បទយកការណ៍៖​ កសិករ​វ័យ​ចំណាស់​ព្រួយ​បារម្ភ​

ខែ​ឧសភា 11, 2017

បទយកការណ៍៖​ កសិករ​វ័យ​ចំណាស់​ព្រួយ​បារម្ភ​ពីការថយ​ចុះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​

ដោយ៖ រង្សី

កសិករ​វ័យ​ចំណាស់​ជាច្រើន​បានលើកឡើង​ថា ចំនួន​កសិករ ពិសេស​យុវជន​នៅតាម​ទីជនបទ​ដែល​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម កំពុង​ថយចុះ​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ កសិករ​វ័យ​ចំណាស់​ទាំងនោះ​បារម្ភ​ថា ប្រសិនបើ​ចរន្ត​នៃ​កម្លាំ​ង​​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​នេះ​នៅតែ​បន្ត​ធ្លាក់ចុះ អាច​នឹង​បង្ក​ជា​ក្តីបារម្ភ​ដល់​លទ្ធភាព​ផ្គត់ផ្គង់​ស្បៀងអាហារ និង​អាច​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា។

កសិករ​វ័យ​ចំណាស់​ជាច្រើន​អះអាងថា កង្វះ​ទុន កង្វះ​ប្រព័ន្ធធារាសាស្ត្រ និង​ការ​គាំទ្រ​ផ្នែក​លក់​ផលិតផល​កសិកម្ម គឺជា​មូលហេតុ​សំខាន់​ក្នុងចំណោម​មូលហេតុ​ជាច្រើន ដែល​ជំរុញ និង​កំពុង​គំរាមកំហែង​ឲ្យ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​នៅ​ទីជនបទ ថយចុះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

ជាងនេះទៀត កសិករ​វ័យ​ចំណាស់​ក៏​យល់ថា ផលប៉ះពាល់​ពី​ការថយចុះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម ក៏បាន​ក្លាយជា​បញ្ហា​ចោទ ដែលជា​ហេតុ​បណ្តាល​ឲ្យ​កសិករ​មួយចំនួនធំ​ក្លាយជា​កូនបំណុល​របស់​ធនាគា​រ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា ដែល​ត្រូវ​ប្រឈម​ខ្វះ​ប្រាក់​បង្វិល​សង​ម្ចាស់បំណុល ឬ​នឹង​អាច​ត្រូវ​ធនាគារ​រឹបអូស​ទ្រព្យ​បញ្ចាំ​ពី​ការខ្ចីប្រាក់​ក៏មាន។

ក្នុង​វ័យ​ជាង ៦០ឆ្នាំ បុរស​ម្នាក់​ដែលមាន​ស្បែក​ជ្រីវជ្រួញ មុខជាំ​ខ្មៅ​ដោយអន្លើៗ លោក ម៉េ​ត មឿ​ន នៅ​ភូមិ​រការ​កោង២ ស្រុក​មុខកំពូល ខេត្តកណ្តាល ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅ​ទីជនបទ អ្នក​ដែលមាន​កម្លាំង​ពលកម្ម​នៅក្នុង​ភូមិ​ជាច្រើន បង្ខំចិត្ត​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ទីក្រុង​ភ្នំពេញ និង​ទៅ​ក្រៅប្រទេស ជាដើម។ ជាក់​ស្តែង គ្រួសារ​ខ្លះ​នៅក្នុង​ភូមិ​របស់លោក ធ្លាប់​តែមាន​សមាជិក​យ៉ាងតិច ៥នាក់​ធ្វើ​កសិកម្ម ប៉ុន្តែ​ឥឡូវ​សល់​ត្រឹមតែ ២នាក់​ប៉ុណ្ណោះ ហើយ​ភាគច្រើន​ជា​មនុស្ស​ចាស់​។ លោក​ថា ករណី​ថយចុះ​កម្លាំង​ពលកម្ម​ក្នុង​ការងារ​កសិកម្ម មកពី​កត្តា​បី​សំខាន់ គឺ​កង្វះ​ទុន កង្វះ​ទឹក និង​កង្វះ​ទីផ្សារ៖ «និយាយ​ការពិតទៅ របរ​កសិកម្ម​នេះ បច្ចុប្ប​ន្ន​​ឃើញតែចាស់ៗ កសិករ​ជួប​បញ្ហា​ជា​រៀងរាល់ថ្ងៃ។ ចឹ​ង​គ្រួសារ​កសិករ​ខ្លះ​បង្ខំចិត្ត​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ទៅ​ថៃ ទៅ​កូរ៉េ ម៉ាឡេស៊ី ខ្លះទៅ​បើកឡាន និង​ធ្វើ​សំណង់​ឲ្យ​ក្រុមហ៊ុន ខ្លះទៅ​ភ្នំពេញ​ចឹ​ង​ទៅ »

