អាហារ​ដ្ឋាន​ត្មាត ​ក្លាយ​ជា​កន្លែង​ទេស​ចរណ៍ដ៏​មាន​ប្រជា​ប្រិយ​ភាព

ខែ​មេសា 3, 2017

អាហារ​ដ្ឋាន​ត្មាត ​ក្លាយ​ជា​កន្លែង​ទេស​ចរណ៍ដ៏​មាន​ប្រជា​ប្រិយ​ភាព​រក​ចំណូល​បាន​ប្រ​មាណ២ម៉ឺន​ដុល្លារ​ក្នុង​១ឆ្នាំ​

ដោយ៖ រ័ត្ន សុភ​ក្តិ

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ ហៅ​កាត់​ថា WCS បាន​សហការ​ជាមួយ​ក្រ​សួង​បរិស្ថាន បាន និង​កំពុង​រៀបចំ​អាហា​រដ្ឋា​ន​ត្មាត ជា​រៀងរាល់ខែ នៅ​តំបន់​ទេសចរ​ធម្មជាតិ ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប ដើម្បី​ផ្តល់​អាហារ​បន្ថែម​ដល់​ហ្វូង​សត្វ​ត្មាត​ទាំងអស់នោះ។

អាហា​រដ្ឋា​ន​ត្មាត ក្លាយជា​កន្លែង​ទេសចរណ៍ធម្មជាតិ​ដ៏​មាន​ប្រជាប្រិយភាព​នេះ កំពុង​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ មក​ចូល​ទស្សនា និង​រកបាន​ចំណូល សម្រាប់​សហគមន៍​ភូមិ​ដង​ផ្លិត ស្រុក​ឆែប ខេត្តព្រះវិហារ បាន​ប្រមាណ ២ម៉ឺន​ដុល្លារ ក្នុង​មួយឆ្នាំ។

អនុប្រធាន​សហគមន៍​ព្រៃ​ការពារ​ភូមិ​ដង​ផ្លិត និង​ជា​ប្រធាន​នាំ​ភ្ញៀវ​ទេសចរណ៍ លោក ផាត់ ប៊ុន​ធី ឱ្យដឹងថាទេសចរណ៍ធម្មជាតិ​ពី​ការ​ទស្សនា​សត្វ​ត្មាត​នេះ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​នៅ​តំប់​នេះ មាន​ជីវភាព​ធូ​ធារ​ច្រើន ជាង​មុន ដោយសារ​ការបម្រើ​សេវា​កម្ម​ភ្ញៀវ និង​ការពារ​សំបុក ជាដើម។

ក្នុងនោះ សំបុត្រ​ចូល​ទស្សនា​សម្រាប់​ភ្ញៀវ​បរទេស មានតម្លៃ​ម្នាក់​ចំណាយ ៣០ ដុល្លារ និង​តម្លៃ​ទិញ​គោ​ផ្សេង ហើយ​អ្នក​នាំ​ភ្ញៀវ​ទទួលបាន ៨ ដុល្លារ ក្នុង​មួយថ្ងៃ។

លោក ផាត់ ប៊ុន​ធី និយាយថា «កាល​យើង​មិនទាន់​បង្កើត​សហគមន៍ ហើយ​ពេល​បង្កើត​សហគមន៍ ឃើញថា ខុសគ្នា។ ពីមុន នៅ​តំបន់​ភូមិ​ខ្ញុំ អណ្តូង​ប្រហែល​ជាមាន ១ ទៅ ២ ទេ ដែល​ពួក​ខ្ញុំ បាន​បង្កើត​ហើយ​បាន​លុយ​អភិវឌ្ឍន៍ ដើម្បី​កសាង​ភូមិ អណ្ដូង​ឃើញថា បាន​ច្រើន។ ហើយ​មិន​ត្រឹមតែ​អណ្ដូង​ទេ ឃើញ​រីកចម្រើន ខាង​សិស្ស​នោះ ឃើញថា គាត់​ខ្វះ​សាលារៀន ខ្វះ​អី ពួក​ខ្ញុំ​បាន​ជួយ​តិចតួច ដូចជា​ធ្វើ​រោង សម្រាប់​កូនសិស្ស គឺ​ពួក​ខ្ញុំ​បាន​ជួយ​ទៅ​ពួកគាត់ រហូតដល់​ពួក​ខ្ញុំ​ហ្នឹង បាន​ចូលរួម​ធ្វើ​សាលាឆាន់​ឱ្យ​វត្ត»

ទន្ទឹមនឹង​ការអភិរក្ស​សត្វ​ត្មាត រហូតដល់​បង្កើត​ដំបន់​ទេសចរណ៍ធម្មជាតិ មើល​សត្វព្រៃ​នេះ របាយការណ៍​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ ហៅ​កាត់​ថា WCS បង្ហាញថា សត្វ​ត្មាត មាន ៣ប្រភេទ ដូចជា ត្មាតផេះ ត្មាត​ត្នោត និង​ត្មាតភ្លើង ដែលជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅលើ​សាកលលោក។ ប៉ុន្តែ​ការ​បរបាញ់ និង​ការ​ប្រមូលយក​សំបុក​ពង​កូន​របស់​សត្វ​ស្លាប គឺជា​កត្តា​គំរាមកំហែង​ធំ​មួយ ចាប់​តាំង​កាលពី​ឆ្នាំ១៩៩៩ និង​ដើមឆ្នាំ២០០០។

