ការលក់ផ្លែ​ធុរ៉េន ​ចាំបាច់​ត្រូវ​ធ្វើ​ឲ្យ​អតិថិជន​

ខែ​ឧសភា 23, 2017
khmer-sell1
khmer-sell2
khmer-sell3

ការលក់ផ្លែ​ធុរ៉េន ​ចាំបាច់​ត្រូវ​ធ្វើ​ឲ្យ​អតិថិជន​ មាន​ទំនុក​ចិត្ត​

ដោយ៖ លី​មុយ

នៅពេល​រដូវ​ប្រមូល​ផល​ធុ​រ៉េ​នម្តងៗ ពោលគឺ​នៅ​ចន្លោះ​ខែឧសភា រហូតដល់​ខែកក្កដា ប្រជាពលរដ្ឋ​មួយចំនួន បាន​ទន្ទឹងរង់ចាំ​កុ​ម្ម៉ុ​ង់​ទិញ​ផ្លែ​ធុ​រ៉េ​ន ដើម្បី​ទទួលទាន ទោះ​ផ្លែឈើ​ប្រភេទ​នេះ មាន​តំលៃ​ថ្លៃ​ជាង​ផ្លែឈើ​មួយចំនួនទៀត នៅលើ​ទីផ្សារ​ក៏ដោយ។ ផ្លែ​ធុ​រ៉េ​ន ហាក់​មាន​ភាព​ពេញនិយម ក្នុងចំណោម​ប្រជាជន​ខ្មែរ ដោយសារ​វា​មាន​វត្តមាន​យ៉ាងច្រើន​នៅលើ​ទីផ្សារ តែមួយ​រដូវ​កាល​ប៉ុណ្ណោះ ក្នុងមួយឆ្នាំ។ ដូច្នេះហើយ ទើប​មួយ​រយៈពេល​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា មាន​អាជីវករ​ជាច្រើន បាន​ចាប់យក​អាជីវកម្ម​លក់​ផ្លែ​ធុ​រ៉េ​ន ដែល​បាន​នាំចូល​ពី​តាម​បណ្តា​ខេត្ត​នានា ដូចជា កំពត កោះកុង ប៉ៃលិន និង​ខ្លះទៀត នាំចូល​ពី​ក្រៅប្រទេស ដូចជា​ប្រទេស​ថៃ​ជាដើម។

យ៉ាងណាក៏ដោយ ការលក់​ផ្លែ​ធុ​រ៉េ​ន ឲ្យ​ទទួលបាន​ផលចំណេញ និង​មាន​អតិថិ​ជន​ច្រើន គឺ​តម្រូវ​ឲ្យ អាជីវករ ត្រូវធ្វើ​ឲ្យ​អ្នកទិញ មាន​ទំនុកចិត្ត ថា​ការហូប​ផ្លែ​ធុ​រ៉េ​ន​នោះ ប្រកបដោយ​សុវត្ថិភាព និង​មិន​ប៉ះពាល់​ដល់​សុខភាព។ ការពិតទៅ ផ្លែ​ធុ​រ៉េ​ន ជា​រុក្ខជាតិ​ម្យ៉ាង ដែល​មិន​ស្រួល​ដាំ​នោះទេ វា​ត្រូវការ​ឲ្យ​មានការ​ថែទាំ និង​ដាក់​ជី​ឲ្យ​បាន​គ្រប់គ្រាន់ ដូច្នេះហើយ​ទើប​តំលៃ​របស់​វា ហាក់​ថ្លៃ​ជាង​ផ្លែឈើ​តាម​រដូវ​កាល​ដទៃទៀត។ ប៉ុន្តែ កសិករ ឬ​អាជីវករ​ខ្លះ ហេតុតែ​ចង់​ចំណេញ​ខ្លាំង បាន​ប្រើប្រាស់​ជីគីមី ដើម្បី​ទទួលបាន​ផល​ច្រើន លក់​ឲ្យ​ទាន់​ទី​ផ្សារ ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​បរិភោគ​មានការ​ព្រួយបារម្ភ ពី​ហានិភ័យ​នៃ​សុខ​ភាព​។

