ហេតុអ្វី​រដ្ឋា​ភិបាល​រៀប​ចំ​

ខែ​កក្កដា 10, 2017

លោក ឯម សុវណ្ណ​រ៉ា មានប្រសាសន៍៖ «កាលណា​មហាជន​នៅតែ​មិនសូវ​ចាប់អារម្មណ៍​រឿង​បុណ្យសព​ហ្នឹង​គឺជា​ការល្អ តែបើ​សិន​មហាជន​នៅតែ​ចាប់អារម្មណ៍​រឿង​បុណ្យសព​ច្រើន បានន័យថា​មហាជន​នៅតែ​ឲ្យ​តម្លៃ គិត​អំពី​នីតិវិធី​នៃ​ការផ្ដល់​យុត្តិធម៌​ដល់​គ្រួសារ​សព ឬ​ទាមទារ​ការឆ្លើយតប​ពី​រដ្ឋាភិបាល ឲ្យ​រកមុខ​អ្នក​ជាប់​ពាក់ព័ន្ធ ថ្វី​ត្បិត​ឃាតក​រកឃើញ​ហើយក៏​ដោយ »។

 

ហេតុអ្វីរដ្ឋាភិបាលរៀបចំពិធីអធិកអធម ចំថ្ងៃខួបមួយឆ្នាំរបស់លោក កែម ឡី ?

ដោយ៖ ឃី ពិសី

នា​ថ្ងៃទី ១០ កក្កដា នេះ​នៅ​ស្ទើរ​ទូទាំងប្រទេស ជាពិសេស​តាម ក្រសួង គ្រឹះស្ថានសិក្សា ទី​ស​ធា​រណៈ​ជាដើម គេ​ឃើញ​មានការ​ជួបជុំ​អបអរសាទរ​យ៉ាង​អធិកអធម ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​ខិតខំ​ដាក់​ប​ញ្ជូ​ល «សម្បូណ៌​ព្រៃ​គុក» ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

ជាការ​គួរកត់សម្គាល់​អង្គការ​យូណេស្កូ​បានដាក់​បញ្ចូល​ប្រាសាទ​នេះ តាំងពី​ថ្ងៃទី ៨ មកម្ល៉េះ ចុះ​ហេតុអ្វី​លោកនាយក​រដ្ឋមន្ត្រី ទើបតែ​ឲ្យ​គេ​រៀបចំ​ពិធី​នៅ​ថ្ងៃទី ១០កក្កដា ចំ​ថ្ងៃ​នៃ​ខួប ១ឆ្នាំ ដែល​លោក​បណ្ឌិត កែម ឡី ត្រូវគេ​បាញ់សម្លាប់​ទៅវិញ?

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណ​រ៉ា ឲ្យ​ដឹងថា សកម្មភាព​រៀបចំ​ពី​ធី​របស់​រដ្ឋាភិបាល អាចជា​វិធីសាស្ត្រ​បង្វែរ​ការចាប់អារម្មណ៍​របស់​មហាជន ក្នុង​ពី​ធី​រំលឹក​ខួប​លោក​បណ្ឌិត កែម ឡី មក​ការអបអរសាទរ​វិញ។ លោក​បន្តថា​ការធ្វើ​របៀបនេះ អាច​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ពលរដ្ឋ បំភ្លេច​ការទាមទារ​រ​ក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី។

លោក ឯម សុវណ្ណ​រ៉ា មានប្រសាសន៍៖ «កាលណា​មហាជន​នៅតែ​មិនសូវ​ចាប់អារម្មណ៍​រឿង​បុណ្យសព​ហ្នឹង​គឺជា​ការល្អ តែបើ​សិន​មហាជន​នៅតែ​ចាប់អារម្មណ៍​រឿង​បុណ្យសព​ច្រើន បានន័យថា​មហាជន​នៅតែ​ឲ្យ​តម្លៃ គិត​អំពី​នីតិវិធី​នៃ​ការផ្ដល់​យុត្តិធម៌​ដល់​គ្រួសារ​សព ឬ​ទាមទារ​ការឆ្លើយតប​ពី​រដ្ឋាភិបាល ឲ្យ​រកមុខ​អ្នក​ជាប់​ពាក់ព័ន្ធ ថ្វី​ត្បិត​ឃាតក​រកឃើញ​ហើយក៏​ដោយ »។

