យុទ្ធសាស្ត្រ​ចិន​គឺ យក​កម្ពុជា​

ខែ​សីហា 7, 2017
Politic-News1
khmer

បច្ចុប្បន្ននេះ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ហាក់​មាន​ភាពស្និទ្ធស្នាល​ជាខ្លាំង​ជាមួយ រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ បើតាម​ការអះអាង​រប​ស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ឆ្នាំ ២០១៦ បាន​បញ្ជាក់ថា ចិន​នឹង​ផ្ដល់​លុយ​ឥត​សំណង ៦០០លាន​ដុល្លារ​មក​កម្ពុជា។

យុទ្ធសាស្ត្រ​ចិន​គឺ យក​កម្ពុជា​ការពារ​វៀត​ណា​ម

ដោយ៖ ឃី ពិសី

បច្ចុប្បន្ននេះ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ហាក់​មាន​ភាពស្និទ្ធស្នាល​ជាខ្លាំង​ជាមួយ រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ បើតាម​ការអះអាង​រប​ស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ឆ្នាំ ២០១៦ បាន​បញ្ជាក់ថា ចិន​នឹង​ផ្ដល់​លុយ​ឥត​សំណង ៦០០លាន​ដុល្លារ​មក​កម្ពុជា។ ចំនួន​នេះ​នៅ​មិនទាន់​គិត​បំណុល​ដែល​រដ្ឋាភិបាល​របស់​គ​ណ​បក្ស​កាន់អំណាច ជំពាក់​ចិន ហើយ​ត្រូវបាន​លោក ស៊ីជី​ង​ពីង សម្រេច​លុបចោល​នោះទេ។ ទោះបី​យ៉ាងនេះ​ក្ដី​មុននឹង​ឈានដល់​ដំណាក់កាល​នៃ​ទំនាក់ទំនង​ស្អិតរ​មួ​ត​នេះ កម្ពុជា និង​ចិន ធ្លាប់​ហែល​ឆ្លង​ប្រវត្តិសាស្ត្រ​ជាមួយគ្នា​ច្រើន​អន្លើ​ណាស់​មកហើយ។

ផ្អែក​តាម​និក្ខេបបទ​ថ្នាក់បណ្ឌិត​ឆ្នាំ ២០១៥ របស់លោក​សាស្ត្រាចារ្យ ប៊ុន ធឿន ដែលជា​អតីតមន្ត្រី​រាជបណ្ឌិតសភា បាន​រំលឹកថា​មូលហេតុ​ដែល​ចិន​ផ្ដើម​ទំនាក់ទំនង​ការទូត​បែប​យុទ្ធសាស្ត្រ​ជាមួយ​កម្ពុជា គឺ​ចិន​ចង់​ឲ្យ​កម្ពុជា ប្រឡូក​ក្នុង​ភ្លើងសង្គ្រាម​វៀតណាម   (១៩៥៤-១៩៧៥) ។ ក្នុងន័យ​នេះហើយ ទើប​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច សីហនុ សម្រេច​ជួយ ហូ ជី​មិញ បណ្ដេញ​ពួក​ប្រទេស​មហាអំណាច​លោក​សេរី​ចេញពី​អាស៊ី មាន អាមេរិក បារាំង អង់គ្លេស ជាដើម។

គេ​នៅ​ចាំបាន​ថា បារាំង​បាន​ទន់​ដៃ​រួចទៅហើយ​មុននឹង​ធ្វើសង្គ្រាម​ជាមួយ​កងទ័ព​វៀត​មិញ ព្រោះ​បារាំង​ដែល​កាលណោះ​ទើប ចាញ់​សង្គ្រាម​ជាមួយ​អាល្លឺម៉ង់(១៩៤៤) គ្មាន​កម្លាំង​ខ្លាំង​ដើម្បី​ទប់ទល់​ជាមួយ​ពួក​វៀត​មិញ ម្ចាស់​ស្រុក​នោះទេ។ ដោយ​មើលឃើញ​ពី​ស្ថានការណ៍​បែបនេះ ប្រទេស​បារាំង បានប្រគល់​ឯករាជ្យ​ទាំង​បង្ខំ​ទៅ​ឲ្យ​កម្ពុជា និង​ឡាវ ក្នុងអំឡុង​ឆ្នាំ ១៩៥៣ និង​បើក​ឲ្យ​មា​នស​ន្និសិទ​ចរចា​មួយ​ផងដែរ។

