ទម្ងន់នៃប្លាស្ទិចទាំងអស់

ខែ​កក្កដា 27, 2017

ទម្ងន់​​នៃ​​ប្លា​ស្ទិ​ច​​ទាំង​អស់​​ដែល​​បាន​​​​ផលិត​​គឺ​​ស្មើ​ ​នឹង​​​ទម្ងន់​​នៃ​​អាគារ​​កប់​​ពពក​២៥,០០០​អាគារ​​បញ្ចូល​​គ្នា​

ដោយ៖ រស់ សុខ​វិសាល

ដើម្បី​បំពេញតម្រូវការ​របស់​មនុស្ស ប្លា​ស្ទិ​ច៨.៣ ពាន់​លាន​តោន​ត្រូវបាន​ផលិត​ចាប់តាំងពី​ការរកឃើញ និង​ផលិត​លើកដំបូង​នៃ​ផលិតផល​នេះ​នៅ​ដើម​សតវត្ស​ទី២០។ បើ​ប្រៀបធៀប​ទៅ វា​មាន​ទម្ងន់​ស្មើនឹង​អាគារ​រដ្ឋធំៗចំនួន២៥,០០០បញ្ចូល​គ្នា ឫ​ទម្ងន់​សរុប​នៃ​ទីក្រុង​ចំនួន១០០ ដែល​ពោរពេញ​ទៅដោយ​អាគារ​កប់​ពពក។ ផលិតកម្ម​នៃ​ប្លា​ស្ទិ​ច​ចាប់ផ្តើម​កើនឡើង​យ៉ាងគំហុក​បន្ទាប់ពី​សង្គ្រាម​លោក​លើក​ទី​ពីរ​ត្រូវបាន​បញ្ចប់។ នៅ​សប្តាហ៍​នេះ ការស្រាវជ្រាវ​មួយ​បាន​បង្ហាញថា បរិមាណ​នៃ​ការផលិត​ប្លា​ស្ទិ​ច​ជាប្រចាំ​រៀងរាល់ឆ្នាំ បាន​កើនឡើង​ពី ២លាន​តោន​នៅ​ឆ្នាំ១៩៥០ ដល់៣៨១លាន​តោន នៅ​ឆ្នាំ២០១៥ ។

ការសិក្សា​ស្រាវជ្រាវមួយ​ដែល​បានចេញ​ផ្សាយ​នៅក្នុង​គេហទំព័រ​សាយ​អែនស៍ អា​តវ៉ា​នស៍ (Science Advances) បាន​ប៉ាន់ស្មាន​មើលថា​ការផលិត​ប្លា​ស្ទិ​ច ជ័រ សារធាតុ​សរសៃ និង​សារធាតុ​បន្ថែម នឹង​កើន​ដល់ ៣៤ ពាន់​លាន​តោន​ត្រឹម​ឆ្នាំ២០៥០។

ចំណោទបញ្ហា​នេះ​ដោយសារតែ​ចំណែក​ដ៏​ធំ​នៃ​កាកសំណល់​ប្លា​ស្ទិ​ច​ត្រូវបាន​ចាក់​នៅ​ទីលាន​ចាក់សំរាម និង​នៅក្នុង​សមុទ្រ។

បរិមាណ​ប្លា​ស្ទិ​ច​នឹងមាន​ចំនួន​ច្រើនជាង​បើ​ធៀប​នឹង​បរិមាណ​ត្រី

បើតាម​ការប៉ាន់ស្មាន​នៃ​របាយការណ៍​ស្រាវជ្រាវ​របស់​ទីភ្នាក់ងារ សាយ​អែនស៍ អា​តវ៉ា​នស៍ (Science Advances) បានបង្ហាញ​ថា​ប្លា​ស្ទិ​ច​ប្រមាណ ៦.៣ពាន់​លាន​តោន​នៃ​ប្លា​ស្ទិ​ច​សរុប​ដែល​ត្រូវបាន​ផលិត​មកដល់​សព្វថ្ងៃ​ត្រូវបាន​បោះចោល​ក្លាយទៅជា​សំរាម។ ចំនួន១២ភាគរយ​នៃ​សំរាម​ទាំងនេះ​ត្រូវបាន​ដុត​កម្ទេចចោល និង៩ភាគរយ​ទៀត​ត្រួវបាន​កែច្នៃ​ឡើងវិញ។ រីឯ​ចំនូ​ន​ដែល​នៅ​សេសសល់​ត្រូវបាន​បោះចោល​លើដី និង​ទៅក្នុង​សមុទ្រ។

