​សិក្ខាសាលា​«ហ៊ាន ​និង​សុបិន»​

ខែ​កក្កដា 12, 2017

កញ្ញា មួង កញ្ញា បញ្ជាក់ថា៖ «ដើម្បី​ជំនះ​នូវ​ឩ​ប​សគ្គ​សម្រាប់​ខ្ញុំ​គឺ​ទី១ ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ជាប្រចាំ ទី២ ភាព​អត់ធ្មត់​ចំពោះ​ការងារ ដូចជា​ការងារ​ខ្លះ​ខ្ញុំ​ធ្វើ​ដដែល​រហូតដល់ ២ទៅ ៥ដង​ក៏មាន ទី៣ការលើកទឹកចិត្ត​ខ្លួនឯង​ជាប្រចាំ ត្រូវ​រៀន​ពង្រឹង​ទឹកចិត្ត​ខ្លួនឯង ទី៤ មាន​ក្ដីសង្ឃឹម និង​ភាពជឿជាក់​លើ​ខ្លួនឯង​ជានិច្ច និង​ទី៥ កុំ​បារម្ភ​ច្រើនពេក មាន​បញ្ហា​កន្លែង​ណា​ត្រូវ​ដោះស្រាយ​កន្លែង​ហ្នឹង  ហើយ​និង​ចុងក្រោយ​មាន​ភាពក្លាហាន​ក្នុង​ការរក​ជំនួយ​ពី​អ្នកដ៍ទៃ»។

តាមរយៈ​​សិក្ខា​សាលា​​«ហ៊ាន ​​និង​​សុបិន»​​ យុវតី​​ចេះ​​រៀប​​ចំ​ផែន​​ការ​​ជីវិត​​ និង​​មហិច្ឆ​​តា​​សិក្សា​​ខ្ពស់​​

ដោយ៖ ភួង អធិការ

នៅ​កម្ពុជា គេ​មើលឃើញថា ស្ថានភាព​ក្មេង​ស្ត្រី​ដែល​ហ៊ាន​សម្រេចចិត្ត​ចាប់យក​ឱកាស​ទទួលបាន​ការសិក្សា​ខ្ពស់ ឬ​មាន​ក្ដី​ស្រ​មៃ​ចង់​មាន​តួនាទីធំៗ នៅមាន​ចំនួន​តិចតួច។ ព្រោះ​យុវតី​ភាគច្រើន​ហាក់ដូចជា​ស្ថិតក្រោម​សម្ពាធ​សង្គម វប្បធម៌ គ្រួសារ និង​ជីវភាព​ជាពិសេស​ស្ត្រី​ដែល​រស់​នៅតាម​ទីជនបទ។ ដើម្បី​ចូលរួមចំណែក​លើកកម្ពស់​ការយល់ដឹង ក៏ដូចជា​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ក្មេងស្រី​ឱ្យមាន​ចិត្ត​ក្លាហាន បង្កើត​គោលដៅ រៀបចំ​ផែនការ​ជីវិត ជាពិសេស​របៀប​ជំនះ​ឩ​ប​សគ្គ​ក្នុងការ​សិក្សា​នៅ​សាកលវិទ្យាល័យ យុវជន​មួយក្រុម​ផ្តើម​រៀបចំ​សិក្ខាសាលា«ហ៊ាន&សុបិន» នៅ​វិទ្យាល័យ​តាម​ខេត្ត​មួយចំនួន។

និស្សិត​អាហារូបករណ៍​កំពុង​បន្ត​ការសិក្សា​នៅ​ប្រទេស​ថៃ ហើយ​ធ្លាប់​ទទួលបាន​កម្មសិក្សា​នៅ​សហរដ្ឋអាមេរិក និង​ជា​អ្នកបង្កើត​គម្រោង​សិក្ខាសាលា កញ្ញា អ៊ាង ឡៃ​ធី​ម បាន​និយាយថា ការរៀបចំ​សិក្ខាសាលា​នេះ​ឡើង​ក្នុង​គោល​បំណង៤​សំ​ខាន់។ ទី១ ចង់ឱ្យ​ក្មេងស្រី​នៅតាម​ទីជនបទ​ចេះ​មាន​គោលបំណង​និង​ឆន្ទៈ​បន្ត​ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ ទី២ ធ្វើឱ្យ​ពួកគេ​ហ៊ាន​បង្កើត​ក្ដី​សុបិន និង​ធ្វើ​សកម្មភាព ទី៣ ណែនាំ​អំពី​វិធី​រៀបចំ​ក្ដី​សុបិន​ក្នុងការ​រៀបចំ​គោលដៅ​អនាគត​និង​ទទួល​អាហារូបករណ៍ និង​ទី៤ បង្កើត​បណ្ដាញ​សម្រាប់​ក្មេងស្រី​ដើម្បី​ជួយ​ពួកគេ​ឱ្យបាន​បន្ត​ការសិក្សា។

