អ្នកសេដ្ឋកិច្ច៖ សន្យារបស់ជប៉ុនអាចធ្វើបាន

ខែ​សីហា 8, 2017

អ្នកសេដ្ឋកិច្ច៖ ​សន្យារបស់​ជប៉ុន​អាច​ធ្វើ​បាន​ តែ​កម្ពុជា​ត្រូវ​រក្សា​កំណើន​សេដ្ឋកិច្ច​៧%​រាល់​ឆ្នាំ​

ដោយ៖ ថា​ន ល​ក្ម្សី

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ិន​ហ្សូ អា​បេ បាន​សន្យាថា នឹង​ជួយ​ប្រទេស​កម្ពុជា​ឲ្យ​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ ។ អ្នកជំនាញ​សេដ្ឋកិច្ច​លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ លើកឡើងថា​អាចធ្វើ​ទៅបាន​លុះត្រាតែ​កម្ពុជា​រក្សា​អត្រាកំណើន​សេដ្ឋកិច្ច​រប​ស់​ខ្លួន​ចំនួន៧ភាគរយ​រៀងរាល់ឆ្នាំ។

លោក​បណ្ឌិត​បញ្ជាក់ថា កម្ពុជា​នៅ​មិនទាន់​អាច​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​បាន​ច្រើន​នោះទេ។ ព្រោះ​កន្លងមក​ជប៉ុន​ជួយ​កម្ពុជា​ច្រើនណាស់ តែ​មិនដែល​បញ្ជូន​អ្នកវិនិយោគ​ជប៉ុន​មក​កម្ពុជា​នោះទេ។ ដោយសារតែ​ជប៉ុន ត្រូវ​ស្វែងរក​ប្រាក់ចំណេញ ហើយ​ក្រុមហ៊ុន​ជប៉ុន​គឺ​ត្រូវការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដែលមាន​ចំណេះដឹង។ ស្រប​ពេលដែល​ពលកម្ម​ទាំងនេះ របស់​ប្រទេស​កម្ពុជា​នៅមាន​តិចតួច​នៅឡើយ ដែលជា​ហេតុ​នាំ​ឲ្យ​ជប៉ុន​ទៅ​ដាក់​វិនិយោគ​ច្រើន​នៅ​ប្រទេស​ថៃ ប្រទេស​ចិន ឬ​វៀតណាម។

ដើម្បី​អាច​ទាក់ទាញ​អ្នកវិនិយោគ​ជប៉ុន​បាន លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ បានផ្ដល់​ជា​អនុសាសន៍​ថា៖ «កម្ពុជា​ត្រូវ​ពង្រឹង​លើ​វិស័យ​អប់រំ ធ្វើយ៉ាងណា​ឲ្យ​មានគុណ​ភាព រៀបចំ​នូវ​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ កម្ពុជា​ត្រូវមាន​ច្បាប់ពាណិជ្ជកម្ម និង​ច្បាប់​ប្រកួតប្រជែង។ កាលណា​ដែល​មិនមាន​ច្បាប់​ប្រកួតប្រជែង​ទេ ក្រុមហ៊ុន​អាច​នឹង​ចាប់ផ្ដើម​បង្កើត​បក្សពួក កេង​ប្រយោជន៍​ពី​ទីផ្សារ ដែលជា​ហេតុ​នាំ​ឲ្យ​អ្នកវិនិយោគ​ជប៉ុន​មិន​ហ៊ាន​ចូលមក ដោយសារ​គ្មាន​បក្សពួក​នឹង​គេ»
លោក​បណ្ឌិត​បន្តថា ជប៉ុន​គួរផ្ដល់​ជំនួយ​ក្នុង​វិស័យ​សិក្សា​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​កម្ពុជា​ទទួលបាន​ការសិក្សា​ប្រកបដោយ​ប្រសិទ្ធភាព។ ហើយ​ការជួយ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ គឺអាច​បំពេញបន្ថែម​នូវ​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស នៅ​កម្ពុជា​បាន​លឿង និង​ប្រសិទ្ធភាព​ខ្ពស់។

ជុំវិញ​ជំនួស​របស់​ជប៉ុន​ដល់​កម្ពុជា អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ លោក​បណ្ឌិត យង់ ពៅ បាន​លើកឡើងថា នេះ​ជាការ​អនុវត្ត​នយោបាយ​ការបរទេស​ដ៏​ត្រឹមត្រូវ​របស់​កម្ពុជា។ ព្រោះ​បាន​បង្ហាញថា កម្ពុជា​មិន​ត្រឹម​តែមាន​ទំនាក់ទំនង​ល្អ​ជាមួយ​មហាអំណាច​សេដ្ឋកិច្ច​ចិន​នោះទេ តែ​ក៏មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មហាអំណាច​សេដ្ឋកិច្ច​ដែល​ស្និទ្ធ​នឹង​អាមេរិក​ផងដែរ។

