នយោបាយ​មិនមែន​ចែក​លុយ​​ទេ​​

ខែ​ឧសភា 18, 2017
Yang Sangkoma
Politic

នយោបាយ​មិនមែន​ចែក​លុយ​​ទេ​​ គឺចែក​​ការ​​ទទួល​​ខុស​​ត្រូវ​​

ដោយ៖ ឃី ពិសី

មន្ត្រីជាន់ខ្ពស់​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំង​កុមារ លើកឡើង​ថា​គោលនយោបាយ​គណបក្ស មិនមែនជា​ការចែក​លុយ និង​អំណោយ​នោះទេ គឺជា​ការចែក​នូវ​ទំនួល​ខុសត្រូវ។ ខណៈ​អ្នកវិភាគ​យល់ស្រប​ថា​ជា​រឿង​មិនគួរ​កើត​មាន​ក្នុងសង្គម។

ការអះអាង​នេះ​ធ្វើឡើង​នៅក្នុង«អង្គពិធី​ជួបជុំ​សមាជិក-បេក្ខជន ក្រុមប្រឹក្សា​ឃុំ​/សង្កាត់» នា​ថ្ងៃទី ១៨ ឧសភា នៅ​ទីស្នាក់ការ​របស់ខ្លួន​ក្នុង​ខណ្ឌ​សែន​សុខ។

ថ្លែង​ទៅកាន់​អ្នកចូលរួម​ប្រមាណ​ជាង ១០០នាក់​មកពី ២៧ឃុំ ក្នុង​ខេត្ត​ចំនួន ៩ លោក យ៉ង សាំង​កុមារ ប្រធាន​កម្មវិធី​ពង្រឹង​សមត្ថភាព​ថ្នាក់ដឹកនាំ​មូលដ្ឋាន បាន​និយាយ​ដោយ​ភាព​ម៉ឹងម៉ាត់​ថា គោលនយោបាយ​បក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន គឺ​មិនមែនជា​ការចែក​អំណោយ​នោះទេ គឺជា​ការបែងចែក​ទំនួល​ខុស​ត្រូវ ដែល​អាចជួយ​ជម្រុញ​ឲ្យ​មេភូមិ មេឃុំ នៅ​ថ្នាក់ក្រោម​ជាតិ​ឲ្យ​មាន​សមត្ថ​ភាព​គ្រប់គ្រាន់

និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ចំពោះ​ពលរដ្ឋ​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​ខ្លួន ដោយ​មិន​យក​មេបក្ស​ធ្វើជា​បងធំ​នោះឡើយ។

លោក យ៉ង សាំង​កុមារ បញ្ជាក់៖ «អ្នក​ខាងក្រោម​នៅ​ភូមិ​ឃុំ​ណា បោះឆ្នោត​រើស​អ្នក​ហ្នឹង​ធ្វើជា​មេឃុំ ទទួលខុសត្រូវ​ចំពោះ​អ្នក​ខាងក្រោម មែន​មក ទទួលខុសត្រូវ​ជាមួយ​លោក យ៉េ​ង វីរៈ ជា​ប្រធាន​គណបក្ស មិនមែន​មក​ទទួលខុសត្រូវ​ជាមួយ​លោក សាម ស៊ុន​ឌឿ​ន ជា​អនុប្រធាន​គណបក្ស មែន​ទទួលខុសត្រូវ​ចំពោះ​ខ្ញុំ​ទេ មិន​ងាក​សំ​ពោះ ងាក​សំពេះ មក​ខាងលើ​ទេ …នយោបាយ​របៀប​ហ្នឹង​ល្មម​ដូរ​ហើយ នយោបាយ​របស់​យើង​មិនមែន​ចែក​អំណោយ ចែក​លុយ​ទេ ចែក​ការទទួលខុសត្រូវ»។

លោក​បន្តថា​ការ​ឈរឈ្មោះ​របស់​បេក្ខជន​ក្រុម​ប្រ​ក្សា​ឃុំ និង​តំណាងរាស្ត្រ​នីមួយ​ៗ គឺ​កើតចេញពី​ការបោះឆ្នោត​របស់​សមាជិក​បក្ស​ផ្ទៃ​ក្នុងនៃ​មូលដ្ឋាន ភូមិ ស្រុក ពីក្រោម​ឡើងមក​លើ មិនមែនជា​ការចាត់តាំង​របស់​មេបក្ស​នោះឡើយ បន្ទាប់មក​នៅពេលដែល​រើស​បាន​បក្ខជន​តំណាងរាស្ត្រ​ទាំងអស់​ហើយ បេក្ខជន​ទាំងនោះ​នឹង​មកជួប​ជុំគ្នា​ហើយ ចាប់ផ្ដើម​បោះឆ្នោត​រើស​បេក្ខជន​នាយករដ្ឋមន្ត្រី​តែម្ដង ការធ្វើ​ដូចនេះ គឺ​ដើម្បី​ឲ្យ​មាន​ទំនួល​ខុសត្រូវ​ចំពោះ​ពលរដ្ឋ​មិនមែន​ចំពោះ​បក្ស​ឡើយ។ លោក​បាន​សង្កត់ធ្ងន់ថា​បើ​ប្រព័ន្ធ​នយោបាយ​បែប​មេបក្ស​និយម និង​ការចែក​លុយ​នៅតែ​ស្ថិត​ក្នុងសង្គម​ខ្មែរ​បន្តទៅទៀត វា​មិនគួរ​ស្ថិតក្នុង​សង្គម​កម្ពុជា​ទេ។