កញ្ញា អ៊ាង ឡៃ​ធី​ម បញ្ជាក់ថា៖ «ពេល​យើង​ទៅ​អញ្ចឹង យើង​បាន​បង្រៀន​ពួកគាត់​ពី​ការកំណត់​គោលដៅ បង្ហាញ​ពី​សារៈសំខាន់​នៃ​ការស្ម័គ្រចិត្ត ក៏ដូចជា​ការត្រៀមខ្លួន​សម្រាប់​ថ្នាក់​មហាវិទ្យាល័យ ពេល​ពួកគាត់​បាន​រៀន​ពី​ពួកយើង​រួច យើង​សង្ឃឹមថា​គាត់​នឹង​ជឿជាក់​លើ​ខ្លួនឯងបាន និង​មាន​ជំនឿ​ចិត្ត​ក្នុងការ​បន្តទៅ​រៀន​នៅ​ថ្នាក់​សាកលវិទ្យាល័យ ក៍​ដូចជា​ទទួលបាន​អាហារូបករណ៍​ទៅ​ក្រៅប្រទេស»។

កញ្ញា​បន្ថែមថា មូល​ហេតុដែល​ជ្រើសរើស​តែ​ក្មេងស្រី​ឱ្យចូល​រួម​វគ្គ​បណ្តុះ​បណ្ដា​ល​នេះ ព្រោះតែ​បច្ចុប្បន្ន​អ្នកដឹកនាំ​ក្នុង​តំណែង​ខ្ពស់​ជា​ស្ត្រី​នៅមាន​ចំនួន​តិចតួច​នូវឡើយ​ដែល​បង្ហាញ​អំពី​ភាពមិន​ស្មើគ្នា​រវាង​បុរស​និង​ស្ត្រី ហើយ​កញ្ញា​ចង់ឃើញ​ភាពស្មើគ្នា​នៅ​គ្រប់ផ្នែក​ក្នុងសង្គម​ទាំង​កិច្ចការ​នយោបាយ និង​ការអប់រំ ជាពិសេ​ស​ចង់ឱ្យ​ក្មេងស្រី​នៅតាម​ទីជនបទ​មានឱកាស​សិក្សា​បាន​ខ្ពស់ ហ៊ាន​សុបិន​ឱ្យ​ឆ្លា​យ​ដោយ​មិន​គិតតែ​ពេល​រៀន​ចប់​ត្រូវ​រៀបការ​តែប៉ុណ្ណោះ​ទេ​ថែមទាំង​មាន​ផែនការ​សម្រាប់​ជីវិត​ច្បាស់លាស់​ទៀតផង។

កញ្ញា​បន្ថែមថា៖ «ខ្ញុំ​ជឿជាក់ថា​នៅពេល​ក្មេងស្រី​ម្នាក់​ទទួលបាន​ការអប់រំ មិនមែន​តែ​គាត់​ម្នាក់​ទេ​ដែល​ផ្លាស់ប្ដូរ ប៉ុន្តែ​អាចជួយ​គ្រួសារ​របស់គាត់ សង្គម និង​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ដល់​សង្គម​ទាំង​មួយ ហើយ​ជា​ឩ​ទា​ហរ​ណ៍​ដូច​ខ្ញុំ​អញ្ចឹង​ជា​កូនអ្នកក្រីក្រ​មកពី​ជនបទ ចឹ​ង​ពេល​ខ្ញុំ​បាន​រៀន​បាន​ខ្ពស់ ប្រឡូក​ក្នុងសង្គម​ច្រើន​យល់​ពី​បញ្ហា​ក្មេងស្រី ហើយ​ខ្ញុំ​ចង់​បណ្តុះ​ពួកគាត់​ឱ្យក្លាយ​ជា​គម្រូ​ដូច​ខ្ញុំ​ចឹ​ង នឹងមិន​យក​គម្រូ​នៃ​ការ​ឈប់រៀន និង​ចំណាកស្រុក​ទៀត»។

