អតីត​មេទាហាន​ប៉ា​រ៉ា៖ ចាក់​សាក់​លើ​រាងកាយ

ខែ​សីហា 4, 2017
mon
mon1
mon2
mon3

អតីត​មេទាហាន​ប៉ា​រ៉ា៖ ចាក់​សាក់​លើ​រាងកាយ គឺ​បំបាំង​ខ្លួន​ពីស​ត្រូវ និង​ជាន់មីន​មិន​ផ្ទុះ

ដោយ៖ ដា​រ៉ា

ការចាក់​សាក់ ត្រូវបាន​ពលរដ្ឋ​ខ្មែរ​និយម​ខ្លាំង​នៅ​សម័យ​សង្គ្រាម។ គេ​ជឿ​លើ​យ័ន្ត គាថា ហើយ​ជឿថា បន្ទាប់ពី​ចាក់​សាក់​រួច គេ​នឹង​ក្លាយជា​មនុស្ស​ដែលមាន​ខ្លួន​ទិ​ព្ធ បាញ់​មិនត្រូវ កាប់​មិន​មុត ដុត​មិន​ឆេះ។ ហើយ​សម័យ​សង្គ្រាម​មនុស្ស​ភាគច្រើន​ចាក់​សាក់​ដើម្បី​កំបាំង​ខ្លួន​ពីស​ត្រូវ និង​ការពារ​កុំឱ្យ​ជាន់​គ្រាប់បែក​ផ្ទុះ។

ព្រះសង្ឃ​ដែល​រុំ​ព្រះកាយ​ទៅដោយ​សាក់​រូប​យ័ន្ត និង​គាថា គង់នៅ​វត្ត​ហប់ ខេត្តបាត់ដំបង​មាន​សង្ឃដីកា​ប្រាប់ សារព័ត៌មាន​តោះ​អាន ថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន​មាន​ជំនឿ​លើ​យ័ន្ត និង​គាថា ហើយ​ស្នាម​សាក់​លើ​ព្រះកាយ​ព្រះអង្គ​ក៏​ជា​សាក់​ដើម្បី​ការពារ​ខ្លួន។ បងប្អូន​របស់​ព្រះអង្គ​ទាំងអស់​សុទ្ធតែ​ចាក់​សាក់​ទាំងអស់គ្នា។ ការចាក់​សាក់​នេះ គឺ​សាក់​តាម​យ័ន្ត គាថា និង​គម្ពី​ពី​បុរាណ ដែល​ទទួលបាន​តាមរ​យៈ​ព្រះសង្ឃល្បី។

ត្បិត​តែមាន​វ័យ​ជរា​ហើយ​ក៏ដោយ ព្រះ​ថេរៈ ពៅ ប៉ាវ នៅតែមាន​កំលាំង​មាំមួន​នៅឡើយ ហើយ​ព្រះអង្គ​នៅតែមាន​ជំនឿ​លើ​សាក់​ដែល​រុំ​ស្រោប​ព្រះកាយ​ព្រះអង្គ​ដដែល។ មាន​សង្ឃដីកា​ទាំង​កាយវិការ​បង្ហាញ​កន្លែង​សាក់ ព្រះអង្គ​បន្តថា សាក់​នេះ​នៅ​តិច​ទេ បើ​អ្នកផ្សេង​គេ​សាក់​ច្រើន​ជាងនេះទៀត។

ព្រះអង្គ​ពៅ ប៉ាវ មាន​ថេរ​ដីកា​បញ្ជាក់ថា៖« អ្នកខ្លះ​សាក់​តាំងពី​ជើង ដៃ និង​កោរ​ត្រងោល​សាក់​ទៀត តែ​នៅតែ​ងាប់​ចឹ​ង។ អ្នក​ដែល​មិន​អី គេ​មិន​អី​ទៅ ដូច​អាត្មា​ឆ្លង​ផុត​រហូត ។អាត្មា​តាំងពី​រៀន​មក មិនដែល​ជួប​សត្រូវ​ទេ តែបើ​ជួប​អាត្មា​តែង​ឃើញ​មុន​ជានិច្ច មិនដែល​នរណា​បាញ់​អាត្មា​ត្រូវ​ទេ។ ការចាក់​សាក់ គេ​ឱ្យ​តម ស្រី ប្រពន្ធ​គេ បើ​មិន​ចឹ​ង​ទេ​ត្រូវ​គ្រាប់​ងាប់​មួយ​រំពេច»។

ព្រះ​តេជគុណ ពៅ ប៉ាវ បាន​រៀបរាប់​ពី​ដើម​ហេតុដែល​ព្រះអង្គ​សាក់​ថា ព្រះអង្គ​មិនបាន​នឹកឃើញ​សាក់​ដោយ​ចិត្ត​ឯង​ទេ។ នៅ​ក្នុងសម័យ​ខ្មែរក្រហម ព្រះអង្គ​បាន​ទៅ​ជួប​ពួក​ទាហាន​ប៉ា​រ៉ា ហើយ​គេ​មាន​ជំនឿ​លើ​រឿងនេះ ក្សិណនោះ​ព្រះអង្គ​សម្រេចចិត្ត​សាក់​តាម​គេ​ដែរ។ បន្ទាប់ពី​សាក់ គឺ​ត្រូវតែ​ស្មោះត្រង់ មិន​សម្លាប់សត្វ កាន់សីល​ប្រាំ បើ​កាន់​កាំភ្លើង​បាញ់​គេ​បាញ់​តែ​សត្រូវ​ទេ មិន​បាញ់​សត្វ​ដែល​មិន​ដឹងអី​ឡើយ។

