សិស្ស​ទី១២​​ គួរ​រៀន​​បន្ថែម​​ខ្លួន​​ឯង​ ​ឬ​​សម្រុ​ក​រៀន​​គួរ​

ខែ​កក្កដា 25, 2017

 

អ្នកវិភាគ​បញ្ហា​សង្គម​បណ្ឌិត សេង សារី មានប្រសាសន៍ថា មុន​ប្រឡង​បាក់​ឌុប សិស្ស​គួរ​រៀន​ដោយ​ខ្លួនឯង​ផង និង​រៀន​គួរ​ខ្លះ​ផង ព្រោះ​គ្រូបង្រៀន​ភាគច្រើន​មិន​បង្រៀន​មេរៀន​អស់​ទេ​នៅក្នុង​ថ្នាក់រៀន។ តែ​សូម​ប្រឹងរៀន​ពី​ដើមឆ្នាំ មិនមែន​ជិត​ដល់ពេល​ប្រឡង​មួយខែ ឬមួយ​អាទិត្យ​ទើប​ប្រឹង​នោះទេ។

សិស្ស​ទី១២​ គួរ​រៀន​បន្ថែម​ខ្លួន​ឯង​ ឬ​សម្រុ​ករៀន​គួរ​មុន​ពេល​ប្រឡង​បាក់​ឌុប​មក​ដល់​?​

ដោយ៖ ដា​រ៉ា

រៀន​គួរ​បន្ថែម ក្លាយជា​រឿង​ធម្មតា​ទៅហើយ​សម្រាប់​សិស្ស​នៅ​ថ្នាក់​វិទ្យាល័យ។ រៀន​គួរ​បន្ថែម​ជា​រឿង​ពេញនិយម សម្រាប់​សិស្ស​ចាប់ពី​ថ្នាក់​ទី៧ឬ ពី​អនុវិទ្យាល័យ​រហូតដល់​ថ្នាក់​វិទ្យាល័យ។ ការប្រឡង​បាក់​ឌុប​ដែល​នឹង​មកដល់​នៅ​ថ្ងៃទី ២១ សីហា ខាង​មុ​តើ​សិស្ស​នៅតែ​បន្ត​រៀន​គួរ​ទៀត ឬ​រំលឹក​មេរៀន​ដោយ​ខ្លួនឯង​នៅផ្ទះ និង​ជាមួយ​មិត្តភក្តិ?

ជា​សិស្ស​ថ្នាក់​ទី១២នៅ​វិទ្យាល័យ​ក្រយា ខេត្តកំពង់ធំ យុវជន មៀន រក្សា លើកឡើងថា លោក​មិនសូវ​បាន​រៀន​គួរ​នឹង​គេ​ទេ។ ព្រោះ​លោក​រវល់​នឹង​ការងារ​ផ្ទះ​ច្រើន​ជាមួយ​ឪពុកម្ដាយ។ តែ​លោក​មិនដែល​រៀន​បាន​ពិន្ទុ​ទាប​ទេ ព្រោះ​លោក​រៀន​ខ្លួនឯង​បន្ថែម​ច្រើន។

រក្សា​បន្តថា លោ​ករៀនតែ​មុខវិជ្ជា​គណិតវិទ្យា និង​រូបវិទ្យា​ទេ។ ព្រោះ​ជា​មុខវិជ្ជា​ដែល​លោក​ចូលចិត្ត និង​ត្រូវ​ពង្រឹង​បន្ថែម។  លោក​បន្តថា ពេល​នៅក្នុង​ថ្នាក់​គ្រូ​ក៏​មិនសូវមាន​លំ​ហាត់​ដោះស្រាយ​ច្រើន​ដែរ ចឹ​ង​មានតែ​ចំណាយពេល​រៀន​គួរ​បន្ថែម​ទើប​មាន​លំ​ហាត់​ធ្វើ​ច្រើន។

លោក​មៀន រក្សា បញ្ជាក់ថា៖« សម្រាប់​លោក​ផ្ទាល់​លោក​យល់ថា ការរៀន​គួរ​បន្ថែម​ជា​រឿង​ល្អ​ណាស់​សម្រាប់​ពង្រឹងសមត្ថភាព​បន្ថែម តែ​ក៏​ជា​រឿង​មួយ​ដែល​ធ្វើឱ្យ​សិស្ស​ក្រីក្រ​មួយចំនួន​គ្មាន​ឱកាស​ទទួលបាន​គន្លឹះ​ពិសេស​ពី​គ្រូ ព្រោះ​ទាល់តែ​ទៅ​រៀន​គួរ​បាន​មាន​លំ​ហាត់​ពិសេស​ធ្វើ ជាពិសេស​ជិត​ប្រឡង​ចឹ​ង​គ្រូ​មាន​អ្វី​ថ្មី​បង្រៀន​ថែម »

ចំណែកឯ​កញ្ញា ដួង ស្រី​នាង មកពី​សាលា​វិទ្យាល័យ​សម្ដេច​តេ​ជោ​ស្ទឹងត្រង់ និយាយថា កញ្ញា​រៀន​គួរ និង​រៀន​ខ្លួនឯង​ស្មើគ្នា។ បន្ទាប់ពី​រៀន​នៅ​សាលា​រួច កញ្ញា​មិនដែល​មក​ផ្ទះ​ទេ​គឺ​ញ៉ាំ​បាយ​សាលា​ដើម្បី​ចាំ​រៀន​គួរ។ ក្រោយ​រៀន​គួរ​កញ្ញា​ត្រូវ​រំលឹក​មេរៀន និង​ធ្វើ​លំ​ហាត់​បន្ថែម។

