១០​យ៉ាង​ដែល​អ្នក​គួរ​ដឹង​អំពី​សារធាតុ​កាហ្វេ​អ៊ីន

ខែ​វិច្ឆិកា 13, 2017

នៅ​តំបន់​ភ្នំ​ក្នុង​ទ្វីប​អាហ្វ្រិក កាល​ពី​មួយ​សហវត្ស​មុន សត្វ​ពពែ​មួយ​ហ្វូង​បាន​ស៊ី​ផ្លែ​ប៊ែរី ដែល​ជា​ផ្លែ​កាហ្វេ។ សត្វ​ពពែ​​ទាំង​នោះ​ក៏​ប្រែ​ជា​មាន​ថាមពល​យ៉ាង​ខ្លាំង និង​មិន​ដេក​នៅ​ពេល​យប់​នោះ​ទេ។

១០​យ៉ាង​ដែល​អ្នក​គួរ​ដឹង​អំពី​សារធាតុ​កាហ្វេ​អ៊ីន

ដោយ៖ ឃុន ពិ​ទី

កាហ្វេ​ជា​ភេសជ្ជៈ ដែល​បណ្ដាជន​នៅ​ទូទាំង​ពិភពលោក​និយម​ពិសា បើទោះជា​ផលប៉ះពាល់​ត្រូវ​បានគេជ​ជែក​វែកញែក​ក៏ដោយ។ តើ​វា​នឹង​សម្លាប់​អ្នក ឬ​ជួយ​ឲ្យ​អ្នក​អាច​រស់​បានយូរ? តើ​កាហ្វេ​ដ៏​ឆ្ងាញ់​មួយ​កែវ​មាន​លក្ខណៈ​ដូចម្ដេច? តើកាហ្វេគ្មានសារធាតុកាហ្វេអ៊ីន ពិតជា គ្មាន សារធាតុ កាហ្វេ អ៊ីន​សោះ​​ឬ​យ៉ាង​ណា? ហើយ​តើ​នរណា​ជា​អ្នក​ពិសា​កាហ្វេ​ដំបូង​គេ?

តទៅ​នេះ​ជា​ចម្លើយ​បាន​មក​ពី​ការ​ស្រាវ​ជ្រាវ​បែប​វិទ្យាសាស្ត្រ ដែល​ត្រូវ​បាន​ចង​ក្រង​ដោយ​វ៉ិបសាយថ៍ Livescience៖

១. ការពិសាកាហ្វេលើសបរិមាណអាចសម្លាប់អ្នក

ថ្វីបើកាហ្វេ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ក៏​ដោយ កាហ្វេ​ក៏​អាច​គ្រោះ​ថ្នាក់​ក្នុង​ជីវិត​ដែរ។ អ្នកជំនាញ​សុខភាព​បាន​ឲ្យ​ដឹង​ថា ផលវិបាក​នោះ​លុះត្រា​តែ​ពិសា​ពី ៨០ ដល់ ១០០កែវយ៉ាងប្រញាប់ប្រញាល់ ហើយអ្នកមិនគួរសាកល្បងនោះទេ។ កាលពីខែកញ្ញា ឆ្នាំ ២០១៥ រដ្ឋបាលអាហារ និងថ្នាំញៀន​អាមេរិក​ក៏​បានព្រមានពីផលវិបាក នៃប្រភេទម្សៅកាហ្វេអ៊ីន​លើក​កម្លាំង​ផង​ដែរ។

២. កាហ្វេ​ក៏​អាច​ផ្ដល់​ផល​ល្អ​សម្រាប់​អ្នក​ដែរ

ការ​សិក្សា​ដាច់​ដោយ​ឡែក​ពី​គ្នា​កាល​ពី​ឆ្នាំ ២០១៤, ២០១៥ និង ២០១៦ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ព្រឹត្តិបត្តិ​ខឺ​ឃ្យូ​លេ​សិន បាន​រក​ឃើញ​ថា កាហ្វេ​ល្អ​សម្រាប់​ថ្លើម និង​អាច​ធ្វើ​ឲ្យ​អត្រា​គាំង​បេះ​ដូង​ធ្លាក់​ចុះ និង​អាច​កាត់​បន្ថយ​អត្រា​កើត​ជំងឺ​មហារីក​ពោះ​វៀន​ធំ។ ហើយ​ការ​ពិសា​កាហ្វេ​ចន្លោះ​ពី​មួយ​កែវ​ទៅ ៥កែវ អាច​កាត់​បន្ថយ​អត្រា​ស្លាប់​មុន​អាយុ និង​ការ​ពុក​ឆ្អឹង​ខ្នង។

