អ្នកវិភាគ៖​ កសិករ​ខ្មែរ ​

ខែ​កក្កដា 4, 2017

អ្នកវិភាគ៖​ កសិករ​ខ្មែរ ​ភាគ​ច្រើន​ជា​កសិករ​ ឬ​ជា​កម្មករ​កសិ​កម្ម?​

ដោយ៖ ដា​រ៉ា

កសិករ​នៅ​កម្ពុជា ដែល​ធ្វើការ​ពី​ព្រឹក​ទល់​ល្ងាច ឬ​អាច​និយាយបានថា ធ្វើ​ការ​១២ម៉ោង​ក្នុង​មួយថ្ងៃ​នៅក្នុង​ចម្ការ និង​វា​ស្រែ។ ថ្វីត្បិតតែ​ពួកគេ​ធ្វើការ​ជា​រៀង​រាល់ថ្ងៃ​ក៏​ការធ្វើ​ស្រែ​តាម​ទម្លាប់​ពីមួយ​ជំនាន់​ទៅ មួយ​ជំនាន់ ការធ្វើ​ស្រែ​ពឹង​លើទឹក​ភ្លៀង​ធ្លាក់​ពីលើ​មេឃ និង​ធ្វើ​កសិកម្ម​បាន​ផល​ហើយ​មិនមាន​ទីផ្សារ ស្ទើរតែ​ក្លាយជា​រឿង​សាមញ្ញ​ទៅហើយ សម្រាប់​កម្ពុជា។ គេ​ឆ្ងល់​កើតការ​ងឿងឆ្ងល់​ថា តើ​ពលរដ្ឋ​ខ្មែរ ភាគច្រើន​ជា​កម្មករ​កសិកម្ម ឬ​ជា​កសិករ?

កសិករ​ម្នា​ក់នៅ​កោះ​ឧ​ញ៉ា​តី ជា​ម្ចាស់​ចម្ការ​អំពៅ លោក សុខ មៀន លើកឡើងថា លោក​មិនដែល​ធ្លាប់​លឺ​ពាក្យ​ថា កម្មករ​កសិកម្ម​ទេ ។ ជាពិសេស​កម្មករ​ទាំង​អស់​ដែល​ធ្វើ​កសិកម្ម​ក៏​មិន​យល់​ពី​ពាក្យ​នេះដែរ។ លោក​បន្តថា ធ្វើ​កសិកម្ម​យូរហើយ ហើយ​ចំណេះដឹង​នេះ គឺ​ដូនតា​របស់លោក គឺជា​បង្រៀន និង​បណ្តុះបណ្តាល​រូបលោក។

លោក​បន្តថា លោក​មិន​ខ្វល់​នឹង​ពាក្យ​នេះ​ទេ លោក​ខ្វល់​តែ​រឿង​ផលដំណាំ​របស់លោក ដែល​លក់​ចុះថ្លៃទៅ។ លោក​មិន​ទាមទារ​ឱ្យ​តម្លៃ​កសិផល​របស់លោក​ឡើង​ថ្លៃ​ខ្លាំង​ទេ តែ​សុំឱ្យ​តម្លៃ​នៅ​ថេរ ជាអាទិ៍ ខ្ញី ជាធម្មតា​ខ្ញី​តម្លៃ១គីឡូ ១ម៉ឺន​រៀន ។ សូមឱ្យ​នៅតែ២ម៉ឺន​រៀល​ឱ្យ​ថេរ​រហូត​ទៅ កុំ​ចុះ​កាន់តែ​ទាបទៅៗរហូតដល់៤ពាន់​រៀល​ដូច​រាល់ថ្ងៃ​អី។

 

តើ​កម្មករ​កសិកម្ម​មា​ន​ន័យ​ដូចម្ដេច​ក្នុង​និយមន័យ​កសិកម្ម?

អ្នកវិភាគ​បញ្ហា​សង្គម លោក​បណ្ឌិត សេង សារី ប្រាប់​សារព័ត៌មាន តោះ​អាន ថា សព្វថ្ងៃ​អ្នក​ដែល​មិន​ធ្វើ​កសិកម្ម តែ​បែរ​ប្រាប់​គេ​ថា ខ្លួនឯង​ថា​ជា​កសិករ។ ប៉ុន្តែ​ជាក់ស្តែង​ពួកគេ​មិនចេះ​ធ្វើ​កសិកម្ម​ដើម្បី​អាចឆ្លើយតប​ទៅនឹង​គុណភាព និង​ស្ថានភាព​នៃ​តម្រូវការ​ទីផ្សារ​បាន​នៅឡើយ។
ចុះ​ដើម្បី​បង្ហាញថា ខ្លួន​ជា​កសិករ តើ​ពលរដ្ឋ​ខ្មែរ​ត្រូវមាន​បុគ្គលិកលក្ខណៈ​បែបណាខ្លះ?

