មូល​ហេតុ​​អី​​បាន​​អ្នក​និពន្ធ​ខ្មែរ​​សព្វថ្ងៃ​មិន​សូវ​​បញ្ចេញស្នាដៃ​​របស់​ខ្លួន?​

ខែ​កក្កដា 14, 2017

លោក​ យូ សុភា​បញ្ជាក់ថា៖ «ផល​ពិបាក​ដែល​អ្នកនិពន្ធ​មាន​គឺ​ធ្វើឱ្យ​ពួកគាត់​អស់​ទឹកចិត្ត​នឹង​ចេញ​ស្នាដៃ ទាំង​ខ្ញុំ ទាំង​គេ។ តែ​ចំពោះ​អ្នក​ដែល​និពន្ធ​ស្នាដៃ​សម្រាប់​ប្រព័ន្ធ​អន​ឡាញ គឺ​មិនជា​បញ្ហា​អ្វី​ទេ ពួកគាត់​នៅតែមាន​ស្នាដៃ​ចេញ​រហូត​តាម​ភាពទំនើប​នៃ​សង្គម»។

មូល​ហេតុ​​អី​​បាន​​អ្នក​និពន្ធ​ខ្មែរ​​សព្វថ្ងៃ​មិន​សូវ​​បញ្ចេញស្នាដៃ​​របស់​ខ្លួន?​

ដោយ៖ ដា​រ៉ា

កម្ពុ​ជានា​រយៈពេល​ចុងក្រោយ​នេះ មាន​សភាព​ស្ងប់ស្ងាត់​ខ្លាំង​លើ​ផ្នែក​តែង​និពន្ធ។ អ្នកនិពន្ធ​ភាគច្រើន ហាក់​មិន​អើពើ​នឹង​ស្លាប​ប៉ា​ការបស់​ខ្លួន​ទេ។ នេះ​ជាហេតុ​ធ្វើឱ្យ​អ្នកអាន និង​អ្នកសិក្សា​មាន​ចម្ងល់​ថា ហេតុអ្វី​បានជា​ការនិពន្ធ​នៅ​កម្ពុ​ជាមាន​ភាពស្ងប់ស្ងាត់​បែបនេះ?

ឆ្លើយតប​នឹង​ចម្ងល់​ខាងលើ អ្នកនិពន្ធ​ប្រលោមលោក លោក​យូ សុភា មានប្រសាសន៍ប្រាប់​សារព័ត៌មាន តោះ​អាន ថា សព្វថ្ងៃ​ទីផ្សារ​សៀវភៅ​មានការ​ធ្លាក់ចុះ ដោយ​ពលរដ្ឋ​ងាក​មក​អាន​តាមរយៈ​ហ្វេ​ស​ប៊ុ​ក តាម​អ៊ី​ន​ធើ​ណេ​ត អន​ឡាញ ជាហេតុ​នាំឱ្យ​ការ​កាន់​សៀវភៅអាន​ត្រូវបាន​កាត់បន្ថយ។

លោក​បន្ដថា ចំពោះ​បញ្ហា​នេះ សូម្បីតែ​ទស្សនា​វ​ដ្តី​ក៏ត្រូវ​បិតទ្វារ​ច្រើន​ដែរ។ នេះ​ជា​របត់​របស់​សង្គម ដោយ​យើង​មិនអាច​បញ្ឈប់​បានទេ ។ មិន​ខុសពី​សម័យមុន​ទេ ដើម្បី​ថតរូប​បាន​ទាល់​តែមាន​ហ្វីល តែ​សម័យនេះ​មានតែ​ទូរ​ស័​ព្ធ​មួយ​ក្នុង​ដៃ​ក៏​ថតរូប​មក​ផ្ដិត​បាន​ហើយ។

លោក​យូ សុភា​បញ្ជាក់ថា៖«ផល​ពិបាក​ដែល​អ្នកនិពន្ធ​មាន​គឺ​ធ្វើឱ្យ​ពួកគាត់​អស់​ទឹកចិត្ត​នឹង​ចេញ​ស្នាដៃ ទាំង​ខ្ញុំ ទាំង​គេ។ តែ​ចំពោះ​អ្នក​ដែល​និពន្ធ​ស្នាដៃ​សម្រាប់​ប្រព័ន្ធ​អន​ឡាញ គឺ​មិនជា​បញ្ហា​អ្វី​ទេ ពួកគាត់​នៅតែមាន​ស្នាដៃ​ចេញ​រហូត​តាម​ភាពទំនើប​នៃ​សង្គម»។