៣. កាហ្វេ​អ៊ីន​អាច​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​ស្ត្រី

អ្នក​ស្រាវ​ជ្រាវ​បាន​ពិសោធន៍​លើ​សត្វ​កណ្ដុរ ហើយ​រក​ឃើញ​លទ្ធផល​បែប​នេះ។ ប៉ុន្តែ​អ្នក​ស្រាវ​ជ្រាវ​បាន​ឲ្យ​ដឹង​ថា ចំពោះ​មនុស្ស សមត្ថភាព​ផ្លូវ​ភេទ​ប្រហែល​ជា​អាច​បង្កើន​បាន​តែ​ចំពោះ​អ្នក​មិន​មាន​ទម្លាប់​ពិសា​កាហ្វេ​តែ​ប៉ុណ្ណោះ។

៤. កាហ្វេ​អ៊ីន​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់

ការ​សិក្សា​តូច​មួយ​បង្ហាញ​ថា ការ​ពិសា​កាហ្វេ​សម​ស្រប​តាម​បរិមាណ គឺ​ពីរ​កែវ​ក្នុង​មួយ​ថ្ងៃ អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ដៃ​សាច់​ដុំ​ក្រោយ​ហាត់​ប្រាណ។ ប៉ុន្តែ​ការ​សិក្សា​នេះ​បាន​ធ្វើ​ឡើង​តែ​ចំពោះ​បណ្ដាជន​ដែល​មិន​ពិសា​កាហ្វេ​ជា​ប្រចាំ។ ហើយ​ការ​សិក្សា​មួយ​ទៀត​នៅ​ឆ្នាំ ២០១២ រក​ឃើញ​ថា បណ្ដាជន​ដែល​ពិសា​កាហ្វេ​មុន​អង្គុយ​ធ្វើការ​មុខ​កុំព្យូទ័រ បាន​ថយ​ចុះ​នូវ​អាការៈ​ចុក​រោយ​ក និង​ស្មារ។ ប៉ុន្តែ​ការ​ស្រាវជ្រាវ​នេះ​មិន​ទាន់​មាន​លក្ខណៈ​ពេញលេញ​នៅ​ឡើយ​ទេ ដែល​មាន​ន័យ​ថា​នេះ​គ្រាន់​តែ​ជា​លទ្ធភាព​អាច​កើត​មាន​តែ​ប៉ុណ្ណោះ។

៥. កាហ្វេអ៊ីន​ពិត​ជា​អាច​ធ្វើ​ឲ្យ​អ្នក​មិន​ងងុយ​គេង​នៅ​ពេល​យប់

អ្នក​ជំនាញ​សុខភាព​បាន​ផ្ដល់​យោបល់​ថា អ្នក​គួរ​តែ​ចៀស​វាង​ពិសា​កាហ្វេ​មុន​ចូល​គេង ៦ម៉ោង ដោយ​សារ​តែ​ឥទ្ធិពល​របស់​កាហ្វេអ៊ីន​អាច​មាន​ប្រសិទ្ធិភាព​ច្រើន​ម៉ោង។ ការ​សិក្សា​មួយ​កាល​ពី​ឆ្នាំ ២០១៥ រក​ឃើញ​ថា កាហ្វេអ៊ីន​អាច​នឹង​ច្រឡំ​ពី​ពេល​វេលា​ក្នុង​រាង​កាយ​អ្នក។ នេះ​មាន​ន័យ​ថា​វា​អាច​ទទួល​សញ្ញាណ​ខុស ពី​ពេល​វេលា​ដែល​ត្រូវ​គេង។ ការ​សិក្សា​ដាច់​ដោយ​ឡែក​មួយ​ទៀត​រក​ឃើញ​ថា អ្នក​ធ្វើ​ការ​ពេល​យប់ ដែល​ពិសា​កាហ្វេ​អំឡុង​ពេល​ធ្វើ​ការ នឹង​ពិបាក​គេង​នៅ​ពេល​ថ្ងៃ។