អ្នកជំនាញ​ភូមិ​ន​សាស្ត្រ​នយោបាយ​លោក​បណ្ឌិត យង់ ពៅ លើកឡើងថា ស្ថានភាព​នយោបាយ​កម្ពុ​ជា​កំពុងមាន​លំនឹង ហើយ​ប្រទេស​ជប៉ុន​អាចមាន​សេចក្ដីទុកចិត្ត​គ្រប់គ្រាន់​ចំពោះ​ការសន្យា​នេះ​ឲ្យ​ក្លាយជា​ការពិត​បាន។ យ៉ាងណា​ត្រូវមាន​ការត្រៀមខ្លួន​បន្ថែ​ម​ទៀត ដើម្បី​ឲ្យ​ការវិនិយោគ​មានការ​កើនឡើង និង​ចំ​ទិសដៅ ហើយ​មាន​ប្រសិទ្ធភាព។

លោក​បណ្ឌិត យង់ ពៅ បញ្ជាក់ថា៖ «ការសន្យា​របស់​នាយក​រដ្ឋមន្ត្រី​ស៊ិន​ហ្សូ អា​បេ​នេះ​គឺជា​ចំណុច​ល្អ​មួយ​សម្រាប់​កម្ពុជា​ក្នុង​របត់​នយោបាយ​ការបរទេស​ថ្មី។ មានន័យថា​ជប៉ុន​សន្យា​គឺ  ជប៉ុន​ធ្វើបាន តាមរយៈ​ការបើក​ដៃ​ឲ្យ​វិនិយោគ​ជប៉ុន​ចូលមក​កម្ពុជា​ឲ្យ​ច្រើន។ ដូច្នេះ​កម្ពុ​ជាទី១ ត្រូវ​ពង្រឹង​គោលនយោបាយ​កាល​បរទេស​ឲ្យ​មាន​ភាព​ស្មើមុខស្មើមាត់​ក្នុង​ឆាក​អន្តរជាតិ។ ទី២ត្រូវ​ពង្រឹង​នីតិរដ្ឋ​ឲ្យ​បាន​រឹងមាំ ទី៣ស្ថិរភាព​នយោបាយ​ជា​ចំណុច​ខាន់ ដើម្បី​ធានា​ដល់​អ្នកវិនិយោគ»

លោក​បន្តថា ដោយសារតែ​ប្រទេស​ចិន តែងតែ​ផ្ដល់ជំនួយ​ដល់​ប្រទេស​កម្ពុជា​ជាច្រើន​ដែល​នោះ លោក​បណ្ឌិត​យង់ ពៅ​បាន​លើកឡើងថា ការជួយ​របស់​ជប៉ុន មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​កម្ពុជា ចិន​នោះទេ។ កម្ពុជា ជា​ប្រទេស​ឯករាជ្យ​មាន​សិទ្ធិ​សម្រេច​ធ្វើ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ណា ដែល​ខ្លួន​គិតថា​ល្អ។ ហើយក៏​ត្រូវ​ធ្វើយ៉ាងណា រក្សា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នេះ ជាមួយ​កម្ពុជា​ឲ្យ​កាន់តែ​ល្អ​ថែមទៀត ដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។

លោកនាយក​រដ្ឋមន្ត្រី​ស៊ិន​ហ្សូ អា​បេ បាន​ចុះហត្ថលេខា​លើ​គម្រោង​អភិវឌ្ឍន៍​ចំនួន​ពីរ ដែលមាន​តម្លៃ​ទឹកប្រាក់​ជាង ២០០លាន​ដុល្លារ​អាមេរិក។ គម្រោង​ទាំងពីរ​នោះ​រួមមាន៖

១៖ ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ទឹកប្រាក់​សរុប ចំនួន ៣,៩៤៨លាន​យ៉េន ស្មើនឹង​ប្រមាណ ៣៥លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្តន៍​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​ប្រព័ន្ធ​ការពារ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ ដំណាក់កាល​ទី។
២៖ ការផ្តល់​ឥណទាន​សម្បទា​ន​ចំនួន ២៣,៥០២លាន​យ៉េន ស្មើនឹង​ប្រមាណ ២០៩លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្តន៍​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​ថ្មី​របស់​កំពង់​ផែន​ស្វ័​យ័​ត​ក្រុងព្រះសីហនុ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.