មន្ត្រីអាដហុកថានៅតែបន្តការងារដូចមុន នឹងអាចកាន់តែសកម្មជាងមុនទៅទៀត

ខែ​កក្កដា 5, 2017

 

ដោយ៖ ថា​ន ល​ក្ម្សី

ក្រោយពី​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ មន្ត្រី​អាដហុក​ទាំង៤រូប នឹង​បន្តការងារ​របស់ខ្លួន​ជាមួយ​អង្គការ​អាដហុក លើ​តួនាទី​ដដែល។ មិនតែប៉ុណ្ណោះ​ការជាប់​ឃុំខ្លួន​រយៈពេល ៤៤៧ថ្ងៃ មិនបាន​ធ្វើ​ឲ្យ​អ្នក​ទាំង៤ រាថយ​លើ​កិច្ចការងារ​សិទ្ធិមនុស្ស​នេះ​ទេ។ ហើយ​អ្នក​ទាំង៤បាន​អះអាងថា នឹងធ្វើ​ការងារ​ដូច​មុន និង​អាច​កាន់តែ​សកម្ម​ជាង​មុន​ទៅទៀត។

លោក​យី សុខសាន្ត ប្រធាន​ផ្នែក​ស៊ើបអង្កេត​ជាន់ខ្ពស់​របស់​សមាគម​ន​អាដហុក​បាន​លើកឡើងថា លោក​នៅតែ​បន្តការងារ​ដូច​មុន តែ​ក្នុង​សប្ដាហ៍​នេះ​គឺ​លោក​មិនទាន់​អាច​ទៅធ្វើ​ការ​ពេញ​ម៉ោង​នោះទេ។ ដោយសារ​តែមាន​បញ្ហា​សុខភាព តែ​នៅពេលដែល​សុខភាព​របស់លោក​បាន​ប្រសើរ​លោក​នឹង​ត្រឡប់​ទៅធ្វើ​ការងារ​ឡើងវិញ។ ការឃុំ​ឃាំង​ខ្លួន​លោក​កន្លងមក​គឺ​មិនបាន​ធ្វើ​ឲ្យ​លោក​រាថយ​លើ​កិច្ចការងារ​ការពារ​សិទ្ធិមនុស្ស​នេះឡើយ។

លោក យី សុខសាន្ត​បញ្ជាក់ថា៖ «ខ្ញុំ​យល់ថា​ខ្ញុំ​ធ្វើ​ការងារ​សង្គម ផ្នែក​សិទ្ធិមនុស្ស​ការងារ​មនុ​ស្ស​ធម៌​ជូន​ប្រជាពលរដ្ឋ ដែល​ក្រីក្រ​ទទួលរង​អយុត្តិធម៌។ ហើយ​ខ្ញុំ​គិតថា​មិន​ខុសច្បាប់​ទេ ហើយ​ការងារ​សិទ្ធិមនុស្ស​ដូចជា​គោលការណ៍​សកល​មួយ ដែល​មិន​ខុសពី​កាកបាទក្រហម​ទេ ដែល​ជួយ​ជនក្រីក្រ។ ខ្ញុំ​នឹងធ្វើ​ជាធម្មតា​វិញ ហើយ​អាច​នឹងធ្វើ​ឲ្យ​ក្លាហាន​ជាង​មុន ព្រោះ​យើង​យល់ថា យើង​អត់​មានទោស​កំហុស​អី​ទេ»

លោក​បាន​បន្ថែមថា​នៅពេលដែល​គេ​ចាប់ខ្លួន លោក​ក៏មាន​អារម្មណ៍​តក់ស្លុត​ដែរ។ តែ​លោក​បានដាក់​កាយ​ដាក់ចិត្ត ធ្វើ​ការងារ​សិទ្ធិមនុស្ស​នេះ​ទាល់តែ​ដាក់​ជីវិត ទៅលើ​ការងារ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ។ ដូច្នេះ​គឺ​មិន​ខ្វល់​ទៅលើ​ការដាក់​ទារុណកម្ម​លើ​រាងកាយ ប៉ុន្តែ​ចិត្ត​របស់លោក​នៅ​ខាងក្រៅ​ដដែល។ បើទោះជា​រយៈពេល​នៃ​ការឃុំ​ឃាំង​ខ្លួន​របស់លោក ធ្វើ​ឲ្យ​លោក​យី សុខសាន្ត ទទួលបាន​ពានរង្វាន់​អន្តរជាតិ ក៏​លោក​មិន​រីករាយ​នោះដែរ ដោយសារ​ពានរង្វាន់​ផ្នែក​សិទ្ធិមនុស្ស​ដែល​ទទួលបាន​នេះ គឺ​បញ្ជាក់ថា​ប្រទេស​នៃ​អ្នក​ដែល​ទទួលបាន​នោះ​គឺមាន​ការរំលោភ​សិទ្ធិមនុស្ស​ទើប​គេ​ផ្ដល់​ឲ្យ។ ពានរង្វាន់​នេះ​សម្រាប់​រូបលោក គឺ​ពិតជា​មានការ​សប្បាយចិត្ត​ដែល​ទទួលបាន តែ​សម្រាប់​កេរ្តិ៍ឈ្មោះ​ប្រទេស គឺ​លោក​មិន​សប្បាយចិត្ត​នោះទេ។