ដោយសារ​មាន​ជំនឿ​ក្នុង​ចិត្ត និង​កាន់​វិន័យ​បាន​ទៀង ព្រះអង្គ​ពៅ ប៉ាវ មិន​ដែលមាន​គ្រោះថ្នាក់​អ្វី​ទាំងអស់។ ស្នាម​សាក់​នៅលើ​ព្រះកាយ​របស់​ព្រះអង្គ​មិនមែន​សាក់​តែម្ដង​នោះទេ គឺ​សាក់​គ្រប់ពេល​ដែលមាន​គ្រូ​ពូកែ និង​មាន​យ័ន្ត​ល្បី តាំងពី​ឆ្នាំ១៩៧៩ រហូតដល់​ឆ្នាំ ១៩៨២ ទើប​ឈប់​សាក់។

គុណ​ម្ចាស់​ពៅ ប៉ាវ៖ «ដើម្បី​ការពារ​កុំឱ្យ​ជាន់មីន ព្រះអង្គ​ពៅ ប៉ាវ ក៏បាន​សាក់​ក្រោម​បាតជើង​របស់​ព្រះអង្គ​ដែរ ។ ម្យ៉ាងទៀត​ពេល​សាក់ ព្រះអង្គ​ត្រូវ​រៀន​បាលី​មន្តអាគម​ន​ឱ្យ​ចេះ​ចាំ។ ព្រះអង្គ​រៀន​តែ​បាលី​ណា​ដែល​មិន​ជួបនឹង​គ្រោះថ្នាក់ បើ​ជួប​សុំឱ្យ​ព្រះអង្គ​ឃើញ​សត្រូវ​មុន។ ព្រះអង្គ​ថេរ​ដីការ បន្តថា តែង​ឃើញ​សត្រូវ​មុន ឬ​បើ​ប៉ះ​គ្រាប់​ផ្ទុះ គ្រាប់​នោះ​ផ្ទុះ​តែ​ពីមុខ និង​ក្រោយ​ព្រះអង្គ​តែប៉ុណ្ណោះ»

ព្រះអង្គ​បង្ហើប​ទៀតថា គ្រប់​គ្រូ​សាក់​ទាំងអស់​សុទ្ធ​តែមាន​បំរាមខុសៗគ្នា ដើម្បីឱ្យ​អាគម​បាលី​ស័ក្តិ​សិទ្ធ។ គ្រូ​ខ្លះ​ហាម​មិនឱ្យ​ហូប​សាច់​ឆ្កែ​និង​ឆ្មា។ គ្រូ​ខ្លះ​មិនឱ្យ​សម្លាប់សត្វ ហើយ​គ្រូ​ខ្លះទៀត​ឱ្យ​តម​ដើម​ចេក ហាម​ស្រី​ច្រើន និង​ហាម​ដាច់ខាត​ប្រពន្ធ​ទេ ព្រោះ​វា​ធ្វើឱ្យ​របៀង​សាប។

ជា​ចុងក្រោយ​ព្រះអង្គ​មាន​សង្ឃដីកា​បន្ថែម​លើ​ការចាក់់​សាក់​ថា សាក់​លើ​ខ្លួន​ជា​ជំនឿ​របស់​សាសនាព្រាហ្មណ៍។ ហើយ​មកដល់ពេលនេះ ព្រះអង្គ​បាន​ប្ដូរ​ពី​សាសនាព្រាហ្មណ៍ មក​គោរព​ព្រះពុទ្ធសាសនា​តាំងពី​ព្រះអង្គ​បួស​ជា​ព្រះសង្ឃ​មកម្ល៉េះ។ ការ​វៀរចាក់​ពី​សាសនាព្រាហ្មណ៍ ព្រោះ​សាសនាព្រាហ្មណ៍​មិនអាច​នាំ​មនុស្ស​ឱ្យទៅ​និ​ពា​ន្ត​បានទេ។ ជាពិសេស​ការរៀន​អាគម​គាថា បានតែ​រួចខ្លួន បើ​កាន់​មិនល្អ​ក៏ត្រូវ​គ្រាប់ ឬ​កើត​អ្វី​ស្លាប់ភ្លាមៗដែរ។

មនុស្ស​ជំនាន់​មុន​ដែល​ចង់​ការពារ​ខ្លួន​ពី​គ្រាប់ និង​ការប៉ុនប៉ង​សម្លាប់​ពីស​ត្រូវបាន ព្រះអង្គ​ពៅ ប៉ាវ មាន​សង្ឃដីកា​ថា ពួកគេ​បាន​ចាក់​សាក់ និង​រៀន​របៀន យ័ន្ត បាលី គាថា ហើយ​ត្រូវ​តម​តំណម​តាម​គ្រូ​ដោយ​មិន​បរិភោគ​សាច់ ឆ្កែ ឆ្មា ដើម​ចេក សម្លាប់សត្វ កុំ​មាន​ស្រី កុំ​ស្រឡាញ់​ប្រពន្ធ​គេ និង​កាន់​សីស​ប្រាំ។ ក្មេង​សម័យនេះ មិនអាច​រៀន​បានសម្រេច​ទេ ព្រោះតែ​សង្គម​មានការ​ផ្លាស់ប្ដូរ ក្មេងស្ទាវ ភាគច្រើន​មិនអាច​កាន់​តំណម​បានទេ ហើយ​គ្រូ​ដែល​ចេះ​ក៏​មិន​បង្រៀន​ពួកគេ​ដែរ៕

 

 

 

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.