ព្រះសង្ឃ​ ចង់ឃើញ​បដា​ព្រះពុទ្ធ​សាសនា​

ខែ​ឧសភា 7, 2017

ព្រះសង្ឃ​ ចង់ឃើញ​បដា​ព្រះពុទ្ធ​សាសនា​ តាម​ទីសា​ធារណៈ​ជា​ជាង​ ស្លាក​ស្រា​បៀរ​

ដោយ៖ ថា​ន ល​ក្ម្សី

នៅក្នុង​ឳ​កាស​បុណ្យពិសាខបូជា កាន់តែ​ខិតជិត​មកដល់ ព្រះសង្ឃ និង​អ្នកវិភាគ បាន​បង្ហាញ​​ចំណាប់​អារម្មណ៍​​ថា​ បើ​សិន​ជា​​រដ្ឋាភិបាល​លើក​ស្លាក​សញ្ញា ឬ​ផ្ទាំង​បដា នៃ​ព្រះពុទ្ធ​ប្រវត្តិ ច្រើន​តាម​ដងផ្លូវ នោះ​ពិតជា​ល្អ​ខ្លាំងណាស់។  កាល​លើក​ឡើង​បែបនេះ ដោយសារតែ​ព្រះសង្ឃ និង​អ្នកវិភាគ​មើលឃើញថា ការ​ដាក់​​ផ្ទាំង​បដា​នៅតាម​ដងផ្លូវ​ភាគច្រើន គឺ​សុទ្ធតែ​ផ្សព្វផ្សាយ​ស្រា​បៀរ ដែលជា​ប្រភព​នៃ​បញ្ហា នៅក្នុង​សង្គម​កម្ពុ​ជានា​ពេលបច្ចុប្បន្ន។

ព្រះ​ភិក្ខុសង្ឃ ថា​ន សុថៀ​វ គង់នៅ​វត្ត​ទួល​សង្កែ មាន​ថេរៈ​ដីកា​រថា ការផ្សព្វ​ផ្សាយ​​​​ស្រា​បៀរ​នាពេល​បច្ចុប្បន្ននេះ គឺ​ផុសផុល​ខ្លាំងណាស់ មិន​ថា​តាម​ស្ថានីយ៍​ទូរទស្សន៍ វិទ្យុ ឬ​ចង​បដារ នៅតាម​ដងផ្លូវ​នោះទេ។ ព្រះ​តេជគុណ​បានបញ្ជាក់​ទៀតថា ប្រទេស​កម្ពុ​ជាមាន​អ្នក​កាន់​ព្រះពុទ្ធសាសនា​រហូត ដល់ ៩៥ភាគរយ តែ​អ្នក​ដែល​ប្រតិបត្តិ តាម​ធម៌​វិន័យ​គឺមាន​ប្រមាណ៦០ភារ​យ​ប៉ុណ្ណោះ។  ដូច្នេះ​បើសិនជា​រដ្ឋាភិបាល បង្កើន​ការផ្សព្វផ្សាយ នោះ​ប្រជាពលរដ្ឋ អាច​នឹង​ចាប់​អារម្មណ៍ ព្រះពុទ្ធសាសនា​បាន​ច្រើនជាង​មុន​មិន​ខាន។

ភិក្ខុសង្ឃ ថា​ន សុថៀ​វ បញ្ជាក់ថា បុណ្យ​វិសាខបូជា មាឃបូជា គឺ​ពិតជា​សំខាន់​ខ្លាំងណាស់​នៅ​ប្រទេស​របស់​យើង ដែលជា​ប្រទេស​កាន់​ព្រះពុទ្ធសាសនា។ តែ​បុណ្យ​ទាំងនេះ​មិនសូវមាន​ការផ្សព្វផ្សាយ ឬ​ដាក់​ផ្ទាំង​ប៉ាណូ​នោះទេ ទើបតែ១ឆ្នាំ ២ឆ្នាំ​ចុង​ក្រោយនេះ មាន​ខេត្ត​មួយចំនួន​បាន​ចង​បដារ​ប៉ុណ្ណោះ។

ភិក្ខុសង្ឃ ថា​ន សុថៀ​វ បញ្ជាក់ថា៖ «អាត្មា​ចង់​សូម​ដល់​រដ្ឋាភិបាល មាន​ដាក់​ផ្ទាំង​ប៉ាណូ មាន​រូប​ព្រះពុទ្ធ​ប្រសូត ត្រាស់ដឹង និង​បរិ​និ​ពា​ន្ត​ជាដើម។

ការដាក់​ផ្ទាំង​ប៉ាណូ​នេះ អាត្មា​គិតថា​លើក​តំកើង​ព្រះពុទ្ធសាសនា ព្រោះ​តាម​មាត្រា៤៣នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែងថា ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ»