នៅក្នុង​ស​ន្និសិទ​នោះ ចិន​បានផ្ដល់​ទំនុកចិត្ត​ដល់​កម្ពុជា ឲ្យ​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន​ធ្វើការ​ចរចា​ជាមួយ​ពួកវៀ​ត​មិញ។  ចាប់ពីពេលនោះ​មក​ចិន​ចាប់ផ្ដើម​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​យ៉ាង​ឆាប់រហ័ស​មក​ក្នុង​តំបន់​ឥណ្ឌូចិន ជាពិសេស​មកលើ​កម្ពុជា​របស់​សម្ដេច សីហនុ។ ព្រោះ​ចិន​មិនអាច​ឈានទៅ​គ្រប់គ្រង​វៀតណាម​បានទេ បើ​គ្មាន​កម្ពុជា និង​ម្យ៉ាង​ដោយសារ​វៀតណាម​មាន សហភាពសូវៀត​គាំទ្រ ផងដែរ។

នៅក្នុង​ការធ្វើទំនាក់ទំនង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តែងតែ​អះអាង​ម្ដង​ហើយ​ម្ដងទៀត នូវ​ការគាំទ្រ​របស់ខ្លួន​ជានិច្ច​ចំពោះ កម្ពុជា ប្រឆាំង នឹង​ការឈ្លានពាន​របស់​អាមេរិក និង​វៀតណាម​ខាងត្បូង តាមរយៈ​ជំនួយ​សេដ្ច​កិច្ច យោធា ចាប់តាំងពី​ឆ្នាំ ១៩៦៤ ។ ប៉ុន្តែ​ក្រោយពី​រដ្ឋប្រហារ​ថ្ងៃ ១៨ មីនា ១៩៧០ ជំហរ​ចិន​បាន​ប្រែប្រួល​ក្នុងការ​គាំទ្រ​សម្ដេច សីហនុ។

តាមរយៈ​សៀវភៅ «Le Mal Cambodgien របស់ Marie Alexandrine Martin បាន​រំលឹក​ពី​ថ្នាក់ដឹកនាំ​ចិន​នៅពេលនោះ ដោយបាន​ប្រាប់​សេនាប្រមុខ លន់ នល់  ថា «ការ​ដួល​រំលំ​របស់​សម្ដេច សីហនុ ជា​កិច្ចផ្ទៃក្នុង​មួយ បើសិនជា​លោក សុខចិត្ត​យល់ព្រម​ផ្ដល់​ការគាំទ្រ​ផ្នែក​ការទូត និង​ដឹកជញ្ជូន​សម្ភារៈ​សឹក​ឲ្យ​ពួក​អ្នក​ប្រយុទ្ធ​វៀត​មិញ»។

ប៉ុន្តែ​លោក លន់ នល់ បាន​បដិសេធចោល​នូវ​សំណើ​ទាំងនេះ ហើយ​ក្រុង​ប៉េកាំង​ខឹងសម្បារ​យ៉ាងខ្លាំង រួច​ផ្ដាច់ទំនាក់ទំនង​ទូត​នៅពេលនោះ​តែម្ដងទៅ ដោយ​ងាក​មក​អោបក្រសោប​ជាមួយ​ពួក​ចលនា​កុម្មុយនីស្ត​ខ្មែរក្រហម​វិញ។

ក្នុងពេល​វៀតណាម​កំពុង​ធ្វើសង្គ្រាម​ដ៍​ខ្លាំងក្លា​ជាមួយ​អាមេរិក អំឡុង​ទសវត្សរ៍​ទី ៦០ និង ៧០ ចិន​នៅតែ​ព្យាយាម​អូសទាញ​វៀតណាម តាមរយៈ​ជំនួយ​ដែរ។ គ្រាន់តែ ២០ឆ្នាំ​ដំបូង​នៃ​ទំ​នក់​ទំនង រវាង​ចិន និង​វៀតណាម ក្នុង​ឆ្នាំ ១៩៧៨ ជំនួយ​ជាង ១៤ពាន់​លាន​ដុល្លារ​ត្រូវបាន​ចិន​ឲ្យ​ទៅ​វៀតណាម​ដើម្បី​ធ្វើសង្គ្រាម…។
ទាំងនេះ​គឺ​គ្រាន់តែ​ជា​ទំនាក់ទំនង​ខ្លះ ៗ រវាង​ប្រទេស ចិន កម្ពុជា  វៀតណាម ប៉ុណ្ណោះ យ៉ាងណាមិញ​នៅ​អត្ថបទ​ក្រោយ​សារព័ត៌មាន​តោះ​អាន នឹង​លើកយក​យុទ្ធសាស្ត្រ រវាង​ចិន វៀតណាម ចំពោះ​កម្ពុជា មក​បង្ហាញ​ជា​បន្តបន្ទាប់​ទៀត៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.