លោក យូ សុភា​បន្ថែមទៀតថា ត្បិតតែ​អ្នកនិពន្ធ​សៀវភៅ​លើ​អន​ឡាន​មិនជា​បញ្ហា​មែន តែ​ពួកគាត់​មានតែ​ស្នាដៃ ដោយ​មិនមាន​កេរ្តិ៍ឈ្មោះ​លើ​សៀវភៅ​ទេ។ សម្រាប់​អ្នកអាន ទោះ​អាន​តាមរយៈ​អ្វី​ក៏ដោយ​ក៏​ទទួលបាន​ចំណេះដឹង​ដូចគ្នា ដោយ​មិនចាំបាច់​អាន​ពី​សៀវភៅ​ឡើយ។ វត្ថុបំណង​របស់​អ្នកនិពន្ធ គឺ​គ្រាន់តែ​ចង់ឱ្យ​អ្នកអាន​បាន​មើល បាន​អាន​ស្នាដៃ​របស់ខ្លួន ហើយ​យកទៅ​អភិវឌ្ឍ​ខ្លួន​ពួកគេ​ប៉ុណ្ណោះ។
ទាក់ទិន​នឹង​ការលើកឡើង​នេះ អ្នកលក់​សៀវភៅ​នៅក្រោយ​សាលា​វិទ្យាល័យ​ស៊ីសុវត្ថិ អ្នកស្រី អ៊ី​បូរ៉ា សុ​ភាវ​តី និយាយថា សៀវភៅ​ថ្មី​មិនសូវមាន​ទេ ហើយក៏​លក់​មិនសូវ​ដាច់​ដូច​ពីមុន​ដែរ។ នេះ​ក៏​ជា​បញ្ហា​សម្រាប់​អ្នកលក់​ដែរ ព្រោះ​សៀវភៅ​ទុក​យូរ ហើយ​លក់​មិន​ចេញ តែបើ​លក់​ចេញ​មានតែ​សៀវភៅ​ដែលជា​តម្រូវការ​របស់​សិស្ស​ប៉ុណ្ណោះ។

អ្នកស្រី​បន្តថា ចំពោះ​យុវជន​ភាគច្រើន ពួកគេ​ចូលចិត្ត​ទិញ​ប្រលោមលោក​ទៅ​អាន មិន​ថា​ប្រលោមលោក​ខ្មែរ ឬ​កូរ៉េ​ទេ។ ប្រសិនបើ​អ្នកនិពន្ធ​មិនមាន​ស្នាដៃ​ចេញ អ្នកលក់​ក៏​គ្មានអ្វី​លក់​ដែរ យូរៗទៅ​លក់​តែ​សៀវភៅចាស់ៗ  ហើយ​តម្លៃ​ត្រូវ​កប់​ចោល។

ចំពោះ​បញ្ហា​នេះ អ្នកវិភាគ​បញ្ហា​សង្គម លោក​បណ្ឌិត សេង សារី មានប្រសាសន៍ថា បញ្ហា​នេះ​ជា​កត្តា​ប្រឈម​ធំ​ណាស់​សម្រាប់​អ្នកនិពន្ធ។ យើង​មិនអាច​ទៅ​ទប់​និន្នាការ​នៃ​ការអាន​សៀវភៅ ឬ​អាន​រឿង​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​បានទេ។ នៅមាន​មនុស្ស​មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​ចូលចិត្ត​អាន​តាម​សៀវភៅ។ ដូច្នេះ​មានតែ​ពង្រឹង​ច្បាស់​កម្ម​សិទ្ធ​បញ្ញា​ត្រឹមត្រូវ ដើម្បី​កុំឱ្យ​គេ​យក​ស្នាដៃ​ទៅ​បង្ហោះ​ផ្ដេសផ្ដាស​បាន។

លោក​បន្ដថា រឿងនេះ​នឹង​ប៉ះពាល់​ដល់​ការលើកទឹកចិត្ត​អ្នកនិពន្ធ​ក្នុងស្រុក​ខ្លាំង។ បញ្ហា​នេះ​មានតែ​រដ្ឋ​ទេ​ដែល​អាច ជួយ​ពង្រឹង និង​រក​មធ្យោបាយ​ជួយ​បង្កើន​ការនិពន្ធ​យើង​បាន។ ក្រសួង​ដែល​ពាក់ព័ន្ធ​គួរតែ​លើកទឹកចិត្ត​អ្នកនិពន្ធ​ខ្មែរ​តាមរយៈ​ការពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​ពលរដ្ឋ ឈប់​ចម្លង ឬ​កូ​ពី​លក់​បន្ត​ស្នាដៃ​ដែលមាន​កម្ម​សិទ្ធ​បញ្ញា​ត្រឹមត្រូវ។

លោក​បណ្ឌិត​សេង សារី​បញ្ជាក់ថា៖«បើ​អាន​តាម​អ៊ី​ន​ធើ​ណេ​ត ពលរដ្ឋ​គួរ​ជួយ​អាន​ស្នាដៃ​ដែលមាន​ប្រភព​ត្រឹមត្រូវ ហើយ​គួរ​លើកទឹកចិត្ត​អ្នកនិពន្ធ​ខ្មែរ​ដោយ​ទិញ​សៀវភៅ​មក​អាន ជាជាង​អាន​តាម​អន​ឡាញ»។

ការអាន​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ធ្វើឱ្យ​អ្នកនិពន្ធ​បាត់បង់​ឱកាស​បញ្ចេញស្នាដៃ​របស់ខ្លួន​នៅលើ​ក្រដាស​សៀវភៅ ដែលជា​បញ្ហា​របស់​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​រក​ដំណោះស្រាយ។ ចំណែកឯ​ពលរដ្ឋ​ដែល​ចូលចិត្ត​អាន​តាម​អន​ឡាញ ក៏​គួរតែ​ជ្រើសរើស​ស្នាដៃ​ដែលមាន​កម្ម​សិទ្ធ​បញ្ញា​ច្បាស់លាស់ ដើម្បីឱ្យ​អ្វីដែល​ខ្លួន​អាន​មាន​ប្រយោជន៍​សម្រាប់​ខ្លួនឯង៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.