លោកហ៊ុន សែន​៖ គ្មាន​នរណា​ម្នាក់​មាន​សមត្ថភាព

ខែ​មិថុនា 2, 2017

លោក ​ហ៊ុន សែន​៖​ គ្មាន​​នរណា​​ម្នាក់​​មាន​​សមត្ថ​ភាព​​​ អា​ច​ជំនួស​​តំ​ណែង​​លោក​​បាន​​នោះទេ​​

ដោយ៖ រ័ត្ន សុភ​ក្តិ

លោក​ហ៊ុន សែន អះអាងថា លោក​មិនអាច​ចុះ​ចេញពី​តំណែង​បានទេ ដោយ​សារ​​មិនទាន់​ឃើញ​បុគ្គល​ណា​ម្នាក់ ដែលមាន​សមត្ថភាព​ពិតប្រាកដ ដើម្បី​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី នៅ​កម្ពុជា​ជំនួស​រូបលោក​នោះទេ។ ការលើកឡើង​នេះ ធ្វើឡើង​ក្នុងឱកាស​ដង្ហែរ​ក្បួន​ឃោសនា របស់​គណបក្សកាន់អំណាច កាលពី​ព្រឹក ថ្ងៃទី២ មិថុនា ស្ថិតនៅលើ​ដងផ្លូវ​ព្រះមុនីវង្ស ក្នុង​ខណ្ឌដូនពេញ ភ្នំពេញ។ ប៉ុន្តែ​អ្នកវិភាគ​យល់ថា ការអះអាង​របស់លោក​នាយករដ្ឋមន្ត្រី ហាក់​មិន​យល់​ពី​អត្ថន័យ នៃ​ពាក្យ​សង្គម​លទ្ធិប្រជាធិបតេយ្យ និង​មិនទាន់​ស្គាល់​ខ្លួនឯងបាន​ច្បាស់លាស់​នៅឡើយ។

លោក ហ៊ុន សែន ថ្លែង​ទៅកាន់​អ្នកគាំទ្រ​ថា កន្លងមក​បាន​លោក​រួមចំណែក នូវ​កម្លាំងកាយ ចិត្តជា​ច្រើន ដើម្បី​ប្រែក្លាយ​ប្រទេស ឱ្យមាន​ការអភិវឌ្ឍ​គ្រប់​វិស័យ និង​រក្សាសុខ​សន្តិភាព សេរីភាព​ពេញលេញ ដល់​ពលរដ្ឋ​កម្ពុជា។

លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍ថា ៖ « ខ្ញុំព្រះករុណា ខ្ញុំ​បាន​កាន់​មុខតំណែ​ង​​ជា​នាយករដ្ឋមន្ត្រី​ជាង៣០ឆ្នាំ​ហើយ តាំងពី​វ័យ៣២ឆ្នាំ គឺ​ពាក់កណ្តាល​ជីវិត។ តាំងពី​ជា​នាយករដ្ឋមន្ត្រី ដែល​ក្មេង​ជាងគេ ហើយក៏​ក្លាយជា​នាយករដ្ឋមន្ត្រី ដែល​បានធ្វើ​នាយករដ្ឋមន្ត្រី ដែល​យូរ​ជាងគេ​នៅលើ​ពិភពលោក។  ខ្ញុំព្រះករុណា ខ្ញុំ​ក៏​ចង់រក​ប្តូរ​តំណែង ក៏ប៉ុន្តែ​ពេលនេះ ប្រសិនបើ​ខ្ញុំ ព្រះករុណា​ខ្ញុំ ដកខ្លួន​ចេញ​ភ្លាម តើន​រណា​ទៅ មានលទ្ធភាព ដើម្បី​ត្រួតត្រា​ជំនួស​ខ្ញុំ ព្រះករុណា​ខ្ញុំ?»។