នៅ​ឆ្នាំ២០៥០ បរិមាណ​សំរាម​នឹង​កើនឡើង​លើស​បរិមាណ​ត្រី​ដែលមាន​នៅក្នុង​សមុទ្រ បើតាម​ការសិក្សា​ស្រាវជ្រាវ​ពីមុន​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក​រូ​ម​គ្នា​ជាមួយ​មូលនិធិ​អែល​លែ​ន មែក​អ៉ា​ត​ធើរ(Ellen MacArthur)។ ការសិក្សា​ដូចគ្នា​ក៏បាន​សង្កត់ធ្ងន់ថា សំរាម​ប្លា​ស្ទិ​ច​គឺជា​ហានិភ័យ​បរិស្ថាន​ដែល​ត្រូវ​ព្រួយបារម្ភ។

នៅក្នុង​របាយការណ៍រ​បស់ សាយ​អែនស៍ អា​តវ៉ា​នស៍ (Science Advances)  លោក រ៉ូ​លែ​ន ហ្គេ​យើ លោកស្រី​ចេ​ន​ណា ជេ​ម​បេ​ក និង​លោកស្រី​ខា​រ៉ា ឡា​វេន​ឌឺ ដែលជា​អ្នកនិពន្ធ​បាន​ព្រមាន​ថា៖ «នៅពេលដែល​គ្មាន​យន្តការ​គ្រប់គ្រង រៀបចំ​ត្រឹម​ត្រួវ និង​ចំ​គោលដៅ​ចំពោះ​សំរាម​ប្លា​ស្ទិ​ច​ដែល​ត្រូវបាន​បញ្ឈប់​ការប្រើប្រាស់ ការដកពិសោធន៍​ក្រៅ​ប្រព័ន្ធ​ត្រួតពិនិត្យ ហើយ​កំពុងតែ​ធ្វើឡើង ដែល​សារធាតុ​ប្លា​ស្ទិ​ច​ជាច្រើន​ពាន់​លាន​ម៉ែត្រគូប ត្រួវបាន​ប្រ​មួល​ផ្តុំ​ចេញពី​ដែនដីសំខាន់ៗ និង​ប្រព័ន្ធ​អេកូឡូ​សុីក្នុង​ទឹក​ទាំង​អស់​នៅលើ​ផែនដី»

ការបង្កើតឡើង​នៃ​លំហូរ​សេដ្ឋកិច្ច

តាម​របាយការណ៍​រប​ស់​ភ្នាក់ងារ​សាយ​អែនស៍ អា​តវ៉ា​នស៍ ដដែល​បាន​បញ្ជាក់​ថា​ថង់​ប្លា​ស្ទិ​ច​ត្រូវបាន​ចាត់ទុកជា​ប្រភេទ​ផលិតផល​ដែល​ត្រូវបាន​ផលិត​ច្រើនជាងគេ និង​ជា​ប្រភព​ចម្បង​នៃ​សំរាម​ប្លា​ស្ទិ​ច។

យោងតាម​របាយការណ៍​នៅ​ឆ្នាំ២០១៦ដែលមាន​ចំណងជើង​ថា៖ «សេដ្ឋកិច្ច​ប្លា​ស្ទិ​ច​ចំណូល​ថ្មី​ស្តីអំពី​ការគិត​ឡើងវិញ​ពី​អនាគត​នៃ​ផលិតផល​ប្លា​ស្ទិ​ច» ជាស​កល ១៤ភាគរយ​នៃ​ថង់​ប្លា​ស្ទិ​ច​ត្រូវបាន​ប្រមូល​ដើម្បី​ធ្វើការ​កែច្នៃ​ឡើងវិញ។

ដើម្បី​គេចចេញ​ពី​គ្រោះ​ម​ហន្ត​រាយ​បរិស្ថាន​ដែល​បណ្តាលមកពី​សំរាម​ប្លា​ស្ទិ​ច រួម​ជាមួយនឹង​ការទទួលស្គាល់​នូវ​សក្តានុពល​ដែល​នាំ​សារធាតុ​មួយ​នេះ​បាត់បង់​គុណ​តម្លៃ​សេដ្ឋកិច្ច របាយការណ៍​ថ្មី​មួយ​ដែល​ចេញផ្សាយ​នៅ​ទីក្រុង​ដា​វ៉ូស ប្រទេស​ស្វី​ស​ក្នុងឆ្នាំនេះ បាន​ជំទាស់​ផ្ទុយស្រឡះ​ថា ប្លា​ស្ទិ​ច​គួរតែ​ត្រូវបាន​បញ្ចូល​ជា​ផ្នែក​មួយ​នៃ​លំហូរ​សេដ្ឋកិច្ច។