ចង់ដឹងថា តើ​ហេតុអ្វី បានជា​អាជីវកម្ម ចាប់អារម្មណ៍​ជាមួយនឹង​ការបណ្តាក់​ទុន​​លក់​ផ្លែ​ធុ​រ៉េ​ន? ហើយ​ថា​តើ​គេ​ត្រូវមាន​វិធីសាស្ត្រ​លក់​ដូចម្តេច ដើម្បី​បាន​ចំណេញ និង​មាន​អតិថិជន ទិញ​ច្រើន​នោះ? សូម​លោក​អ្នកនាង​ស្វែងយល់ ជាមួយនឹង​អាជីវករ ២នាក់ ដែល​លក់​ផ្លែ​ធុ​រ៉េ​ន បោះ​ដុំ នៅក្នុង​ផ្សារ​នាគ​មាស ដូចតទៅ៖

ជា​អាជីវ​ករលក់​ផ្លែ​ធុ​រ៉េ​ន​បោះ​ដុំ​ម្នាក់ អ្នកស្រី នាថ ស្រី​ណែ​ត ដែល​បាន​ប្រកប​របរ​នេះ រយៈពេល ១០ឆ្នាំ​មកហើយ បាន​ឲ្យ​ដឹងថា ការលក់​ផ្លែ​ធុ​រ៉េ​ន របស់​អ្នកស្រី មានការ​ចំណេញ​ច្រើនជាង​ការខាតបង់។ ការ​ចំណេញ​នេះ គឺ​ដោយសារតែ​អ្នកស្រី មាន​ម៉ូយ​ទទួល​ទិញ​ច្រើន និង​ជាប់លាប់ ព្រោះ​ពួកគេ​មាន​ទំនុកចិត្ត​ចំពោះ​សេវាកម្ម ភាពស្មោះត្រង់ និង​តំលៃ​លក់​ចេញ​សម្រាប់​អតិថិជន​របស់​អ្នកស្រី។

ក្នុងមួយថ្ងៃៗ អ្នកស្រី ស្រី​ណែ​ត អាច​លក់​ផ្លែ​ធុ​រ៉េ​ន​ចាប់ពី ៤ ទៅ ៥តោន ដោយ​អាច​ចំណេញ​ប្រាក់​ប្រមាណ ពី ៨ពាន់ ទៅ ៩ពាន់​ដុល្លារ​អាមេរិក។ ជាដំបូង អ្នកស្រី ត្រូវ​ចំណាយ​ដើមទុន ប្រមាណ ១ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​ចូល​ផ្លែ​ធុ​រ៉េ​ន ក្នុង​បរិមាណ ៥តោន ប៉ុន្តែ​អ្នកស្រី ក៏​អាច​ចែកចាយ​លក់ដុំ​ធុ​រ៉េ​ន​ទាំងនោះ​ដាច់​ស្ទើរតែ​អស់ទាំង​ស្រុង​វិញ។ ចំពោះ​តំលៃ​ទិញ​លក់ដុំ របស់​អ្នកស្រី គឺ​ធុ​រ៉េ​ន​កំពត និង​កោះកុង មាន​តំលៃ ១២,០០០រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​អាច​លក់​ចេញ​បាន ១៣,០០០ រៀល។ រីឯ​ផ្លែ​ធុ​រ៉េ​ន​ថៃ​វិញ អ្នកស្រី​ទិញ ចូល​ត្រឹមតែ​តំលៃ ៦០០រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​អាច​លក់​ចេញ​បាន ក្នុង​តំលៃ​ចាប់ពី ៩ពាន់ ទៅ ១ម៉ឺន​រៀល ក្នុង​មួយ​គីឡូក្រាម។

ចំពោះ​ភាពខុសគ្នា​នៃ​តំលៃ​របស់​ផ្លែ​ធុ​រ៉េ​ន ក្នុងស្រុក និង​ក្រៅ​ស្រុក​នេះ ត្រូវបាន​អាជីវករ​រូបនេះ បញ្ជាក់ថា គឺ​ដោយសារតែ​ពលរដ្ឋ​ខ្មែរ ជឿជាក់ថា​ធុ​រ៉េ​ក្នុងស្រុក ដាំ​ដុះ​មិន​ដាក់​ជាតិគីមី ហើយ​ត្រូវ​ចំណាយ​ទុន​ច្រើន លើ​ការថែទាំ​ដោយ​ជីធម្មជាតិ។ ដោយឡែក ចំពោះ​ធុ​រ៉េ​ន​ថៃ​វិញ អ្នកស្រី ស្រីនាថ អះអាងថា គឺ​ដោយសារតែ​នៅ​ប្រទេស​ថៃ ការប្រមូល​ផល​ផ្លែ​ធុ​រ៉េ​ន មាន​ចំនួន​ច្រើនសន្ធឹក​សន្ធាប់​ពេក ដូច្នេះហើយ​ទើប​គេ​ត្រូវ​នាំ​ចេញមក​លក់​ក្រៅប្រទេស​ក្នុង​តំលៃថោក​បែបនេះ ប៉ុន្តែ​ធុ​រ៉េ​ន​ថៃ ដែល​អ្នកស្រី យកមក​លក់​នេះ គឺ​គ្មាន​ជាតិគីមី​នោះទេ។