ចំណែកឯ​លោកស្រី លឹម មុន្នី ប្រធាន​ផ្នែក​ស៊ើបអង្កេត​ជាន់ខ្ពស់​ផ្នែក​សិទ្ធិ​ស្ត្រី និង​កុមារ ក៏​នូវតែ​រក្សា​ជំហរ ធ្វើ​កិច្ចការងារ​ដដែល ព្រោះ​កន្លងមក​អ្នកស្រី​មិនបាន​ធ្វើ​អ្វី​ខុស នឹង​គោលការណ៍​របស់​សមាគម​អាដហុក​ទេ។ តែ​អ្នកស្រី​នឹងធ្វើ​ការងារ​ដោយមាន​ការប្រុងប្រយ័ត្ន​ជាង​មុន និង​ធ្វើ​ទៅតាម​អ្វីដែល​ច្បាប់​បានកំណត់ នឹង​តាម​តួនាទី​ដែល​ត្រូវធ្វើ​នៅក្នុង​សមាគម។

លោកស្រី លឹម មុន្នី បញ្ជាក់ថា៖ « តាម​ការពិត​ចំពោះ​ស្មារតី​វិញ ក៏​ធ្វើ​ឲ្យ​ខ្ញុំ​មានការ​ឈឺចាប់ ហួសចិត្ត ក៏ប៉ុន្តែ​ខ្ញុំ​នៅតែ​គិតថា​ការងារ​ខ្ញុំ​ជួយ​សង្គម ជួយ​ស្ត្រី​អត់​មាន​កន្លែង​ណា​ដែល​ធ្វើ​ឲ្យ​ខុស។ ខ្ញុំ​អត់​ធ្វើ​ខុស​ខ្ញុំ​ធ្វើតាម គោលការណ៍​ការងារ​រ​បស់​ខ្ញុំ គោរព​តាម​ត្រឹមត្រូវ អ៊ី​ញ្ចឹ​ង​ខ្ញុំ​ដូចជា​អត់​មាន​ធ្វើ​អី​ខុស​ផង។ បើសិនជា​ខ្ញុំ​ធ្វើ​អី​ខុស​ទើប​ខ្ញុំ​ខ្លាច ខ្ញុំ​រារែក ហើយ​បើ​ការងារ​ខ្ញុំ​ធ្វើ​ត្រូវ ក៏ដូចជា​ការគាំទ្រ​រប​ស់មតិ​សាធារណជន ជាតិ និង​អន្តរជាតិ​គ្រប់គ្នា។ ក៏​គាត់​មើល​មក​ឃើញ​លើកទឹកចិត្ត​ថា​ខ្ញុំ បានធ្វើ​រឿង​ត្រឹមត្រូវ​កន្លងមក​ដែរ»

តាមរយៈ​បទពិសោធន៍​ផ្ទាល់ លោកស្រី​បាន​ផ្ដាំផ្ញើ​ទៅដល់​អ្នកធ្វើការ​សង្គម​ស៊ីវិល​ទាំងអស់ រក្សា​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ គោលការណ៍​ក្រិត​ក្រម តួនាទី​របស់​យើង​ប៉ុណ្ណា ធ្វើ​ប៉ុណ្ណឹង។ ហើយ​មិនត្រូវ​រារែក​នូវ​ទង្វើ​ដែល​យើង​ធ្វើបាន​ត្រឹមត្រូវ​នោះទេ ព្រោះ​អ្វីដែល​យើង​ធ្វើបាន​ត្រឹមត្រូវ យើង​អាច​កំណត់​ខ្លួនឯង​ថា​យើង​មិនមាន​កំហុស យើង​មិនតូច​ចិត្ត​អី​ទាំងអស់។ យើង​នៅតែមាន​ភាពកក់ក្ដៅ មិនតែប៉ុណ្ណោះ​គឺមាន​ការគាំទ្រ​ពី​សាធារណជន​ទាំង​ជាតិ និង​អន្តរជាតិ។ គេ​មើលឃើញថា​ជា​ទង្វើ​ត្រឹមត្រូវ និង​មនុស្សធម៌​ផង ទាំងនេះហើយ​ដែល​ជំរុញ​ឲ្យ​យើង​មិនមាន​ការរារែក ក្នុងការ​បន្តការងារ។