ចំណែកឯ​អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ លោក​បណ្ឌិត មាស នី សង្កេត​ឃើញថា​ក្នុង​រយៈកាល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ នៅតាម​ភូមិ​មួយចំនួន មាន​ថ្នាក់ដឹកនាំ​គណបក្ស​ខ្លះ បាន​ហៅ​ប្រជាជន​មកជួប​ជុំគ្នា​ហើយ​ចែក​លុយ​ក្នុង​ម្នាក់ ២ម៉ឺន​រៀល លោក​នៅតែមាន​ចម្ងល់​ថា​ប្រភព​លុយ​ដែល​គេ​យកមកចែក​ពលរដ្ឋ​នោះ​តើ​បាន​មកពីណា? ។

លោក​បណ្ឌិត មាស នី បញ្ជាក់ថា៖ «ខ្ញុំ​គិតថា​វា​ជា​រឿង​មួយ​អត់​សូវ​មាន​ប្រយោ​ជន៍​ក្នុង​សម័យថ្មី ហើយ​វា​វប្បធម៌​អាក្រក់​មួយ បើ​ចែក​អំណោយ​ក្នុងនាម​រដ្ឋា​ភិបាល ហ្នឹង​ជា​រឿង​ធម្មតា​សម្រាប់​សង្គ្រោះ​អ្នកក្រីក្រ តែ​ចែក​អំណោយ​ក្នុងពេល​ឃោសនាបោះឆ្នោត វា​មិន​សមគួរ​ទេ»។

លោក​បណ្ឌិត​បាន​បន្ថែម​ថា​ការយក​លុយ​មក​ធ្វើជា​អំណោយ​ចែកជូន​ពលរដ្ឋ​គឺជា​គ្រោះថ្នាក់​ខ្លាំងណាស់ សម្រាប់​សង្គមជាតិ​ទៅ​ថ្ងៃ​ខាងមុខ ដូច្នេះ​សម្រាប់​លោក​គឺ​មិន​ចង់ឃើញ​វប្បធម៌​បែបនេះ​បន្ត​ក្នុងសង្គម​ខ្មែរ​តទៅទៀត​ទេ ជាពិសេស​ក្នុង​កំឡុងពេល​ឃោសនាបោះឆ្នោត ។

មិន​ខុសគ្នា​ប៉ុន្មាន អតីត​ជំ​ទុក​ទី១ គណបក្ស​សិទ្ធិមនុស្ស លោក ពៅ ហួន ដែល​បច្ចុប្បន្ន​បាន​ងាក​មកឈរ​ឈ្មោះ​ជា​បេក្ខជន​មេឃុំ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​មើលឃើញថា​កន្លងមក ការចែក​លុយ ឲ្យ​អំ​ណោ​ច​គឺជា​រូបភាព​នៃ​ការទិញ​ទឹកចិត្ត និង​បោក​បញ្ឆោត​ពលរដ្ឋ អស់ ៣ អាណត្តិ​មកហើយ។

លោក ពៅ ហួន បញ្ជាក់ថា៖ «អាហ្នឹង​ជាការ​ទិញ​ទឹកចិត្ត​បោក​បញ្ឆោត ៣អាណ​ត្តិ​​ហើយ មិនឃើញ​ទៅណា គ្មាន​បាន​រីកចម្រើន​អី​សោះ »។

លោក​បន្តថា​ភាពត្រឹមត្រូវ​នៃ​ការឃោសនាបោះឆ្នោត គឺ​មិន​យកលុយ​ជាធំ នោះ​ទេ អ្វីដែល​សំខាន់​គឺ​ទំនួល​ខុសត្រូវ និង​គោ​លន​យោ​យ​ដឹកនាំ​ភូមិ ឃុំ ។

គេ​នៅ​ចាំបាន​ថា​នៅ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ត្រូវបាន​បង្កើតឡើង​កាល​ពី​ថ្ងៃទី ២ សីហា ២០១៥  ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.