សាស្ត្រាចារ្យ​សិលា​ចារឹក

ខែ​កក្កដា 11, 2017

សម្បូ​ហ៌​ព្រៃ​គុក គឺជា​ចលនា​ហៅ​ជា​ភាសា​ខ្មែរ​សុទ្ធ ព្រោះ​ភាសា​ខ្មែរ​ងាយស្រួល​និយាយ ជាង​ពាក្យ​ដែល​យើង​យក​មកពី​បាលី សំស្ក្រឹត«ឦ​សា​បុ​រៈ» ដែលជា​ពាក្យ​បរទេស។

សាស្ត្រាចារ្យ​សិលា​ចារឹក៖​ ការ​ប្ដូរ​ឈ្មោះ​ពីឦសាបុរៈ​ មក​ជា​សម្បូណ៌​ព្រៃ​គុក ​គឺ​ជា​ចល​នា​ភា​សា​​ខ្មែរ​សុទ្ធ​

ដោយ៖ ដា​រ៉ា

ប្រាសាទ​សម្បូណ៌​ព្រៃ​គុក ដែល​ពលរដ្ឋ​កំពុង​ចម្រូងចម្រាស​រឿង សរសេរ​ឈ្មោះ​គុក និង​គុ​ហ៌ នោះ ពុំមាន​អ្នកស្រាវជ្រាវ​ណា​ម្នាក់​ដឹង​ទេ​ថា ហេតុ​អី​ពលរដ្ឋ​ជំនាន់​មុន​គាត់​ហៅថា សម្បូណ៌​ព្រៃ​គុក ដោយ​មិន​រក្សា​ឈ្មោះ​ដើម​ថា ឦសាន​បុ​រៈ?

ហេតុអ្វី​បានជា ឦសាន​បុ​រៈ ប្ដូរ​មកជា​សម្បូណ៌​ព្រៃ​គុក​វិញ?

ដើម្បី​ដឹង​ពី​ចម្លើយ​របស់​សំណេរ​ខាងលើ លោក​សាស្ត្រាចារ្យ សិលាចារឹក មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក សាស្ត្រាចារ្យ​យៀង វីរ​បុត្រ​លើកឡើងថា ឈ្មោះ​ឦសាន​បុ​រៈ​ដែល​បង្កើតឡើង​ដោយ​ព្រះមហាក្សត្រ​ពី​ដើម ហើយ​ប្ដូរ​មកជា​សម្បូណ៌​ព្រៃ​គុក គឺ​មិនមែន​មានតែ​ប្រាសាទ​មួយ​នេះ​ទេ​ដែល​គេ​ប្ដូរ​ឈ្មោះ។ តែ​ប្រាសាទខ្មែរ​ទូទាំងប្រទេស​ទាំងអស់​សុទ្ធតែ​មានឈ្មោះ​ពី​ភាសាសំស្ក្រឹត។ ហើយ​ឈ្មោះ​តាំងពី​សម័យបុរាណ​ត្រូវបាន​គេ​ប្ដូរ​ថ្មី​ទាំងអស់ ដើម្បី​បង្កើត​ភាពងាយស្រួល​សម្រាប់​ពល​រដ្ឋ​ទូទៅ ហៅ សរសេរ និង​ចងចាំ។

លោក​បន្តថា បុព្វហេតុ​នៃ​ការប្ដូរឈ្មោះ​នេះ ដោយសារ ហេតុផល​ទី១ ចលនា​នៃ​ការហៅ​ឈ្មោះ​ជា​ភាសា​ខ្មែរ មាន​ភាពងាយស្រួល​ជាង ភាសាបរទេស(ភាសាបាលី និង​សឹ​ស្ត្រឹ​ត)។ ទី២ ដោយសារ​ប្រាសាទ​ទាំងអស់​មានឈ្មោះ​សំស្ក្រឹត​តាំងពី​សម័យបុរាណ ហើយ​អ្នក​ដែល​កើត​ជំនាន់​ក្រោយ​មិនបាន​ដឹង ក៏​សន្ម​ត់​ហៅ​ឈ្មោះ​ប្រាសាទ​នោះ​ទៅតាម​គំនិត​របស់ខ្លួន។ សម្រេច​តាម​ការយល់ឃើញ​របស់​ខ្លួន​ទាក់ទង​ទៅនឹង​ធម្មជាតិ អភូតហេតុ​នៃ​ជំនឿ​ក៏​តាំង​ឈ្មោះ​ប្រាសាទរៀងៗខ្លួន​ទៅ ជាអាទិ៍ ប្រាសាទ​តា​មាន់ ប្រាសាទព្រះវិហារ​ដែល​គេ​យល់ថា ជា​កន្លែង​គោរពបូជា​ព្រះ ដ៏​ស័​ក្ត​សិទ្ធ​ក៏​ហៅថា​ព្រះវិហារ ដែល​ឈ្មោះ​ដើម​ហៅថា «ស្រី​សិខរី​ស្វរៈ»។ តែ​តាមពិត គឺ​សុទ្ធតែ​មានឈ្មោះ​ដើម​ផ្ទាល់​របស់​ប្រាសាទ​ទាំងនោះ។ នេះ​ជា​ចលនា​នៃ​ការហៅ​ឈ្មោះ​តាំងពី​ឈ្មោះ​បុរាណ​ពិតប្រាកដ មកជា​ពាក្យ​ខ្មែរ​ទំនើប។