លោក ហ៊ុន សែន បន្ថែមថា ការដែល​លោក​អាចឈរជើង​ជា​នាយករដ្ឋមន្ត្រី បាន​រយៈពេល​យូរ​នេះ ក៏​ព្រោះ​តែមាន​ព្រះ​សា​ម្មា​សាម​ពុទ្ធ​ជា​អ្នក​ផ្តល់នូវ​សុខភាព​ដ៏​រឹងមាំ ដើម្បី​បន្ត​រួមចំណែក​ដឹកនាំ​ប្រទេស ឱ្យ​ឈានទៅរក​សុខសន្តិភាព​ជា​និរន្ត។

ចំណែក​អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ លោក​បណ្ឌិត សូ ចន្ថា ប្រាប់​សារព័ត៌មាន​តោះ​អាន ឱ្យដឹងថា សង្គម​ប្រជាធិបតេយ្យ​គឺ​ត្រូវមាន​ការផ្លាស់ប្តូរ​អំណាច​ពី​គណបក្ស​មួយ ទៅ​គណបក្ស​មួយ អាស្រ័យទៅលើ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការផ្តល់​សន្លឹកឆ្នោត។

ហើយ​បច្ចុប្បន្ន កម្ពុជា​មិន​ខ្វះ​ធនធានមនុស្ស ដែលមាន​សមត្ថភាព​ពិតប្រាកដ អាចដឹកនាំ​ប្រទេស​ឱ្យមាន​ភាព​រីកចម្រើន​បាន។

លោក​បណ្ឌិត សូ ចន្ថា មានប្រសាសន៍ថា ៖ «មាន​បណ្ឌិត មាន​អ្នកសិក្សា​ស្រាវជ្រាវ មាន​អ្នកចេះដឹង​ច្រើនណាស់។ ហើយ​ខ្ញុំ​គិតថា អ្នក​ដែលក្មេងៗ ជំនាន់​ក្រោយ​ទាំងអស់នោះ ហើយ​មាន​សមត្ថភាព​ដឹកនាំ​ប្រទេស​រីកចម្រើន​ជាង​មុន​ផង បើ​យើង​ពិនិត្យ​ជាទូទៅ​នោះ​បាទ»។

អ្នកវិភាគ​ប​ញ្ហ​សង្គម និង​នយោបាយ រូបនេះ បញ្ជាក់ថា អ្នកនយោបាយ​ខ្មែរ​គួរ​ហ៊ាន ទទួលយក​ការផ្លាស់ប្តូរ​ប្រកប ដោយ​វិជ្ជមាន ហើយ​វប្បធម៌​តួឯក​ត្រូវ​បញ្ចប់​។ នៅលើ​ពិភពលោក​នេះ គ្មាន​នរណា ដែល​អមតៈ​នោះទេ ដូច្នេះ​អ្នកនយោ​បាយ​​​ព្យាយាម​គិត ធ្វើយ៉ាងណា​បង្កើត គោលនយោបាយល្អៗ ក្នុងការ​ប្រកួត​ប្រជែង​គ្នា ដើម្បី​ផលប្រយោជន៍​ជាតិ ជៀសវាង​ប្រើពាក្យ​គំរាម ឬ​ធ្វើ​ច​រិ​ក​តួឯក ព្រោះ​ហួស​សម័យ​ហើយ។

ទាក់ទង​នឹង​ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី ខាងដើម​នេះ សារព័ត៌មាន​តោះ​អាន មិនអាច​សុំ​ការ ឆ្លើយតប​ពី​អ្នកនាំពាក្យ គណបក្ស​សង្គ្រោះ​ជាតិ លោក​យឹម សុវណ្ណ បាន​នៅឡើយ​ទេ ដោយសារ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នកទទួល។

យ៉ាងណាក៏ដោយ ការឃោសនាបោះឆ្នោត ត្រូវបាន​កំណត់​ឲ្យ​ធ្វើ​រយៈពេល​១៤ថ្ងៃ មុន​ថ្ងៃ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ ទី០៤ មិថុនា​ខាងមុខនេះ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.