ភាពតានតឹងនៅកូរ៉េ​ខាង​ជើង​បណ្ដាល​ឲ្យ​ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង

ខែ​មេសា 18, 2017

ភាពតានតឹងនៅកូរ៉េ​ខាង​ជើង​ បណ្ដាល​ឲ្យ​ពលករ​ខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង ​កើត​ក្ដី​ព្រួយ​បារម្ភ​

ដោយ៖ ថា​ន ល​ក្ម្សី

នៅពេល​ចុង​ក្រោយនេះ សភាពការណ៍​នយោបាយ​អន្តរជាតិ កាន់តែ​មាន​ភាព​ក្ដៅគគុក​​ឡើង ​ជា​ពិ​សេស​​នោះ ​គឺ​​សភាព​ការណ៍​នៅ​ឧបទ្វីប​កូរ៉េ រវាង​កូរ៉េខាងជើង និង​អាមេរិក។ ទោះបី​ជា​ព្រឹត្តិការណ៍​អន្តរជាតិ​ក៏ដោយ តែ​ក៏មាន​ការព្រួយបារម្ភ​ខ្លះ​ដែរ ពី​សំណាក់​ប្រជាជន​កម្ពុជា។

ការព្រួយបារម្ភ​របស់​ប្រជាជន​កម្ពុជា គឺ​ដោយសារ​តែមាន​ពលរដ្ឋ​កម្ពុជា​រាប់សែន​នាក់ ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​កូរ៉េខាងត្បូង។ កូរ៉េខាងត្បូង​ជា​ប្រទេស ដែល​នៅជាប់​របង​គ្នា​ជាមួយនឹង​កូរ៉េខាងជើង។ បើសិនជា​កូរ៉េខាងជើង មាន​បញ្ហា​អ្វី នោះ​កូរ៉េខាងត្បូង ក៏​អាចមាន​បញ្ហា​ខ្លះ​ដែរ។

ស្រប​ពេលដែល​ប្រទេស​កូរ៉េខាងជើង កំពុង​តែមាន​បញ្ហា​ជាមួយនឹង​សហរដ្ឋ​អាមេរិក ហើយ​មានការ​បង្ហាញ​សាច់ដុំ​ផ្នែក​សព្វាវុធ​ដាក់គ្នា​បែបនេះ តើ​ប្រជា​ពលរដ្ឋ ដែល​ធ្វើ​ចំណាកស្រុក ទៅ​រស់នៅ ឬ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង កើតក្ដី​ព្រួយបារម្ភ​យ៉ាងណាខ្លះ?

មាន​សម្បុរ​សណ្ដែកបាយ រាង​ខ្ពស់ស្រឡះ លោក សីហា វ័យ ២១ឆ្នាំ ជា​ពលករ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​ឲ្យ​ដឹងថា ភាព​តានតឹង ដែល​កំពុងតែ​មាននៅ​កូរ៉េខាងជើង ជាមួយ​អាមេរិក​នេះ បានធ្វើ​ឲ្យ​លោក ក៏ដូចជា​ពលករ​ដទៃ​ទៀត មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង។ ឆ្លើយតប​ជាមួយ​សារព័ត៌មាន​តោះ​អាន តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម លោក​សីហា លើកឡើងថា មិនមែន​តែ​ពលករ​ខ្មែរ​នោះទេ តែ​ពលករ​មកពី​ប្រទេស​ដទៃទៀត ក៏មាន​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​ដូចគ្នា។

លោក សីហា បញ្ជាក់ថា៖ «ដោយសារតែ​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង នៅជាប់​គ្នា ដូច្នេះ​ខ្ញុំ​ពិតជា​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ខ្លាំងណាស់ មិនមែន​មានតែ​ខ្ញុំ​ទេ ដែល​ព្រួយបារម្ភ សូម្បីតែ​ពលករ​ប្រទេស​ដទៃទៀត ក៏​ព្រួយបារម្ភ​ដូចគ្នា ហើយ​

ចង់​ឲ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​តាមដាន​លើ​បញ្ហា​នេះ​ឲ្យ​បាន​ខ្ពស់ ដើម្បី​ធ្វើយ៉ាងណា អាចជួយ​ពលរដ្ឋ​ដូច​ពួក​ខ្ញុំ​បាន​ទាន់ពេលវេលា»

លោក​សីហា បើទោះជា​មានការ​ភ័យខ្លាច​បែបនេះ​ក៏ដោយ ក៏​លោក​បញ្ជាក់ថា នៅពេលនេះ លោក​មិនទាន់មាន​គម្រោង​ចង់​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​នោះទេ។ ដោយសារ​លោក​ចាំមើល​ការវិវត្ត​ទៅមុខទៀត​សិន និង​ណាមួយ​ការងារ​នៅទីនេះ បាន​ជួយ​សម្រួល​ដល់​ជីវភាព​គ្រួសារ​របស់លោក​បាន​ច្រើន។