លោក​បន្ថែមថា​ក្នុងនាម​ជា​អាជ្ញាធរ​សាធារណៈ ជាពិសេស​គឺ​តុលាការ​គួរតែ​ស្រាយ​ចម្ងល់​របស់​មហាជន ចំពោះ​មន្ទិលសង្ស័យ​នៃ​ការធ្វើឃាត លោក​បណ្ឌិត កែម ឡី។ ព្រោះ​កន្លងមក​មតិ​ជាច្រើន​នៅតែ​អះអាងថា​អាច​នឹងមាន​អ្នកបញ្ជា​ពីក្រោយ។ លោក​សង្កត់ធ្ងន់ថា ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​ព្រងើយ​ចំពោះ​រឿងនេះ នឹង​នាំ​ឲ្យ​ពលរដ្ឋ​បាត់បង់​ជំនឿ ឬ​អាចឈាន​ទៅដល់​ការបាត់បង់​អំណាច​ជាមិនខាន។

គេ​នៅ​ចាំបាន​ថា​កាលពី​ថ្ងៃទី ១០ កក្កដា ឆ្នាំ ២០១៦ ម៉ោង​ប្រមាណ ១០ ព្រឹក លោក​បណ្ឌិត កែម ឡី ត្រូវបាន​ឃាតករ​ឈ្មោះ អឿ​ត អាង បាញ់សម្លាប់​នៅ​កណ្ដាល​ក្រុងភ្នំពេញ។ គេ​សង្កេតឃើញថា​ព្រឹត្តិការណ៍​បំបិតមាត់​អ្នក​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​រូបនេះ គឺ​បាន​កើតឡើង​ក្រោយពេល​លោក បានធ្វើ​អត្ថាធិប្បាយ​ចំពោះ​របាយការណ៍ «អាណាចក្រ​ជំនួញ​ត្រកូល ហ៊ុន» របស់​អង្គការ Global Witness ។

ការរៀបចំ​ពិធី​សប្បាយរីករាយ​នៃ​ការដាក់បញ្ចូល​ប្រាសាទ​សម្បូណ៌​ព្រៃ​គុក​របស់ រដ្ឋាភិបាល នៅពេលនេះ គឺ​ពិតជា «គាប់​ជួន​មិនគួរ​ឲ្យ​ជឿ គឺ​គាប់​ជួន​ទាំង ថ្ងៃខែ និង​ម៉ោង»។

ផ្អែក​តាម​លិខិត​ចំហរ​មួយ ដែលមាន​ហត្ថលេខា​របស់លោក ហ៊ុន សែន បានបញ្ជាក់​ឲ្យ​គ្រប់​ក្រសួង ខេត្ត​ក្រុង ស្រុក ខ័​ណ្ឌ សាលារៀន​វត្ត​អា​រ៉ា​ម ត្រូវ​រៀបចំ ទូងស្គរ ទះ​ប៉ោត គ្រប់​មធ្យោបាយ​ដែល​ខ្លួន​មាន គ្រប់កន្លែង​សាធារណៈ នៅ​ម៉ោង ១០ ព្រឹក នា​ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៧ ប្រកបដោយ​ទឹកចិត្ត​សប្បាយរីករាយ។

ក្នុង​លិខិត​ដដែល​នោះ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ដល់​គ្រប់​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ទាំងអស់ រាប់ទាំង ទូរទស្សន៍ វិទ្យុ ព័ត៌មាន ត្រូវ​ចូលរួម​សហការ​ផ្សព្វផ្សាយ ព្រឹត្តិការណ៍​ដាក់បញ្ចូល«ប្រាសាទ​សម្បូណ៌​ព្រៃ​គុក» នេះ​ឲ្យ​បាន​ទូលំទូលាយ និង​អធិកអធម​ជាទីបំផុត។

ជាការ​ឆ្លើយតប​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បានចាត់ទុក​ការលើកឡើង​របស់​អ្នកវិភាគ គឺ​គ្មាន​បំណងល្អ​នោះទេ ដែល​មិន​មើល​ពី​កិច្ចខិតខំ​របស់​រដ្ឋាភិបាល​ក្នុងការ​កសាង​ជាតិ។