៦. កាហ្វេគ្មានសារធាតុកាហ្វេអ៊ីន​ មិន​មែន​គ្មាន​មាន​សារធាតុកាហ្វេអ៊ីន​​សោះ​នោះ​ទេ

លទ្ធផល​ពី​ការ​សិក្សា​មួយ​រក​ឃើញ​ថា ប្រសិន​បើ​អ្នក​ពិសា​កាហ្វេ​គ្មាន​សារធាតុ​កាហ្វេអ៊ីន ១០កែវ អ្នក​នឹង​ទទួល​បាន​សារធាតុ​កាហ្វេអ៊ីន​ប្រហាក់​ប្រហែល​នឹង​កាហ្វេ​ធម្មតា ១កែវ ឬ​ពីរ​កែវ។

៧. ដើម្បី​យក​សារធាតុ​កាហ្វេ​អ៊ីន​ចេញ គេ​ប្រើ​សារធាតុ​គីមី

កាហ្វេ​ត្រូវ​បាន​គេ​ចំហុយ ដូច្នេះ​សារធាតុ​កាហ្វេ​អ៊ីន​ដែល​បាន​រំលាយ​​នឹង​អណ្តែត​ឡើង​មក​ផ្ទៃ​ខាង​លើ។ សារធាតុ​កាហ្វេ​អ៊ីន​ត្រូវ​បាន​គេ​ជម្រះ​ ដោយ​ប្រើ​ប្រាស់​សមាសធាតុ​គីមី​សរីរាង្គ​មួយ​ប្រភេទ ដែល​គេ​ឲ្យ​ឈ្មោះ​ថា៖ «មេ​ទីលីន ក្លរ​អរ៉ាយ»។

៨. កាហ្វេ​អ៊ីន​មិន​បាន​បង្ក​រសជាតិ​ល្វីង​ក្នុង​កាហ្វេ​នោះ​ទេ

កាហ្វេ​អ៊ីន​មិន​មែន​ជា​មូល​ហេតុ​ចម្បង ដែល​ធ្វើ​ឲ្យ​កាហ្វេ​ល្វីង​នោះ​ទេ។ កាហ្វេ​ល្វីង​បណ្ដាល​មក​ពី​សារធាតុ​អុកស៊ីត​កម្ម​ទៅ​វិញ​ទេ។

៩. គុណភាព​កាហ្វេ​អាស្រ័យ​លើ​ការ​លីង និង​ឆុង

ពេល​និយាយ​ដល់​រសជាតិ​កាហ្វេ គេ​និយាយ​ដល់​ការ​លីង និង​ឆុង​កាហ្វេ។ នៅ​អំឡុង​ពេល​លីង ជាតិ​ប្រេង​ក្នុង​គ្រាប់​កាហ្វេ​ចាប់​ផ្ដើម​លេច​ឡើង​នៅ​សីតុណ្ហភាព ៤០០អង្សារ។ ប្រេង​កាន់​តែ​ច្រើន ធ្វើ​ឲ្យ​រសជាតិ​កាន់​តែ​ខ្លាំង។ កម្រិត​សារធាតុ​កាហ្វេអ៊ីន​កើន​ឡើង​ស្រប​ពេល​ដែល​ទឹក និង​កាហ្វេ​រលាយ​ចូល​គ្នា។ ដូច្នេះ​កាហ្វេ​ធម្មតា​មាន​សារធាតុ​ប្រេង​ច្រើន​ជាង​កាហ្វេ Espresso និង Cappuccino។ ការ​លីង​កាន់​តែ​ខ្លាំង ទិន្នផល​កាហ្វេអ៊ីន​ក៏​កាន់​តែ​ច្រើន​ទៅ​តាម​នោះ​ដែរ។

១០. កាហ្វេ​ត្រូវ​បាន​រក​ឃើញ​ដោយ​សត្វពពែ

នៅ​តំបន់​ភ្នំ​ក្នុង​ទ្វីប​អាហ្វ្រិក កាល​ពី​មួយ​សហវត្ស​មុន សត្វ​ពពែ​មួយ​ហ្វូង​បាន​ស៊ី​ផ្លែ​ប៊ែរី ដែល​ជា​ផ្លែ​កាហ្វេ។ សត្វ​ពពែ​​ទាំង​នោះ​ក៏​ប្រែ​ជា​មាន​ថាមពល​យ៉ាង​ខ្លាំង និង​មិន​ដេក​នៅ​ពេល​យប់​នោះ​ទេ។

បន្ថែម៖ កាហ្វេ​អ៊ីន​ជួយ​សម្រួល​ដល់​ការ​បន្ទោរ​បង់ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​ច្បាស់​ពី​មូលហេតុ​នៅ​ឡើយ​ទេ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.