កសិករ​វ័យ​ចំណាស់​ម្នាក់នេះ​បារម្ភ​ថា នៅពេល​កម្លាំង​ពលកម្ម ពិសេស​យុវជន​គេច​ចេញពី​ការងារ​កសិកម្ម បញ្ហា​នេះ នឹង​នាំ​ហានិភ័យ​ដល់​វិស័យ​កសិកម្ម និង​ការផ្គត់ផ្គង់​អាហារ​នៅ​កម្ពុជា ទៅ​ថ្ងៃ​អនាគត ។ ហេតុនេះ លោក​ស្នើ​ឲ្យ​រដ្ឋាភិ​បាល គួរ​មាន​កញ្ចប់​ទុន​ជាក់លាក់​ណាមួយ​ជួយ​ដោះស្រាយ​ក្នុង​តំបន់​ណា​ដែល​មាន​ការថយចុះ​កម្លាំង​ពលកម្ម​ច្រើន ដើម្បី​ទាក់ទាញ​យុវជន និង​អ្នកមាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់ ងាក​មក​ធ្វើ​ការងារ​កសិកម្ម​វិញ៖ «ប្រសិនបើ​រដ្ឋាភិបាល​ចេះ​ទម្លាក់​ទុន ឬ​ថវិកា​ខ្លះមក​ឲ្យ​ឃុំខ្លាំងៗ ផ្តល់​តម្លៃ​ទីផ្សារ​ផលិតផល​កសិកម្ម​សម​រម្យ​ជូន​កសិករ  ផ្តល់​វគ្គប​ណ្តុះ​ជូន​កសិករ​ឲ្យ​យល់​ពី​បច្ចេកទេស​ទៅ ខ្ញុំ​ជឿ​អ្នក​ដែល​ចំណាកស្រុក​គាត់​នឹង​ត្រឡប់មក​ស្រុក ធ្វើ​ការងារ​កសិកម្ម​វិញ​ហើយ»

ទន្ទឹមគ្នានេះ កសិករ​ស្ត្រី​វ័យ​ចំណាស់​មកពី​ខេត្តកណ្តាល ម្នាក់ទៀត អ្នកស្រី ម៉ា ម៉េ​ត ព្រួយបារម្ភ​ដែរ​ថា បច្ចុប្បន្ន កសិករ​នៅ​ទីជនបទ​នៅតែ​ធ្វើស្រែ​តាម​ទម្លាប់​បុរាណ។ ធ្វើ​កសិកម្ម​រំពឹង​ទឹកភ្លៀង ឬ​ហៅថា​កសិកម្ម​ប្រវាស់​មេឃ​នោះ។ លោកស្រី​បន្តថា ទម្លាប់​ទាំងនេះ​មិនបាន​ផ្តល់​ផលចំណេញ និង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម​នោះទេ វា​កាន់តែ​ឲ្យ​កសិករ​បែរ​ចេញពី​ការងារ​នេះ​កាន់តែច្រើន​ទៅវិញ។

កសិករ​វ័យ​ចំណាស់​រូបនេះ ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ប្រព័ន្ធធារាសា​ស្ត្រ​​​ឲ្យ​បាន​គ្រប់គ្រាន់ ព្រោះ​កម្ពុជា គឺជា​ប្រទេស​កសិកម្ម៖«កសិករ​ចង់​ឲ្យ​រដ្ឋា​ភិ​បាល​ដោះស្រាយ​ប្រព័ន្ធធារាសាស្ត្រ​ឲ្យ​បាន​គ្រប់គ្រាន់ កុំ​ឲ្យ​ដូច​រាល់ថ្ងៃ​ឃើញថា ប្រជាកសិករ​គាត់​មាន​ដីស្រែ​ធ្វើ​ហើយ​តែ​បែរជា​អត់​ទឹក​ធ្វើ​វិញ ខ្លះ​ខំ​ចំណាយលុយ​ជីក​ប្រឡាយ ទំនប់​ហើយ នៅតែ​មិន​អាចជួយ​ឲ្យ​វិស័យ​កសិកម្ម​ប្រសើរឡើងទៀត»។