លោក ផៃ ស៊ី​ផាន មានប្រសាសន៍ថា៖ «អ្នកវិភាគ​ហ្នឹង​គឺមាន​គំនិត​ទុច្ចរិត ហើយ​បំភ្លៃ​ការពិត ព្រោះ​វា​គ្រាន់តែ​ជាការ​ទូងស្គរ​អបអរសាទរ នៃ​ការដាក់​ប្រាសាទ​របស់​ខ្មែរ​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ហ្នឹង​មែន​ជា​រឿង​ថ្មី​ទេ»។

អ្នកនាំពាក្យ​រូបនេះ​ក៏បាន​បញ្ជាក់ដែរថា ការពន្យារពេល​នៃ​ការ​ប្រារព្ធ​ពិធី មិន​ធ្វើ​នៅ​ថ្ងៃ ៨ កក្កដា មក​ថ្ងៃទី ១០ វិញ​ក៏​ព្រោះតែ​រដ្ឋាភិបាល​ចង់ទុក​ពេល​ឲ្យ ក្រសួង ឬ​ស្ថាប័នរដ្ឋផ្សេងៗ មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ត្រៀមលក្ខណៈ​ជាមុន​ប៉ុណ្ណោះ។

ចំណែក​មន្ត្រី​អង្កេត​ផ្នែក​ច្បាប់​នៃ​អង្គការ​ខុមហ្វ្រែល លោក យឿ​ង សុធា​រ៉ា យល់ថា​រដ្ឋាភិបាល មាន​សិទ្ធិ​រៀបចំ​ពិធីធំៗរបស់​ជាតិ​បាន គឺ​ពុំ​មានរឿង​អ្វី​ចម្លែក​នោះទេ។ ប៉ុន្តែ​គោលបំណង​ពិតប្រាកដ​ក្នុងការ​រៀបចំ​ពិធី​នេះ គឹ​លោ​កនៅ​មិនទាន់​ដឹង​ច្បាស់ និង​អាច​សន្និដ្ឋានបាន​នៅឡើយ​ទេ។

និស្សិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ឆ្នាំ​ទី ៣ ដែលជា​អ្នក​សកម្ម​ក្នុងការ​តាមដាន​រឿងក្ដី​របស់លោក កែម ឡី គឺ​យុវជន បាប់ សំបូរ ឲ្យ​ដឹងថា បើ​ប្រៀបធៀប​គ្នា​រវាង ពិធី​ទាំងពីរ​នេះ  លោក​បញ្ជាក់ថា​ពលរដ្ឋ​ជាច្រើន​ហាក់​ចូលរួម​ជាមួយ​ពិធីបុណ្យ​លោក​បណ្ឌិត កែម ឡី ច្រើនជាង​ពិធីបុណ្យ​រដ្ឋាភិបាល បើទោះបីជា​ពិធី​នេះ​មិនមាន​ការផ្សព្វផ្សាយ​ដូច​ពិធី​អបអរ «ប្រាសាទ​សម្បូណ៌​ព្រៃ​គុក»ក៍ដោយ។

រហូតមកដល់​គំរប់​ខួប​មួយឆ្នាំ តុលាការ​កម្ពុជា នៅ​មិនទាន់​ស្វែងរក​ជន​ផ្សេង ក្រៅពី ជួប សម្លាប់ មក​ផ្ដន្ទាទោស​បាន​នៅឡើយ​ទេ។  សមាគម និង​អង្គការ​ជាតិ អន្តរជាតិ​ចំនួន១៦៤ បានស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ជុំវិញ​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវបាន​ឃាតករ​បាញ់សម្លាប់​កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១។ ការស្នើ​នេះ ដោយសារ​សមាគម អង្គការ​ជាតិ និង​អន្តរជាតិ​ទាំងនោះ​យល់ថា ការស៊ើបអង្កេត​កន្លង​ទៅ​របស់​តុលាការ មាន​តម្រុយ តិចតួច​ប៉ុណ្ណោះ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.