ការ​ចង់ឃើញ​ផ្ទាំង​បដា​ព្រះពុទ្ធសាសនា នៅតាម​ដងផ្លូវ​ឲ្យ​ច្រើន​នេះ ត្រូវបាន​ព្រះ​តេជគុណ គឹម កឿង យល់ឃើញថា អាចជួយ​ឲ្យ​ប្រជាពលរដ្ឋ ចាប់​អា​ម្មណ៍​លើ​ព្រះពុទ្ធសាសនា​បាន​ច្រើន ជាពិសេស​ពិធីបុណ្យធំៗរបស់​សាស​នេះ។ ហើយ​​ការដែល​ដាក់​ផ្ទាំង​ស្រា​បៀរ​នៅតាម​ដងផ្លូវ ដល់​កន្លែង​មួយចំនួន​មាន​ដាក់​ស្លាក​ស្រា​បៀរ កាត់​ទទឹងផ្លូវ​ក៏មាន។ នៅពេលដែល​ព្រះសង្ឃ​ឆ្លងកាត់​ស្លាក​ស្រា​បៀរ​ទាំងនោះ ធ្វើ​ឲ្យ​ខូច​តម្លៃ​នៃ​ព្រះពុទ្ធសាសនា​ទៀតផង។

ព្រះ​តេជគុណ គឹម កឿង បញ្ជាក់ថា៖ «ការធ្វើ​ផ្ទាំង​ប៉ាណូ​របស់​ព្រះពុទ្ធសាសនា​នេះ គឺ​វា​ល្អ​ខ្លាំងណាស់ ហើយ​យើង​មិនមែន​ដាក់​វារ​ហូត​ឯណា មិន​ដូច​ស្រា​បៀរ​ដែល​គេ​ទិញ​ផ្ដាច់មុខ​ដើម្បី​ដាក់​ផ្លាក​របស់គេ។ តែ​យើង​ដាក់​តែ​ពេល​បុណ្យ​ម្ដងម្កាល​ហ្នឹង​តើ តែ​បើសិនជា​បានដាក់​រហូត​ក៏​វា​ល្អ​ដែរ ដាក់​ព្រះ​ពុទ្ធរូប​អញ្ចឹង​ទៅ​វា​ល្អ យើង​កាន់​ព្រះពុទ្ធសាសនា។

កម្ពុជា​ត្រូវបាន​គេ​លើកឡើងថា មាន​ប្រជាជន​កាន់​ពុទ្ធសាសនា​រហូតដល់​៩៥​ភាគ​រ​យ ដែលមាន​ច្រើនជាង​ប្រទេស​ថៃ។ នៅ​ថៃ​មាន​អ្នក​កាន់តែ៩៣ភាគរ​យ​ប៉ុណ្ណោះ តែ​ប្រទេស​ថៃ បានរៀបចំ​ពិធី​នេះ​បុណ្យពិសាខបូជា​នេះ​ផុសផុល​ជាង​នៅ​ប្រ​ទេស​​កម្ពុជា។ នេះ​បើតាម​ការបញ្ជាក់​ពី​ព្រះ​តេជគុណ​ហាស​កោ ម៉ឺ​ត​កែវ​សុខ គង់នៅ​វត្ត​ទួល​សង្កែរ។ ព្រះ​តេជគុណ​ខាងលើ​បាន បន្ថែមទៀតថា រដ្ឋាភិបាល​គួរតែ ធ្វើ​ឲ្យ​សាសនា និង​រដ្ឋ​ដើរ​ទន្ទឹមគ្នា។

ព្រះ​តេជគុណ​ហាស​កោ ម៉ឺ​ត កែវ​សុខ៖ «កាលណា​ដែល​រដ្ឋ​យកចិត្តទុកដាក់ សាសនា​ជាមួយនឹង​រដ្ឋ វា​ជាប់​ស្អិត​ជាមួយគ្នា​នោះ សាសនាព្រះពុទ្ធ​នៅ​កម្ពុជា​នឹង​កាន់តែ​ផុសផុល ជាង​សៀម​ទៅទៀត។ បើតាម​អាត្មា​មើលឃើញ ការផ្សព្វ​ផ្សាយ​​ស្រា​បៀរ មានការ​ផ្សព្វផ្សាយ​ផុសផុល​ខ្លាំង​មែនទែន ងាកឃើញៗ ហេតុ​អី​បានជា​យើង​មិន​ដាក់ ឧទាហរណ៍​បើ​យើង​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា យើង​មិន​ដាក់​ផ្លាក​ព្រះពុទ្ធ​ទៅ

ព្រះអង្គ​មាន​ថេរៈ​ដីការ​បន្តថា បើ​ឃើញថា​មិន​សម​យើង​ដាក់​អី​ផ្សេង​ទៅ ដូចជា​រូប​អង្គរវត្ត និមិត្តរូប​ដូចជា​សញ្ញា​លើកតម្កើង​ប្រទេសជាតិ​របស់​យើង ជា​វប្បធម៌ អរិយធម៌​របស់​យើង​ទៅ? យើង​ចាំបាច់​ទៅ​ដា​ក់អី​ពួក​អាហ្នឹង ពួក​អា​នឹង​ជា​ពួក​បំផ្លាញ​សេចក្ដីសុខ បំផ្លាញ​នូវ​ប្រយោជន៍​របស់​យើង​តើ យើង​ទៅ​ដាក់​លើកតម្កើង​វា​ធ្វើ​អី?

