ហ្វ្រង់ស្វ័រ ប៉ុងសូដ៍

ខែ​កក្កដា 26, 2017

ហ្វ្រង់ស្វ័រ ប៉ុងសូដ៍៖ កម្ពុជាឆ្នាំសូន្យ

ដោយ៖ ដា​រ៉ា

សៀវភៅ«កម្ពុជា​ឆ្នាំ​សូន្យ»បានចេញ​ជា​រូបរាង​ដោយ​ស្នាដៃ​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ ហ្វ្រ​ង់​ស្វ័​រ ប៉ុង​សូដ៍ ដែល​និពន្ធ​ឡើង​ក្នុង​ឆ្នាំ១៩៧៦ នៅ​ទីក្រុង​បារី​ស ហើយ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​នៅ​ទីក្រុង​ភ្នំពេញ​ឆ្នាំ ២០១០។ កម្ពុជា​ឆ្នាំ​សូន្យ ជា​សៀវភៅ​ដែល​រៀបរាប់​អំពី​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ត្រូវបាន​គេ​បោះពុម្ពផ្សាយ​នៅ​ប្រទេស​ចំនួន៨ ជាអាទិ៍ បារាំង អង់គ្លេស អាមេរិក ជប៉ុន អ៊ីតាលី អេ​ស្ប៉ា​ញ ណ័​រវេ​ស និង​កម្ពុជា។

លោក ហ្វ្រ​ង់​ស្វ័​រ ប៉ុង​សូដ៍ ម្ចាស់​ស្នាដៃ​នេះ ជា​ជនជាតិ​បារាំង កើត​ឆ្នាំ១៩៣៦ នៅ​ប្រទេស​បារាំង។ លោក​រស់នៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ១៩៦៥ រហូត​អាច​និយាយ​ភាសា​ខ្មែរ​យ៉ាង​រត់មាត់។ ហ្វ្រ​ង់​ស្វ័​រ ប៉ុង​សូដ៍ រស់នៅក្នុង​សម័យ​សង្គម​រាស្ត្រនិយម(ព្រះរាជាណាចក្រ​ទី១របស់​សម្ដេចព្រះ​នរោត្តម សីហនុ) សម័យ​សាធារណរដ្ឋ​ខ្មែរ(របប​ប្រមុខ​លន់នល់) និង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ អស់​រយៈពេល​បី​អាទិត្យ រហូតដល់​ថ្ងៃ៧ ឧសភា ឆ្នាំ១៩៧៥។

លោក​បន្ត​ក្នុង​សៀវភៅ«កម្ពុជា​ឆ្នាំ​សូន្យ»ថា លោក​ស្ថិត​ក្នុងសម័យ​នោះ ជាហេតុ​ដែល​លោក​អាច​រៀបរាប់​ព្រឹត្តិការណ៍​ក្នុងសម័យ​ខ្មែរក្រហម​បាន​យ៉ាងច្បាស់។ តាំងពី​ថ្ងៃ​ដំបូង បន្ទាប់ពី​យោធា​ខ្មែរក្រហម​ដណ្តើម​យកបាន​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ១៧ មេសា ១៩៧៥។ ថ្ងៃ​បន្ទាប់មកទៀត​យោធា​ជម្លៀស​ប្រជាជន​ទាំងអស់​ចេញពី​ទីក្រុង។ ហើយ​លោក​បាន​យកចិត្តទុកដាក់​ឈ្វេងយល់​ពី​បដិវត្តន៍​មហា​រុងរឿង​អស្ចារ្យ​របស់​អ្នក​ជ្រុលនិយម​នៅ​កម្ពុជា។

តាមរយៈ«កម្ពុជា​ឆ្នាំ​សូន្យ»ដែលមាន ៣១៦ ទំព័រ និង ១២ ជំពូក លាយ​ជាមួយ​រូបភាព​ក្នុង​របប​ខ្មែរក្រហម លោកអ្នក​អាន​នឹង​បានដឹង​យ៉ាងច្បាស់​ពី​ពាក្យ​ដែល​គេ​ប្រើ​ក្នុងសម័យ​នោះ​ជាអាទិ៍ ថ្ងៃ ១៧ មេសា មហា​រុងរឿង មហាអស្ចារ្យ, ឱ! កម្ម​អ្នកចាញ់, កញ្ជើ​ដែល​គេ​ផ្កាប់, មហាទុក្ខ​វេទនា​របស់​ប្រជាជន, ឯករាជ្យ​ម្ចាស់ការ, កងកម្លាំង​ពលកម្ម, អង្គការ​ប្រោស​ខ្ញុំ​ឱ្យ​រស់​ឡើងវិញ, ត្រូវ​រំលាយ​ភ្នំ​ទាំងបី, បដិវត្តន៍​របស់​អ្នក​កាន់​នយោបាយ​ជ្រុលនិយម, ប្រយុទ្ធ​អស់​រយៈពេល៣០ឆ្នាំ, សុភមង្គល​សម្រាប់​ទាំងអស់គ្នា, និង៣ថ្ងៃ ៨ខែ ២០ថ្ងៃ។