ប្រធាន​ផ្នែក​ស៊ើបអង្កេត​ជាន់ខ្ពស់​សមាគម​អាដហុក​លោក នី សុខា ក៏បាន​បង្ហាញ​ឆន្ទៈ​យ៉ាង​មុតមាំ ក្នុងការ​បំពេញការងា​រ​ដដែល មិន​ខុសពី​មន្ត្រី​អាដហុក២រូប​ខាងលើ​ឡើយ។ បន្ទាប់ពី​សុខភាព​របស់លោក​បាន​ល្អប្រសើរ​ឡើងវិញ ដោយសារតែ​នៅពេលនេះ​បញ្ហា​សុខភាព​ល្អ​នៅ​មិនទាន់​ល្អ​នៅឡើយ។ ចំពោះ​ការអនុវត្ត​ការងារ​វិញ​លោក​ថា​អាច​នឹង​សកម្ម​ជាង​មុន​ក៏​ថា​បាន បើសិន​ជាមាន​ករណី​រំលោភសិទ្ធិ​មនុស្ស​ច្រើន។

លោក នី សុខា​បញ្ជាក់៖ «ពីព្រោះ​មនុស្ស​ដូច​ពួក​ខ្ញុំ បើសិន​ជាមាន​ករណី​រំលោភសិទ្ធិ​មនុស្ស​ច្រើន គឺ​ត្រូវតែ​ធ្វើការ​ច្រើន។ ពីព្រោះ​ការងារ​សិទ្ធិមនុស្ស​មិនអាច​បង្កើត​ការរំលោភ​សិទ្ធិមនុស្ស​បាន​នោះទេ គឺ​ធ្វើ​ទៅតាម​អ្វីដែល​សង្គម​ត្រូវការ។ ពីមុន​ធ្វើ​យ៉ាងម៉េច ឥលូវ​ក៏​ធ្វើ​អ៊ី​ញ្ចឹ​ង​ដែរ សំខាន់​អ្វីដែល​ជនរងគ្រោះ​មករក​យើង គឺ​យើង​ត្រូវតែ​ជួយ​គាត់​ទាំងអស់។ ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​ឲ្យ​អស់ពី​សមត្ថភាព​យើង ដើម្បី​ជួយ​ធ្វើ​ម៉េច​ឲ្យ​មាន​យុត្តិធម៌​ក្នុងសង្គម»

សម្រាប់​រូបលោក​ថា មិនមាន​បញ្ហា​អ្វី​នោះទេ តែ​គ្រាន់តែ​មានការ​ព្រួយ​បារ​ម្មណ៍​ខ្លះ​ដែរ ចំពោះ​ការដែល​តុលាការ​មិនទាន់បាន​ទម្លាក់ចោល​ការចោទប្រកាន់​លើ​ពួកយើង​នៅឡើយ។ ដោយសារតែ​ឥលូវ​នេះ​គ្រាន់តែ​ជាការ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​ទៅតាម​នីតិវិធី។ យ៉ាងណា​នៅ​ថ្ងៃ​ខាងមុខ លោក​ក៏ដូចជា​មន្ត្រី​សមាគមន​អាដហុក​ដទៃទៀត ចង់​ឲ្យ​តុលាការ​ទម្លាក់​ការចោទប្រកាន់ ដើម្បី​ឲ្យ​ពួកលោក​អាច​ចូលរួមចំណែក​បម្រើការ​ងារ​សិទ្ធិមនុស្ស​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចូលរួមចំណែក​ឲ្យ​សង្គម​មាន​យុត្តិធម៌។

មន្ត្រី​នៃ​សមាគម​អាដហុក​ទាំង៣រូបនេះ គឺ​សុទ្ធសឹងតែ​បម្រើ​ការងារ​ជាមួយ​អាដហុក​រយៈពេល​ជិត៣០ទៅហើយ លើ​ផ្នែក​សិទ្ធិមនុស្ស​នេះ។ ទោះជា​ត្រូវបាន​ជាប់ឃុំ​ខ្លួន​យ៉ាងនេះ ក៏​អ្នក​ទាំង៣រូប​នៅតែ ចង់​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​ធ្វើការ​ឲ្យ​កាន់តែ​សកម្ម ក្នុងការ​លើកស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ របស់​សិទ្ធិសេរីភាព  រ​ប​ស់មនុស្ស។

មន្ត្រី​សមាគម​អាដហុក៤រូប និង​មន្ត្រី គ.ជ.ប មួយរូប​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ពីបទ​រួមគំនិត និង​សូកប៉ាន់​សាក្សី​ក្នុងករណី រឿងអាស្រូវ​ស្នេហា រវាង​លោក​កឹម សុខា និង​កញ្ញា​ខុម ចាន់​ដា​រា​ទី ហៅ​ស្រីមុំ។  ហើយ​អ្នក​ទាំង៥រូប ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​វិញ ដោយមាន​ជំងឺ​ប្រចាំកាយ​ទាំង៥រូប នៅ​យប់​ថ្ងៃទី២៩ ខែមិថុនា បន្ទាប់ពី​ត្រូវបាន​ឃុំខ្លួន​រយៈ៤២៧ថ្ងៃ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.