លោកផៃ ស៊ីផាន៖ ថាសង្គមស៊ីវិលយក

ខែ​កក្កដា 6, 2017

លោក ផៃ ស៊ី​ផាន មានប្រសាសន៍ថា៖ «ផ្អែកទៅលើ​ការពិសោធន៍​របស់ខ្ញុំ​ផ្ទាល់ ទី១ អង្គការ​មិនមែន​រដ្ឋាភិបាល​ហ្នឹង គឺ​ចាត់ទុក​រាជរដ្ឋាភិបាល​គឺ​ខ្មាំង តែម្ដង ។ ហើយ​អង្គការក្រៅរដ្ឋាភិបាល​ហ្នឹង យក​អន្តរជាតិ​ជា​ចៅហ្វាយនាយ»។

លោកផៃ ស៊ីផាន៖​ ថា​សង្គ​មស៊ីវិល​យក​រដ្ឋា​ភិបាល​ធ្វើ​ជា ​«ខ្មាំង»​​

ដោយ៖ ឃី ពិសី

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បាន​ព្រមានចំៗ ទៅលើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដោយ​ចាត់ទុក​ក្រុម​អង្គការ​ទាំងនោះ គឺជា​ភ្នាក់ងារ​រ​បស់បរទេស​ និង​យក​រដ្ឋាភិបាល របស់ខ្លួន​ធ្វើជា «ខ្មាំងសត្រូវ»។ ចំណែក​តំណាង​សង្គម​ស៊ីវិល និង​អ្នកវិភាគ ហាក់​មិនបាន​យល់​ដូច្នេះ​ទេ ព្រោះ​ពួកគេ​គិតថា​អង្គការ​សង្គម​ស៊ីវិល​គឺជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍ​ជាតិ។

ការលើកឡើង​របស់​ម​ន្ត្រី​បក្ស​កាន់អំណាច​រូបនេះ​ធ្វើឡើង​នៅក្នុង កិច្ចពិភាក្សា​មួយ​ស្ដីពី «លទ្ធផល​ក្រោយ​ឆ្នោត​ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ/សង្កាត់» រៀបចំ​ដោយ​វិទ្យា​សា្ថ​ន​ទំនាក់ទំនង​អន្តរជាតិ នា​ព្រឹក​ថ្ងៃទី ០៦ កក្កដា នៃ​រាជបណ្ឌិត្យសភាកម្ពុជា។

ថ្លែង​ទៅកាន់​អ្នកចូលរួម​ប្រមាណ ១០០នាក់ រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​ឲ្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បាន​ព្រមានធ្ងន់ៗ ទំនងជា​សំដៅ​ទៅលើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៃ «បន្ទប់​ស្ថានការណ៍» គឺជា​ភ្នាក់ងារ បម្រើ​បរទេស។ លើសពីនេះទៅទៀត​លោក​ថែមទាំង​បានដាក់​បន្ទុ្ក​កថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ គឺ​ក្រុម​មួយ​ដែល​យក​រដ្ឋាភិបាល​កម្ពុ​ជា​ធ្វើជា«ខ្មាំងសត្រូវ»។

លោក ផៃ ស៊ី​ផាន មានប្រសាសន៍ថា៖ «ផ្អែកទៅលើ​ការពិសោធន៍​របស់ខ្ញុំ​ផ្ទាល់ ទី១ អង្គការ​មិនមែន​រដ្ឋាភិបាល​ហ្នឹង គឺ​ចាត់ទុក​រាជរដ្ឋាភិបាល​គឺ​ខ្មាំង តែម្ដង ។ ហើយ​អង្គការក្រៅរដ្ឋាភិបាល​ហ្នឹង យក​អន្តរជាតិ​ជា​ចៅហ្វាយនាយ»។

លោក​ថែមទាំង​បាន​អះអាងថា លោក​មាន​ភស្តុតាង​បង្ហាញថា​ក្រុម​អង្គការ​នៃ​បន្ទប់​ស្ថានការណ៍​បាន​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​បក្សប្រឆាំង​ទៀតផង។

