អ្នកបឹងកក់៧គ្រួសារ​ នឹង​អង្គ​ការ​សង្គម​ស៊ីវិល​សាទរ

ខែ​សីហា 25, 2017

អ្នក​បឹងកក់៧គ្រួសារ នឹង​អង្គការ​សង្គម​ស៊ីវិល​សាទរ​ការប្រកាស​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន

ដោយ៖ ថា​ន ល​ក្ម្សី

បន្ទាប់ពី​មានការ​ប្រកាស់​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ឲ្យ​ដោះស្រាយ​បញ្ហា​បឹងកក់​ដែល​នៅ​សេសសល់៧គ្រួសារ​រួចមក។ ប្រជាពលរដ្ឋ​សហគមន៍​បឹងកក់​ទាំង៧គ្រួសារ និង​អង្គការ​សង្គម​ស៊ីវិល បាន​សាទរ​យ៉ាងខ្លាំង​ចំពោះ​ការប្រកាស​នេះ។ ហើយ​សង្ឃឹមថា បញ្ហា​ដ៏​រ៉ាំរ៉ៃ​នៃ​បឹងកក់ នឹងត្រូវ​បានបញ្ចប់​ក្នុងពេលឆាប់ៗខាងមុខ។

តំណាង​គ្រួសារ​បឹងកក់​សេសសល់​ទាំង៧ អ្នកស្រី លី​ចាន់ ណា​រី បានបង្ហាញ​ក្ដីរំភើប​ថា បញ្ហា​ដែល​មិនទាន់​ដោះស្រាយ​នាពេល​កន្លងមក នឹង​អាច​បញ្ចប់​នាពេលខាងមុខ។ ដោយសារតែ​មានការ​ប្រកាស​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ មិនតែប៉ុណ្ណោះ​អ្នកស្រី​ក៏​សង្ឃឹមថា ការផ្ដល់​សំណង​របស់​សាលា​រាជធានី​ភ្នំពេញ នឹងធ្វើ​ទៅតាម​ការស្នើ​សូម​របស់​ប្រជាពលរដ្ឋ។

អ្នកស្រី លី​ចាន់ ណា​រី បញ្ជាក់ថា៖ «រឿង​បឹងកក់​នេះ​វា​យូរ​ឆ្នាំ​ហើយ ហើយ​ភូមិ​ខ្ញុំ​យូរ​ជាងគេ​ដោយសារតែ​ក្រុមហ៊ុន​បូម​ពន្លិច​ផ្ទះ​អស់។ នៅ​ដែល​លឺ​សម្ដេច​ប្រកាស​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់ ហើយ​ជឿជាក់ថា​សម្ដេច​នឹង​បញ្ចប់​បញ្ហា​របស់​ពួក​ខ្ញុំ​ទាំង៧គ្រួសារ​នេះ»។

ការដោះស្រាយ​ដែល​មិនទាន់​អាច​បញ្ចប់​មកដល់​ពេល​បច្ចុប្បន្ននេះ គឺ​ដោយសារតែ​ការផ្ដល់​សំណង​របស់​សាលា​រាជធានី តិចជាង​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ។ ហើយ​មិនមាន​ការចរចារ​ណាមួយ​ដែល​អាច​រក​ចំណុចរួម​បាន ដែល​អ្នកស្រី​លី​ចាន់ ណា​រី ថា​នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​គ្រួសារ​បឹងកក់​ទាំង៧គ្រួសារ​នេះ។

ចំណែក​នាយក​អង្គការ​សិទ្ធិ​លំនៅដ្ឋាន​កម្ពុជា​លោក​សៀ ភារ​ម្យ បាន​លើកឡើងថា នេះ​ជា​រឿង​ដែល​ល្អ​បំផុត​ដែល​ប្រជាពលរដ្ឋ​បឹងកក់​ទាំង៧គ្រួសារ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ជួយ​ស្វែងរក​យុត្តិធម៌​ឲ្យ។ ហើយ​លោក​បាន​បញ្ជាក់ថា ការបញ្ចប់​បញ្ហា​នេះ​បាន​ក៏​ជួយ​ឲ្យ​ទីក្រុង​ភ្នំពេញ កាត់បន្ថយ​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​លើ​បញ្ហា​លំនៅដ្ឋាន។