ងាក​ទៅ​អាជីវករ​វ័យក្មេង កញ្ញា ហេង ស្រី​និ​ត ដែល​ទើប​ប្រកប​របរ​លក់​ធុ​រ៉េ​ន​បោះ​ដុំ បាន ៣ខែ​វិញ ក៏បាន​បញ្ជាក់​ពី​ភាព​ចំណេញ​នៃ​អាជីវកម្ម​មួយ​នេះដែរ ដោយ​កញ្ញា​ទទួល​ទិញ​តែ​ផ្លែ​ធុ​រ៉េ​ន មកពី​ប្រទេស​ថៃ​តែប៉ុណ្ណោះ ព្រោះថា​វា​មាន​តំលៃ​សមរម្យ ហើយ​អាច​ចំណេញ​បាន​ច្រើន។

ចំពោះ​កត្តា​ដែល​ធ្វើឱ្យ​អាជីវក​រវ័យ ២២ឆ្នាំ អាច​លក់ដាច់ និង​ចំណេញ​បាន​ច្រើន គឺ​ដោយសារ​កញ្ញា​ស្គាល់​ប្រភព ដើម្បី​ទិញ​ផ្លែ​ធុ​រ៉េ​ន​ច្បាស់លាស់ ហើយ​អតិថិជន ជឿជាក់​លើ​គុណភាព​នៃ​ផ្លែ​ធុ​រ៉េ​ន ដែល​កញ្ញា​កំពុង​លក់ ថា​វា​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន។ ក្នុងមួយថ្ងៃៗ កញ្ញា នាំចូល​ផ្លែ​ធុ​រ៉េ​ន ចំនួន ៣តោន ដោយ​ត្រូវ​ចំណាយ​ប្រមាណ ៥ពាន់​ដុល្លារ​អាមេរិក ហើយ​អាច​ចំណេញ បាន ១៥០ដុល្លារ និង​ការ​ចំណេញ​ក្បាលកាក់​ផ្សេងទៀត។

ទោះជា​អាជីវកម្ម​ទាំង ២នេះ បាន​ផ្តល់នូវ​អ្វីដែល​អតិថិជន​ចង់បាន​ពិតមែន ប៉ុន្តែ​ពួកគេ ក៏បាន​ត្អូញត្អែរ ពី​ការខាតបង់ និង​បទពិសោធន៍​ពិបាកខ្លះៗ ចំពោះ​អាជីវកម្ម​មួយ​នេះដែរ។អ្នកស្រី ស្រីនាថ បាន​លើកឡើងថា ដើម្បី​ប្រក​ដ​អាជីវ​កម្មនេះ អ្នកលក់​ក៏​គួរតែ យល់ដឹង​ផងដែរ ពី​ការ​ទុកដាក់ និង​ពិនិត្យមើល​ផ្លែ​ធុ​រ៉េ​ន ព្រោះ​ជាធម្មតា ផ្លែ​ធុ​រ៉េ​ន ទុក​កាន់តែ​យូរ​កាន់តែ​ស្រក​គីឡូ ដែល​ជួន​ពេលខ្លះ ក្នុង១០០ គីឡូ អាច​ស្រក​រហូតដល់ ១០គីឡូ​ឯណោះ។ ដូច្នេះ សម្រាប់​អាជីវករ​ថ្មីថ្មោង គឺអាច​ខាត​ច្រើន ដោយ​នឹង​មិនទាន់​គិត​លើ​ការចំណាយផ្សេងៗដូចជា​ថ្លៃ​ជួល​កន្លែង​លក់ និង​បុគ្គលិក​ផង។