ដោយឡែក​លោក​ប៊ុន​លីម វ័យ ២៥ឆ្នាំ ជា​ពលករ​ចំណាកស្រុក ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ដែរនោះ បាន​លើកឡើងថា តំបន់​ដែល​លោក​ធ្វើការ នៅ​ឆ្ងាយ​ពី​ព្រំដែន​កូរ៉េខាងជើង ដូច្នេះ​នៅ​មិនទាន់មាន​ការតក់ស្លុត ឬ​ភ័យព្រួយ​ខ្លាំង​នោះទេ ពាក់ព័ន្ធ​បញ្ហា​កូរ៉េខាងជើង។

លោក ប៊ុន​លីម បញ្ជាក់ថា៖ «រឿង​កូរ៉េខាងជើង​ហ្នឹង តំបន់​ខ្ញុំ រស់នៅ ដូចជា​មិនទាន់មាន​ការព្រួយបារម្ភ​អី​នោះទេ ព្រោះថា​ជា​តំបន់​ដែល​នៅ​ឆ្ងាយ​ពី​ព្រំដែន​កូរ៉េខាងជើង អ៊ី​ញ្ចឹ​ង​ទោះ​មានរឿង​អី ក៏​អាចមាន​សុវត្ថិភាព​ច្រើន​ដែរ។ តែ​យ៉ាង​ណា បើសិនជា​រដ្ឋាភិបាល យកចិត្តទុកដាក់​តាម​ដាន​ស្ថានការណ៍​ឲ្យ​ទាន់​ពេលវេលា ដើម្បី​ជួយ​ដល់​ពលករ ក្នុងករណី​ណាមួយ​នោះ នោះ​ពិតជា​ល្អ​ខ្លាំងណាស់»

ក្រៅពី​ការព្រួយបារម្ភ​របស់​ព​លករ​ខ្លួនឯង​ផ្ទាល់ ឪពុកម្ដាយ​របស់​ពល​ករ​ចំណាកស្រុក​ទាំងនោះ​ក៏មាន ការព្រួយបារម្ភ​ដែរ។ ព្រួយបារម្ភ​ខ្លាច​មាន​ករណី​ផ្ទុះ​ហិង្សា​ណាមួយ​កើតឡើង​រវាង​ប្រទេស​ទាំងពីរ កូរ៉េខាងជើង និង​អាមេរិក។ ជាក់ស្ដែង​អ្នកស្រី សេង វន ជា​អ្នក​ខេត្ត​ត្បូងឃ្មុំ និង​ជា​ម្ដាយ​របស់​ពលករ​ចំណាកស្រុក ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​សម្ដែង​ការព្រួយបារម្ភ​ខ្លាំង​ចំពោះ​កូន ពេលខ្លះ​អ្នកស្រី ពិតជា​ចង់​ឲ្យ​កូន​ត្រឡប់មក​ប្រទេស​វិញ​ណាស់។

អ្នកស្រី សេង វន បញ្ជាក់ថា៖ «បារម្ភ​នោះ ពិតជា​បារម្ភ​ខ្លាំង​ហើយ កូន​ទៅ​នៅ​ឆ្ងាយ ហើយ​ឮ​ព័ត៌មាន​គេ​ថា អា​ប្រទេស​ជិតគ្នា​ហ្នឹង វា​កំពុងតែ​ជិត​មាន​សង្គ្រាម​ផង មិនដឹង​យ៉ាងម៉េច​ទេ។ ពេល​កូន​វា​តេ​មក សួរ​វា​ដែរ ថា​នៅ​ខាង​ហ្នុ​ង​ម៉េច​ហើយ កូន​ថា​មិនទាន់​អី​ទេ ម៉ែ​កុំ​ភ័យ។ ហ៊ើយ….បើតាម​ចិត្ត​ចង់​ឲ្យ​តែ​កូន​មក​នៅ​ស្រុក​វិញ ព្រោះ​ខ្លាច​កូន​មាន​បញ្ហា។ អា​រឿង​សង្គ្រាម​ហ្នឹង ខ្ញុំ​ឆ្អែតឆ្អន់​ហើយ អ៊ី​ញ្ចឹ​ង​មិន​ចង់​ឲ្យ​កូន​ជួប​រឿង​អ៊ី​ញ្ចឹ​ង​ទេ តែ​ជឿ​តាម​កូន​ថា​មិន​អី មិន​អី​អ៊ី​ញ្ចឹ​ង​ទៅ»

ការលើកឡើង​របស់​អ្នកស្រី សេង វន ប្រហែលជា​មិន​ខុសគ្នា​ជាមួយនឹង​អ្នក​ម្ដាយ ឬ​លោកឪពុក​ផ្សេងទៀត ដែល​មានកូន​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ឡើយ។ ក្រៅពី​ការព្រួយបារម្ភ​របស់​ក្រុមគ្រួសារ​ពលករ​ផ្ទាល់ ភាគី