របាយការណ៍​ស្ទង់​មតិ​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ឆ្នាំ២០១៦ បង្ហាញ​ថា ធនធានមនុស្ស​ផ្នែក​ជំនាញ​រឹង ពិសេស​ទាក់ទង​នឹង​ធនធានមនុស្ស​ផ្នែក​បច្ចេក​ទេស​កសិកម្ម មិនទាន់​អាចឆ្លើយតប​នឹង​កំណើន​តម្រូវការ​ការងារ​បាន​គ្រប់​គ្រាន់​នៅក្នុង​វិស័យ​កសិកម្ម។

និស្សិត​ផ្នែក​កសិកម្ម​ម្នាក់​មកពី​សាលា​ជាតិ​កសិកម្ម​ព្រែកលៀប កញ្ញា នី ពិសី យល់ថា មាន​ហេតុផល​ជាច្រើន​ដែល​បណ្ដាល​ឲ្យ​ថយចុះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម។ កញ្ញា​ថា ក្នុងនោះ​ក៏​បណ្ដាលមកពី​កង្វះ​ការផ្សព្វផ្សាយ​ពី​បច្ចេក​ទេស​កសិកម្ម និង​កង្វះ​ការគាំទ្រ​យុវជន​លើ​ផ្នែក​កសិកម្ម ជាដើម។ ម្យ៉ាង​ទៀត ផ្នត់គំនិត​សង្គម​ដែល​តែង​លើកឡើងថា “រៀន​ដើម្បី​ធ្វើ​ធំ រៀន​ដើម្បី​ជៀស​ស្រែ” នៅតែ​ស្ថិតនៅក្នុង​ផ្នត់គំនិត​របស់​យុវជន និង​គ្រួសារ​យុវជន​ខ្មែរ។ ហេតុនេះ កញ្ញា​​ថា ពាក្យ​នេះ​បាន​បន្ត​ជំរុញ​ឲ្យ​យុវជន​មិន​ចង់​ក្លាយខ្លួនជា​កសិករ​នោះ​ឡើយ​។

របាយការណ៍​បូកសរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រចាំឆ្នាំ២០១៤ ដល់​ឆ្នាំ២០១៥ និង​ទិសដៅ​អនុវត្តន៍​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០១៦ បង្ហាញថា បច្ចុប្ប​ន្ន វិស័យ​កសិកម្ម​បាន​ចូលរួមចំណែក​ជិត ៣០% (២៨,៧%) នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ឆ្នាំ២០១៤។ ដោយឡែក​វិស័យ​ឧស្សាហកម្ម បាន​ចូលរួមចំណែក​ប្រ​មាណ​ជាង ២៥% (២៥,៥%) និង​វិស័យ​សេវាកម្ម​ប្រហែល​ជាង ៤០% (៤០,៥%)។

របាយការណ៍​ដដែល​ប​ង្ហា​ញ​ទៀតថា ការថយចុះ​នៃ​ការចូលរួម​របស់​វិស័យ​កសិ​កម្ម គឺ​អាស្រ័យទៅលើ​ការរីកលូតលាស់​នៃ​ផ្នែក​ពីរ​សំខាន់​ផ្សេងទៀត​ក្នុង​វិស័យ​សេដ្ឋកិច្ច ដែលមាន​ដូចជា វិស័យ​ឧស្សាហកម្ម សំណង់ និង​វិស័យ​សេវាកម្ម ហើយ​ករណីនេះ​បង្ហាញថា ការចូលរួមចំណែករ​បស់​វិស័យ​កសិកម្ម មានការ​ប្រែប្រួល​ដោយ​ថយចុះ​ពី ៣៣,៩% ទៅ ២៨,៧% ក្នុង​ចន្លោះ​ឆ្នាំ២០១០ និង​ឆ្នាំ២០១៤ ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា បោះបង់​ការងារ​កសិក​ម្ម ហើយ​ងាក​ទៅរក​វិស័យ​ឧស្សាហកម្ម​កាន់តែ​មានកា​រ​កើនឡើង។

