ជម្ងឺ​សង្ស័យ​គ្នា អាច​បណ្តាលឱ្យ​ខ្មែរ​បែកបាក់

ខែ​សីហា 2, 2017

ជម្ងឺ​សង្ស័យ​គ្នា អាច​បណ្តាលឱ្យ​ខ្មែរ​បែកបាក់​ជាតិ បរទេស​​ឈ្លានពាន

ដោយ៖ ឃី ពិសី

ជម្ងឺ​សង្ស័យ ឬ​ជម្ងឺ​មិន​ទុកចិត្ត​គ្នា ក្នុងចំណោម​ថ្នាក់ដឹកនាំ​ខ្មែរ បាន​ក្លាយជា​ដំបៅ​ត​ជំនាន់ ដែល​អាច​ឲ្យ​បរទេស​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា តាំង​ពីស.វ ទី ១៧ ។ សាធារណជន​មួយចំនួន​មើលឃើញថា​ជម្ងឺ​មួយ​នេះ គឺ​ពិបាក​នឹង​ព្យាបាល​ជា​ណាស់។ ពិបាក​ព្យាបាល​មិនមែន​មកពី​គ្មាន​ថ្នាំ​នោះទេ គឺ​ទំនង​មកពី​អ្នក​ជម្ងឺ មិន​ព្រម​ទទួល​ការព្យាបាល។

ចុះបើ​ជម្ងឺ​នេះ​នៅតែ​បន្ត​ស៊ី​រូង​ផ្ទៃក្នុង​ជួរ​ថ្នាក់ដឹកនាំ​បន្តទៅទៀត តើ​សង្គម​ខ្មែរ​នឹង​ទៅជា​យ៉ាងណា?

គេ​នៅ​ចាំបាន​ថា​ក្រោយពី​ឡើងកាន់​អំណាច​នៅ​ឆ្នាំ ១៩៧៥ មិនបាន​ប៉ុន្មាន​ផង ប៉ុល ពត ដែល​កាលណោះ​ជា​នាយករដ្ឋមន្ត្រី​បានសម្លាប់​មនុស្ស​ជាច្រើន​លាន​នាក់។ ឯកសារ​មួយចំនួន​បានបញ្ជាក់​ពី​មូលហេតុ​នៃ​ការសម្លាប់​ថា គឺ​មកពី ប៉ុល ពត សង្ស័យ​អ្នក​ទាំងនោះ ក្បត់​បដិវត្ត​ចង់​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​ពី​ខ្លួន។ អង្គការ​របស់ ប៉ុល ពត បាន​ហៅ​អ្នក​ទាំងនោះ​ថា​ជា«ពួក​អា​ក្បាល​យួន ខ្លួន​ខ្មែរ»។

 

រហូតមកដល់​បច្ចុប្បន្ន គេ​មើលឃើញថា កម្ពុជា​នៅតែ​ពើបប្រទះ​នឹង «ជម្ងឺ​សង្ស័យ» ដដែល។ រដ្ឋាភិបាល​បាន​ហៅ​ក្រុមមនុស្ស​ដែល​សង្ស័យ​មាន​និន្នាការ​ប្រឆាំង​ជា​ក្រុម «ប្រតិកិរិយា ឬ​ក្រុម​ប្រជា​ភិ​ថុ​ត» ជាដើម។

អតីត​ឧបនាយក​រដ្ឋនាយករ​ដ្ឋ​មន្ត្រី​អាណត្តិ​ទី១ លោក​ព្រឹទ្ធាចារ្យ លី ឡាយស្រេង មានប្រសាសន៍ថា ជម្ងឺ​សង្ស័យ​គឺជា​ដើមចម​មួយ ក្នុងចំណោម​បញ្ហា ដែល​នាំ​ឲ្យ​អន្តរាយ​ជាតិ។ លោក​បន្តថា បើកាលណា​ក្នុងសង្គម ពោរពេញ​ទៅដោយ​ភាព​សង្ស័យ​មិន​ទុកចិត្ត​គ្នា ពិតណាស់​សង្គម​នោះ​នឹង​ទទួលរង​ទុក្ខទោស​ជាច្រើន។

លោក លី ឡាយស្រេង បញ្ជាក់ថា៖ «បើកាលណា​ក្នុងស្រុក​មិន​ទុកចិត្ត​គ្នា ហ្នឹង​គឺ​ខ្វះ​ស្ថិរភាព មានន័យថា​អត់​មាន​សន្តិភាព​ទេ ហើយ​បើ​ស្រុក​ណាមួយ​អត់​មាន​សន្តិភាព​ហើយ ចឹ​ង​ប្រជាពលរដ្ឋ​យើង​គឺ​ត្រូវតែ​រង​ទុក្ខ​ហើយ»។