រដ្ឋាភិបាល ក៏បាន​បង្ហាញ​ពី​ការព្រួយបារម្ភ​លើ​សុវត្ថិភាព​របស់​ពលក​រ​កម្ពុជា ដែល​ធ្វើការ​នៅ​ទីនោះ​ផងដែរ។

ជាក់ស្ដែង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅក្នុង​ថ្ងៃ​សម្ភោ​ធ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ បាន​ទទូច​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​កូរ៉េខាងជើង និង​អាមេរិក ងាក​រក​តុ​ចរចា​គ្នា ដើម្បី​បញ្ចៀស​នូវ​សង្គ្រាម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក និង​សន្តិភាព សម្រាប់​ប្រជាជាតិ​ដទៃទៀត ក្នុង​ពិភពលោក​នេះ។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បាន​លើកឡើងថា ប្រទេស​កម្ពុជា​ពិតជា​មានការ​ព្រួយបារម្ភ​ពី សុវត្ថិភាព​របស់​ពល​ករ​នៅ​ប្រទេស​កូរ៉េខាងត្បូង ជាពិសេស​គឺ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ស្នើសុំ​រួចហើយ​ឲ្យ​មាន​ការចរចា​គ្នា​ជៀសវាង​ជម្លោះ​កើតឡើង និង​ត្រៀមខ្លួន ដើម្បី​ជួយ​ពលករ​កម្ពុជា។

លោក ផៃ ស៊ី​ផាន បញ្ជាក់ថា៖ «ប្រទេស​កម្ពុជា បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​ជម្លៀស​ពលករ​កម្ពុជា ចេញពី​តំបន់ ដែល​អាច​ប្រឈម​នឹង​អំពើហិង្សា​បាន»

បន្ទាប់ពី​មានការ​លើកឡើង​ពី​ប្រមុខ​រដ្ឋាភិបាល​រួចមក នៅ​ថ្ងៃទី១៦ ខែមេសា លោក អុិត សំហេង​ រដ្ឋ​មន្ត្រី​ក្រ​សួង​​ការ​ងារ​​ខ្មែរ​ បាន​ទៅ​ជួប​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅ​ទីនោះ។ ក្រៅពី​ជួប​ជាមួយ​ពលករ​ខ្មែរ លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ដល់​រដ្ឋាភិបាល​កូរ៉េខាងត្បូង ចំនួន ៧ ចំណុច ដើម្បី​ជួយ​សម្រួល​ឲ្យ​ពលករ​កម្ពុជា ដែល​កំពុង​បម្រើ​ការងារ​នៅ​ទីនោះ ឲ្យ​ទទួលបាន​នូវ​ការធានារ៉ាប់រង​សុខុមាលភាព​សង្គម​កាន់​តែ​ប្រសើរ។ ការស្នើសុំ​យ៉ាង​ដូច្នេះ ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា និង​ប្រធាន​អង្គការ​សុខុមាលភាព និង​គ្រោះថ្នាក់​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ។

វត្តមាន​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា នៅ​កូរ៉េខាងត្បូង ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ត្រូវបាន​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លើកឡើងថា «គឺជា​សារ​មួយ ដើម្បី​បញ្ជាក់​ជូន​ឪពុកម្តាយ និង​ក្រុមគ្រួសារ​របស់​ពលករ ស្ត្រី​រៀបការ​ស្វាមី​កូរ៉េ​ថា នៅ​សាធា​រណរដ្ឋ​កូរ៉េ​ផ្ទាល់ គឺមាន​សុវត្ថិភាព ហើយ​ប្រជាពលរដ្ឋ​កូរ៉េ មិនមាន​ការព្រួយ​បា​រម្ភ​អ្វីមួយ​ឡើយ។ រាជរដ្ឋាភិបាល មានការ​តាមដាន យ៉ាង​យកចិត្តទុកដាក់​អំពី​ការវិវត្ត នៅក្នុង​ឧបទ្វីប​កូរ៉េ និង​បាន​ត្រៀម​នូវ​វិធីសាស្ត្រ​ចាំបាច់ សម្រាប់​គ្រប់គ្រង​សុវត្ថិភាព​ប្រជាពលរដ្ឋ​យើង​នៅទីនេះ ស្របទៅតាម​ការវិវត្ត​ជាក់ស្តែង។ ហេតុ​ដូច្នេះ សូម​សាធារណជន ជាពិសេស​ឪពុកម្តាយ និង​ក្រុមគ្រួសារ​ពលករ មេត្តា​រក្សា​ស្ថានភាព ស្ងៀមស្ងាត់ និង​កុំ​ព្រួយបារម្ភ ចំពោះ​ស្ថានភាព​តានតឹង​នៅទី​នេះ​»៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.