អ្នកជំនាញ៖ ជំងឺមហារីក បាន​វាយលុក​ខ្លាំង​នៅ​កម្ពុជា

ខែ​កក្កដា 29, 2017

ជំងឺមហារីក​បាន​ឆក់យក​ជីវិត​មនុស្ស​ជិត៩លាន​នាក់​នៅ​ទូទាំង​ពិភពលោក។ហើយ៦០ភាគ​នៃ​ការរកឃើញ​ថ្មី​របស់​ជំងឺ​នេះ គឺ​កើតឡើង​ច្រើនជាងគេ​នៅ​អា​ហ្វ្រិ​ច អាមេរិក​កណ្តាល អាមេរិក​ខាងត្បូង និង​អាស៊ី នេះ​បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក(WHO)។

អ្នកជំនាញ៖ ជំងឺមហារីក បាន​វាយលុក​ខ្លាំង​នៅ​កម្ពុជា ខណៈ​ពលរដ្ឋ​ខ្វះ​ការប្រុងប្រយ័ត្ន

ដោយ មាស សុវណ្ណ

ជំងឺមហារីក​បាន​ឆក់យក​ជីវិត​មនុស្ស​ជិត៩លាន​នាក់​នៅ​ទូទាំង​ពិភពលោក។ហើយ៦០ភាគ​នៃ​ការរកឃើញ​ថ្មី​របស់​ជំងឺ​នេះ គឺ​កើតឡើង​ច្រើនជាងគេ​នៅ​អា​ហ្វ្រិ​ច អាមេរិក​កណ្តាល អាមេរិក​ខាងត្បូង និង​អាស៊ី នេះ​បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក(WHO)។

របាយការណ៍​ដដែល​ប​ង្ហា​ញ​ថា កម្ពុជា​ជា​ប្រទេស​ដែលមាន​ជំងឺមហារីក​ច្រើនជាងគេ​ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន។ ដោយឡែក​ទិន្នន័យ​អ្នក​កើត​ជំងឺមហារីក​នៅ​កម្ពុជា​កាលពី​ឆ្នាំ២០១៦ ត្រូវបាន មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត រកឃើញថា មាន​ប្រមាណ១,៦០០នាក់។ ហើយ​ក្នុងនោះ​ជំងឺមហារីក​មាត់ស្បូន​កំពុង​ក្លាយជា​សញ្ញាញ​អវិជ្ជា​មួយ ដែល​តម្រូវឱ្យ​ស្ត្រី​គ្រប់រូប​ត្រូវ​ប្រុងប្រយ័ត្ន។

លោក​វេជ្ជបណ្ឌិត លៀង ចន្ទ​រិ​ទ្ធ អ្នកឯកទេស​ផ្នែក​សម្ព​ព និង​រោគ​ស្ត្រី​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត បាន​ថ្លែងថា មូលហេតុ​នៃ​ជំងឺមហារីក​មាត់ស្បូន គឺ​បណ្តាលមកពី​ស្ត្រី​រួមភេទ​នៅ​ក្មេង​ពេក និង​ស្រី​ដែលមាន​គ​គ៌​នៅ​អាយុ​ក្រោម២០ឆ្នាំ ស្ត្រី​ឧស្សាហ៍​កើត​ជំងឺ​នៅ​មាត់ស្បូន ស្ត្រី​ដែលមាន​ជំងឺអេដស៍ ស្ត្រី​ឧស្សាហ៍​ជក់បារី និង​ស្ត្រី​មាន​ដៃគូ​រួមភេទ​ច្រើន​ជាដើម។

វេជ្ជបណ្ឌិត​លៀង ចន្ទ​រិ​ទ្ធ​ថ្លែងថា៖«មធ្យោបាយ ស្ត្រី​ត្រូវ​កៀ​យក​រំកិល​នៅ​មាត់ស្បូន​ទៅ​មើល​ក្នុង​មីក្រូ​ស្កុប​នៅ​មន្ទីរពេទ្យ ដើម្បី​ស្វែង​រកមើល​មេរោគ ឬ​គេ​យកជាតិ​អា​សេ​តិច​ទៅ​លាប​លើ​មាត់ស្បូន តើ​មានការ​ប្រែ​ពណ៌​ឬ​អត់? ស្ត្រី​គួរតែ​ពិនិត្យ​រាល់​ឆ្នាំ​រាល់​ឆ្នាំ បើ​ពីរ ឬ​បី​ដង ឃើញ​ធម្មតា យើង​អាច​ទៅពិនិត្យ២ឬ៣ឆ្នាំ​ម្តង»