អតីត​អ្នកនយោបាយ​ជើងចាស់​រូបនេះ​បន្ថែមថា លោក​ពិតជា​ចង់ឃើញ​អ្នកនយោបាយ​អត់ធ្មត់​ចំពោះ​គ្នា​ទៅវិញទៅមក ហើយ​ត្រូវ​បំបាត់​នូវ​ជម្ងឺ​សង្ស័យ ទើប​កម្ពុជា​អាច​អភិវឌ្ឍន៍​ទៅមុខ​បានល្អ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក សុខ ទូច ដែល​ទើប​ឡើងជា​ប្រធាន​រាជបណ្ឌិត្យសភា ចាត់ទុក​ការលើកឡើង​របស់លោក លី ឡាយស្រេង គ្រាន់តែ​ជា​ពាក្យ​និយាយ​ឲ្យ​ផុតពី​មាត់​ប៉ុណ្ណោះ។ ដោយ​លោក​យល់ថា នៅលើ​ពិភពលោក​នេះ អ្នកនយោបាយ​ណាក៍​សង្ស័យ​គ្នា​ដែរ។ ព្រោះ​បើ​មិន​សង្ស័យ​គ្នា គឺ​គេ​ចូលរួម​បង្កើត​បក្ស​តែមួយ​ហើយ មិនចាំបាច់​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ពហុបក្ស​ទេ។

លោក សុខ ទូច អះអាងថា៖ «អ្នកនយោបាយ​មិន​សង្ស័យ​អា​ម៉េច បើ​មិន​សង្ស័យ​ចាំបាច់​បង្កើត​គណបក្សនយោបាយ។ អ្វីដែល​គាត់​និយាយថា សង្ស័យ​គឺ​វា​អត់​ត្រូវ​ទេ ចឹ​ង​សូមកុំ​ឲ្យ​យក​ភាសា​និយាយ​ទៅប្រើ​ប្រាស់​ក្នុងសង្គម​នយោបាយ»។

មន្ត្រី​រដ្ឋាភិបាល​រូបនេះ​ក៍បាន​ទទួលស្គាល់​ដែរ​ថា​ក្នុងសង្គម​ខ្មែរ​ពិត​ជាមាន​ជម្ងឺ​សង្ស័យ​មែន តែ​លោក​បញ្ជាក់ថា​វា​មិន​បង្ក​ជា​បញ្ហា​ធំ​នោះទេ ឲ្យ​តែ​រដ្ឋាភិបាល​យក​ច្បាប់​ទៅ​អនុវត្តន៍​ដើម្បី​គ្រប់គ្រង​ជម្ងឺ​នេះ។

ដើម្បី​ងាយ​យល់ថា ថ្នាក់ដឹកនាំ​កម្ពុ​ជាមាន​ជម្ងឺ​សង្ស័យ​ដល់​កម្រិតណា គេ​អាច​ក្រឡេក​ទៅ​មើល​ព្រឹត្តិការណ៍​ក្នុង​ឆ្នាំ ២០១៤ ជា​ឧទាហរណ៍។ កាលណោះ​បក្ស​ធំ​ទាំងពីរ​បានសម្រេច​បង្កើត​កិច្ចព្រមព្រៀង​មួយ ពោល​និមិត្ត​ឲ្យ​ចេញ «វប្បធម៌​សន្ទនា» ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី៥ ។ ប៉ុន្តែ​ស្រាប់តែ​មិនបាន​ប៉ុន្មាន​ផង វប្បធម៌​នោះ​ត្រូវ​រលត់ទៅវិញ។ ព្រោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សង្ស័យថា អតីត​មេបក្ស​ប្រឆាំង លោក សម រង្ស៊ី នូវតែ​ប្រើ​ឥរិយាបថ ចាប់ដៃ​ជាន់​ជើង លាប​ពណ៌​លើ​គណបក្ស​ប្រជាជន។ ត្រង់ចំណុច​នេះ​គេ​អាច​សន្និដ្ឋានបានថា អ្នកនយោបាយ​ខ្មែរ នៅតែ​ជៀស​មិន​ផុតពី​ជម្ងឺ​សង្ស័យ​គ្នា។

ស្តីពី​ជម្ងឺ​សង្ស័យ​នេះ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា ឲ្យ​ដឹង​ថាបើ​ជម្ងឺ​សង្ស័យ​នៅតែ​ស្ថិត​ក្នុងសង្គម​កម្ពុជា ផលប៉ះពាល់​នឹង​កើតឡើង​យ៉ាងធ្ងន់ធ្ងរ មាន​ជាអាទិ៍ បែកបាក់​ជាតិ ខ្វះ​ឯកភាព​ជាតិ ខាត​ប្រយោជន៍​ជាតិ ដិ​ន​ដាន​ដល់​ប្រវត្តិសាស្ត្រ  និង​បង្ក​ទុក្ខទោស​ដល់​ពលរដ្ឋ​នាពេល​អនាគត។

យ៉ាងណាក៏ដោយ លោក​បន្ថែមថា ដំណោះស្រាយ​នៅតែមាន ប្រសិនបើ​ថ្នាក់ដឹកនាំ​ឈប់​ប្រើ​យុទ្ធសាស្ត្រ​កម្ទេច​គ្នា និង​ឈប់​មាន​ជម្ងឺ​តួឯក​និយម។ ដោយ​ជំនួស​មក​នូវ​អ្នក​បន្តវេន​ថ្មី​តាមរយៈ​ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី និង​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ពេលនោះ​ហើយ​ជម្ងឺ​សង្ស័យ​នឹងត្រូវ​កាត់បន្ថយ​ជាក់​ជាមិនខាន៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.