សង្គមស៊ីវិល​ ​បក្ស​ប្រ​ឆាំង​ សម្ដែង​ការព្រួយ​បារម្ភ​លើ​

ខែ​សីហា 25, 2017

អង្គការ​សង្គម​ស៊ីវិល

អង្គការ​សង្គម​ស៊ីវិល គណបក្សប្រឆាំង សម្ដែង​ការព្រួយបារម្ភ លើ​សេរីភាព​សារព័ត៌មាន​កម្ពុជា

ដោយ៖ ថា​ន ល​ក្ម្សី

បន្ទាប់ពី​ក្រសួង​ព័ត៌មាន​បានប្រកាស​បិទ​ស្ថានីយ​វិទ្យុ​មួយចំនួន ដែល​ក្នុងនោះ​សុទ្ធតែជា​ស្ថានីយ​ដែល​លក់​ម៉ោង​ផ្សាយ​ឲ្យ​វិ​ទ្យ​អាស៊ីសេរី វិទ្យុ​វី​អូ​អេ វិទ្យុ​បារាំង និង​ម៉ោង​ផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាដើម។ គណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃទី២៥ ខែសីហា​នេះ​សម្ដែង​ការណ៍​ព្រួយបារម្ភ ចំពោះ​ស្ថានការណ៍​បែបនេះ ព្រម​ពេលដែល​ការបោះឆ្នោតជាតិ​កាន់តែ​ខិតចូល​មកដល់។

សេចក្ដីថ្លែងការណ៍​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ដល់​រដ្ឋាភិបាល ឲ្យ​ពិចារណា​ឡើងវិញ និង​អនុញ្ញាត​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ(NDI) ព្រមទាំង​ស្ថានីយ​វិទ្យុ​ដែល​បាន​បញ្ឈប់​ដំណើរការ​ដោយ​ក្រសួង​ព័ត៌មាន ឲ្យ​ដំណើរការ​ឡើងវិញ។ ជាងនេះទៅទៀត​គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​ដល់​សហគមន៍​អន្តរជាតិ ជួយ​អន្តរាគមន៍​ដើម្បី​ធានា​ឲ្យ​មាន​ការគោរព​សិទ្ធិសេរីភាព​សារព័ត៌មាន និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា វិល​ត្រឡប់មក​ធម្មតា​វិញ។ ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ប្រព្រឹត្ត​ទៅដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌។

បញ្ហា​នេះ​មន្ត្រី​អង្កេត​ផ្នែក​ច្បាប់​នៃ​អង្គ​ការខុម​ហ្វ្រេ​ល​លោក យឿ​ង សុធា​រ៉ា បានលើកឡើង​ថា​នេះ​ជា​រំលោភ​សិ​ទិ្ធ​ជា​មូលដ្ឋាន​ក្នុង​រដ្ឋធម្មនុញ្ញ សិទ្ធិ​ទទួលបាន​ព័ត៌មាន និង​ការ​សិទ្ធិ​បញ្ចេញមតិ ។វា​ជា​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ក្នុងសង្គម​ប្រជាធិបតេយ្យ។ការដាក់​សម្ពាធ ការផ្អាក​ការផ្សាយ ឬ​ការបិទ ឬ​បញ្ឈប់​ទាំងស្រុង​នូវ​មធ្យោបាយ​សម្រាប់​ផ្សាយ​របស់​វិទ្យុ​បរទេស ជាការ​ថយក្រោយ​នៃ​ដំណើរការ​ប្រជា​ធិ​តេ​យ្យ​នៅ​កម្ពុជា។ ខណៈពេលដែល​ការបោះឆ្នោត​ខិតជិត​មកដល់។ សង្គម​ប្រជាធិបតេយ្យ​មិនអាច​ខ្វះ​សេរីភាព​ភាព​សារព័ត៌មាន និង​សេរីភាព​នៃ​ការបញ្ចេញមតិ​បានឡើយ។

លោក​យឿ​ង សុធា​រ៉ា បញ្ជាក់ថា៖ «ខ្ញុំ​ចាត់ទុកថា នេះ​ជា​បរិយាកាស​មិន​អំណោយផល​សម្រាប់​ដំណើរការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នៃ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ដែល​នឹង​មកដល់​ក្នុង​រយៈពេល​មិន​ដល់​មួយឆ្នាំ​ខាង​មុននេះ។ យើង​មានការ​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ចំណាត់ការ​នេះ។ ការបិទ ផ្អាក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នឹង​ធ្វើអោយប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ដំណើរការ​នៃ​ការបោះឆ្នោត​របស់​ប្រទេស​កម្ពុជា វា​ជាការ​បំពាន​យ៉ាងធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ យើង​សូម​ឲ្យ​កែប្រែ​ស្ថានភាព​ទៅជា​ប្រក្រតី​វិញ»។

ទោះជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ធ្វើ​ស​ន្និសិទ​កាសែត​កាលពី​ថ្ងៃ ទី២៤ ខែសីហា ថា​ការបិទ​ស្ថា​នី​វិទ្យុ​មួយចំនួន ក្រោម​ហេតុផល​ផ្លូវច្បាប់​យ៉ាងណាក៏ដោយ​លោក យឿ​ង សុធា​រ៉ា ថា​នេះ​ជាការ​ចៃដន្យ​ពេក​ហើយ។ ចៃដន្យ​ដោយសារតែ​ការបិទ ឬ​ហាមប្រាម​នេះ ស៊ីសង្វាក់​គ្នា ជា​បន្តបន្ទាប់ ពី​រឿង​មួយ ទៅ​រឿង​មួយទៀត។ ដែល​ចង់ ឬ​មិន​ចង់ វា​ត្រូវតែ​ពាក់ព័ន្ធ​ជាមួយ​ការ​នឹង​ការសម្រេចចិត្ត​ផ្នែក​នយោបាយ​ហើយ ខណៈពេល​ការបោះឆ្នោត​ខិតជិត​មកដល់។ ដូច្នេះ​លោក​ចង់​ឲ្យ​រដ្ឋាភិបាល គួរ​ធ្វើការ​ពិចារណា​ជាថ្មី​លើ​បញ្ហា​នេះ។

សាស្ត្រាចារ្យ​វិ​ទ្យ​សាស្ត្រ​នយោបាយ​លោក​បណ្ឌិត ឯម សុវណ្ណារ៉ា​បាន​យល់ឃើញថា បើ​ពិនិត្យ​លើ​បញ្ហា​ផ្លូវច្បាប់ ទង្វើ​

ដែល​ក្រសួង​ព័ត៌មាន​ធ្វើ​នៅពេលនេះ គឺជា​ការអនុវត្ត​ន៍តា​ម​ផ្លូវច្បាប់​ដែលមាន​នៅក្នុង​ប្រទេស។ តែ​ការសម្រេចចិត្ត​ណាមួយ​ក៏​តែងតែ​ភ្ជាប់​ជាមួយនឹង​បញ្ហានយោបាយ​ផងដែរ។

លោក​បណ្ឌិត ឯម សុវណ្ណារ៉ា បញ្ជាក់ថា៖ «យើង​មើល​ក្នុង​ទិដ្ឋភាព​ត្រង់​យើង​អត់​ឃើញ យើង​អត់​ឃើញ​វា​មាន​ពាក់ព័ន្ធ​នឹង​ទិដ្ឋភាព​នយោបាយ​ទេ។ ប៉ុន្តែ​អ្វីដែល​រដ្ឋាភិបាល​អនុវត្ត​ន៍​សុទ្ធ​តែមាន​គោលនយោបាយ។ ការអនុវត្តន៍​គោលនយោបាយ ការអនុវត្តន៍​ច្បាប់​សុទ្ធតែ​ពាក់ព័ន្ធ​និង​នយោបាយ។ ដែល​ពី​បណ្ដាល​ប្រទេស​នានា​ចង់​ឲ្យ​កម្ពុជា​អនុវត្តន៍​តាម​និតិរដ្ឋ​ឥលូវ​កម្ពុជា​អនុវត្តន៍​តាម​និតិរដ្ឋ​ហើយ»។

លោក​បណ្ឌិត​បន្ថែមថា បន្ទាប់ពី​បាន​បិទ​ម៉ោង​ផ្សាយ​នេះ​ក៏ពិតមែន តែបើ​បណ្ដាល​សារព័ត៌មាន ឬ​វិទ្យុ​ដែល​បិទ​ម៉ោង​ផ្សាយ​នោះ ទៅ​សូម​ក្រសួង​ដើម្បី​ដំណើរការ​ការផ្សាយ​ជាថ្មី។ ហើយក៏​មិន​អនុញ្ញាត​នោះ​ទើប​បញ្ជាក់​កាន់តែ​ច្បាប់​ថា​រដ្ឋាភិបាល​មិន​គោរព​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​ទេ។

ចំពោះ​ការបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​នេះ ការបោះឆ្នោត​ថ្នាក់ជាតិ​នាពេលខាងមុខ លោក​បណ្ឌិត​យល់ឃើញថា​នឹង​ដំណើរការ​ជាធម្មតា។ ប៉ុន្តែ​សេរីភាព​បញ្ចេញមតិ និង​ការផ្សព្វផ្សាយ​របស់​គណ​បក្សនយោបាយ នឹងមិន​មាន​ភាព​ស្មើភាព​គ្នា។

មកទល់ពេលនេះ​ស្ថានីយ​វិទ្យុ​ដែល​ត្រូវបាន​ក្រសួង​ព័ត៌មាន​ប្រកា​សបិទ​រួមមាន វិទ្យុ​មហានគរ FM93.50MHz ដែលមាន​គ្របដណ្ដប់​លើ​រាជធានី ខេត្ត​ចំនួន១១ និង​បិទ​ម៉ោង​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី វី​អូ​អេ និង​កម្មវិធី​វិទ្យុ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅតាម​ស្ថា​នី​វិទ្យុ​មួយចំនួនទៀត។ នៅត្រឹម​ថ្ងៃទី២៥ ខែសីហា​នេះ ក្រសួង​ព័ត៌មាន​បានសម្រេច​បិទ​ម៉ោង​ផ្សាយ​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​វី​អូ​ឌី​ទាំងស្រុង​ផងដែរ។ ស្របពេល​ដែល​ការ​សែត ឌឹ​ខេ​ម​បូ​ឌា ដេលី ប្រឈម​នឹង​ការបិទ បើសិនជា​មិន​បង់ពន្ធ​ជូន​រដ្ឋ ជាង៦លាន​ដុល្លារ ត្រឹម​ថ្ងៃទី៤ ខែកញ្ញា៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.