍​ច្រើន​តែ​ប្រើ​ប្រាស់​ការ​វិការ​មិន​សម​រម្យ​លើ​ពល​រដ្ឋ​។ ខ្ញុំ​សុំ​ឱ្យ​តែ​ប្រកាស​យ៉ាង​ម៉េច​ ធ្វើ​ដូច​ការ​ប្រកាស​ផង​»

អ្នក​វិភាគ​បញ្ហា​សង្គម​លើក​ឡើង​ថា​ ការ​រំដោះ​ចិញ្ចើម​ផ្លូវ​ ជា​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ និង​ការ​កក​ស្ទះ​ចរាចរណ៍​ ជា​ពិសេស​បើ​មិន​អនុញ្ញាត​ឱ្យ​លក់​ដូរ​ គួរ​តែ​មិន​ឱ្យ​លក់​ទាំង​អស់​គ្នា​ ទាំង​អ្នក​មាន​លុយ​បង់​ និង​អ្នក​មិន​មាន​លុយ​បង់​ ដើម្បី​កាត់​បន្ថ​យ​ការ​គិត​របស់​ពលរដ្ឋ​ទៅ​លើ​អាជ្ញាធរ​ថា​ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ ប្រកាស​បាន​តែ​មាត់​ តែ​លទ្ធ​ផល​ ហាក់​នៅ​ឆ្ងាយ​៕​

 

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.