ស្រដៀង​គ្នា​នឹង​នេះដែរ លោក គួ​យ សំណាង វេជ្ជបណ្ឌិត​ឯកទេស​ជំងឺមហារីក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត បាន​ថ្លែងថា អត្រា​ជំងឺមហារីក​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក ចាត់ទុកថា ជា​បញ្ហា​សុខភាព​សាធារណៈ ហើយ​វា​ក្លាយជា​កង្វល់ និង​បញ្ហា​រ៉ៃ​រ៉ាំ​មួយ​នៅក្នុង​សង្គម។

លោក​វេជ្ជបណ្ឌិត​បន្តថា ក្នុងប្រទេស​ជាច្រើន​នៅ​អាស៊ាន ជំងឺមហារីក​បាន​កើនឡើង ដោយនៅ​ឆ្នាំ២០១២ មានការ​សិក្សា​មួយ បង្ហាញថា ករណី​កើត​ថ្មី​រហូតដល់៧៥ម៉ឺន​នាក់ ហើយ​អត្រា​នេះ នឹង​កើនឡើង​ពី១ទៅ៣លាន​នាក់​ក្នុង​ឆ្នាំមួយៗ រហូតដល់​ឆ្នាំ២០៣០ ។

ជា​វេជ្ជបណ្ឌិត​មកពី​ប្រទេស​បារាំង លោក គួ​យ សំណាង មានប្រសាសន៍ថា៖«ដើម្បី​ដឹងថា ជា​ជំងឺមហារីក​ពិតប្រាកដ គេ​ត្រូវតែ​ឆ្លងកាត់​ការពិនិត្យ​សាច់។ ឧទាហរណ៍​ថា ស្ត្រី​ដែល​ធ្លាក់ស គួរ​មករក​ឆ្មប ដើម្បី​ពិនិត្យមើល បើ​ឆ្មប​គេ​សង្ស័យ​លើ​ដុំ​សាច់​នៅ​មាត់ស្បូន គេ​នឹង​យក​សាច់​នោះមក​ពិនិត្យ»

កាលពី​ឆ្នាំ២០១៦ មានការ​សិក្សា​មួយទៀត​របស់​មជ្ឈមណ្ឌល​ព័ត៌មាន​នៃ​មេរោគ HPV និង​មហារីក ហៅ​កាត់​ជា​ភាសា​អង់គ្លេស(ICO) បាន​រកឃើញថា ជា​រៀងរាល់ឆ្នាំ មាន​ស្ត្រី​កម្ពុ​ជាជាង៧០០នាក់ បាន​ស្លាប់​ដោយសារ​ជំងឺមហារីក។ ហើយ​របាយការណ៍​ដដែល បង្ហាញថា មាន​ស្ត្រី​ខ្មែរ​មាន​អាយុ១៥ឆ្នាំ​ឡើងទៅ ជាង៥លាន​នាក់ កំពុងមាន​ហា​នី​ភ័យ​នៃ​ការកើត​ជំងឺមហារីក​មាត់ស្បូន។

ស្តីពី​ជំងឺមហារីក ប្រធាន​មូលនិធិ​អៀង លោក​វេជ្ជបណ្ឌិត អៀង សុធា​រ៉ា បាន​ថ្លែងថា នៅក្នុង​សង្គម​បច្ចុប្បន្ន មិនសូវមាន​ការយក​ចិត្ត​ទុកដាក់​ក្នុងការ​អប់រំ​អំពី​ជំងឺមហារីក​នេះ ដល់​ប្រជាជន​នោះទេ។ លើសពីនេះ អ្នក​ដែល​កើត​ជំងឺមហារីក​ច្រើនតែ​ធ្លាក់​ទឹកចិត្ត ហើយ​សមាជិកគ្រួសារ​បាន​ចំណាយពេល​យ៉ាងច្រើន​ក្នុងការ​ថែទាំ និង​ព្យាបាល។

លោក​វេជ្ជបណ្ឌិត​អៀង សុធា​រ៉ា រម្លឹកថា៖«កាលពី​ទសវត្ស​រិ៍៩០ ខ្ញុំ​មាន​ជីដូន​ម្នាក់ ដែល​គាត់​មាន​ជំងឺមហារីក ហើយ​ត្រូវបាន​វះកាត់៧ដង ពេលនោះ​គ្មាន​ការព្យាបាល​ដោយ​កាំរស្មី ឬ​ដោយ​គីមី​ទេ។ ហើយ​គាត់​បាន​ស្លាប់។ ជំងឺមហារីក​នេះ ធ្វើ​ឲ្យ​អ្នកជំងឺ​លំបាក​ខ្លាំងណាស់ ហើយ​សមាជិក​ក្រុមគ្រួសារ មានការ​លំបាក​ក្រៃលែង។ ខ្ញុំ​អំពាវនាវ​ពលរដ្ឋ​ទាំងអស់ សូម​ប្រុងប្រយ័ត្ន ការពារ​កុំ​ឲ្យ​កើត​ជំងឺ​ដ៏​សហាវ​មួយ​នេះ»

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.