ចំណែក​មន្ត្រី​សម្របសម្រួល​អាហា​រដ្ឋា​ន​ត្មាត នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) លោក តាន់ សុផាន រៀបរាប់ថា ការអភិរក្ស​ដោយ​រៀបចំ​អាហារ​ដ្ឋា​ន​ត្មាត បាន​ជួយ​ដល់​សត្វ​ស្លាប​ដ៏​កម្រ​ប្រភេទ​នេះ បានរស់នៅ​ដោយ​ធម្មជាតិ និង​គ្មាន​ការរំខាន​ពី​មនុស្ស។ លោក​បន្តថា ដូច្នេះ​បានជា​អង្គការ WCS បង្កើត​គម្រោង​ទេសចរណ៍​អាហា​រដ្ឋា​ន​ត្មាត​បន្ថែម​ពី​ការមើល​សត្វ​ដទៃទៀត។ ក្នុងនោះ ភ្ញៀវ​ចូលមក​ទស្សនា មាន​រយៈពេល ២ថ្ងៃ និង​ត្រូវតម្រូវ​ផ្តល់ដំណឹង​ឱ្យដឹង​មុន ដោយ​តម្រូវឱ្យ​ភ្ញៀវ សម្រាក​នៅផ្ទះ​តង់​មួយ​យប់ និង​ព្រឹក​ឡើង​ម៉ោង ៥ ធ្វើដំណើរ​ឆ្ពោះទៅកាន់​បន្ទប់​មើល​សត្វ​ត្មាត។

លោក តាន់ សុផាន បន្តថា «ជួយ​អភិរក្ស​វា ដើម្បី​ផលប្រយោជន៍​ច្រើន​ដល់​សហគមន៍​មូលដ្ឋាន ដើម្បីឱ្យ​ទេសចរ​ចូលមក​ថា ទេសចរណ៍​នៅ​តំបន់​យើង មាន​ប្រភេទ​សត្វ​ចឹងៗច្រើន ដូចជា សត្វ​អីផ្សេង។ ប៉ុន្តែ​នៅ​តំបន់​ដង​ផ្លិត គឺមាន​សហគមន៍​មួយ ដើម្បី​បង្កើត​អាហា​រដ្ឋា​ន ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ទាំង​ភ្ញៀវ​បរទេស និង​ភ្ញៀវ​ខ្មែរ​យើង​ហ្នឹង ឱ្យ​ចូលមក​ទស្សនា ហើយ​បង់​ជា​កញ្ចប់​ថវិកា ជូន​សហគមន៍»

គិត​មក​ត្រឹម​ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅនេះ សំបុក​ពង​កូន​របស់​សត្វ​ត្មាតភ្លើង ចំនួន ២សំបុក​ហើយ ត្រូវបាន​គេ​រកឃើញ​នៅ​ទីតាំង​ផ្សេងគ្នា ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឆែប។ ដោយមាន​ការជួយ​គាំទ្រ​ថវិកា​ពី Margaret A. Cargill Philanthropies និង Agence Française de Développement (AFD) អង្គការ WCS បាន​ជួល​សហគមន៍​ចំនួន ០៤នាក់ ឲ្យ​យាម​ការពារ​សំបុក​ត្មាតភ្លើង​ទាំង ២នេះ ដើម្បី​បញ្ចៀស​ហានិភ័យ​នានា ព្រមទាំង​ធ្វើការ​រុំ​ព័ទ្ធ​ដើមឈើ​នោះ ដើម្បី​ការពារ​កុំ​ឲ្យ​សំពោច​ឡើង​ស៊ី​ពង​នោះ។

ទោះជា​យ៉ាងណា ប្រជា​សហគមន៍​ភូមិ​ដង​ផ្លិត ក៏បាន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ជាតិ ឱ្យចូល​ទស្សនា ឱ្យបាន​ច្រើន ដូច​ភ្ញៀវទេសចរ​បរទេស ដើម្បី​គាំទ្រ​សត្វ​ស្លាប ដែល​កម្រ ឲ្យ​បន្ត​មាន​វត្តមាន​ក្នុង​កម្ពុជា​គង់វង្ស។ ថវិកា​ដែល​ទទួលបាន​ពី​គម្រោង​ទេសចរណ៍ធម្មជាតិ​នេះ បាន​ចូលរួមចំណែក​គាំទ្រ​ដល់​ការចិញ្ចឹម​ជីវិត​របស់​សមាជិក​សហគមន៍​នៅ​ភូមិ​ដង​ផ្លិត ព្រមទាំង​បាន​គាំទ្រ​ថវិកា​ដល់​ការងារ​អភិរក្ស​សត្វ​ត្មាត​នៅ​កម្ពុជា​ទៀតផង៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.