កញ្ញា​បាន​រៀបរាប់​បន្តថា ទស្សនៈវិស័យ​នាពេល​អនាគត​ចង់ឃើញ​ក្មេងស្រី​ដែល​រស់នៅ​តំបន់​ជនបទ​ដាច់ស្រយាល​យ៉ាងណា​ក៏​ដោយ អាចមាន​ឱកាស​បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ និង​ទទួល​អាហារូបករណ៍​ទៅ​ក្រៅប្រទេស​កាន់តែច្រើន ហើយ​ពួកគាត់​ក្លាយជា​យុវជន​គម្រូ​ទៅកាន់ក្មេងៗស្រី​ដ៏ទៃទៀត និង​អាច​ផ្លាស់ប្ដូរ​ផ្នត់គំនិត​បុរាណ ឱ្យមាន​នូវ​ភាពស្មើគ្នា​ក្នុងសង្គម​វិញ។

ចំណែក​វាគ្មិន​ក្នុង​កម្មវិធី កញ្ញា មួង កញ្ញា ដែលជា​និស្សិត​ទើប​បញ្ចប់​ការសិក្សា​ផែ្ន​ក​ភាពជា​អ្នកដឹកនាំ​នៅ​សាកលវិទ្យាល័យ​ហា​វៃ​មកពី​សហរដ្ឋអាមេរិក និង​អនុបណ្ឌិត​មកពី​ប្រទេស​ភី​លី​ពី​ន បាន​មើលឃើញថា​ក្មេងស្រី​អាយុ​ក្រោម១៨ឆ្នាំ​ភាគច្រើន​បោះបង់​ការសិក្សា​ទាំង​នៅ​វ័យក្មេង​ដោយសារ​បញ្ហា​ជីវភាព​គ្រួសារ ការបារម្ភ​របស់​ឪពុកម្តាយ​លើ​កូនស្រី​ដែល​កម្រិត​ឱ្យ​ពួកគាត់​មិនសូវ​ដើរហើរ និង​ចាក​ឆ្ងាយ​ពី​ផ្ទះ ការបង្ខំ​ឱ្យ​រៀបការ​ទាំង​វ័យក្មេង និង​សំពាធ​ពី​សង្គម​លើ​ក្មេងស្រី។រីឯ​ក្មេងស្រី​ខ្លះទៀត​ដោយសារ ភាព​ភ្លើតភ្លើន​ទៅនឹង​សំភារៈ​និយម តាមរយះ​របស់របរ​ប្រើប្រាស់​ល្អ​ឬ​សំលៀកបំពាក់​ស្អាត ដែល​ពួកគាត់​ចង់​មាន​ការងារ​ឱ្យបាន​លឿន​ជាជាង​ចំណាយពេល​លើ​ការសិក្សា។