អ្នកស្រី នាថ ស្រី​ណែ​ត ៖ «តាម​បទពិសោធន៍​ខ្ញុំ​តែម្តង គឺថា​ទិញ​ផ្លែ​ខ្លះ​មិនទាន់​ទុំ​ល្អ​ទេ ហើយ​មុននឹង​ភ្ញៀវ​ទិញ ខ្ញុំ​សុទ្ធតែ​បកសម្បក​ចេញ​ឱ្យគេ​មើល មិនមែន​ចេះតែ​ឱ្យគេ​ទិញ ហើយ​ញ៉ាំ​អត់​កើត​ទេ។ ឱ្យតែ​យើង​លក់​ធានា​គុណភាព​អញ្ចឹង គេ​មិន​ខ្លាច​នឹង​ទិញ​យើង​ទេ ហើយ​គេ​នាំ​បងប្អូន មិត្តភក្តិ​គេ​មក​កាន់តែច្រើន»។

ជុំវិញ​ការលើកឡើង​ខាងលើ អ្នកឃ្លាំមើល​បញ្ហា​សង្គម លោក​បណ្ឌិត សេង សារី មានប្រសាសន៍ថា កត្តា​មួយចំនួន​ដែល​អាជីវករ​ត្រូវ​យល់ដឹង​ដើម្បី​អាច​ជំរុញ​ឱ្យ​លក់​ផ្លែ​ធុ​រ៉េ​ន​ដាច់ នោះ​គឺ​គួរ​មាន​ផែនការ​នៃ​ការលក់​ចេញ​របស់ខ្លួន​ឱ្យបាន​ច្បាស់លាស់។ ជាក់ស្តែង​ដូចជា ផ្លែ​ធុ​រ៉េ​ន គេ​គួរ​ធ្វើការ​ប៉ានស្មាន​ពី​បរិមាណ​ទិញ​ចូល​របស់ខ្លួន​ឱ្យបាន​សមស្រប ជៀសវាង ការលក់​លើស​តម្រូវកា​រ និង​ធានា​គុណភាព​ជូន​ដល់​អតិថិជន​ដើម្បី​បង្កើន​ទំនុកចិត្ត។ ទន្ទឹមនឹង​មានការ​ប្រកួត​ប្រជែង​ច្រើន​នៃ​ការលក់​ធុ​រ៉េ​ន​នៅលើ​ទីផ្សារ អាជីវករ​ខ្លួនឯង​គួរ​លក់​ផ្លែឈើ​ផ្សេងទៀត បន្ថែម​លើ​ផ្លែ​ធុ​រ៉េ​ន ដើម្បី​អាច​បញ្ចៀស​ការខាតបង់​បាន។

លោក​បណ្ឌិត សេង សារី ៖ «លក់​ធុ​រ៉េ​ន មើលទៅ​ដូចជា​មាន​កត្តា​ប្រឈម​ច្រើន​មែន តែ​ទោះបីជា​យ៉ាងណាក៏ដោយ គាត់​គួរតែ​យល់ដឹង​ពី​បរិមាណ​នៃ​ការលក់ ហើយ​ព្យាយាម​ធ្វើ​ម៉េច​លក់​របស់​មាន​គុណភាព។ លើក​ក្រោយ គេ​គ្រាន់តែ​ឃើញ​គាត់ គេ​មាន​ទំនុកចិត្ត​ទិញ​របស់គាត់»។

ភាគច្រើន​នៃ​អ្នកលក់​ផ្លែឈើ​តាម​រដូវ​កាល ជាពិសេស​ផ្លែ​ធុ​រ៉េ​ន តែង​ប្រឈម​នឹង​ការខាតបង់​ខ្លះ ប៉ុន្តែ​អ្នកជំនាញ​លើកទឹកចិត្ត​ឱ្យ​អាជីវករ​បង្កើត​គំនិត​កែច្នៃ​បន្ថែម ដូចជា​ការច្នៃ​ធុ​រ៉េ​ន ឬ​ផ្លែឈើ​ផ្សេងទៀត ជា​ដំណាប់ ឬ​ជា​បង្អែម។ ការធ្វើ​ដូច្នេះ អាច​បណ្តាលឱ្យ​អាជីវករ​ទទួលបាន​ប្រាក់ចំណូល​ច្រើន និង​ធានាបាន​នូវ​ការទាក់ទាញ​ម៉ូយ​កាន់តែច្រើន៕

មតិយោបល់

You may also like

error: © Tos Read - You can share from our website or ask us permit for other use.