«កម្ពុជា​ឆ្នាំ​សូន្យ» ត្រូវបាន​អ្នកនិពន្ធ​បកស្រាយ​ថា ហេតុផល​ដែល​លោក​សរសេរ​សៀវភៅ​នេះ​ឡើង​ព្រោះ លោក​យល់ថា​អង្គការ​ថ្នាក់លើ​របស់​កម្ពុជា​ប្រជាធិបតេយ្យ កម្ទេច​របៀប​រស់នៅរ​បស់​ប្រជាជន​កម្ពុជា​ឱ្យ​ខ្ទេចខ្ទី​គ្មាន​សល់ ហើយ​ទើប​កសាង​ប្រទេស និង​សង្គម​តាមរបៀប​ថ្មី​ឡើងវិញ​ដោយ​ការចាប់ផ្ដើម​ពី​សូន្យ​មក។ តាមពិត​នៅ​ឆ្នាំ១៩៧៩ ប្រទេស​កម្ពុជា​ធ្លាក់​ដល់​កម្រិត​សូន្យ​ពិតប្រាកដ​មែន គឺ​ក្រោយ​រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ​របស់​អង្គការ​បដិវត្តន៍​ដ៏​មហាលោតផ្លោះ មហាអស្ចារ្យ។

លោក​បន្តថា ពេលនោះ លោក​នឹកស្មានថា ប្រជាជន​ដែល​ភៀសខ្លួន​និយាយ​អាក្រក់ បំផ្លើស ចង់​បង្ខូច​កេរ្តិ៍ឈ្មោះ​របប​ថ្មី ដែល​គេ​រត់ចោល​នោះ​ដើម្បីឱ្យ​មតិ​អន្តរជាតិ ជឿ​គេ អាណិតអាសូរ​គេ និង​ជួយ​គេ។ ប៉ុន្តែ​លោក​យល់ថា ទោះបីជា​ជនភៀសខ្លួន​មកពី​តំបន់​ផ្សេងគ្នា​ក្ដី ក៏​គេ​រៀបរាប់​រឿងដដែលៗដូចគ្នា គួរឱ្យ​ចាប់អារម្មណ៍ និង​គួរឱ្យ​ជឿ​បាន។

លោក ហ្វ្រ​ង់​ស្វ័​រ ប៉ុង​សូដ៍​បញ្ជាក់ថា៖«ខ្ញុំ​មិនមែនជា​អ្នកនយោបាយ​ទេ ហើយក៏​ពុំមែន​ជា​អ្នកសារព័ត៌មាន​ដែរ គឺ​ខ្ញុំ​ជា​អ្នក​កាន់​ធម៌​តាម​សាសនា​កាតូលិក។ ខ្ញុំ​គ្មាន​បំណង​វិនិច្ឆ័យ​ដាក់ទោស​គេ​ទេ ខ្ញុំ​គ្រាន់តែ​ចង់​យល់​អត្ថន័យ​ព្រឹត្តិការណ៍​ដែល​កើត​ដល់​ប្រជាជន​ម្ពុ​ជា ដែល​ខ្ញុំ​ស្រឡាញ់​ដូច​ជាតិ​របស់ខ្ញុំ​ផ្ទាល់។ ខ្ញុំ​មាន​បំណង​រួបរួមសាមគ្គី​ជាមួយ​ប្រជាជន​កម្ពុជា​ពី​ចម្ងាយ និង​ជួយ​ការពារ​គេ​នៅលើ​ឆាក​អន្តរជាតិ»

លោក​បន្ថែមទៀតថា នៅពេលនោះ លោក​យល់ឃើញ​ទៀតថា មេដឹកនាំ​ខ្មែរក្រហម​សុទ្ធតែជា​អ្នក​បាន​រៀនសូត្រ​យ៉ាងខ្ពស់​នៅ​ប្រទេស​បារាំង មាន​លោក ជួន ម៉ុម, លោក​ខៀវ សំផន, លោក សា​ឡុ​ត ស, លោក អៀង សារី, និង​លោក ហ៊ូ យន់​ជាដើម។ អស់លោក​សុទ្ធតែជា​បញ្ញាវន្ត​ដែលមាន​ប្រាជ្ញា ប្រាកដជា​អស់លោក​មាន​គោលបំណង​ល្អ ចង់​កសាង​ប្រទេស​តាមរបៀប​ថ្មី ឱ្យបាន​សេចក្ដីសុខសាន្ត​ពុំខាន។ ដូច្នេះ លោក​ក៏​ខំព្យាយាម​ស្ដាប់​វិទ្យុ​កម្ពុជា​ប្រជាធិបតេយ្យ ខិតខំ​រក​ឯកសារ​ជា​ផ្លូវការ​នៃ​របប​ថ្មី ដើម្បី​ស្វែងយល់​មនោគមន៍វិជ្ជា និង​គោលបំណង​ពិតប្រាកដ​របស់​អស់លោក​ទាំងនោះ។

« កម្ពុជា​ឆ្នាំ​សូន្យ» ជា​ឯកសារ​មួយ​សម្រាប់​បង្ហាញ​ដល់​ជនជាតិ​កម្ពុជា​ជំនាន់​ក្រោយ​បានដឹង​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ស្គា​ល់ពី​ទុក្ខវេទនា​របស់​ប្រជាជន​កម្ពុជា។ លោកអ្នក​នាង​ដែល​បាន​អាន​ខ្លឹម​ដារ​ក្នុង​សៀវភៅ​នេះ នឹង​បាន​យល់ច្បាស់​ជាង​មុន​តាមរយៈ​សំណេរ​ពិត​របស់​អ្នកនិពន្ធ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.