កញ្ញា មួង កញ្ញា បញ្ជាក់ថា៖ »ពេល​ពួកគេ(ក្មេងស្រី)ឈប់រៀន​ដោយសារ​កត្តា​ជីវភាព​ដែល​ពួកគាត់​ចង់​មាន​ការងារ​ធ្វើ ដើម្បី​ឆាប់​ជួយ​ផ្គត់ផ្គង់​សេដ្ឋកិច្ច​ក្នុង​គ្រួសារ ជាជាង​ដាក់ទុន​លើ​ការសិក្សា ។ បើសិន​ពួកគាត់​មិនបាន​រៀន វា​អាច​បណ្តាលឱ្យមាន​បញ្ហាលំបាក​សម្រាប់​ថ្ងៃ​អនាគត​របស់គាត់ សង្គម​រីកចំរើន​ត្រូវការ​អ្នកចេះដឹង។ ភាពអវិជ្ជា​ជា​មូលហេតុ​នៃ​ភាពក្រីក្រ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ត្រូវដាក់​ទុន​លើ​ការអប់រំ។ ចំណេះដឹង​គឺជា​អំណាច​ការផ្លាស់ប្តូរ​ខ្លួនឯង ក្រុមគ្រួសារ និង​សង្គមជាតិ​ទាំងមូល។ រាល់​ជំហាន​នៃ​ការចាប់យក​ចំណេះដឹង នឹងធ្វើ​អាយ​មនុស្ស​ស្រី​អាច​ក្លាយជា​មនុស្ស​រឹងមាំ មានការ​ងារ​ល្អ​ធ្វើ មាន​ប្រាក់ចំណូល​ខ្ពស់​ទៅ​ថ្ងៃមុខ ជាពិសេស​ទៀត​នោះ​អាចជួយ​ខ្លួនឯងបាន ក៏ដូចជា​ជួយ​គ្រួសារ​ផងដែរ ហើយ​ឫស​នៃ​ការសិក្សា​គឺ​ជូរចត់ និង​ចំណាយពេល​យូរ ប៉ុន្តែ​ផ្លែផ្កា​គឺ ផ្អែមល្ហែម»។ 

កញ្ញា​បន្តថា បើទោះជា​មិនបាន​រៀន​ខ្ពស់​យុវតី​ទាំងអស់​គួរតែមាន​គោលដៅ​សម្រាប់​ខ្លូន​ឯង​ដូច​មាន​ជំនាញ​ផ្ទាល់ខ្លួន មានមុខ​របរ​ដោយ​ខ្លួនឯង ហើយ​កុំ​បោះបង់​នៅ​ក្ដី​សុ​បិ​ន្ត​របស់ខ្លួន​ដែល​ចង់បាន ធ្វើ​តាមតែ​ការរៀបចំ​របស់​អ្នក​ដ៏​ទៃ ឬ​ក្រុមគ្រួសារ ។ គួរតែ​ធ្វើជា​មនុស្ស​ដែលមាន​ផែនការ​គោលដៅ​ផ្ទាល់ខ្លួន ធ្វើ​អ្វីដែល​ខ្លួន​ពេញចិត្ត និង​សប្បាយចិត្ត ទើប​ធ្វើឱ្យ​ខ្លួន​ជាម​នុស្ស​ស្រី​ដែលមាន​ឯករាជ្យ និង​ភាពរឹងមាំ​ម្នា​ក់បាន។

កញ្ញា មួង កញ្ញា បញ្ជាក់ថា៖ «ដើម្បី​ជំនះ​នូវ​ឩ​ប​សគ្គ​សម្រាប់​ខ្ញុំ​គឺ​ទី១ ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ជាប្រចាំ ទី២ ភាព​អត់ធ្មត់​ចំពោះ​ការងារ ដូចជា​ការងារ​ខ្លះ​ខ្ញុំ​ធ្វើ​ដដែល​រហូតដល់ ២ទៅ ៥ដង​ក៏មាន ទី៣ការលើកទឹកចិត្ត​ខ្លួនឯង​ជាប្រចាំ ត្រូវ​រៀន​ពង្រឹង​ទឹកចិត្ត​ខ្លួនឯង ទី៤ មាន​ក្ដីសង្ឃឹម និង​ភាពជឿជាក់​លើ​ខ្លួនឯង​ជានិច្ច និង​ទី៥ កុំ​បារម្ភ​ច្រើនពេក មាន​បញ្ហា​កន្លែង​ណា​ត្រូវ​ដោះស្រាយ​កន្លែង​ហ្នឹង  ហើយ​និង​ចុងក្រោយ​មាន​ភាពក្លាហាន​ក្នុង​ការរក​ជំនួយ​ពី​អ្នកដ៍ទៃ»។