លោក​បណ្ឌិត សេង ដើម្បី​អាច​ក្លាយជា​កសិករ​ពេញលេញ​បាន ចាំបាច់​ត្រូវមាន បុគ្គលិកលក្ខណៈ​បីសំខាន់។ ទី១ពលរដ្ឋ​ខ្មែរ​ត្រូវមាន ចំណេះដឹង​ក្នុង​ការរៀបចំ​កសិដ្ឋាន​មុន​នឹងធ្វើ​កសិកម្ម មានន័យថា ពួកគេ​ត្រូវមាន​ចំណេះដឹង​ក្នុង​ពេលធ្វើ​កសិកម្ម និង​ក្រោយពេល​ប្រមូល​ផល។

ទី២ កសិករ​ត្រូវ​ចេះ​ខាង​ពិនិត្យ​គុណភាព​ដី ផលិត​ជី​ដោយ​ខ្លួនឯង និង​យល់​ពី​របៀប​ជ្រើសរើស​ពូជ ដែល​ត្រូវ​នឹង​ទីផ្សារ និង​អាកាសធាតុ​ក្នុង​តំបន់ ។

ចំណុច​ទី៣ គឺ​ពលរដ្ឋ​ជា​កសិករ​ត្រូវមាន​ចំណេះដឹង គ្រប់គ្រង​សត្វល្អិត គ្រប់គ្រង​ទឹក​នៅក្នុង​ស្រែ និង​របៀប​ដាក់​ជី​ឱ្យបាន​ត្រឹមត្រូវ។ ជាពិសេស​ត្រូវ​ចេះ​ប្រមូល​ផល​ឱ្យបាន​ត្រឹមត្រូវ​តាម​ស្តង់ដារ និង​មាត​ត្រ​ដ្ឋា​ន​ត្រឹមត្រូវ ចេះ​វេច​ខ្ចប់ ចេះ​កែច្នៃ និង​យល់ដឹង​ពី​តម្រូវការ​ទីផ្សារ។

បណ្ឌិត​ផ្នែក​អប់រំ និង​ជា​អ្នក​ស្នេហា​វិស័យ​កសិកម្ម លោក​បណ្ឌិត សេង សារី បន្តថា​យើង​មិនទាន់​ស្គាល់​ថា នរណា​ជា​កសិករ​ពិតប្រាកដ​នៅឡើយ​ទេ។  ហើយ​ក្រសួងកសិកម្ម ដូចជា​ធ្វើ​ការខុស​គោលដៅ។ ភាគច្រើន​អ្នក​ដែល​ប្រកាស​ខ្លួន​ជា​កសិករ មិនទាន់មាន​ដី​សម្រាប់ធ្វើ​កសិកម្ម​ទេ។ ហើយ​នៅពេលដែល​ពលរដ្ឋ មិនចេះ​កសិកម្ម ប៉ុន្តែ​ពួកគាត់​ប្រកាស​ខ្លួនឯង​ជា​កសិករ វា​អាច​បណ្តាលឱ្យ​តម្លៃ​នៃ​ពាក្យ​កសិករ​ធ្លាក់ចុះ។

ពលរដ្ឋ​ខ្មែរ​មួយចំនួន ពេលដែល​កូន​ណា​រៀន​មិនកើត ឪពុកម្ដាយ​តែងតែ​ទុក​ដីស្រែ​សម្រាប់​ឱ្យ​កូន​ធ្វើ​កសិកម្ម។ ករណីនេះ នាំឱ្យ​កសិកម្ម​នៅ​កម្ពុជា​ទៅមុខ​មិន​រួច ដោយសារ​ធនធាន​ក្នុង​វិស័យ​កសិកម្ម ជា​មនុស្ស​ដែល​គ្មាន​គុណភាព។

ដូច្នេះ​បើ​យើង​ដឹងថា នរណា​ជ​កសិករ​ឱ្យ​ពិតប្រាកដ គេ​ត្រូវ​រុញ​កសិករ​នោះ​ឱ្យ​ផលិត​ទិន្នផល​ដែលមាន​គុណភាព នឹង​ធ្វើឱ្យ​កសិកម្ម​ខ្មែរ អស់​ការព្រួយបារម្ភ​រឿង​ទីផ្សារ។

លោក​បណ្ឌិត​បញ្ជាក់ថា៖« បញ្ហា​បច្ចុប្បន្ន មិនមែនជា​បញ្ហា​ទីផ្សារ​ទេ តែ​ជា​បញ្ហា​ផលិតផល​គ្មាន​គុណភាព នាំឱ្យ​ផលិតផល​នោះ​មិន​ត្រូវបាន​គេ​ទុកចិត្ត​លើ​ទីផ្សារ។កត្តា​ចម្បង​គឺ កសិករ​មានលទ្ធភាព​ក្នុងការ​ផលិត​នូវ​ផលិតផល​កសិកម្ម​ដែលមាន​គុណភាព​ហើយ​រី​នៅ?»។

អ្នកវិភាគ​លើកឡើង​បន្ថែមទៀតថា លោក​សុំ​ស្នើឱ្យ​គ្រប់​ស្ថាប័ន​គួរតែ​ពិចារណា​នូវ​ពាក្យ កសិករ​ឡើងវិញ ដើម្បី​រកឱ្យឃើញ​ថា កសិករ​ពិតប្រាកដ​ជា​នរណា ហើយ​កម្មករ​កសិកម្ម​ហ្នឹង​ជា​នរណា។ ក្រោយពេល​ដឹង​ច្បាស់ ក្រសួង​នឹង​ងាយស្រួល​បង្កើត​ផែនការ​ច្បាស់លាស់ និង​អាច​ងាយ​រក​ទីផ្សារ​ជូន​ពួកគាត់៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.