កញ្ញា​បន្តថា ការធ្វើ​បែបនេះ​មិនមែន​ទើបតែ​ធ្វើ​ទេ តែ​កញ្ញា​តែងតែ​ធ្វើ​រាល់​ឆ្នាំ។ កញ្ញា​ចូលចិត្ត​រៀន​តាំងពី​នៅ​ក្មេង ហើយក៏​រៀន​បាន​ចំណាត់ថ្នាក់​ល្អ​នៅក្នុង​ថ្នាក់​ដែរ រហូត​ជាប់​ឈ្មោះ​ជា​សិស្ស​ពូកែ​ទៀតផង។

កញ្ញា ដួង ស្រី​នាង​បញ្ជាក់ថា៖« គន្លឹះ​រៀន​ឱ្យ​ពូកែ ខ្ញុំ​គ្មានទេ តែ​បទពិសោធន៍​កន្លង​ម​ខ្ញុំ​តែងតែ​រៀន​តាម​កាលវិភាគ​ដែល​ខ្ញុំ​កំណត់​ខ្លួនឯង។ ព្រឹក​ឡើង​រំលឹក​មេរៀន​ចាស់ និង​មើល​មេរៀន​ថ្មី រៀន​ដោះស្រាយ​និង​បង្កើត​លំ​ហាត់​ដោយ​ខ្លួនឯង​រួច​សួរ​គ្រូ​ថា​ត្រូវ​ឬ​អត់។ នៅមាន​ទម្លាប់​ជាច្រើន​ទៀត​ដែល​ខ្ញុំ​កំណត់​សម្រាប់​ខ្លួនឯង ដោយ​ការតាំង​ចិត្ត​ថា​នឹង​រៀន​ឱ្យបាន​ពូកែ​គ្រប់​មុខវិជ្ជា​ព្រោះ​ខ្ញុំ​មានបំណង​ចង់ទៅ​រៀន​នៅក្រៅ​ប្រទេស​នាពេល​អនាគត​ដោយ​អាហារូបករណ៍»

ជុំវិញ ការសិក្សា​គួរ​បន្ថែម និង​ការរៀន​ដោយ​ខ្លួនឯង​នេះ អ្នកវិភាគ​បញ្ហា​សង្គម​បណ្ឌិត សេង សារី មានប្រសាសន៍ថា មុន​ប្រឡង​បាក់​ឌុប សិស្ស​គួរ​រៀន​ដោយ​ខ្លួនឯង​ផង និង​រៀន​គួរ​ខ្លះ​ផង ព្រោះ​គ្រូបង្រៀន​ភាគច្រើន​មិន​បង្រៀន​មេរៀន​អស់​ទេ​នៅក្នុង​ថ្នាក់រៀន។ តែ​សូម​ប្រឹងរៀន​ពី​ដើមឆ្នាំ មិនមែន​ជិត​ដល់ពេល​ប្រឡង​មួយខែ ឬមួយ​អាទិត្យ​ទើប​ប្រឹង​នោះទេ។

លោក​បន្ថែមថា សិស្ស​មិនចាំបាច់​រៀន​គួរ​គ្រប់​មុខវិជ្ជា និង​រៀន​មួយ​មុខ​ពីរ​គ្រូ​ទេ ព្រោះ​មុខវិជ្ជា​ខ្លះ​អាច​ចំណាយពេល​អាន និង​រៀន​ដោយ​ខ្លួនឯងបាន។ សិស្ស​គួររៀបចំ​សំណួរ​ដែល​គ្រូ​ធ្លាប់​ដាក់​ឱ្យមក​ឆ្លើយ​ឡើងវិញ​ដោយ​ខ្លួនឯង ព្រោះ​មេរៀន​ខ្លះ​យើង​ត្រូវ​ការយល់​ជាជាង​ទន្ទេញ​ចាំមាត់។

លោក​បណ្ឌិត​សេង សារី​បញ្ជាក់ថា៖« សម្រាប់​ទិដ្ឋភាព​រួម ការរៀន​គួរ​មិនមែនជា​ប្រព័ន្ធ​ដែលមាន​ប្រសិទ្ធភាព​ទេ។ ពេល​ជិត​ប្រឡង​មិនមែនជា​ពេលដែល​ត្រូវ​រៀន​គួរ​ទេ ជា​ពេលដែល​ត្រូវ​រំលឹក​ឡើងវិញ​ទាំងអស់»

លោក​បណ្ឌិត​បន្ថែមទៀត​ថា គ្រូ​មួយចំនួន​មិន​បង្រៀន​គន្លឹះសំខាន់ៗដល់​សិស្ស​ក្នុង​ថ្នាក់​ទេ តែ​ទុក​បង្រៀន​គួរ។ បញ្ហា​នេះ​មកពី​ប្រាក់ខែ​គ្រូបង្រៀន​នៅមានកម្រិត​នៅឡើយ តែបើ​រដ្ឋាភិបាល​តំឡើង​ប្រាក់ខែ​គ្រូបង្រៀន​ច្រើន គ្រូ​ក៏​មិន​ចង់​បង្រៀន​គួរ​ដែរ។

ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ការប្រឡង អ្នកវិភាគ​លើកឡើងថា សិស្ស​គួរ​រំលឹក​មេរៀន​ចាស់​មកវិញ និង​ថែរក្សា​ខុស​ភាព​ឱ្យ​បានល្អ ហើយ​ប្រឡង​ដោយ​សមត្ថភាព​ដើម្បី​ទទួលបាន​កិត្តិយស​ក្នុង​លទ្ធផល​ប្រឡង។ ការប្រឡង​ជាប់​ពិន្ទុ​ខ្ពស់​ដោយ​ការចម្លង​ពី​គេ មិនមែនជា​ជោគជ័យ​ប្រកបដោយ​កិត្តិយស​ទេ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.