របាយការណ៍​ដដែល​បាន​លើកឡើងថា អ្នក​ផលិត​និង​អ្នកប្រើប្រាស់​គួរ​ផ្លាស់ប្តូរ​ការគិត​ពី «ការកាត់បន្ថយ ការប្រើប្រាស់​ឡើងវិញ និង​ការកែច្នៃ​ឡើងវិញ» ទៅជា​ការគិត ដែល​គិតពី «ការប្រើប្រាស់​ឡើងវិញ ការកែច្នៃ​ឡើងវិញ និង​ការ​រចនា​ឡើងវិញ»។

ការប្រើប្រាស់​នូវ​សារធាតុ​បំពេញបន្ថែម​ជាច្រើន​សន្ធឹកសន្ធាប់​នៅក្នុង​ដំណើរការ​ផលិតកម្ម គឺជា​ហេតុដែល​នាំ​ឲ្យ​មាន​ភាពលំបាក​នៅពេលដែល​ចង់​យកមក​កែច្នៃ​ឡើងវិញ ជាពិសេស​គឺ​ការកែច្នៃ​ផលិតផល​ប្លា​ស្ទិ​ច។

ដោយ​គ្មាន​មូលដ្ឋាន​ក្នុងការ​រចនា​ឡើងវិញ និង​គ្មាន​គំនិត​ច្នៃប្រឌិត​ថ្មី ៥០ភាគរយ​នៃ​ថង់​ប្លា​ស្ទិ​ច​ទាំងអស់ ដែល​ប្រមាណ​ជា៣០ភាគរយ​នៃ​ទម្ងន់​ថង់​ប្លា​ស្ទិ​ច​សរុប មិនអាច​​យកទៅ​ប្រើប្រាស់ ឫ​កែច្នៃ​ឡើងវិញ​ឡើយ។

ក្នុង​ផ្នែក​មួយ​នៃ​ផែនការ​សកម្មភាព​ទប់​ទល់​នឹង​បញ្ហា​ខាងលើ ដោយនៅ​ឆ្នាំនេះ មានការ​គាំទ្រ​ពី​ប្រធាន​ស្ថាប័ន​អាជីវកម្ម និង​អ្នកដឹកនាំ​រដ្ឋាភិបាល​ចំនួន៤០នៅ​ទីក្រុង​ដា​វ៉ូស គម្រោង​ផ្តួចផ្តើម​នូវ​សេដ្ឋកិច្ច​ប្លា​ស្ទិ​ច​ចំណូល​ថ្មី(New Plastics Economy Initiative) នឹង​បើក​ការប្រកួត​ជាស​កល​ចំនួន​ពីរ​ទៅលើ​ការច្នៃប្រឌិត និង​ការបង្កើត​ថ្មី​នៅក្នុង​កំឡុង​ឆ្នាំក្រោយ(២០១៨) ។ ការប្រកួត​ទីមួយ​មាន​គោលដៅ​ដើម្បី​បំផុសគំនិត​ក្នុងការ​រចនា​ឡើងវិញ​នូវ​សារធាតុ និង​ទម្រង់​វេច​ខ្ចប់។ ការប្រកួត​ទី​ពីរ​មាន​គោលដៅ​ក្នុងការ​តាក់តែង​ឱ្យមាន​ស្តង់ដារ​ដូចគ្នា​ជា​លក្ខណៈ​សកល (យន្តការ​ប្លា​ស្ទិ​ច​សកល) សម្រាប់​ការ​រចនា​លើ​ការ​វេច​ខ្ចប់។

ក្នុង​នេះដែរ មូលនិធិ អែល​លែ​ន មែក​អាត​ធើ (Ellen MacArthur Foundation) រួម​ជាមួយនឹង​ក្រុមហ៊ុន​រចនា អាយ​ឌី​អ៊ី​អូ(IDEO) បាន​បើក​នូវ​កម្មវិធី​ស្តីពី​ការណែនាំ​នូវ​សារា​ចរណ៍​នៃ​ការ​រចនា​ក្នុង​គោលបំណង​ជំរុញ​អ្នក​រចនា អ្នកបង្កើត​ថ្មី និង​សហគ្រិន​ពាំ​នាំនូវ​ដំណោះស្រាយ​ក្នុងការ​វេច​ខ្ចប់​នាពេល​អនាគត៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.