ដើម្បី​ជំនះ​រាល់​ឧបសគ្គ​ជាមួយនឹង​គ្រួសារ​មុន​មក​បន្ត​ការសិក្សា​នៅ​សាកលវិទ្យា​ល័យ​​នៅឯ​ទីក្រុង​ភ្នំពេញ ជា​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​កញ្ញា​បាន​និយាយថា យុវតី​ត្រូវតែ​ព្យាយាម​រៀនសូត្រ​អោយ​ស្ថិតស្ថេរ​ដើម្បី​បង្ហាញ​ទៅកាន់​ឪពុកម្ដាយ​នូវ​ឆ​ន្ទះ​យ៉ាង​មុតមាំ​ថា​ខ្លួន​ពិតជា​ចង់​មក​បន្ត​ការសិក្សា​នៅ​ភ្នំពេញ​មែន កញ្ញា​បាន​ចំណាយពេល​ពន្យល់​ប្រាប់​ឪពុកម្ដាយ​ច្រើនដង​ពី​គោលបំណង និង​ក្តី​ស្រមៃ​ដែល​ចង់​បន្ត​ការសិក្សា​អោយបាន​ខ្ពង់ខ្ពស់ និង​ពាំនាំ​ដំណឹង​ពី​មិត្ត​ភិ​ក្ត​អំពី​សារៈ​ប្រយោជន៍ល្អៗនៃ​ការបន្ត​ការសិក្សា​ខ្ពស់ ហើយ​បង្ហាញ​ការប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់ខ្លួន​បង្ហាញជូន​គ្រួសារ​ថា​ខ្លួន​អាចធ្វើ​បាន ហើយនឹង​ជំនះ​រាល់​ឧបសគ្គ​ដែល​កើតមាន។

ជា​សិស្ស​ថ្នាក់​ទី១១នៃ​វិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុនសែន​បាទី​យុវតី សូត្រ ម៉ាស់​យ៉ា បាន​រៀប​រ៉ាប់​ថា​បន្ទាប់ពី​បានទទួល​វគ្គ​បណ្តុះបណ្ដាល​បានធ្វើឱ្យ​ខ្លួន​មាន​ភាពច្បាស់លាស់​ក្នុងការ​កំណត់​គោលដៅ​ច្បាស់លាស់ មាន​ជំនឿ​ជាក់​លើ​ខ្លួនឯង និង​ដឹង​ពី​វិធីសាស្ត្រ​ក្នុងការ​ជ្រើសរើស​មុខជំនាញ​សិក្សា​ឱ្យបាន​ត្រឹមត្រូវ​តាម​ចំណង់​ចំណូលចិត្ត និង​សមត្ថភាព។

យុវតី សូត្រ ម៉ាស់​យ៉ា បញ្ជាក់ថា៖ «អ្វីដែល​ខ្ញុំ​បាន​រៀន​ពី​រៀន​ច្បង ដែល​បាន​ដើរ​ផ្លូវ​មុន​ពួក​ខ្ញុំ ថ្ងៃនេះ​ធ្វើឱ្យ​ខ្ញុំ​មាន​ភាពជឿជាក់​កំណត់​គោលដៅ​ច្បាស់លាស់ ហើយ​ខ្ញុំ​ជឿ​និង​ទុកចិត្ត​ខ្លួនឯង ដោយ​អត់​មាន​ភាព​រា​រេ ដោយ​គ្មាន​ទំនុកចិត្ត ក៏ប៉ុន្តែ​ក្រោយ​ស្ដាប់​ការ​ចែកចាយ​របស់គាត់​ទាំង៤នាក់​ធ្វើឱ្យ​ខ្ញុំ​កាន់តែដឹង និង​យល់ច្បាស់​ពី​ការកំណត់​គោលដៅ​នា​ថ្ងៃ​អនាគត​គឺមាន​សារៈសំខាន់​សម្រាប់​ខ្ញុំ»។

កម្មវិធី​សិក្ខាសាលា​នេះ​ធ្វើឡើង​នៅ​វិទ្យាល័យ​តាម​ខេត្ត​មួយចំនួន​រួមមាន ខេត្តតាកែវ​និង ព្រៃវែង ដែល​សហការ​រៀបចំ​ដោយ  2030 Youth Force, Wedu, GSSE ក្រោម​ការគាំទ្រ​ពី YSEALI និង​ស្ថានទូត​អ៊ីស្រាអែល​ប្រចាំ​កម្ពុជា៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.