លោក​សាស្ត្រាចារ្យ យៀង វីរ​បុត្រ បន្តថា ជាក់ស្ដែង​ដូចជា ការសរសេរ​ឈ្មោះ ប្រាសាទសម្បូរព្រៃគុក។ បើ​យើង​ចង់​កែ​ពាក្យ «គុក» ទៅជា «គុ​ហ៌» គឺ​យើង​នឹងត្រូវ​តែ​កែ​ឈ្មោះ​ប្រាសាទ​ផ្សេងទៀត​ដែល​គេ​សន្ម​ត់​សរសេរ​រួចហើយ​នោះដែរ។ ហេតុ​អី​ចង់​កែ​តែ​ឈ្មោះ​ប្រាសាទ​មួយ​នេះ ឬមួយ​យើង​ចង់​កែ​ទៅតាម​ការឃោសនា​របស់​អ្នកណាម្នាក់​ដែល​បាន​បកស្រាយ និង​យល់ថា​សមតា​ម​គំនិត​ខ្លួន? ចុះ​ប្រាសាទអង្គរវត្ត ដែលមាន​ឈ្មោះ​ដើម​ថា«វិស្ណុ​លោក» ហេតុ​អី​ក៏​មិន​ទាមទារ​កែប្រែ វិស្ណុ​លោក​ដែរ​ទៅ?  បញ្ហា​នេះ​ជា​រឿង​ពិបាក​មួយ​សម្រាប់​អ្នកកាន់ការ​ងារ​នេះ។

លោក​សាស្ត្រាចារ្យ យៀង វីរ​បុត្រ បញ្ជាក់ថា៖ «ខ្ញុំ​ក៏​មិន​ពេញ​ចិត្តនឹង​ការសម្រេច​នេះ​ឈ្មោះ នេះដែរ តែ​ក្នុងការ​សម្រេច​សរសេរ​ឈ្មោះ​នេះ គេ​ក៏​មិនបាន​សម្រេច​ដោយ​បុគ្គល​ម្នាក់​ដែរ គឺ​ខាង​ក្រសួង​គេ​សម្រេច​មក​បែបនេះ។ ហើយ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​ក៏​យកមក​ពិភាក្សាគ្នា​ឡើងវិញ ទើប​សម្រេច​សរសេរ​បែបនេះ ព្រោះ​គេ​មិនអាច​ទៅ​កែប្រែ​ឈ្មោះ​ភូមិ​ស្រុក​ដែល​ពលរដ្ឋ​ហៅ​និង​សរសេរ​មក​រួចហើយនោះ​ទេ។ បើ​គេ​កែ​ការសរសេរ​មួយ គឺ​ត្រូវតែ​កែ​ការសរសេរ​ឈ្មោះ​ភូមិ ស្រុក​បុរាណ​ដែល​គេ​សរសេរ​គុក​នេះដែរ ចឹ​ង​ហើយ​បានជា​យើង​គួរ​សរសេរ​តាម​អ្វីដែល​គេ​កំណ​ត់ទៅ ព្រោះ​គេ​មិន​ចេះតែ​កំណត់​តាម​ការយល់​របស់​បុគ្គ​ល​ម្នាក់​ឡើយ»។

លោក​បន្ថែមទៀតថា លោក​មិនទាន់​ឃើញ​ឯកសារ​មួយណា​បញ្ជាក់​ឱ្យ​ច្បាស់​ពី​មូលហេតុ​នៃ​ការហៅ​ឈ្មោះ​នេះ​ទេ។ ព្រោះ​ពលរដ្ឋ​ពី​ជំនាន់​ដើម​បាន​កំណាត់​ហៅ​ឈ្មោះ​នេះ​រួចមក ហើយ។ ដោយ​ពួកគាត់​យល់ថា ការហៅ​ឈ្មោះ​ជា​ភាសា​ខ្មែរ ងាយស្រួល​ហៅ​ជាង​ភាសាសំស្ក្រឹត។ ទន្ទឹម​នោះ អ្នក​ដែល​ប្រឹង​បញ្ចេញ​គំនិត​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពី​អំណះអំណាង​របស់ខ្លួន គ៏​ព្រោះតែ​ចង់​បង្ហាញថា​ខ្លួន​ចេះ និង​យល់​ត្រឹមត្រូវ​តែប៉ុណ្ណោះ។

លោក​សាស្ត្រាចារ្យ​លើក​ឡើ​ថា មែនទែនទៅ មាន​ប្រាំ​ពាក្យ​ដែល​គេ​និយម​ហៅ ទី១ ប្រាសាទ ទី២ ទេវស្ថាន ទី៣ គុហារ ទី៤ អាស្រម និង​ទី៥ កម្រ​កេង​ជកត។ ហើយ​ពាក្យ​ថា «កម្រ​កេង​ជកត» គឺ​គេ​និយម​ហៅ​កាលពី​សម័យអង្គរ។

លោក​សាស្ត្រាចារ្យ​បញ្ជាក់​បន្ថែមថា ការប្ដូរឈ្មោះ​ពី​ឦសាន​បុ​រៈ មកជា​សម្បូណ៌​ព្រៃ​គុក គឺ​ដោយសារតែ​យើង​ចង់​ប្រើប្រាស់​ភាសា​របស់​ខ្មែរ។ សម្បូ​ហ៌​ព្រៃ​គុក គឺជា​ចលនា​ហៅ​ជា​ភាសា​ខ្មែរ​សុទ្ធ ព្រោះ​ភាសា​ខ្មែរ​ងាយស្រួល​និយាយ ជាង​ពាក្យ​ដែល​យើង​យក​មកពី​បាលី សំស្ក្រឹត«ឦ​សា​បុ​រៈ» ដែលជា​ពាក្យ​បរទេស៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.