ដើម្បី​ដោះស្រាយ​ក្តីបារម្ភ​របស់​កសិករ​វ័យ​ចំណាស់​ពី​ការថយចុះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​នេះដែរ អ្នកសម្របសម្រួល​ផ្នែក​កសិកម្ម​របស់​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា លោក វង្ស សាវឿន យល់ថា រដ្ឋាភិបាល​អាច​ដោះស្រាយ​លើ​កត្តា​បី​សំខាន់៖ «ទី១ រដ្ឋាភិបាល​គួរ​លើកទឹកចិត្ត​ជំរុញ​កសិករ​ឲ្យ​មាន​ទុន​គ្រប់គ្រាន់​ដើម្បី​ផលិត។ ទី២ ជំរុញ​កសិករ​ឲ្យ​មានការ​យកចិត្ត​ទុកដាក់​ពូជ​ទ្វេដង ព្រោះ​បច្ចុប្បន្ន បញ្ហា​ពូជ​មិន​សុទ្ធ ធ្វើ​ឲ្យ​កសិករ​លក់​កសិផល​បាន​ថោក ហើយ​មិនអាច​បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​បាន​នោះទេ និង​ទី៣ រដ្ឋាភិបាល​គួរតែ​ជំរុញ​ឲ្យ​មាន​ចលនា​ទឹក​គ្រប់គ្រាន់​នៅតាម​ជនបទ ឲ្យ​ក្លាយ​ជា​សរសៃឈាម​មួយ ព្រោះ​ទឹក​គឺជា​ជីវិត»

ឆ្លើយតប​ការលើកឡើង​នេះ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេ​សា​ទ លោក ឡោ រស្មី​ ទទួល​ស្គាល់​​ពី​​ការ​​ការ​ថយចុះ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិ​កម្ម។ ប៉ុន្តែ​បញ្ហា​នេះ ទាមទារ​ឲ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា។ យ៉ាងណា លោក​អះអាងថា ក្រសួងកសិកម្ម កំពុងតែ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ក្នុង​វិស័យ​កសិកម្ម ក្នុងនោះ​មាន បញ្ហា​ខ្វះ​ទឹក និង​បញ្ហា​ខ្វះ​ទុន ដែល​បញ្ហា​ប្រឈម​ខ្លាំង​រប​ស់​​កសិករ។

ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​ថវិកា​សរុប​សម្រាប់​ចំណាយ​លើ​វិស័យ​កសិកម្ម​នោះ​ឡើយ។

អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឡោ រស្មី បញ្ជាក់​ថា៖ «អំពី​​ការ​រៀប​ចំ​ប្រព័ន្ធ​ធា​រាសា​ស្ត្រ​​នេះ ​គឺ​ជា​កិច្ចការ​ចាំបាច់​បំផុត គឺ​កាលពី​បុរាណ​បាន​ពោលថា ធ្វើស្រែ​នឹង​ទឹក​ធ្វើសឹក​នឹង​បាយ ទោះ​យើង​ធ្វើ​កសិកម្ម មិន​អាច​ខ្វះ​ទឹក​នោះទេ ហើយ​សួរថា​តើ​កន្លងមក​ក្រសួងកសិកម្ម ដេក​អោបដៃ​ដែរ​ឬទេ? គឺ​មិន​ដេក​អោបដៃ​ទេ គឺ​ក្រសួងកសិកម្ម យើង​បាន​ខិតខំ​ទំនាក់ទំនង​ជា​មួយ​ដៃ​គួរ​ទាំងអស់​ដើម្បី​ដោះស្រាយ​ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធ​ស្រោចស្រប់​នេះ ដោយ​បែក​ចែក​ពី​ប្រភព​ប្រឡាយ​ធំ​ទៅ​ប្រឡាយតូចៗ ដើម្បី​សម្រួល​ដល់​ការងារ​កសិកម្ម»។

យ៉ាងណាក៏ដោយ កសិករ​វ័យ​ចំណាស់ និង​អ្នកធ្វើ​ការពាក់ព័ន្ធ​ក្នុង​វិស័យ​កសិកម្ម​យល់ថា ទោះបីជា​កន្លងមក​មាន​ការព្រមានខ្លាំងៗពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​មន្ត្រី​ពាក់ព័ន្ធ និង​មាន​ការ​​សន្យា​​​ជាច្រើន​លើក​​ច្រើន​សា​​ពី​​​ស្ថាប័ន​​ពាក់​ព័ន្ធ​ ឲ្យ​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែលមាន​ក្នុង​វិស័យ​កសិកម្ម​ក្តី តែ​ហាក់​នៅតែ​គ្មាន​ប្រសិទ្ធភាព។ ផ្ទុយទៅវិញ វិស័យ​កសិកម្ម​នៅ​កម្ពុជា នៅតែ​អន់​ខ្សោយ បើ​ធៀប​នឹង​ប្រទេសជិតខាង ពិសេស​ការថយចុះ​កម្លាំង​ពលកម្ម​ក្នុង​វិ​ស័យ​នេះ នៅតែ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​ប្រជាកសិករ​កម្ពុជា នៅ​តែ​រស់នៅក្នុង​ស្ថានភាព​ក្រីក្រ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.