ក្រសួង​សាធារណ​ការ ​កំណត់​ឲ្យ​ក្រុមហ៊ុន​ឡានក្រុង​កុំឡើងថ្លៃ ​ពេលបុណ្យ​ចូលឆ្នាំ​

ខែ​មេសា 10, 2017

 

ក្រសួង​សាធារណ​ការ ​កំណត់​ឲ្យ​ក្រុមហ៊ុន​ឡានក្រុង​កុំឡើងថ្លៃ ​ពេលបុណ្យ​ចូលឆ្នាំ​

ដោយ៖ រ័ត្ន សុភ​ក្តិ

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រជុំ​ជាមួយ​តំណាង​ក្រុមហ៊ុន​ឡាន​ក្រុង​ដឹកជញ្ជូន​អ្នកដំណើរ ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​ឡានក្រុង ដឹក​អ្នកដំណើរ កាលពី​ម៉ោង ៩ព្រឹក ថ្ងៃទី១០ មេសា ឆ្នាំ២០១៧។

កិច្ចប្រជុំ​នៅ​ក្រសួង​សាធារ​ណការ និង​ដឹកជញ្ជូន ដើម្បី​កំណត់ កុំ​ឲ្យ​ក្រុមហ៊ុន​ឡានក្រុង ឡើងថ្លៃ ក្នុងអំឡុង​បុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែល​នឹង​ចូលមក​ដល់​នា​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៦ ខែមេសា​ ឆ្នាំ២០១៧។

ក្រៅពីនោះ សុវត្ថិភាព​ចរាចរណ៍ ក៏ត្រូវ​បានលើកឡើង ក្នុង​កិច្ចប្រជុំ ដែល​បាន​ធ្វើឡើង ក្រោម​ការដឹកនាំ​របស់​លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​តំណាង​ក្រុមហ៊ុន​ឡានក្រុង ផងដែរ។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាសថា ក្នុងឱកាស​បុណ្យចូលឆ្នាំ ប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ដែល​នឹង​ឈានចូល​មកដល់ ក្នុងពេលឆាប់ៗខាងមុខនេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ជម្រាប និង​ជូនដំណឹង​ដល់​សមាគម​ដឹកជញ្ជូន​អ្នកដំណើរ ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ និង​អាជីវករ​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងអស់ ឲ្យ​បាន​ជ្រាបថា ដើម្បី​កាត់បន្ថយ​បន្ទុក​ចំណាយ​របស់​ប្រជាពលរដ្ឋ និង​បញ្ចៀស​ឲ្យ​បានជា​អតិបរមា​នូវ​គ្រោះថ្នាក់​ចរាចរណ៍ ក្រសួង​ស្នើសុំ សមាគម​ដឹកជញ្ជូន​អ្នកដំណើរ ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នក​ដំណើរ និង​អាជីវករ​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងអស់ គោរព​តាម​គោលការ​ណ៍​សំ​ខាន់ៗ ៤ ចំណុច រួមមាន៖

១-រក្សា​តម្លៃ​ដឹកជញ្ជូន​អ្នកដំណើរ​ឲ្យ​នៅ​ដដែល ដូច​ប្រក្រតី។

២-ដាច់ខាត​មិនត្រូវ​ផ្ទុក​អ្នកដំណើរ​លើស​ចំណុះ និង​ខុស​លក្ខណៈ​បច្ចេកទេស។

៣-គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដាច់ខាត​មិនត្រូវ​បើក​បរ​​លើស​ល្បឿន​កំណត់។

៤-បើកបរ​ប្រកបដោយ​ភាព​យោគយល់ និង​អធ្យាស្រ័យ​គ្នា។

កាលពី​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ កាលពី​ឆ្នាំ២០១៦ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បើក​កិច្ចប្រជុំ​ជាមួយ​សមាគម​ដឹកជញ្ជូន​អ្នកដំណើរ ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ រួមទាំង​អាជីវករ​ដឹកជញ្ជូន​អ្នកដំណើរ ដោយបាន​កំណត់ មិន​ឲ្យ​មានការ​ឡើងថ្លៃ​ឡាន​ឈ្នួល ដឹក​អ្នកដំណើរ នោះទេ។ លើក​នេះ គេ​រំពឹងថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​អនុវត្តន៍​ដោយ​ជោគជ័យ​ដូច​កាលពី​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.