លោក សៀ ភារ​ម្យ បញ្ជាក់ថា៖ «យើង​សង្គម​ថា​ព្រឹក​ម៉ិ​ញ​នេះ​ការប្រកាស និង​ការបញ្ជា​ដោយផ្ទាល់​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី​នេះ​គឺ​អ្នក​ខាងក្រោម​នឹង​ប្រឹងប្រែង​អនុវត្ត​ឲ្យ​បាន​កុំ​ឲ្យ​នាយករដ្ឋមន្ត្រី​ខ្មាស​គេ​តទៅទៀត»។

យ៉ាងណា​លោក សៀ ភារ​ម្យ បាន​លើកយក​ករណី​អាគារ​ប៊ូ​ឌី​ង​ដែល​បាន​ដោះស្រាយ​ដោយ​សន្តិវិធី ទោះ​ជាមាន​ប្រជាពលរដ្ឋ​មួយចំនួន​មិន​ពេញចិត្ត នឹង​សំណង តែ​លោក​រដ្ឋមន្ត្រីក្រសួង​ដែនដី​នៅតែ​អា​ចរក​ចំណុច​ដោះស្រាយ​រួម​បាន។

ហើយ​លោក​ជឿជាក់ថា​នៅពេលដែល​ប្រជាពលរដ្ឋ​អាច​ប្រាប់​ដល់​លោកនាយក​រដ្ឋមន្ត្រី​ដោយផ្ទាល់​បែបនេះ គឺ​ជួយ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែរ​ទម្រង់ នឹង​ដុះក្អែល​មន្ត្រី​ថ្នាក់ក្រោម​ឲ្យ​បានល្អ។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ម៉េ​ត មាស​ភក្ដី បាន​ឲ្យ​សារព័ត៌មាន​តោះ​អាន​ដឹងថា នៅពេលនេះ​ក្រុមការងារ​របស់​សាលា​រាជធានី​ភ្នំពេញ​កំពុងតែ​ប្រជុំ​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​នេះ។ ហើយនឹង​មានការ​ជួប​ពិភាក្សាគ្នា​រវាង​ក្រុមគ្រួសារ​បឹងកក់​ទាំង៧គ្រួសារ ជាមួយនឹង​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ឈានទៅរក​តំណោះស្រាយ​រួម។ ដែល​អាច​ទទួលយក​ពី​ប្រជាពលរដ្ឋ៧គ្រួសារ​សេសសល់ នឹង​អ្វីដែល​សាលា​រាជធានី​បានផ្ដល់​ឲ្យ។

កន្លងមក​ប្រជាពលរដ្ឋ​ទាំង៧គ្រួសារ​ដែល​នៅ​សេសសល់​ធ្លាប់​សូម​ឲ្យ​មានការ​ផ្ដល់​សំណង​អភិវឌ្ឍន៍​នៅនឹងកន្លែង នឹង​ទទួលបាន​ដី៥០ភារ​យ នៃ​ដី​ដែល​បាត់បង់​មកវិញ។ តែ​តាម​ប្រជាពលរដ្ឋ​ថា​សាលា​រាជធានី​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​មិន​ដល់១០ ភារ​យ​នៃ​ដី​ដែល​បាត់បង់​នោះ​ផង។ ទើប​បញ្ហា​បឹងកក់៧គ្រួសារ​នេះ នៅ​អូសបន្លាយ តាំងពី​ឆ្នាំ២០០៧ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ដែល​នៅ​សេសសល់​ចំនួន៧គ្រួសារ។ បន្ទាប់ពី​រដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ស៊ូ​កា​គូ ធ្វើការ​អភិវឌ្ឍ​សម្រាប់​រយៈពេល៩៩ឆ្នាំ ក្នុង​ទឹកប្រាក់​ប្រមាណ៧៩លាន​ដុល្លារ​សហរដ្ឋអាមេរិក លើ​ផ្ទៃដី​ចំនួន​ជិត១៣៣ហិច​តា។ ហើយ​បច្ចុប្បន្ន​បាន​កាត់​ដី​បរិវេណ​វិហារ​ឥស្លាម​ចេញ នៅសល់​ផ្ទៃដី​វិនិយោគ​តែ​ជាង ១២៦ហិច​តា៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.