ជាការ​ឆ្លើយតប​មន្ត្រី​អង្កេត​ផ្នែក​ច្បាប់​នៃ​អង្គការ​ខុមហ្វ្រែល និង​ជា​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍ លោក យឿ​ង សុធា​រ៉ា ហាក់​មិនបាន​គាំទ្រ ចំពោះ​ពាក្យ ដែល​លោក ផៃ ស៊ី​ផាន អះអាងថា​ក្រុម​អង្គការ​សង្គម​ស៊ីវិល ចាត់ទុក​រដ្ឋាភិបាល​គឺជា ខ្មាំងសត្រូវ របស់ខ្លួន​នោះទេ។ ទោះបី​យ៉ាងនេះ​ក្ដី លោក​លើកឡើងថា បណ្ដុំ​អង្គការ​នៃ​បន្ទប់​ស្ថានការណ៍ គ្មាន​ចេតនា​អាក្រក់​ណាមួយ​ក្នុងការ​បំផ្លាញ​សន្តិភាព​របស់​រដ្ឋាភិបាល​ឡើយ ហើយអ្វីដែល​ធ្វើ​នេះ​គឺ​ដើម្បី​អ​ភ​វិ​ឌ្ឍ​ន៍​ជាតិប៉ុណ្ណោះ។

លោក យឿ​ង សុធា​រ៉ា បញ្ជាក់ថា៖ «ការចោទប្រកាន់ថា សង្គម​ស៊ីវិល មួយចំនួន​ជា សត្រូវ​របស់​រដ្ឋាភិបាល ខ្ញុំ​គិតថា​ពិតជា​មិន​សមរម្យ​នោះទេ ដោយសារតែ​បណ្ដុំ​អង្គការ​ទាំងអស់នេះ គឺ​សុទ្ធតែ​អាក្រក់។ បុព្វ​ហេតុដែល​ធ្វើ​ទាំងអស់នេះ គឺ​ដើម្បី​សន្តិភាព»

លោក​បន្ថែម ប្រសិនបើ​មាន​កំហុស​ខុសឆ្គង រដ្ឋាភិបាល​អាច​ហៅ​ក្រុម​អង្គការ​សង្គម​ស៊ីវិល មក​ពិភាក្សា​ផ្ដោះ​ប្ដូរ​យោបល់​គ្នា​បាន​ជៀសវាង​ការចោទប្រកាន់​ណាមួយ​មកលើ ក្រុម​អង្គការ​សង្គម​ស៊ីវិល។

ផ្ទុយទៅវិញ​មន្ត្រីជាន់ខ្ពស់​បក្ស​កាន់អំណាច លោក ឈឹម ផល​វរុណ ហាក់​មិន​ចាត់ទុក​ការលើកឡើង​របស់លោក យឿ​ង សុធា​រ៉ា សុទ្ធ​តែមាន​ភាពត្រឹមត្រូវ និង​បំណងល្អ​ទាំងអស់​នោះទេ។ មន្ត្រី​បក្ស​កាន់អំណាច​រូបនេះ​បន្តថា មាន​អង្គការ សង្គម​ស៊ីវិល​មួយចំនួន​បាន​អះអាងថា​ខ្លួន​ធ្វើ​នេះ​គឺមាន​បំណងល្អ ឬ​ជា​ចេតនា​ល្អ តែ​បែរជា​អង្គការ​ទាំងនោះ​មិន​គោរព​ច្បាប់​ទៅវិញ។ លោក​សង្កត់ធ្ងន់ថា បើសិនជា​ក្រុម​អង្ក​ការ ពិត​ជាមាន​ចេតនា​ល្អ​ឬ​ចង់​ជួយ​អភិវឌ្ឍន៍​ជាតិ​មែន គឺ គោរព​តែ​ច្បាប់​ទៅគ្រប់​គ្រាន់​ហើយ។
ទោះបីយ៉ាងណា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក យង់ ពៅ ឲ្យ​ដឹងថា ទាំង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ត្រូវតែ​រួមគ្នា​គោរព​ច្បាប់ ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ នោះ​ទើប​សង្គម​កម្ពុជា​អាច​អភិវឌ្ឍន៍​លឿន​ទៅបាន៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.