ទាក់ទិន​ទៅនឹង​ការលើកឡើង​របស់​សម​ណៈ​និង​ភិក្ខុសង្ឃ​នេះ អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម​លោក​បណ្ឌិត មាស នី លើកឡើងថា ការស្នើ​ឲ្យ​មានការ​ដាក់​ផ្លាក និង​បដារ ពី​សាសនាព្រះពុទ្ធ នៅតាម​ទីសាធារណៈ​នៅតាម​ដងផ្លូវ​នេះ គឺ​ពិតជា​ល្អ​ខ្លាំងណាស់។ លោក​បន្តថា ជាជាង​ការបង្ហាញ​ស្រា​បៀរ​ដែលជា​ប្រភព​បញ្ហា​របស់​សង្គម។ តែ​ដើម្បី​ឲ្យ​ពុទ្ធសាសនា​ទទួល​បានកា​រ​ចាប់អារម្មណ៍​ពី​យុវវ័យ​ឲ្យ​បាន​ច្រើន​លោក​បណ្ឌិត មាស នី ថា​មានតែ​រដ្ឋាភិបាល បង្កើន​ការ​យកចិត្តទុកដាក់ បន្ថែមទៀត​ជាមួយ​ក្រសួង​វប្បធម៌ និង​សមត្ថភាព​របស់​ព្រះសង្ឃ​ផ្ទាល់។

លោក​បណ្ឌិត មាស នី បញ្ជាក់ថា៖ «ក្រសួង​វប្បធម៌​គឺជា​ក្រសួង​ដែលមាន​អទិ​ភាព​​ជាងគេ​។ ព្រោះ​​ពុទ្ធ​សាសនា ​នៅក្នុង​​បាវ​ចនា​​គឺ ​បាន​​ដាក់ថា​សាសនា​ជា​សាសនា​របស់​រដ្ឋ មាន​ជាតិ សាសនា ព្រះមហាក្សត្រ។  តែ​សាសនា​ហាក់ដូចជា​រដ្ឋាភិបាល​មិនសូវ​បាន​យកចិត្តទុកដាក់ ហើយ​ផ្ដល់​ឳ​កាស​ក្រៅពី​រឿង​មានតែ​ការ ជួយ​សង់​វត្ត​អារាម​អី​នោះទេ»

លោក​បណ្ឌិត មាស នី បន្តថា ដើម្បី​ឲ្យ​វត្តនីមួយៗមានដំណើរ​ការ​មានគុណ​ភាពល្អ​នោះ លោក​ហាក់ដូចជា​មិនសូវមាន​ឃើញ​ការ​ខំប្រឹងប្រែង​ពី​រដ្ឋាភិបាល​នោះទេ។ ជាមួយគ្នា​នោះ​ក៏​ពាក់ព័ន្ធ​ទៅនឹង​សមត្ថភាព​របស់​ព្រះសង្ឃ លោក​យល់ឃើញថា ត្រូវធ្វើ​យ៉ាងណា ធ្វើជា​គម្រូរ​ល្អ របស់​ប្រជាពលរដ្ឋ។ ព្រោះ​វត្ត​អារាម​មិនមែន​ត្រឹមតែ​ជាទី​សក្ការៈ​នោះទេ តែ​វត្ត​អារាម​ក៏​ជា​កន្លែង​មួយ​ដែល​ឲ្យ​ពលរដ្ឋ​មក​រៀនសូត្រ​តាម​ផងដែរ។

បុណ្យពិសាខបូជា​នៅពេល​ខាងមុខនេះ ត្រូវបាន​ពុទ្ធសាសនិក​យល់ឃើញថា មាន​សារៈសំខាន់​ខ្លាំងណាស់​ចំពោះ​ពុទ្ធសាសនា។ ដោយសារតែ​បុណ្យ​នេះ ជាការ​រំលឹក​ដល់​ថ្ងៃ​ដែល​ព្រះពុទ្ធ​ប្រសូត ត្រាស់ដឹង និង​បរិ​និ​ពា​ន្ត។ ពិធីបុណ្យ​ពិសាខបូជា មិនមែន​ប្រារព្ធ តែ នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ។ តែ​បុណ្យ​នេះ ត្រូវបាន​អង្គការសហប្រជាជាតិ ដាក់បញ្ចូល ជា​ថ្ងៃបុណ្យ​នៃ​សាសនាព្រះពុទ្ធ​ទូទាំង​ពិភពលោក ដោយ​តម្រូវឱ្យ​ប្រទេស​កាន់​ព្រះ​សាសនាព្រះពុទ្ធ ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ពិសារ​បូជា​ទាំងអស់គ្នា៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.