បក្ស​អំណាច​ខ្មែរ​អាច​ត្រូវ​រំលាយ​

ខែ​សីហា 15, 2017
news3
news2
news4
news1

នៅ​ថ្ងៃទី ១៥ សីហា ព្រឹក​មិញ​នេះ សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ​ប្រមាណ​ជាង ៥០នាក់ បាន​ចុះមក​ឆែកឆេរ​ត្រួត ពិនិត្យ និង​បិទ​ស្នាក់ការ​បក្ស​អំណាច​ខ្មែរ​ជា​បណ្ដោះអាសន្ន​នៅ​ខណ្ឌទួលគោក ។

បក្ស​អំណាច​ខ្មែរ​អាច​ត្រូវ​រំលាយ​មុន បក្ស​សង្គ្រោះ​ជាតិ

ដោយ៖ ឃី ពិសី

នៅ​ថ្ងៃទី ១៥ សីហា ព្រឹក​មិញ​នេះ សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ​ប្រមាណ​ជាង ៥០នាក់ បាន​ចុះមក​ឆែកឆេរ​ត្រួត ពិនិត្យ និង​បិទ​ស្នាក់ការ​បក្ស​អំណាច​ខ្មែរ​ជា​បណ្ដោះអាសន្ន​នៅ​ខណ្ឌទួលគោក ស្រប​ពេលដែល​បក្ស​នេះ​ត្រៀម​នឹងធ្វើ​សិ​ន្និសិទ​ការ​សែត។ អ្នកច្បាប់​មើលឃើញ​នេះ​អាចជា​សញ្ញា​មួយ​ឈានទៅរក​ការរំលាយ​គណបក្ស ប្រសិនបើ​លោក សួន សេរី​រដ្ឋា ត្រូវ​តុលាការ​ប្រកាស​ទោស។

លោក​មេធាវី សុខ សំអឿន ឲ្យ​សារព័ត៌មាន​តោះ​អាន​ដឹងថា គណបក្ស​អំណាច​ខ្មែរ​អាច​នឹងត្រូវ​ក្រសួងមហាផ្ទៃ​រំលាយ ប្រសិនបើ​តុលាការ​ចេញ​សាលក្រម​ស្ថាពរ​លើ​លោក សួន សេរី​រដ្ឋា។ តែ​ផ្ទុយ​មកវិញ​លោក​មេធាវី​បញ្ជាក់ថា​ទង្វើរ​របស់​អ្នកនយោបាយ​សម្ដី​ឆៅ​រូបនេះ​មិនគួរ​រាប់​ថា​ជា​សកម្មភាព​របស់​បក្ស ដែល​តុលាការ​ត្រូវ​ចាត់វិធានការ​នោះទេ ព្រោះ​គ្រាន់តែ​ស្ដែងឡើង​តាមរយៈ​បុគ្គល​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ។  

ឈរ​ថ្លែង​ទាំង​កណ្ដាល​ថ្ងៃ​នៅមុខ​ទីស្ដីការ​របស់ខ្លួន​ដែល​ហ៊ុំព័ទ្ធ​ដោយ​អាជ្ញាធរ​លោក សួង សុ​ភ័​ណ្ឌ ដែល​ត្រូវបាន​លោក សួន សេរី​រដ្ឋា ចេញ​លិខិត​ផ្ទេរ​ឲ្យ​កាន់តំណែង​ជា​ប្រធានស្ដីទី​កាល​ថ្ងៃទី ១៤ ជំនួស​នោះ បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​មិនអាច​រំលាយ​បក្ស​តូច​របស់លោក​ទើប​កើត​ថ្មី​បាន​នោះទេ តែបើ​ចង់​រំលាយ​ទាំង​បំពាន លោក សួង សុ​ភ័​ណ្ឌ បញ្ជាក់ថា​សូម​រំលាយ​ចុះ។ ប្រធានស្ដីទី​រូបនេះ​បន្ត​ចោទ​សួរថា លោក ទៀវ បាញ់ និង លោក វង់ សូត ដែល​ចង់​វាយបំបាក់​ធ្មេញ ឬ​វាយ​ក្បាល់​នឹង​គល់​ឬ​ស្សី​ជាដើម ហេតុអ្វី​ក៍​ច្បាប់​មិន​ចាត់ការ​ទៅលើ​អ្នក​ទាំងនោះ​ផង? ដោយ​លោក​បានចាត់ទុក​ពាក្យ​បុគ្គល​ដែល​បាន​ថ្លែង​សារ​ទាំងពីរ គឺជា​ការប្រមាថ​ដល់​ព​ល​រដ្ឋ​ខ្មែរ ដែល​តុលាការ​ត្រូវ​ចោ​ត់​ការ។

ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ​សារព័ត៌មាន​តោះ​អាន​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ខៀវ សុភ័ក អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​នៅឡើយ​ទេ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​គ្មាន​អ្នកទទួល។

ច្បាប់​ស្ដីពី​គណបក្សនយោបាយ​ដែល​ទើប​ធ្វើ​វិសោធនកម្ម​រួច​ដោយ​សម្លេង​សភា​ឯក​បក្ស ត្រូវបាន​សង្គម​ស៊ីវិល អ្នកវិភាគ មើលឃើញថា​ជា​យុទ្ធសាស្ត្រ​សម្រាប់​គៀប​បក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ផ្ដន្ទាទោស​ឲ្យ​ក្លាយជា​ទណ្ឌិត។ តែ​យ៉ាងណា អ្នកច្បាប់​ប្រមើល​ឃើញថា​ច្បាប់​នេះ​អាច​នឹងត្រូវ​ប្រើ​ចំពោះ​បក្ស​លោក សួន សេរី​រដ្ឋា មុន​បក្ស​សង្គ្រោះ​ជាតិ ប្រសិនបើ​លោក​ត្រូវ​តុលាការ​ប្រកាស​សាលក្រម​ស្ថាពរ​ក្លាយជា​ទណ្ឌិត៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.